មន្ត្រីប៉ូលិសជាន់ខ្ពស់ក្រុងភ្នំពេញលើកឡើងថា មូលហេតុដែលមិនទាន់ចាប់បានជនបង្កហិង្សាលើសកម្មជនបក្សប្រឆាំងកន្លងមកនេះ ព្រោះជនរងគ្រោះមួយចំនួនមិនបានដាក់បណ្តឹង និងមិនសហការជាមួយសមត្ថកិច្ច។ ប៉ុន្តែសកម្មជនបក្សប្រឆាំង អះអាងថា សមត្ថកិច្ចទៅវិញទេដែលគ្មានឆន្ទៈចាប់ជនដៃដល់យកមកផ្តន្ទាទោសតាមច្បាប់ ព្រោះពួកគាត់យល់ថា ករណីហិង្សាទាំងនេះ គឺជាការរៀបចំជាប្រព័ន្ធក្នុងការធ្វើទុក្ខបុកម្នេញលើអ្នកដែលនិន្នាការផ្ទុយពីបក្សកាន់អំណាច។
នគរបាលរាជធានីភ្នំពេញ នៅតែអះអាងថា សមត្ថកិច្ចមិនបានព្រងើយកន្ដើយក្នុងការស្វែងរកជនបង្កក្នុងករណីហិង្សាលើសមាជិកគ្រួសារ និងសកម្មជនរបស់គណបក្សសង្គ្រោះជាតិនោះទេ។
អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា ថ្លែងថា សមត្ថកិច្ច តែងស៊ើបអង្កេតភ្លាមៗក្រោយទទួលបានបណ្តឹងពីជនរងគ្រោះគ្រប់រូបដោយមិនប្រកាន់និន្នាការនយោបាយឡើយ។ ទោះជាយ៉ាងណា លោក សាន សុខសីហា មិនបង្ហាញអំពីលទ្ធផលនិងការវិវឌ្ឍនៃដំណើការស៊ើបអង្កេតករណីហិង្សាថ្មីៗ ទៀតលើសកម្មជនបក្សប្រឆាំងនិងកូនប្រុសរបស់សកម្មជនបក្សប្រឆាំងនោះទេ។ លោកថ្លែងក្នុងន័យទម្លាក់កំហុសទៅលើជនរងគ្រោះវិញថា មូលហេតុដែលសមត្ថកិច្ចមិនទាន់ចាប់ជនដៃដល់បាន ព្រោះជនរងគ្រោះមួយចំនួន មិនបានដាក់បណ្តឹង និងមិនសហការផ្ដល់ព័ត៌មាន និងតម្រុយភស្តុតាងច្បាស់លាស់ជូនសមត្ថកិច្ចដើម្បីបំបែកសំណុំរឿងហិង្សាទាំងនេះ៖ «ដូចខ្ញុំ បញ្ជាក់ដែរថា ការងារមិន ប្រាកដថា យើង១០០ភាគរយ ការងារហ្នឹងរកបានលឿនឆាប់ ឬក៏ម៉េចបញ្ហាសំខាន់គឺស៊ីសងលើ ការបំភ្លឺ និងការស្រាវជ្រាវជាក់ស្តែង ដូចខ្ញុំបញ្ជាក់អ៊ីចឹងគឺទី១ទាក់ទងនឹងការបំភ្លឺ ថា ការបំភ្លឺ ហ្នឹង មានការ លាក់លៀមអត់ គាត់បំភ្លឺស្មោះត្រង់ជាមួយសមត្ថកិច្ចអត់ ខ្លះណាគាត់រឿងគំនុំគាត់ រឿងផ្ទាល់ខ្លួនរបស់គាត់ហើយគាត់លាក់លៀម គាត់អត់បំភ្លឺទេ គាត់ទៅបំភ្លឺថា គាត់អត់ ដែលមាន គំនុំទេ។ ទី២នៅពេលសមត្ថកិច្ចយើង ទទួលបាន ហើយ សមត្ថកិច្ចយើងតែង ធ្វើការ តាមជំនាញ ចុះស្រាវជ្រាវ ចុះសាកសួរសាក្សីចុះមើលកាមេរ៉ា មើលអីផ្សេងៗគឺយើងមានជំនាញស្រាវជ្រាវដែលអនុវត្តការងារ អស់ហ្នឹង»។
ផ្ទុយពីការលើកឡើងនេះ សកម្មជនបក្សប្រឆាំង និងមន្ត្រីសិទ្ធិមនុស្ស ចាត់ទុកថាការឆ្លើយតបដដែលៗរបស់មន្ត្រីប៉ូលិសបែបនេះគ្រាន់តែជាលេសដោះសារប៉ុណ្ណោះ ព្រោះសមត្ថកិច្ចមិនបានបង្ហាញចំណាត់ការស៊ើបអង្កេតដែលគួរឲ្យទុកចិត្តបាននោះទេ។
