អ្នកវិភាគ​នយោបាយ​ប្រៀបធៀប​នយោបាយ​ការ​បរទេស​កម្ពុជា​មាន​ទំនោរ​ទៅ​ចិន​ថា ដូច​កំពុង​ប្រឡែង​លេង​ជាមួយ​ភ្លើង

ដោយ ម៉ៅ សុធានី
2022.07.14
Share on WhatsApp
Share on WhatsApp
អ្នកវិភាគ​នយោបាយ​ប្រៀបធៀប​នយោបាយ​ការ​បរទេស​កម្ពុជា​មាន​ទំនោរ​ទៅ​ចិន​ថា ដូច​កំពុង​ប្រឡែង​លេង​ជាមួយ​ភ្លើង (រូបថតឯកសារ) បណ្ឌិត មាស នី អ្នកវិភាគ​នយោបាយ ក្នុងវេទិកា​អ្នកស្ដាប់វិទ្យុអាស៊ីសេរី កាល​ពី​ថ្ងៃ​ទី៩ ខែឧសភា ឆ្នាំ២០១៧។
រូប៖ RFA

អ្នកវិភាគ​នយោបាយថ្លែង​ថា នយោបាយ​ការ​បរទេស​កម្ពុជា​ដែលមាន​ទំនោរ​ទៅ​ចិន ប្រៀប​ដូច​កម្ពុជា​កំពុង​ប្រឡែង​លេង​ជាមួយ​នឹង​ភ្លើង។ លោក​លើក​ឡើង​បែប​នេះ​ក្នុង​កិច្ច​ពិភាក្សា​តុ​មូល​ស្ដីពី​អាស៊ាន នៅ​ចន្លោះ​ចិន និង​សហរដ្ឋ​អាមេរិក​ក្នុង​បរិបទ​ថ្មី នៅ​រាជបណ្ឌិតសភា នៅ​ថ្ងៃ​ទី១៤ កក្កដា។

អ្នកវិភាគ​នយោបាយ បណ្ឌិត មាស នី ​បង្ហាញ​ក្ដី​បារម្ភ ចំពោះ​ទំនាក់ទំនង​កម្ពុជា ចិន ដែល​អាច​នាំ​ឱ្យ​មាន​បញ្ហា​សេដ្ឋកិច្ច​ក្នុង​ប្រទេស​កម្ពុជា។

លោក​លើក​ហេតុផល​ថា កម្ពុជា​ធ្វើ​សមយុទ្ធ​ជាមួយ​ចិន ហើយ​ឈប់​ធ្វើ​សមយុទ្ធ​ជាមួយ​នឹង​អាមេរិក នៅ​ក្នុង​បរិបទ​ប្រទេស​មហា​អំណាច​ពីរ​នេះ កំពុង​ដណ្ដើម​ឥទ្ធិពល​ក្នុង​តំបន់​អាស៊ាន។ អ្នក​វិភាគ​នយោបាយ​រូប​នេះ ប្រៀបធៀប​ទំនាក់នង​នយោបាយ​បរទេស​កម្ពុជា ដែល​ចាត់​ទុក​មិត្តភាព​កម្ពុជា ចិន​ ដូច​ជា​មិត្ត​ដែក​ថែប​ថា កម្ពុជា​កំពុង​ប្រឡែង​លេង​ជាមួយ​ភ្លើង។ ជាមួយ​គ្នា​នេះ​លោក​បាន​លើក​ឡើង​ពី​វិបត្តិ​សេដ្ឋកិច្ច ដែល​កើត​ចេញ​ពី​សង្គ្រាម​អ៊ុយក្រែន និង​រុស្សី នាំ​ឱ្យ​បណ្ដា​ប្រទេស​ក្រីក្រ​មួយ​ចំនួន​ជួប​វិបត្តិ​សេដ្ឋកិច្ច​ដូចជាប្រទេស ស្រីលង្កា (Sri Lanka) ដែល​បណ្ដាល​ឱ្យ​មាន​ការ​ទម្លាក់​រដ្ឋាភិបាល​ក្នុង​ពេល​ថ្មីៗ នេះ ហើយ​លោក​ក៏​បាន​បង្ហាញ​ក្ដី​បារម្ភ​ពី​វិបត្តិ​ហិរញ្ញវត្ថុ​របស់​កម្ពុជា បើសិន​ជា​វិបត្តិ​សង្គ្រាមនៅតែបន្តរ៖ «សកម្មភាព​មួយ​ទៀត​ឡើង ដែល​ធ្វើ​ឱ្យ​បច្ចឹម​ប្រទេស​មើល​ឃើញ​ថា យើង​ឱប​ចិន​ប៉ុន្តែ​យើង​ធាក់​អាមេរិក​នោះ គឺ​នៅ​ត្រង់​ថា នៅ​ពេល​យើង​ធ្វើ​សមយុទ្ធ​យោធា​ជា​នឹង​មួយ​ចិន យើង​ក៏​ចាប់​ផ្ដើម​លុប​ចោល​នូវ​សមយុទ្ធ​យោធា​ជាមួយ​នឹង​អាមេរិក ហើយនឹងការធ្វើ យើង​ហៅ​ថា ជំនួយ​មនុស្សធម៌​របស់​កងទ័ព​អាមេរិក​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ ហើយ​ដូច​ជា រឿង​ការ​បំផ្លាញ​នូវ​អគា​របស់​សហរដ្ឋ​អាមេរិក​នៅ​រាម នៅ​មូលដ្ឋាន​កងទ័ព​ជើង​ទឹក​រាម​ហ្នឹង ក៏​ជា​ផ្នែក​មួយ​បង្ហាញ​ឱ្យ​យើង​ឃើញ​ថា នយោបាយ​ទំនាក់ទំនង​ការ​បរទេស​រវាង​ប្រទេស​ចិន ហើយ​នឹង​អាមេរិក គឺ​យើង​កំពុង​តែ​ស្ថិត​នៅ​ក្នុង​ស្ថានភាព​មួយ បើ​ខ្ញុំ​អាច​និយាយ​សន្និដ្ឋាន​ឱ្យ​ខ្លី​ថា ហាក់​ដូច​យើង​កំពុង​តែ​ចូល​ទៅ​ក្នុង បើ​ខ្មែរ​យើង​ហៅ​ថា កំពុង​តែ​ប្រឡែង​លេង​ជាមួយ​នឹង​ភ្លើង»

