មន្ត្រី​បក្ស​ប្រឆាំង​ម្នាក់​នៅ​ខេត្ត​ឧត្ដរមានជ័យ​ចោទ​ប្រកាន់​មន្ត្រី​ប៉ូលិស​ថា​ បាន​ប្រើ​ហិង្សា​បង្ខំ​មិន​ឱ្យ​សម្ដែង​មតិ​​

0:00 / 0:00

មន្ត្រី​គណបក្ស​ប្រឆាំង​ម្នាក់​នៅ​ក្រុង​សំរោង​ ចោទ​ប្រកាន់​មន្ត្រី​ប៉ូលិស​ខេត្ត​ឧត្ដរមានជ័យ​ថា​ បាន​ប្រើ​ហិង្សា​បង្ខំ​​រូប​លោក​​មិន​ឱ្យ​សម្ដែង​មតិគាំទ្រ​ប្រធាន​ស្ដីទី​គណបក្ស​​សង្គ្រោះ​ជាតិ​វិល​ចូល​ស្រុក​វិញ​នៅ​ពេល​មុខ។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ចាត់​ទុក​ទង្វើ​នេះ ថា​ជា​ការ​គំរាមកំហែង​ និង​បិទ​សិទ្ធិ​សេរី​ភាព​បញ្ចេញ​មតិ​របស់​ពលរដ្ឋ​ដោយ​ខុស​ច្បាប់។

សមាជិក​ក្រុម​ប្រឹក្សា​សង្កាត់​សំរោង​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​លោក សេង សុផាន ប្រាប់​អាស៊ី​សេរី នៅ​រសៀល​ថ្ងៃ​ទី​១១​ កញ្ញា​ថា លោក​បាន​ទៅ​សុំ​អន្តរាគមន៍​ពី​​សមាគម​ការពារ​សិទ្ធិមនុស្ស​ អាដហុក ​ខេត្ត​ឧត្ដរមានជ័យ ដើម្បី​ឱ្យ​ជួយ​ផ្នែក​ច្បាប់​ដាក់​ពាក្យ​ប្ដឹង​មន្ត្រី​ប៉ូលិស​ចំនួន​២នាក់​នៅ​ក្នុង​ខេត្ត​ ដែល​បាន​ប្រើ​ហិង្សា​មក​លើ​រូប​លោក។ មន្ត្រី​គណបក្ស​ប្រឆាំង​រូប​នេះ រៀបរាប់​ថា ​មាន​មន្ត្រី​ប៉ូលិស​នៃ​ស្នងការ​នគរបាល​ខេត្ត​ឧត្ដរមានជ័យ​ចំនួន​២នាក់ ក្នុង​នោះ​មាន​ម្នាក់​ជា​ប្រធាន​ការិយាល័យ​ទេសចរ​ខេត្ត​ គឺ​លោក​ រិទ្ធ សុខា បាន​រុញច្រាន​លោក​ផ្ដួល​ទៅ​លើ​តុ​គុយទាវ​ចំនួន​២លើក​ ដោយសារ​តែ​លោក​​បាន​ពិភាក្សា​ជា​មួយ​ពលរដ្ឋ​រឿង​ការ​ទៅ​ទទួល​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ​នៅ​ថ្ងៃ​ទី​៩​វិច្ឆិកា។ ​ លោក​បន្ត​ថា​ នៅ​ពេល​នោះ​លោក​ រិទ្ធ សុខា បាន​បង្ខំ​លោក​ឱ្យ​ឈប់​និយាយ​រឿង​នយោបាយ​​ម្ដង​ហើយ​ម្ដង​ទៀត​ តែ​លោក​មិន​ស្ដាប់​ ​ក៏​ស្រាប់​តែ​ប៉ូលិស​រូប​នេះ​ស្ទុះ​មក​ប្រើ​ហិង្សា​​មក​លើ​រូប​លោក​តែ​ម្ដង​។ លោក​បញ្ជាក់​ទៀត​ថា នៅ​ពេល​នោះ​មន្ត្រី​ប៉ូលិស​ផ្នែក​ព្រហ្មទណ្ឌ​ពាក់​ស័ក្ដិ​៤​ម្នាក់​ទៀត​ ដែល​លោក​មិន​ស្គាល់​ឈ្មោះ​បាន​ស្ទុះ​ទៅ​ជួយ​លោក​ រិទ្ធ សុខា​ រុញ​ផ្ដួល​លោក​បន្ថែម បណ្ដាល​ឱ្យ​លោក​ដួល​​អុក​គូថ​​ទល់​ផ្អក​ស្ទើរ​តែ​ងើប​មិន​រួច​។ លោក​បញ្ជាក់​ថា ហេតុ​ការ​ណ៍​នេះ​កើត​ឡើង​នៅ​ក្នុង​ហាង​លក់​កាហ្វេ​មួយ​​កន្លែង​នៅ​ភូមិ​បុរី​រដ្ឋបាល​ សង្កាត់​សំរោង​ កាល​ពី​រសៀល​ថ្ងៃ​ទី​១០​កញ្ញា​កន្លង​ទៅ៖ «ហើយ​សំខាន់​គឺ​សាក្សី​មាន​ គឺ​អ្នក​លក់​ ព្រោះ​កន្លែង​ហាង​កាហ្វេ​ហាង​គុយទាវ​ជា​សិទ្ធិ​របស់​ខ្ញុំ​ ព្រោះ​ខ្ញុំ​ជា​ប្រជាពលរដ្ឋ។ ការ​ធ្វើ​នេះ​គឺ​ជា​ការ​បំបាក់​ស្មារតី​ដល់​សកម្មជន​ដទៃ​ទៀត​ កុំ​ហ៊ាន​ងើប​ហ៊ាន​តស៊ូ​មតិ​រិះគន់​រដ្ឋាភិបាល។ នេះ​ខ្ញុំ​មិន​គ្រោះ​ថ្នាក់​ ចុះ​បើ​សិន​ចាំ​កែង​តុ​ដែល​ម្ចាស់​ផ្ទះ​ថា​ បើ​ចំ​កែង​តុ​ត្រូវ​ចូល​សង្គ្រោះ​បន្ទាន់​ឬ​ស្លាប់​បាត់​ហើយ​ បាន​ន័យ​ថា​ ប៉ូលិស​អត់​យក​កាតព្វកិច្ច​ដែល​ខ្លួន​រៀន​ចេះ​មក​ប្រើ​ទេ​ អាង​តែ​យើង​មាន​អំណាច​ដើរ​គំរាម​គេ​បាន​តាម​ចិត្ត »