ម្ដាយយុវជនរងគ្រោះ កាក់ សុវណ្ណឆៃ គឺលោកស្រី ព្រុំ ចាន់ថា ប្រាប់អាស៊ីសេរីថា រយៈពេលជិត ១ខែមកហើយដែលលោកស្រី បានដាក់បណ្តឹងទៅនគរបាលប៉ុស្តិ៍បឹងទំពុនទី១ ជុំវិញករណីហិង្សាលើកូនប្រុសរបស់លោកស្រី ប៉ុន្តែមកទល់ពេលនេះ សមត្ថកិច្ចមិនបានមកសាកសួរ ឬផ្តល់ព័ត៌មានអ្វីដល់គ្រួសារលោកស្រីឡើយ។ លោកស្រី ចាត់ទុកថា ករណីហិង្សាលើកូនប្រុសលោកស្រីនិងសកម្មជនបក្សប្រឆាំងផ្សេងទៀត គឺជាការចាត់តាំងជាប្រព័ន្ធពីក្រុមណាមួយ ដូច្នេះហើយទើបអាជ្ញាធរ មិនអាចរកឃើញជនល្មើសយកមកផ្ដន្ទាទោសបាន៖ «ឥឡូវខ្ញុំសួរថា វាយសកម្មជន សម្លាប់សកម្មជន គប់សកម្មជន សួរថាដែលវែកមុខរកឃាតកឃើញអត់ ? ខាងអាជ្ញាធរ គឺត្រូវរហូត អត់ដែលចេះខុសទេ។ បើសិនជាគាត់ចង់រក គាត់ រកឃើញ ហើយ គាត់មិនមែនរក មិនឃើញ ទេ។ សួរ ក្រុមគ្រួសារ អ្នកនយោបាយ ទាំងមូលដែលមានទំនាស់ជាមួយអ្នកណាមួយ គឺអត់ មានទាំងអស់ ហើយសកម្មជនដែលរងរបួសយ៉ាងដំណំ គឺដូចៗគ្នា។ ហាឡើងថា យើងអត់ទៅប្តឹង អត់ ទៅប្តឹង ម៉េច ខ្ញុំបាន ទៅប្តឹង ហើយអ្នកខ្លះអត់ ទៅប្តឹង ព្រោះគាត់ អត់មានទំនុកចិត្តលើអាជ្ញាធរព្រោះទៅប្តឹងក៏រកមិនឃើញ»។
យុវជន កាក់ សុវណ្ណាឆៃ អាយុ ១៦ឆ្នាំគឺជាកូនរបស់សកម្មជនគណបក្សសង្គ្រោះជាតិ លោក កាក់ កុម្ភារ ដែលកំពុងជាប់ឃុំនៅពន្ធនាគារព្រៃស ដោយសារមូលហេតុនយោបាយ។ យុវជនរូបនេះត្រូវបានជនមិនស្គាល់មុខមានគ្នា២នាក់ ជិះម៉ូតូលបគប់ដុំថ្មពីក្រោយខ្នង បណ្ដាលឱ្យបែកក្បាលដេរ ២០ថ្នេរ ក្នុងពេលកំពុងធ្វើដំណើរជាមួយម្ដាយនៅភូមិត្នោតជ្រុំ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៧ មេសា។
ពីរសប្តាហ៍ក្រោយមកករណីហិង្សាមួយផ្សេងទៀតបានកើតលើសកម្មជនគណបក្សសង្គ្រោះជាតិ លោក ស៊ិន ខុន។ ជនមិនស្គាល់មុខមានគ្នា ៤នាក់ ជិះម៉ូតូ ២គ្រឿង បានព្រួតគ្នាវាយលោកនៅចំណុចផ្សារដើមស្រល់ ជិតវត្តចាស់ នៅព្រឹក ថ្ងៃទី១២ ខែឧសភា។ អំពើហិង្សានោះ បណ្តាលឲ្យលោក ស៊ិន ខុន រងរបួសបែកចិញ្ចើមខាងស្តាំ និងប្រេះឆ្អឹងម្រាមដៃខាងឆ្វេង។
ជនរងគ្រោះ លោក ស៊ិន ខុន ថ្លែងប្រាប់អាស៊ីសេរីនៅថ្ងៃទី២២ ឧសភាថា ក្រោយកើតហេតុភ្លាមៗ លោកបានដាក់បណ្តឹងទៅនគរបាលប៉ុស្តិ៍នៅខណ្ឌជ្រោយចង្វា ហើយថ្មីៗនេះ នគរបាល បានហៅលោកទៅជួបពីរដងមកហើយ ដើម្បីពិនិត្យមើលវីដេអូកាមេរ៉ាសុវត្ថិភាពនៅកន្លែងកើតហេតុ។ ទោះជាបែបនេះក្តី ជនរងគ្រោះរូបនេះ មិនសង្ឃឹមថានឹងទទួលបានយុត្តិធម៌នោះទេ ព្រោះសមត្ថកិច្ច បញ្ជាក់ថា វីដេអូកាមេរ៉ាទី១ ថតមិនជាប់ស្លាកលេខម៉ូតូរបស់ជនល្មើស ហើយកាមេរ៉ាមួយចំនួនទៀតត្រូវបានម្ចាស់ផ្ទះមិនអនុញ្ញាតឲ្យឆែកមើល និងចាប់រូបភាពមិនបានជាដើម៖ «បើសិន តាមមើល វីដេអូកាមេរ៉ាសុវត្ថិភាពហ្នឹង ហើយមើល លក្ខណៈសម្បត្តិរបស់ជនដៃដល់ហ្នឹង ប្រហែលជាអាចចាប់បាន ព្រោះ គិតថា កាមេរ៉ា សុវត្ថិភាពមិនមែនតែទីហ្នឹងទេ គឺអាចទៅមើលកាមេរ៉ាផ្សេងទៀតផ្លូវតែមួយដែលពួក ជនដៃដល់ ជិះ រត់តាម បណ្តោយផ្លូវហ្នឹង»។
