តំណាងស្ថាប័ននគរបាលត្អូញត្អែរថា នគរបាលពិបាករកយុត្តិធម៌ជូនជនរងគ្រោះដែលត្រូវគេលបវាយ ពីព្រោះពួកគាត់មិនព្រមរាយការណ៍ មិនសហការ និងមិនព្រមដាក់ពាក្យប្ដឹងមកអាជ្ញាធរជាដើម។
អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោក ឆាយ គឹមខឿន ប្រាប់អាស៊ីសេរី ថាពលរដ្ឋទាំងអស់នឹងទទួលបានការពារដោយច្បាប់ ប្រសិនបើដាក់ពាក្យប្ដឹងត្រឹមត្រូវ។ ប៉ុន្តែលោកបញ្ជាក់ថា ក្នុងករណីអ្នករងគ្រោះមិនដាក់ពាក្យប្ដឹងនិងមិនជឿជាក់លើច្បាប់ទេ ខាងសមត្ថកិច្ចក៏មិនអាចស្វែងរកយុត្តិធម៌ឲ្យដែរ។លោកបញ្ជាក់ថា ករណីកន្លងមក ជនរងគ្រោះខ្លះបានដាក់ពាក្យប្ដឹងដែរតែលោកថា ពួកគេផ្ដល់ព័ត៌មានមិនច្បាស់លាស់ មិនជាក់លាក់ និងចង់ចំណេញនយោបាយជាដើម ដែលនេះជាឧបសគ្គរបស់នគរបាលក្នុងការស្រាវជ្រាវ។ តែយ៉ាងណា លោកអះអាងថា នគរបាលនៅតែខិតខំស្រាវជ្រាវរកជនប្រព្រឹត្តបន្តទៀត៖ « តែគ្រាន់ថា គាត់អត់បានផ្ដល់តម្រុយច្បាស់លាស់។ អ៊ីចឹង ប៉ូលិសគេខំរាវហើយ។ សួរនាំ ធ្លាប់មានទំនាស់អត់ ? ធ្លាប់ធ្វើអ្វីជាមួយនរណាគួរឲ្យសង្ស័យឬអត់ ? ប៉ូលិសគេសួរអ៊ីចឹង។ ចង់ប្រាប់ការស្រាវជ្រាវរបស់ប៉ូលិស ព្រោះគេបិទមុខ សួរទៅរករូបរាងម្ដេច ភិនភាគអ្វីយ៉ាងម្ដេច ? គ្រាន់តែវាយហើយគេវ៉ាឆ្វេងទៅបាត់ ហើយម៉ូតូអត់ស្លាកលេខ ឧទាហរណ៍អ៊ីចឹង។ យើងត្រូវការពេលវេលាស្មុគស្មាញរកណាស់ ហើយគាត់មិនចង់និយាយ។ គាត់ចាប់យកលិច យកកើត កេងចំណេញបន្ថែមទៀតលើសមត្ថកិច្ច ហើយណាទម្លាក់លើរដ្ឋាភិបាល គាត់ចេះតែថាហើយ។ វាងងឹតដូចយប់អ៊ីចឹង » ។
ការបញ្ជាក់ពីមេប៉ូលិសផ្កាយ៣រូបនេះ ធ្វើឡើងក្រោយពេលដែលជនមិនស្គាល់មុខ បន្តលបវាយសកម្មជនគណបក្សសង្គ្រោះជាតិជាបន្តបន្ទាប់ ទាំងនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត។ អ្នករងការលបវាយចុងក្រោយគេ គឺជាចៅសង្កាត់រងទី២ជាប់ឆ្នោតនៃគណបក្សសង្គ្រោះជាតិនៅសង្កាត់កំបូល រាជធានីភ្នំពេញ លោក ប្រាក់ សីហា។
លោកត្រូវបានជនមិនស្គាល់មុខ ២នាក់ យកដុំថ្មវាយផ្ទប់នឹងមុខរបស់លោក បណ្ដាលឲ្យរងរបួសបែកមាត់ដេរជាង ១០ថ្នេរ និងបាក់ធ្មេញមុខមួយកំណាត់គ្រាប់។ ហេតុការណ៍នេះកើតឡើងពេលលោកឈប់រ៉ឺម៉កកង់បីរង់ចាំភ្លើងស្តុបនៅមុខផ្សារដេប៉ូកាលពីថ្ងៃទី១៦ ខែកុម្ភៈ។ លោក ប្រាក់ សីហា ប្រាប់អាស៊ីសេរីនៅថ្ងៃទី១៧ ខែកុម្ភៈ ថាមុខរបួសលោករាងអន់ឈឺចុកចាប់ខ្លះហើយ តែលោកគ្មានលទ្ធភាពបន្តការព្យាបាលនៅមន្ទីរពេទ្យឯកជនទៀតទេ។ លោកកំពុងពឹងពាក់គ្រូពេទ្យអង្គការលីកាដូជួយមើលមុខរបួសឲ្យ។