អាស៊ី​សេរី​មិន​អាច​ទាក់​ទង​លោក រិទ្ធ សុខា និង​មន្ត្រី​ប៉ូលិស​​ម្នាក់​ទៀត ដើម្បី​ឆ្លើយ​តប​នឹង​ការ​ចោទ​ប្រកាន់​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​១១​កញ្ញា។

ប៉ុន្តែ​ស្នងការ​រង​នគរបាល​ខេត្ត​ឧត្ដរមានជ័យ​ទទួល​បន្ទុក​ផ្នែក​ព្រហ្មទណ្ឌ​លោក ​ឡឹក សុខា ប្រាប់​អាស៊ី​សេរី​យ៉ាង​ខ្លី​ថា មន្ត្រី​របស់​លោក​មិនបាន​ប្រើ​ហិង្សា​​ទៅ​លើ​សកម្មជន​បក្ស​ប្រឆាំង​រូប​នោះ​ដូច​ការ​ចោទ​ប្រកាន់​ឡើយ៖ «គ្មាន​ពី​ណា​ទៅ​រក​រឿង​ស្អី​វា​ !​ វា​ស្រវឹង​ស្រា​ចង់​ងាប់​ហើយ​ មក​ជេរ​គេ​រឡូរឡា​គ្មាន​ដឹង​ស្អី​សោះ​។វា​ស្រវឹង​ស្រា​ទេ​បង​ វា​ស្រវឹង​ខ្លាំង​ណាស់ »

