លោក ហ៊ុន សែន ដឹកនាំ​គណៈប្រតិភូ​​​ចូលរួម​កិច្ច​សន្ទនា​កម្រិត​ខ្ពស់​ជាមួយ​បក្ស​កុម្មុយនិស្ត​ចិន

ដោយ មាន ឫទ្ធិ
2017-11-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញ​ដំណើរ​ទៅ​ចូលរួម​កិច្ច​ប្រជុំ​ពេញ​អង្គ​លើក​ទី​១ នៃ​កិច្ចសន្ទនា​កម្រិត​ខ្ពស់​រវាង​គណបក្ស​កុម្មុយនីស្ត​ចិន ជាមួយ​គណបក្ស​នយោបាយ​នានា មក​ពី ១២០​ប្រទេស នៅ​ជុំវិញ​ពិភពលោក នៅ​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៧។
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញ​ដំណើរ​ទៅ​ចូលរួម​កិច្ច​ប្រជុំ​ពេញ​អង្គ​លើក​ទី​១ នៃ​កិច្ចសន្ទនា​កម្រិត​ខ្ពស់​រវាង​គណបក្ស​កុម្មុយនីស្ត​ចិន ជាមួយ​គណបក្ស​នយោបាយ​នានា មក​ពី ១២០​ប្រទេស នៅ​ជុំវិញ​ពិភពលោក នៅ​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៧។
Photo courtesy of SPM Page

លោក ហ៊ុន សែន ដឹកនាំ​គណៈប្រតិភូ​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា ចូលរួម​កិច្ច​ប្រជុំ​ពេញ​អង្គ​លើក​ទី​១ នៃ​កិច្ចសន្ទនា​កម្រិត​ខ្ពស់​រវាង​គណបក្ស​កុម្មុយនីស្ត​ចិន ជាមួយ​គណបក្ស​នយោបាយ​នានា មក​ពី ១២០​ប្រទេស នៅ​ជុំវិញ​ពិភពលោក ដែល​នឹង​ត្រូវ​ប្រព្រឹត្ត​ទៅ​នៅ​រដ្ឋធានី​ប៉េកាំង ប្រទេស​ចិន ចាប់​ពី​ថ្ងៃ​ទី​២៩ វិច្ឆិកា ដល់​ថ្ងៃទី​២ ធ្នូ។ កិច្ចសន្ទនា​កម្រិត​ខ្ពស់​ជាមួយ​បក្ស​កុម្មុយនីស្ត​ចិន​នេះ ធ្វើ​ឡើង​ក្រោម​ប្រធានបទ «រួម​គ្នា​កសាង​សហគមន៍​នៃ​អនាគត​រួម​សម្រាប់​មនុស្ស​ជាតិ និង​ពិភពលោក​ស្រស់​ត្រកាល​ដែល​គ្មាន​ការ​ជ្រៀតជ្រែក៖ ការ​ទទួល​ខុស​ត្រូវ​របស់​គណបក្ស​នយោបាយ»។

​ក្នុង​នាម​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ធ្លាប់​មាន​ប្រវត្តិ​ជា​គណបក្ស​បង្កើត​ឡើង​ដោយ​មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​ក្រុម​កុម្មុយនិស្ត​វៀតមិញ របស់​វៀតណាម និង​ក្រុម​ខ្មែរ​កុម្មុយនិស្ត​និយម លោក ហ៊ុន សែន គ្រោង​នឹង​ថ្លែង​សុន្ទរកថា​គន្លឹះ​ក្នុង​កិច្ច​ប្រជុំ​ពេញអង្គ​លើក​ទី​១ នៃ​កិច្ច​សន្ទនា​កម្រិត​ខ្ពស់​ជាមួយ​គណបក្ស​កុម្មុយនិស្ត​ចិន​នេះ។ កិច្ច​សន្ទនា​កម្រិត​ខ្ពស់​ផ្ដួចផ្ដើម​ដោយ​គណបក្ស​កុម្មុយនិស្ត​ចិន ធ្វើ​ឡើង​ក្រោយ​ពេល​បិទ​បញ្ចប់ទៅ​នៃ​មហា​សន្និបាតជាតិ​គណបក្ស​កុម្មុយនិស្ត​ចិន លើក​ទី​១៩ កាល​ពី​ខែ​តុលា កន្លង​ទៅ​នេះ ក្នុង​គោលដៅ​ដើម្បី​ចែក​រំលែក​ទស្សន​វិស្ស័យ​របស់​ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង (Xi Jinping) អំពី​របប​សង្គម​និយម​តាម​មាគ៌ា​ចិន និយម សម្រាប់​យុគសម័យ​ថ្មី។

