បក្ស​នយោបាយ​និង​អ្នក​តាម​ដាន​សង្គម​ចង់​ឱ្យ​រដ្ឋាភិបាល​បើកចំហ​ព័ត៌មាន​សង់​មូលដ្ឋាន​កងទ័ព​រាម

0:00 / 0:00

បណ្ដា​ប្រទេស​លោក​សេរី​និង​អ្នកជំនាញ​មួយចំនួន​កំពុង​ព្រួយបារម្ភ​និង​សង្ស័យ​ថា សំណង់​អគារ​ថ្មីៗ​នៅក្នុង​មូលដ្ឋាន​កងទ័ពជើងទឹក​កំពង់ផែ​រាម ខេត្ត​ព្រះសីហនុ អាច​នឹង​ក្លាយទៅជា​កម្មសិទ្ធិ​ផ្ដាច់មុខ​របស់​កងទ័ព​រំដោះប្រជាជន​ចិន យក​ប្រើប្រាស់​ដើម្បី​ពង្រីក​ឥទ្ធិពល​យោធា​របស់​ខ្លួន​ប្រចាំ​តំបន់​អាស៊ី​និង​ប៉ាស៊ីហ្វិក។

ការ​ព្រួយ​បារម្ភ​នេះ​កើត​មាន​នៅ​ពេល​ដែល​គេ​មើល​ឃើញ​ថា សំណង់​អគារ​មូលដ្ឋាន​កងទ័ព​ជើង​ទឹកសមុទ្រ​រាម​ដែល​ជា​ជំនួយ​របស់​ចិន​កំពុង​លេច​រូបរាង​ជា​បន្តបន្ទាប់ ខណៈ​កម្ពុជា និង​ចិន​អះអាង​ថា គ្រោង​នឹង​បិទ​បញ្ចប់​ការ​សាងសង់​នៅ​ឆ្នាំ​២០២៤​ខាងមុខ។

គណបក្ស​នយោបាយ និង​អ្នក​តាមដាន​សង្គម​ខ្លះ​ចង់ឱ្យ​រដ្ឋាភិបាល​កម្ពុជា​បើកចំហ និង​បង្ហាញ​ឱ្យ​បណ្ដា​ប្រទេស​នានា​បាន​ចូល​ទៅ​ពិនិត្យ​ច្បាស់លាស់​លើ​គម្រោង​សាងសង់​អគារ​ថ្មីៗ របស់​មូលដ្ឋាន​កងទ័ព​ជើង​ទឹក​កំពង់ផែ​រាម ក្រោម​ជំនួយ​របស់​ចិន​នោះ ដើម្បី​ជៀសវាង​កុំ​ឱ្យ​មាន​មន្ទិល​សង្ស័យ​ពី​ប្រទេស​លោក​សេរី​មួយចំនួន​ជាពិសេស​គឺ​សហរដ្ឋអាមេរិក​ជាដើម។

ប្រធាន​គណបក្ស​កម្លាំង​ជាតិ​លោក ស៊ុន ចន្ធី មាន​ប្រសាសន៍​ថា លោក​ចង់​រក្សា​អធិបតេយ្យភាព​និង​បូរណភាព​ទឹកដី​កម្ពុជា​ឱ្យ​ស្រប​ទៅតាម​រដ្ឋធម្មនុញ្ញ​ដែល​មាន​ចែង ហើយ​ការ​សាងសង់​អគារ​ដ៏​ទំនើប​នៅ​មូលដ្ឋាន​កងទ័ពជើងទឹក នា​កំពង់ផែ​រាម​ក្រោម​ជំនួយ​របស់​ចិន​នោះ​ហាក់ដូចជា មិន​ទាន់​បង្ហាញ​តម្លាភាព​ច្បាស់លាស់​ដែល​រូបលោក​នៅតែ​មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង។

លោក ស៊ុន ចន្ធី មាន​ប្រសាសន៍​ទៀត​ថា ដើម្បី​ឱ្យ​អស់​មន្ទិលសង្ស័យ រដ្ឋាភិបាល​កម្ពុជា​ក៏ដូចជា​ក្រសួង​ការពារជាតិ​គួរតែ​បើកចំហ​ឱ្យ​ប្រទេស​មួយ​ចំនួន​អាច​ចូល​ទៅ​ពិនិត្យ​ឱ្យ​បាន​ច្បាស់លាស់។