អ្នក​តាមដាន​ព្រឹត្តិការណ៍​នយោបាយ​កម្ពុជា ភាគ​ច្រើន​មើល​ឃើញ​ថា កម្ពុជា​ហាក់​មិន​ទាន់​ប្រកាន់​ខ្ជាប់​នយោបាយ​ការ​បរទេស​អព្យាក្រឹត្យ​ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​កម្ពុជា មាត្រា១ ដែល​បាន​ចែង​ថា ព្រះរាជាណាចក្រ​កម្ពុជា ជា​រដ្ឋ​ឯករាជ្យ អធិបតេយ្យ សន្តិភាព អព្យាក្រឹត អចិន្ត្រៃយ៍ មិន​ចូល​បក្ស​សម្ព័ន្ធ​នោះ​ទេ។

ថ្លែង​ដោយ​សង្កត់​សំឡេង​ធ្ងន់ៗ ប៉ុន្តែ​មិន​បក​ស្រាយ​អំពី​បញ្ហា​វត្តមាន​កងទ័ព​ចិន​នៅ​សមុទ្រ​រាម លោក សុខ ទូច បដិសេធ​ចំពោះ​ការ​លើក​ឡើង​ថា មិត្តភាព​កម្ពុជា ចិន ជា​មិត្តភាព​ដែក​ថែប ពីព្រោះ​នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​រដ្ឋមន្រ្តី​ការ​បរទេស​ចិន លោក វ៉ាង យី (Wang Yi) កន្លង​មក​ថ្មីៗ នេះ មិន​បាន​មក​ប្រទេស​កម្ពុជា​នោះ​ទេ ហើយ​លោក​អះអាង​ថា នយោបាយ​ការ​បរទេស​បច្ចុប្បន្ន​ជា​នយោបាយ​ផ្កា​ចម្រុះ​ពណ៌ ដោយ​ចាប់​យក​ទាំង​ចិន និង​អាមេរិក​ទៅ​វិញ​ទេ។ ជា​មួយ​គ្នា​នេះ លោក​ក៏​បាន​លើក​ឡើង​ពី​គ្រោះថ្នាក់​នយោបាយ​ការ​បរទេស ដែល​ផ្កាប់​មុខ​ទៅ​កាន់​ប្រទេស​មហា​អំណាច​ណា​មួយ​ផ្ដាច់​មុខ ដោយ​បាន​រំឭក​អំពី​សោដនាដកម្ម​កើត​មាន​ក្នុង​ប្រទេស​កម្ពុជា នៅ​ពេល​កម្ពុជា​ចាប់​យក​កុម្មុយនិស្ដ​ចន្លោះ​ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩៖ «ដោយសារ​តែ​យើង​ប្រើប្រាស់​ផ្កា​ចម្រុះពណ៌ហ្នឹងហើយ ដែល​យើង​ទទួល​បានវ៉ាក់សាំងគ្រប់ប្រភេទ ដើម្បីមកការពារប្រជាជនរបស់យើង។ ទី២ គេ​មិន​ទទួល​យក​អ្នក​កើត​កូវីដ សូម្បី​តែ​ជប៉ុន​ក៏​អត់ទទួលដែរ កម្ពុជា​នាយក​រដ្ឋមន្ត្រី​ទៅ​ទទួល​អ្នក​ណា? អាមេរិក។ ពួកម៉ាក​ជិត​ស្និទ្ធ​មិន​ទាំង​ទទួល​ផង កម្ពុជា​ទៅ​ទទួល​នៅ​ផែ​កំពង់​សោម ពិភពលោក​ត្រូវ​មើល​កន្លែង​ហ្នឹង បើសិនជា​កម្ពុជា​ផ្កាប់​មុខ​ទៅ​រក​ចិន កម្ពុជា​អត់​ទៅ​ទេ»