​ទីភ្នាក់ងារ​សារព័ត៌មាន​អង់គ្លេស រ៉យទ័រ (Reuters) បាន​ស្រង់​ប្រសាសន៍​ជំនួយ​ការ​លោក ហ៊ុន សែន គឺ​លោក ស៊្រី ថាមរ៉ុង ដែល​ជា​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​បើក​កិច្ច​សន្ទនា​កម្រិត​ខ្ពស់​នេះ នៅ​ថ្ងៃ​ទី​១ ធ្នូ លោក ហ៊ុន សែន គ្រោង​នឹង​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក ស៊ី ជីនពីង និង​ក្រុម​វិនិយោគិន​ចិន ដើម្បី​ស្នើ​សុំ​ជំនួយ និង​ស្វែង​រក​ការ​វិនិយោគ​បន្ថែម​របស់​ចិន មក​កម្ពុជា។ លោក ស៊្រី ថាមរ៉ុង ថា កម្ពុជា​ត្រូវ​ការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត​ជា​ច្រើន​បន្ថែម​ទៀត រួមមាន​ស្ពាន​ឆ្លង​កាត់​ទន្លេ​មេគង្គ ផ្លូវ​ថ្នល់ រថភ្លើង​លើដី និង​លើ​អាកាស​ជាដើម។ ក្រៅ​ពី​ចូល​រួម​កិច្ច​សន្ទនា​កម្រិត​ខ្ពស់​នេះ លោក ហ៊ុន សែន ក៏​គ្រោង​ធ្វើ​ទស្សនកិច្ច​តាម​តំបន់​ប្រវត្តិសាស្ត្រ​មួយ​ចំនួន​ក្នុង​រដ្ឋធានី​ប៉េកាំង។

​បើទោះជា​សម័យ​ប្រជុំ​ពេញអង្គ​លើក​ទី​១ នៃ​កិច្ច​សន្ទនា​កម្រិត​ខ្ពស់​រវាង​គណបក្ស​កុម្មុយនិស្ត​ចិន ថា​ធ្វើ​ឡើង​ជាមួយ​គណបក្ស​នយោបាយ​នានា​មក​ពី ១២០​ប្រទេស សម្រាប់​ប្រទេស​កម្ពុជា មាន​តែ​គណបក្ស​ប្រជាជន​កម្ពុជា តែ​មួយ​ទេ ដែល​ជា​អតីត​គណបក្ស​កុម្មុយនិស្ត ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូល​រួម​កិច្ច​សន្ទនា​កម្រិត​ខ្ពស់​នេះ។

​កិច្ចសន្ទនា​ជាមួយ​ចិន​នេះ ធ្វើ​ឡើង​គាប់​ជួន​ក្រោយ​ពេល​ដែល​រដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​រម្លាយ​គណបក្ស​ប្រឆាំង​ធំ​ជាង​គេ​នៅ​កម្ពុជា គឺ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ចំណាត់​ការ​នេះ ទទួល​រង​នូវ​ការ​ថ្កោលទោស និង​រិះគន់​យ៉ាង​ចាស់ដៃ​ពី​សំណាក់​សហគមន៍​អន្តរជាតិ និង​ក្រុម​បស្ចិម​ប្រទេស លើក​លែង​តែ​ប្រទេស​ចិន ដែល​បាន​បង្ហាញ​ការ​គាំទ្រ​យ៉ាង​ជាក់ច្បាស់​របស់​ខ្លួន។ បច្ចុប្បន្ន សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប កំពុង​ថ្លឹងថ្លែង និង​ពិចារណា​ឡើង​វិញ​អំពី​ទំនាក់ទំនង និង​លទ្ធភាព​នៃ​ការ​ដាក់​ទណ្ឌកម្ម​នានា ប្រឆាំង​នឹង​រដ្ឋាភិបាល​លោក ហ៊ុន សែន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

KODAK

ពី P PENH

សហគមអន្តរជាតិមិនហ៊ានដាក់គំនាបលើហ៊ុនសែនទេទោះជាហ៊ុន​សែនពន្យុះឲ្យ​ប្ដាច់ជំនួយឫប្ដាច់កូតានាំសម្លៀកបំពាក់ចេញក៏ដោយ៕

Nov 30, 2017 07:03 PM

គេហទំព័រ​ទាំងមូល