លោក ស៊ុន ចន្ធី៖ «ខ្ញុំ​គាំទ្រ​ការ​លើកឡើង​របស់​មតិ​ទូទៅ​ដែល​ស្នើ​ឱ្យ​រដ្ឋាភិបាល​បើកចំហ​តំបន់​មូលដ្ឋាន​កងទ័ពជើងទឹក​រាម​ដើម្បី​ឱ្យ​មជ្ឈដ្ឋាន​ទូទៅ​បាន​ទៅ​មើល​ផ្ទាល់ ដើម្បី​ឱ្យ​អស់​ចម្ងល់​ហើយ​មានការ​ជឿជាក់​មាន​ទំនុកចិត្ត​ទៅលើ​រដ្ឋាភិបាល​។ រដ្ឋាភិបាល​គួរតែ​ឆ្លើយតប​ទៅ​នឹង​សំណូមពរ​របស់​ប្រជាពលរដ្ឋ​ឬក៏​មជ្ឈដ្ឋាន​ទូទៅ​បានឃើញ​ផ្ទាល់​ភ្នែក ដើម្បី​ជំរះ​នូវ​មន្ទិល​ទាំងឡាយ​នោះ»។

អ្នក​សិក្សា​កិច្ចការ​សង្គម និង​នយោបាយ​លោក ប៉ោ មករា ក៏​មាន​មតិ​ប្រហាក់ប្រហែល​គ្នា​នេះ​ដែរ​ថា​លោក​ព្រួយបារម្ភ​ចំពោះ​ការ​លើកឡើង​របស់​សហរដ្ឋ​អាមេរិក ក៏ដូចជា​ប្រទេស​មហាអំណាច​មួយចំនួន​ទៀត​ដែល​សង្ស័យ​ថា សំណង់​អគារ​ថ្មីៗ ដែល​កំពុង​បន្ត​សាងសង់​នៅក្នុង​មូលដ្ឋាន​កងទ័ពជើងទឹក​កំពង់ផែ​រាម​នេះ អាច​នឹង​ក្លាយ​ជា​កម្មសិទ្ធិ​ផ្ដាច់មុខ​នៃ​កងទ័ព​រំដោះប្រជាជន​ចិន​យក​ទៅ​ប្រើប្រាស់​សម្រាប់​ការពង្រីក​ភូមិសាស្ត្រ​នយោបាយ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។

លោក ប៉ោ មករា៖ «ក្នុង​ច្បាប់​កម្ពុជា​រដ្ឋធម្មនុញ្ញ​មិន​អនុញ្ញាត​ឱ្យ​កងទ័ព ឬក៏​យោធា​បរទេស​ណាមួយ​មក​ឈរជើង​លើទឹក​ដី​កម្ពុជា​ទេ​។ ដូច្នេះ​ដើម្បី​ឱ្យ​ឃើញ​ពី​ភាព​ស្អាតស្អំ​របស់​ខ្លួន កម្ពុជា​គួរតែ​មាន​ការ​បង្ហាញ​ឱ្យ​ច្បាស់​ជាង​ពេល​កន្លងៗ​មក​ថែមទៀត ពីព្រោះ​កាលណា​ធ្វើ​មិន​ច្បាស់​យើង​ជា​ប្រទេស​ដែល​ទន់ខ្សោយ​វា​ងាយ​នឹង​រងគ្រោះ ឥទ្ធិពល​នឹង​ងាយ​មាន​បញ្ហា​ជាមួយ​នឹង​មហាអំណាច។ អ្វី​ដែល​យើង​ខាតបង់​គឺ​ប្រជាជាតិ​យើង​ទាំងមូល និង​ពលរដ្ឋ​របស់​យើង​ជា​អ្នក​ខាតបង់»។