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស អាដហុក (Adhoc) ខេត្ត​ឧត្ដរមានជ័យ លោក ស្រី ណារ៉េន មាន​ប្រសាសន៍​ថា ប្រសិន​បើ​រឿង​នេះ​ពិត​ដូច​ការ​អះអាង​ថា​របស់​សកម្មជន​បក្ស​ប្រឆាំង​មែន នោះ គឺ​ជា​ការ​គំរាម​កំហែង​ធ្ងន់ធ្ងរ​ ដើម្បី​រារាំង​បិទ​សិទ្ធិ​សេរីភាព​ក្នុង​ការ​សម្ដែង​មតិ​របស់​ប្រជាពលរដ្ឋ​ដោយ​ខុស​ច្បាប់ ព្រោះ​រដ្ឋធម្មនុញ្ញ​បាន​កំណត់​ឱ្យ​ពលរដ្ឋ​គ្រប់​រូប​មាន​សិទ្ធិ​ក្នុង​ការ​ជួប​ប្រជុំ​គ្នា​ឈឺឆ្អាល​រឿង​នយោបាយ​ដោយ​សេរី៖ «វា​គ្រាន់​តែ​ថា​សម្ដែង​មតិ​ ហើយ​គាត់​មិន​ទាន់​បាន​ធ្វើ​ផង​ ហើយ​យើង​ជា​សមត្ថកិច្ច​យើង​ជជែក​គ្នា​មើល​ទៅ​វា​ខុស​អី​ត្រូវ​អី​អីចឹង​។ និយាយ​រួម​បើ​ផ្លូវ​ច្បាប់​ប្រើ​ហិង្សា​ដោយ​ចេតនា​ទៅ​លើ​គាត់​។ព្រោះ​កម្ពុជា​ប្រកាន់​​របប​ប្រជាធិបតេយ្យ​ ដែល​ប្រជាពលរដ្ឋ​មាន​សិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិ​យោបល់​ផ្សេង​ៗ ហើយ​បើ​មិន​ឱ្យ​គ្នា​និយាយ​ទេ​ម៉េច​ហៅ​ថា​ប្រជាធិបតេយ្យ »

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​រូប​នេះ​បន្ត​ថា លោក​នឹង​ចុះ​ស៊ើប​អង្កេត​លើ​រឿង​នេះ​ក្នុង​ពេល​ឆាប់ៗ ដើម្បី​ប្រមូល​ភស្តុតាង​​ប្ដឹង​ទៅ​តុលាការ​ ឱ្យ​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់។

ថ្មីៗ នេះ​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​បាន​រក​ឃើញ​ថា​ សេរីភាព​ជា​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ កំពុង​ត្រូវ​បាន​រឹត​បន្តឹង​យ៉ាង​ខ្លាំង​ ទាំង​សេរីភាព​នៃ​ការ​ជួប​សម្ដែង​មតិ​ និង​សិទ្ធិ​ជួប​ប្រជុំ​ដោយ​សន្តិវិធី។ ចំណែក​អង្គការ​សង្គម​ស៊ីវិល​ខ្លួន​ឯង ក៏​ត្រូវ​បាន​អាជ្ញាធរ​រារាំង និង​ជ្រៀតជ្រែក​ការងារ​របស់​ពួក​គេ​ផង​ដែរ។

លោក​ សេង សុផាន​ អះអាង​ថា​ បើ​ទោះ​បី​ជា​មាន​ការ​គំរាមកំហែង​យ៉ាង​នេះ​ក្ដី​ ក៏​លោក និង​សកម្មជន​គណបក្ស​ប្រឆាំង​នៅ​ខេត្ត​របស់​លោក​ជា​ច្រើន​នាក់​ នៅ​តែ​បន្ត​ត្រៀម​ខ្លួន​ទៅ​ទទួល​ លោក​ សម រង្ស៊ី​ វិល​ចូល​ស្រុក​វិញ​ដដែល ដោយ​មិន​ខ្លាច​អាជ្ញាធរ​ធ្វើ​ទុក្ខបុកម្នេញ​ឡើយ​ ព្រោះ​ពួក​លោក​យល់​ថា​ នេះ​ជា​សិទ្ធិ​សេរីភាព​ក្នុង​ការ​សម្ដែង​មតិ ​និង​ការ​ចូល​រួម​ផ្នែក​នយោបាយ​ដោយ​ស្រប​ច្បាប់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។