គណបក្សនយោបាយយល់ឃើញខុសៗគ្នាជុំវិញគម្រោងការកែរដ្ឋធម្មនុញ្ញដើម្បីកំណត់ឲ្យមេដឹកនាំកំពូលកម្ពុជាមានសញ្ជាតិតែមួយ។ គណបក្សខ្លះបានជំទាស់នឹងគម្រោងនេះ ដោយចាត់ទុកថា ឥតបានការ។ ឯគណបក្សខ្លះទៀត បន្ទរតាមរដ្ឋាភិបាលថា ការកែប្រែច្បាប់នេះដើម្បីផលប្រយោជន៍ជាតិ និងជំរុញឲ្យរបបឯកបក្សកែប្រែឲ្យបានលឿន។
បើទោះជាគម្រោងវិសោធនកម្មរដ្ឋធម្មនុញ្ញដើម្បីកំណត់សញ្ជាតិមេដឹកនាំកម្ពុជា កំពុងជឿនលឿនទៅមុខតាមបញ្ជារបស់លោក ហ៊ុន សែន ក្ដី ក៏គណបក្សមួយចំនួន មិនពេញចិត្តនឹងការធ្វើបែបនេះទេ។
ប្រធានគណបក្សបំណងពលរដ្ឋលោក អ៊ិត សារម្យ មិនគាំទ្រចំពោះការកែច្បាប់នេះទេ ព្រោះការកែប្រែនេះនឹងបំបិទសិទ្ធិរបស់ជនជាតិខ្មែរ មិនឲ្យទទួលបានឱកាសស្មើគ្នាក្នុងការរួមចំណែកបម្រើផលប្រយោជន៍ និងដឹកនាំប្រទេសជាតិ។ លោកយល់ថា មេដឹកនាំមានសញ្ជាតិតែមួយ មិនប្រាកដថា ស្មោះស្ម័គ្រជាមួយពលរដ្ឋទេ ព្រោះមេដឹកនាំដែលធ្លាប់កាប់សម្លាប់ពលរដ្ឋខ្មែរក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬ របបប៉ុល ពត ក៏ជាអ្នកមានសញ្ជាតិតែមួយដែរ៖ «អ្នកខ្លះគេយល់ថាទេ អ្នកមានដើមកំណើតតែមួយក៏អត់ត្រឹមត្រូវដែរ។ ឧទាហរណ៍មេដឹកនាំក្នុងរបបកម្ពុជាប្រជាធិបតេយ្យ មានលោកប៉ុល ពត លោកខៀវ សំផន លោកអៀង សារី យើងឃើញទេ។ វាជាបញ្ហាដោយសារអ្វី ? ដោយសារយើងអត់មានយន្តការច្បាប់ធានាចំពោះមនុស្សទូទៅ ជាពិសេសអ្នកដែលមានឥទ្ធិពលនៅក្នុងការគ្រប់គ្រងអំណាចក្នុងសម័យកាលនីមួយៗហ្នឹងណា»។
ចំណែកអ្នកនយោបាយក្រៅរដ្ឋាភិបាលម្នាក់ទៀត ក៏មិនចង់ឲ្យមានការកែប្រែរដ្ឋធម្មនុញ្ញកំណត់សញ្ជាតិមេដឹកនាំដែរ។ ប្រធានគណបក្សខ្មែរស្រលាញ់ជាតិលោក ជីវ កត្តា ប្រៀបធៀបគម្រោងកែច្បាប់ឲ្យមេដឹកនាំមានសញ្ជាតិតែមួយនេះ ទៅនឹងច្បាប់ឯកពន្ធភាព ដែលគ្រាន់តែជារឿងចង់សងសឹកគ្នា ហើយនឹងមិនផ្ដល់ប្រយោជន៍សម្រាប់ជាតិទេ៖ « គ្រាន់តែយល់ឃើញអ៊ីចឹង វាសំខាន់ គឺទឹកចិត្តទេ។ វាអត់សំខាន់លើសញ្ជាតិមួយ សញ្ជាតិពីរទេ។ ទឹកចិត្តអ្នកដឹកនាំប្រទេសហ្នឹងមួយៗ ថ្នាក់ដឹកនាំកំពូលទាំងប៉ុន្មានហ្នឹង គាត់មានទឹកចិត្តស្មោះត្រង់នឹងជាតិទេ ស្មោះត្រង់នឹងរាស្ត្រទេ។ នេះជាចំណុចសំខាន់»។