ការ​ព្រួយ​បារម្ភ​របស់​គណបក្ស​នយោបាយ និង​អ្នក​តាមដាន​សង្គម​នេះ ខណៈ​ទិន្នន័យ​ផែនដី​ប្រចាំ​ថ្ងៃជា​សកល​នៅ​សហរដ្ឋអាមេរិក​ឈ្មោះ​ផ្លេនណេត លេបស៍ (Planet Labs) បង្ហាញ​ថា ចាប់​តាំងតែ​ពី​ថ្ងៃ​ទី៣ ខែ​មករា ដល់​ថ្ងៃទី​១១ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ មូលដ្ឋាន​កងទ័ពជើងទឹក​សមុទ្រ​រាម​បាន​ពង្រីក​ការ​សាងសង់​យ៉ាង​ឆាប់រហ័ស​ក្រោម​ជំនួយ​របស់​រដ្ឋាភិបាល​ចិន។

សមាជិក​ជាន់ខ្ពស់​នៃ​កម្មវិធី​ការពារ​នៅ​មជ្ឈមណ្ឌល​សម្រាប់​សន្តិសុខ​អាមេរិក​ថ្មី​លោក ថម ស៊ូគើថ (Tom Shugart) ដែល​តាមដាន​គម្រោង​នេះ​ធ្លាប់​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃទី​១៨ ខែ​វិច្ឆិកា ថា ផ្ទៃដី​ដែល​ទើបតែ​ឈូស​ឆាយ​ថ្មីៗ​មាន​ទំហំ​ប្រមាណ ៣០​ហិកតារ។ លោក ថម ស៊ូគើថ ឱ្យ​ដឹង​ទៀត​ថា សំណង់​អគារ​ធំៗ និង​រចនាសម្ព័ន្ធ​មួយចំនួន កំពុង​លេច​រូបរាង​នៅ​កំពង់ផែ​រាម​ចុង​ក្រោយ​នេះ ដែល​គេ​សង្ស័យ​ថា ជា​បន្ទាយ អគារ​រដ្ឋបាល​និង​អគារ​សិក្ខាសាលា​របស់​កងទ័ព។

មេបញ្ជាការ​កងទ័ពជើងទឹក​កម្ពុជា​លោក ឧត្តមនាវី ទៀ វិញ បាន​បដិសេធ​មិន​អធិប្បាយ​ជុំវិញ​រឿង​នេះ​ទេ នៅ​ថ្ងៃទី​២៩ ខែ​វិច្ឆិកា ដោយ​លោក​មានប្រសាសន៍​យ៉ាង​ខ្លី​ថា កំពុង​ជាប់រវល់​ប្រជុំ។ ចំណែក​អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ​លោក ឈុំ សុជាត បាន​ឆ្លើយតប​ថា លោក​កំពុង​ជាប់រវល់​ធ្វើដំណើរ ហើយ​លោក​មាន​ប្រសាសន៍​ថា ប្រសិនបើ​មានរឿង​សំខាន់​គឺ​សូម​ឱ្យ​បញ្ជូន​សំណួរ​ផ្ញើ​តាម​ប្រព័ន្ធ​តេឡេក្រាម (Telegram) ទៅ​រូបលោក​គឺ​លោក​នឹង​ឆ្លើយ​តប​វិញ​នៅ​ពេល​ក្រោយ។

លោក ឈុំ សុជាតិ៖ «បង​មានការ​ប្រញាប់​បន្តិច​ផ្ញើ​តាម​តេឡេក្រាម បង​មក​តាម​លេខ​ហ្នឹង​Saveឈ្មោះ​ទៅ​Telegramលេខ​ហ្នឹង​ខ្ញុំ​ឆ្លើយ​តប​ភ្លាមៗ»។

ទោះជា​យ៉ាងណា​ចាប់​តាំងតែ​ពី​សម័យ​អតីត​នាយករដ្ឋមន្ត្រី​លោក ហ៊ុន សែន រហូត​ដល់​សម័យ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត តែងតែ​ប្រកាស​ច្រានចោល​ថា កម្ពុជា​នឹង​មិន​អនុញ្ញាត​ឱ្យ​បរទេស​ណាមួយ​មក​ដាក់​មូលដ្ឋាន​ទ័ព​នៅ​កម្ពុជា​ឡើយ ដ្បិត​វា​ជា​ការ​រំលោភ​អធិបតេយ្យ និង​ប្រឆាំង​នឹង​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស។

