លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដាក់បទបញ្ជាឲ្យក្រសួងមហាផ្ទៃ ស្រាវជ្រាវនូវភាពត្រឹមត្រូវលើស្នាមមេដៃរបស់ប្រជាពលរដ្ឋដែលគណបក្សសង្គ្រោះជាតិ ប្រមូលថ្វាយព្រះមហាក្សត្រ កាលពីថ្ងៃទី៣០ ខែឧសភា។
ចំណារពីលោក ហ៊ុន សែន កាលពីថ្ងៃទី៣១ ខែឧសភា តាមរយៈទីស្ដីការគណៈរដ្ឋមន្ត្រីបានប្រគល់ភារកិច្ចនេះទៅលោក ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ធ្វើកិច្ចការនេះយ៉ាងហ្មត់ចត់បំផុត ដោយត្រូវប្រើមធ្យោបាយមួយចំនួន ដូចជាការធ្វើកោសល្យវិច័យលើស្នាមមេដៃ ការស្រាវជ្រាវពីប្រជាជនដោយផ្ទាល់ និងមធ្យោបាយផ្សេងទៀតដែលអាចរកឃើញនូវភាពត្រឹមត្រូវនៃការផ្ដិតមេដៃនោះ ដើម្បីចៀសវាងការប្រើប្រាស់ស្នាមមេដៃបោកប្រាស់ ទាំងប្រជាជន ជាពិសេសបោកប្រាស់ព្រះមហាក្សត្រ។
មន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងថ្លែងបញ្ជាក់ភ្លាមៗថា ខ្លួនមិនបារម្ភរឿងការស៊ើបអង្កេតស្នាមមេដៃនោះទេ និងបានថ្លែងចំអកថា ចង់ហៅប្រជាពលរដ្ឋរាប់ម៉ឺននាក់ដែលបានផ្ដិតមេដៃនោះមកបញ្ជាក់ការពិតនៅមុខព្រះបរមរាជវាំងក៏ធ្វើទៅចុះ។
តំណាងរាស្រ្ត និងមន្ត្រី គណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី៣០ ខែឧសភា បានដង្ហែញត្តិដោយភ្ជាប់ជាមួយស្នាមមេដៃ ប្រជាពលរដ្ឋជាង ១៧ម៉ឺនមេដៃ ថ្វាយព្រះមហាក្សត្រព្រះបរមនាថ នរោត្តម សីហមុនី មានព្រះរាជអន្តរាគមន៍ដោះលែងពីសកម្មជនគណបក្សសង្គ្រោះជាតិ មន្ត្រីសិទ្ធិមនុស្ស និងលើកលែងការចោទប្រកាន់លើលោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។