អាជ្ញាធររបបក្រុងភ្នំពេញបានបញ្ជូនអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ និងជាស្ត្រីតវ៉ាថ្ងៃសុក្រម្នាក់ គឺ លោកស្រី ខន ទន ទៅឃុំខ្លួននៅពន្ធនាគារមាត់ឃ្មង់ ក្នុងខេត្តត្បូងឃ្មុំហើយ នៅព្រឹកថ្ងៃទី២៧ មករា។
កូនប្រុសអ្នកគាំទ្របក្សប្រឆាំងរូបនេះ គឺលោក ស៊ាង ឆៃយ៉ា ប្រាប់អាស៊ីសេរីថា ការចាប់ខ្លួនម្ដាយរបស់លោកនេះជារឿងអយុត្តិធម៌មិនអាចទទួលយកបានឡើយ ព្រោះម្ដាយរបស់លោកមិនបានប្រព្រឹត្តិខុសច្បាប់អ្វីឡើយ។
លោកស្រី ខន ទន ត្រូវបានប៉ូលិសចាប់ខ្លួននៅរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៦ មករា។ តុលាការខេត្តត្បូងឃ្មុំបានចោទប្រកាន់លោកស្រី ពីបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។
ស្ត្រីវ័យ ៤៨ឆ្នាំរូបនេះ បានរត់គេចខ្លួនពីខេត្តត្បូងឃ្មុំទៅស្នាក់នៅបន្ទប់ជួលជាមួយកូនប្រុសរបស់លោកស្រីនៅរាជធានីភ្នំពេញកាលពីចុងខែធ្នូកន្លងទៅ។ លោកស្រី ខន ទន ប្រាប់អាស៊ីសេរី នៅមុនពេលចាប់ខ្លួនថា ប៉ូលិសខេត្តត្បូងឃ្មុំតាមចាប់លោកស្រីជាច្រើនថ្ងៃមកហើយ ដោយសារតែលោកស្រីចូលរួមសម្ដែងមតិជាមួយក្រុមស្ត្រីថ្ងៃសុក្រទាមទារឱ្យមានយុត្តិធម៌សង្គមនៅក្រុងភ្នំពេញ។
ចាប់តាំងពីដើមឆ្នាំ២០២០ មកដល់ថ្ងៃទី២៦ មករា ឆ្នាំ២០២១ មានសកម្មជននយោបាយ សកម្មជនបរិស្ថាន សកម្មជនសង្គម ព្រះសង្ឃខ្មែរថាវរៈ និងក្រុមយុវជន ជិត ៧០នាក់ហើយ ត្រូវបានអាជ្ញាធររបបក្រុងភ្នំពេញចាប់ខ្លួនដាក់ពន្ធនាគារ។ តុលាការបានចោទប្រកាន់ពួកគេពីបទ រួមគំនិតក្បត់ ញុះញង់ និងប្រមាថថ្នាក់ដឹកនាំជាដើម។
អ្នកតាមដានស្ថានការណ៍យល់ថា ការចាប់ខ្លួននេះ ជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ ដើម្បីកម្ទេចសំឡេងប្រឆាំង ដែលនៅសេសសល់ចុងក្រោយរបស់គណបក្សសង្គ្រោះជាតិឱ្យអស់ពីកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។