គិតត្រឹមថ្ងៃទី២២ ឧសភា មានសកម្មជនគណបក្សសង្គ្រោះជាតិ និងសាច់ញាតិរបស់ពួកគេជាង ៣០នាក់ហើយ ដែលត្រូវបានជនមិនស្គាល់មុខលួចវាយដំបណ្តាលឲ្យរបួសធ្ងន់ធ្ងរ ហើយជនរងគ្រោះខ្លះបានធ្លាក់ខ្លួនពិការអស់មួយជីវិត។ ក្នុងចំណោមករណីហិង្សាទាំងនេះមានតែមួយករណីប៉ុណ្ណោះគឺនៅខេត្តកំពង់ឆ្នាំងដែលសមត្ថកិច្ច បានចាប់ខ្លួនជនដៃដល់ចំនួន៣នាក់ទៅដាក់ឃុំក្នុងពន្ធនាគារបណ្តោះអាសន្ន។ ជនរងគ្រោះមួយចំនួនទៀត មិនត្រឹមតែមិនទទួលបានយុត្តិធម៌នោះទេ ថែមទាំងត្រូវបានជនល្មើសលួចវាយប្រហារផ្ទួនៗគ្នាពីរលើក និងជនរងគ្រោះខ្លះទៀត ថែមទាំងត្រូវបានអាជ្ញាធររបបក្រុងភ្នំពេញចាប់ឃុំខ្លួនក្នុងពន្ធនាគារទៀតផង។
ជុំវិញរឿងនេះ នាយករងទទួលបន្ទុកផ្នែកឃ្លាំមើល និងការពារសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត មានប្រសាសន៍ថាការស្វែងរកភស្តុតាងដើម្បីឈានទៅរកចាប់ខ្លួនជនល្មើស គឺមិនមែនជាតួនាទីរបស់ជនរងគ្រោះទេ ប៉ុន្តែជាតួនាទីនិងកាតព្វកិច្ចរបស់សមត្ថកិច្ចពាក់ព័ន្ធ។ លោកបន្តថាការទម្លាក់កំហុសលើជនរងគ្រោះថាមិនបានដាក់បណ្តឹង ឬមិនសហការផ្តល់ភស្តុតាងជាដើម គឺជាការគេចចេញពីការទទួលខុសត្រូវក្នុងនាមជាមន្ត្រីដែលមានសមត្ថកិច្ច៖ «យើងឃើញហើយ ការលើកឡើង កន្ល ង មកថា ការវាយដុំ ឬអំពើហិង្សាលើអតីតសកម្មជនគណបក្សប្រឆាំងនេះ វាជារឿងរើសអើងនិន្នាការនយោបាយ ដូច្នេះហើយទើបអ្នកដែលប្រព្រឹត្តហ្នឹងកម្រមាន ការចាប់ បញ្ជូនទៅ អនុវត្ត តាមផ្លូវច្បាប់ ឬផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ។ នេះគឺជា ការលើកឡើង កន្លងមក។ អ៊ីចឹង ប្រសិនបើបន្តនូវវប្បធម៌ និទ្ទណ្ឌ ភាព ដែលមិនអាចរកអ្នកដែលប្រព្រឹត្តបាន យកទៅ ដាក់ទោស ទេ ដូច្នេះ មិនអាច បញ្ឈប់អំពើ ទាំងអស់នេះ បានទេ។ វានឹងកើតមានបន្តទៅ ទៀត»។
កន្លងមក ក្រុមអង្គការជាតិ និងអន្តរជាតិ រួមទាំងអង្គការសហប្រជាជាតិផង បានចេញ សេចក្តីថ្លែងការណ៍ព្រួយបារម្ភជាបន្តបន្ទាប់ចំពោះអំពើហិង្សាលើសកម្មជនគណបក្សសង្គ្រោះជាតិជាញឹកញាប់នេះ និងចាត់ទុកថា ករណីទាំងនេះគឺការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយដែលត្រូវតែបញ្ឈប់ជាបន្ទាន់។ ចំណែកក្រុមសកម្មជនបក្សសង្គ្រោះជាតិវិញ ពួកគាត់លើកឡើងថា ការបណ្តែតបណ្តោយឲ្យជនល្មើសបន្តរស់នៅក្រៅសំណាញ់ច្បាប់បែបនេះ ធ្វើឲ្យពួកគាត់ជាជនរងគ្រោះរស់នៅជាមួយភាពឈឺចាប់ និងការភ័យខ្លាច៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។