អ្នកជំនាញ​ផ្នែក​ភូមិសាស្ត្រ​នយោបាយ​លោក​បណ្ឌិត រ៉ូ វណ្ណៈ មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​នេះ​គេ​មើល​ឃើញ​ថា ដោយសារតែ​អំណាច​របស់​ចិន​កំពុងតែ​រីក​រាលដាល​ខ្លាំង​នៅក្នុង​តំបន់ គឺ​វា​អាច​នឹង​ធ្វើ​ឱ្យ​ប្រទេស​តូចៗ​ងាយ​នឹង​រង​គ្រោះ ធ្លាក់​ក្នុង​អន្ទាក់​នៃ​ភូមិសាស្ត្រ​នយោបាយ​ចិន។ លោក​បណ្ឌិត រ៉ូ វណ្ណៈ មានប្រសាសន៍​ទៀត​ថា ពីព្រោះ​តែ​ចិន​កំពុង​មាន​មហិច្ឆតា​ចង់​ក្លាយ​ទៅ​ជា​មហាអំណាច​លើសលប់​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដូច្នេះ​ចិន​ត្រូវ​ក្ដោបក្ដាប់​លើ​សមុទ្រ​ចិន​ភាគ​ខាងត្បូង ហើយ​ត្រូវការ​កន្លែង​ដាក់​ពង្រាយ​កងទ័ព​របស់​ខ្លួន​ទៅ​តាម​លទ្ធភាព​ដែល​អាច​ធ្វើ​ទៅ​បាន។

បណ្ឌិត រ៉ូ វណ្ណៈ៖ «ប្រទេស​កម្ពុជា​នេះ ក៏​ជា​កន្លែង​ប្រទាញប្រទង់​ខ្លាំង​ដែរ ដោយសារតែ​នយោបាយ​ការបរទេស​របស់​សហរដ្ឋ​អាមេរិក ដើម្បី​លើក​កំពស់​អនុត្តរភាព​សេរី គឺ​គាត់​ត្រូវ​ការពារ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ហ្នឹង​មិន​ឱ្យ​ធ្លាក់​ទៅ​ក្នុង​អំណាច​របស់​ចិន។ ពីព្រោះ​ចិន​មាន​មហិច្ឆតា​ចង់​ក្លាយ​ជា​មហាអំណាច​អនុត្តរភាព​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ហ្នឹង អីចឹង​ចិន​ត្រូវ​ក្តោប​ភូមិសាស្ត្រ​សមុទ្រ​ចិន​ភាគ​ខាងត្បូង ហើយ​លទ្ធភាព​របស់​ចិន​ត្រូវ​ពង្រាយ​យោធា​របស់​ខ្លួន​នៅ​ក្រៅ​ប្រទេស​តាម​ដែល​អាច​ធ្វើ​ទៅ​បាន»។

កាសែត ឌឹ វ៉ាស៊ីងតោន ប៉ុស្តិ៍ (The Washington Post) ដែល​បាន​យក​ឯកសារ​យោធា​សម្ងាត់​របស់​មន្ទីរ​បញ្ច​កោណ​នៃ​ក្រសួងការពារជាតិ​សហរដ្ឋអាមេរិក​មក​ចុះផ្សាយ​កាលពី​ចុងខែ​មេសា​ឱ្យ​ដឹង​ថា​ផ្នែក​មួយ​នៃ​កំពង់ផែ​កងទ័ពជើងទឹក​រាម ត្រូវ​កងទ័ព​រំដោះប្រជាជន​ចិន​កំណត់ទុក​សម្រាប់​ប្រើប្រាស់​ធ្វើជា​មូលដ្ឋាន​នៃ «កងពល» សម្រាប់​គាំទ្រ​ភស្តុភារ​យោធា​របស់​ចិន​នៅ​លើ​ពិភពលោក។ ឯកសារ​ដដែល​បង្ហាញ​ទៀត​ថា មូលដ្ឋានទ័ព​របស់​ចិន​នៅ​កំពង់ផែ​រាម​នេះ ទំនងជា​អាច​ផ្ទុក​វត្តមាន​កងទ័ព​ចិន​បាន​តិច​ជាង​កំពង់ផែ ដែល​ចិន​កំពុង​សាងសង់​នៅ​ប្រទេស​អេមីរ៉ាត់អារ៉ាប់រួម (UAE)។