ជនរងគ្រោះដដែលសង្ស័យថា ការលបវាយនេះ បណ្ដាលមកពីរឿងនយោបាយដោយសារលោកមិនព្រមចុះចូលជាមួយគណបក្សកាន់អំណាច និងដោយសារលោក ឧស្សាហ៍ចូលរួមឃ្លាំមើលការតវ៉ារបស់ប្រពន្ធសកម្មជនបក្សប្រឆាំង និងសកម្មជនសង្គមកន្លងមក។ បុរសវ័យ៣៧ឆ្នាំរូបនេះឱ្យដឹងថា មូលហេតុដែលលោកមិនដាក់ពាក្យប្តឹងករណីហិង្សានេះទៅអាជ្ញាធរ ព្រោះគ្មានជំនឿលើអាជ្ញាធរ៖ « ព្រោះអ្វី យើងទៅប្ដឹងឯណាក៏វាអត់បានប្រយោជន៍អ្វីមកវិញដែរ ដោយសារសមត្ថកិច្ចនៅស្រុកខ្មែរយើងអត់រីកចម្រើនទៅមុខ។ អ្នកណាធ្វើអ្វីបានក៏ធ្វើទៅ អត់មានគោរពសិទ្ធិមនុស្ស ម្ដេចៗ អត់មានរកខុសត្រូវឲ្យយើងទេ តាំងពីអើយមក។ ខ្ញុំមើលព័ត៌មានមក វាគ្មានបានរកឲ្យយើងទេ»។
ជុំវិញរឿងនេះ នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ (LICADHO) លោកអំ សំអាត មានប្រសាសន៍ថា ករណីលបវាយសកម្មជនបក្សប្រឆាំងជាបន្តបន្ទាប់ហើយរកមុខអ្នកប្រព្រឹត្តមិនឃើញនេះ ជារឿងមួយគួរឲ្យព្រួយបារម្ភ។ លោកជំរុញឲ្យអាជ្ញាធរខិតខំស្វែងរកអ្នកប្រព្រឹត្តដើម្បីឲ្យពលរដ្ឋជឿជាក់ ជាជាងស្ដីបន្ទោសពលរដ្ឋថា មិនសហការជាមួយអាជ្ញាធរ៖ « ហើយប្រសិនជាបន្ទោសទៅលើអ្នកដែលរងគ្រោះដោយសារគេវាយដំមិនសហការ មិនបានប្ដឹង គួរតែក្រឡេកមើលដែរ ថាតើការបង្កើតទំនុកចិត្តកន្លងមករវាងករណីដែលកើតឡើងជាច្រើននោះ បានបង្ហាញនូវការស៊ើបអង្កេតមួយដែលយកចិត្តទុកដាក់ ហើយនឹងស្វែងរកជនដៃដល់ផ្ដន្ទាទោសបានហើយឬនៅ ? អាហ្នឹង ជារឿងមួយដែលយើងត្រូវគិតគូរឡើងវិញ»។
គិតត្រឹមថ្ងៃទី១៦ ខែកុម្ភៈ ជនមិនស្គាល់មុខបានលបវាយសកម្មជនគណបក្សសង្គ្រោះជាតិ និងសាច់ញាតិ និងអ្នកសម្ដែងមតិជាង ៣០នាក់ហើយ។ ជនរងគ្រោះខ្លះរងការលបវាយប្រហារពីក្រោយខ្នងផ្ទួនៗ ពីរដងក៏មាន។
សកម្មភាពវាយប្រហារទាំងនោះ កើតឡើងប្រហាក់ប្រហែលគ្នា គឺជនដៃដល់ជិះម៉ូតូលបវាយជនរងគ្រោះពីក្រោយដោយប្រើឧបករណ៍រឹង ដូចជា ដុំថ្ម ដុំឥដ្ឋ និង ដំបងដែកជាដើម។ មកទល់ពេលនេះមានតែសំណុំរឿងមួយគត់ដែលសមត្ថកិច្ចចាប់ជនសង្ស័យបាន ៣នាក់ គឺករណីវាយដំកូនប្រុសរបស់សកម្មជនបក្សប្រឆាំងម្នាក់នៅខេត្តកំពង់ឆ្នាំង។
ករណីក្រៅពីនេះ សមត្ថកិច្ចនៅតែអះអាងដដែលៗថា កំពុងស៊ើបអង្កេត ប៉ុន្តែសមត្ថកិច្ចមិនបានបង្ហាញលទ្ធផលនៃការស៊ើបអង្កេតសំណុំរឿងទាំងនោះឡើយ។ ជនរងគ្រោះសង្ស័យថា ជនមិនស្គាល់មុខដែលធ្វើសកម្មភាពលបវាយកន្លងមក គឺជាអ្នកមានជំនាញ និងមានគោលដៅច្បាស់លាស់ក្នុងការវាយប្រហារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។