អ្នកឃ្លាំមើលឯករាជ្យ​ពិនិត្យឃើញថា ទំនាក់​ទំនង​ចិន​ និង​កម្ពុជា​ត្រូវបង្ហាញ​ឲ្យ​ឃើញថា ​ដល់​កម្រិត​កំពូល​ ដោយលោក ហ៊ុន សែន ចាប់យកចិនជាខ្នងបង្អែកដ៏រឹងមាំសម្រាប់ការពារអំណាច​។ ទំនាក់ទំនងនេះ បានធ្វើឲ្យមានការសង្ស័យថា រដ្ឋាភិបាលលោក ហ៊ុន សែន បានលួចចុះហត្ថលេខាលើកិច្ចព្រមព្រៀងសម្ងាត់ ដើម្បីឲ្យចិនសាងសងមូលដ្ឋានទ័ពនៅមូលដ្ឋានកងទ័ពជើងទឹករាម។

ទាក់ទងនឹងបញ្ហានេះ ក្រុម​អ្នកជំនាញ​វិទ្យាសាស្ត្រ​នយោបាយ និង​កិច្ចការ​អន្តរជាតិ តែងតែជំរុញឱ្យ​កម្ពុជា ​​ឱ្យបើកឱកាស និង​​អនុញ្ញាត​ឱ្យ​អ្នក​ជំនាញ​អន្តរជាតិ​នានា ស្រាវជ្រាវ​ ពិនិត្យ​ពី​ការពង្រីក​ឥទ្ធិពល​នៃ​ប្រទេស​ចិន ក្នុង​ការ​សាងសង់​មូលដ្ឋាន​កងទ័ពជើងទឹក​នៅ​សមុទ្រ​រាម​ ជាជាង​ការ​នៅតែ​បន្ត​អូស​បន្លាយពេល​​បង្ហាញ​ព័ត៌មាន​ឱ្យ​បាន​ស៊ីជម្រៅ ​ព្រោះវា​អាច​ធ្វើ​ឱ្យ​កម្ពុជា​កាន់តែ​ខាតបង់​ផល​ប្រយោជន៍សេដ្ឋកិច្ច​ជាច្រើន​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

រឿង​ដែល​គេ​អាន​​ច្រើន​បំផុត
RFA
អ្នក​ឃ្លាំមើល​​ថា ​ដំណើរ​​ទស្សនកិច្ច​របស់​​លោក ហ៊ុន សែន​ ទៅ​​គុយបា​ជា​ការ​​ពង្រឹង​​អំណាច​​ផ្តាច់ការ​​ច្រើន​​ជាង​​ផល​ប្រយោជន៍​​ជាតិ​
រឿង​ដែល​គេ​អាន​​ច្រើន​បំផុត
នយោបាយ
ពលរដ្ឋ​ខ្មែរ​នាំ​គ្នា​ធ្វើ​បាតុកម្ម ប្រឆាំង​វត្តមាន​លោក ហ៊ុន សែន នៅ​បុរីញ៉ូវយ៉ក​សហរដ្ឋ​អាមេរិក
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។