ចិន​មាន​ផែនការ​បង្កើត​មូលដ្ឋានទ័ព​របស់​ខ្លួន​នៅ​ក្រៅ​ប្រទេស​ឱ្យ​បាន​យ៉ាងហោចណាស់​ចំនួន​៥ កន្លែង និង​ទីតាំង​គាំទ្រ​ការ​ផ្គត់ផ្គង់​ភស្តុភារ​ចំនួន ១០​កន្លែង​ទៀត​នៅ​ត្រឹម​ឆ្នាំ​២០៣០ ក្នុង​បំណង​ការពារ​សន្តិសុខ​ជាតិ​និង​អត្ថប្រយោជន៍​សេដ្ឋកិច្ច​របស់​ក្រុង​ប៉េកាំង សម្រាប់​ពង្រីក​អំណាច​នៅ​ក្រៅ​ប្រទេស។

អ្នកវិភាគ​នយោបាយ និង​សង្គម​យល់​ថា វា​ជា​ការ​ពិបាក​មួយ ដែល​តម្រូវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​បើកចំហ និង​បង្ហាញ​ឱ្យ​ច្បាស់លាស់​ចំពោះ​ការ​សាងសង់​មូលដ្ឋាន​កងទ័ពជើងទឹក​នៅ​កំពង់ផែ​សមុទ្រ​រាម​ខេត្ត​ព្រះសីហនុ​ពេល​នេះ ពី​ព្រោះតែ​រដ្ឋាភិបាល​កម្ពុជា​អាច​មាន​មូលហេតុ​ក្រោម​លេស​រក្សា​ការ​សម្ងាត់​នៃ​សន្តិសុខ​ជាតិ។

ក្រុម​អ្នក​វិភាគ​នយោបាយ​ព្រួយបារម្ភ​ថា ប្រសិនបើ​កម្ពុជា​ធ្លាក់​ទៅ​ក្នុង​អន្ទាក់​នយោបាយ​ភូមិសាស្ត្រ​របស់​ចិន​នោះ នឹង​ធ្វើ​ឱ្យ​កម្ពុជា​រងគ្រោះ​ជាច្រើន​ដូចជា កម្ពុជា​ជួប​វិបត្តិ​ធ្ងន់ធ្ងរ​លើ​ការ​បាត់បង់​ធនធាន​ធម្មជាតិ អស់​ភ្នំ អស់​រ៉ែ​បាត់​ស្ទឹង​ទន្លេ បឹង​បួរ និង​ប្រព័ន្ធ​ធម្មជាតិ​ជីវចម្រុះ ដោយសារតែ​ការ​វិនិយោគ​របស់​ចិន​មិន​គិតគូរ ពី​ផល​ប៉ះពាល់​លើ​សម្បត្តិ​ធម្មជាតិ​ខ្មែរ។ បន្ថែម​លើ​នេះ​នយោបាយ​របស់​កម្ពុជា​ក៏​មិន​មាន​ស្ថិរភាព​សម្រាប់​ធានា​ឱ្យ​ប្រជាពលរដ្ឋ​រស់នៅ​បាន​សុខសាន្ត និង​កម្ពុជា​ហាក់​បាត់បង់​អស់​ភាព​ទីពឹង​ជាមួយ​បណ្ដា​ប្រទេស​លោក​សេរី​ដោយមាន​ចិន​តែមួយគត់​សម្រាប់​ទីពឹង​ដែល​ធ្វើ​ឱ្យ​កម្ពុជា​អាច​មិន​មាន​អធិបតេយ្យភាព និង​ស្ថិរភាព​នយោបាយ​បាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។