ស្រដៀងគ្នានេះគណបក្សប្រជាធិបតេយ្យមូលដ្ឋានបានបង្ហោះសារតាមហ្វេសប៊ុក(facebook) ជំរុញឲ្យគណបក្សនយោបាយទាំងអស់កំណត់គោលនយោបាយសញ្ជាតិសម្រាប់គណបក្សខ្លួន ក្នុងការបោះឆ្នោតជាតិឆ្នាំ២០២៣ ដោយមិនចាំបាច់រហូតដល់ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ឬបង្កើតច្បាប់ថ្មីដើម្បីកំណត់សញ្ជាតិមេដឹកនាំនៅពេលនេះទេ។
គណបក្សកែទម្រង់កម្ពុជា ក៏បានចេញសេចក្ដីថ្លែងការណ៍អំពាវនាវឲ្យរដ្ឋាភិបាលពិចារណាជាថ្មីពីគម្រោងវិសោធនកម្មរដ្ឋធម្មនុញ្ញ នៅចំណុចមេដឹកនាំមានសញ្ជាតិលើសពីមួយនេះដែរ កាលពីថ្ងៃទី៨ ខែតុលា។ គណបក្សថ្មីថ្មោងមួយនេះយល់ថា ការកែច្បាប់ដើម្បីដកហូតសិទ្ធិពលរដ្ឋត្រង់ចំណុចសញ្ជាតិ ធ្វើឲ្យប៉ះពាល់ដល់ស្មារតីឯកភាពជាតិ ដែលជាចំណុចសំខាន់ក្នុងបុព្វកថា រដ្ឋធម្មនុញ្ញ។ គណបក្សកែទម្រង់កម្ពុជា ហៅការដកហូតសិទ្ធិពលរដ្ឋមានសញ្ជាតិលើសពីមួយនេះ ថាបង្ហាញពីការរើសអើងនយោបាយរវាងខ្មែរ និងខ្មែរគ្នាឯង ហើយជាការផ្ដល់ផលអវិជ្ជមានដល់ការចូលរួមផ្នែកនយោបាយ និងការអភិវឌ្ឍន៍ជាតិ ពីពលរដ្ឋនៅក្នុង និងក្រៅប្រទេស។
ផ្ទុយពីការលើកឡើងរបស់គណបក្សក្រៅរដ្ឋាភិបាលទាំងនេះ ប្រធានគណបក្សធម្មាធិបតេយ្យអ្នកស្រី ពោធិតី សាវត្ថី ដែលជាសមាជិករបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នោះយល់ឃើញដូចការលើកឡើងរបស់រដ្ឋាភិបាលដែរ ដោយសារការកំណត់សញ្ជាតិខ្មែរតែមួយសម្រាប់មេដឹកនាំកម្ពុជា ជាការការពារផលប្រយោជន៍ជាតិ ការពារអធិបតេយ្យកម្ពុជា កុំឲ្យជាតិសាសន៍ដទៃបន្លំខ្លួនមកដឹកនាំប្រទេសជាដើម៖ « ខ្ញុំត្រូវលាសញ្ជាតិដែរ បើសិនជាច្បាប់ហ្នឹងចេញ។ ចេញមកខ្ញុំត្រូវទៅហុឡង់ដ៍វិញ ខ្ញុំលាសញ្ជាតិភ្លាមដើម្បីខ្ញុំឈរជាបេក្ខភាពនាយករដ្ឋមន្ត្រី ពីព្រោះខ្ញុំគិតថា សព្វថ្ងៃនេះ ដូចខ្ញុំជម្រាបអ៊ីចឹងគាត់មិនមែនកម្ចាត់តែអ្នកក្រៅប្រទេសទេ។ ខ្ញុំនៅក្នុងច្បាប់នេះ រាល់ថ្ងៃកំពុងធ្វើនៅក្នុងប្រទេសហ្នឹងនេះ គាត់ក៏ខ្លាចថាខ្ញុំធ្វើនាយករដ្ឋមន្ត្រីដែរ។ គាត់កម្ចាត់ទាំងខ្ញុំផងដែរ។ ខ្ញុំបានជម្រាបហើយក្នុងសារព័ត៌មាន។ អ៊ីចឹងខ្ញុំអត់មានខ្លាចទេ។ ខ្ញុំត្រូវលាលែងសញ្ជាតិមួយ។ ខ្ញុំជ្រើសរើសយកសញ្ជាតិកំណើតរបស់ខ្ញុំដើម្បីខ្ញុំចូលរួមនយោបាយទាល់តែបាន»។
ដោយឡែក អនុប្រធានគណបក្សរស្មីខេមរាលោក ហែម ប្រសើរ មិនចង់ឲ្យរដ្ឋាភិបាលកែប្រែច្បាប់ត្រង់ចំណុចសញ្ជាតិនៅពេលនេះទេដើម្បីបញ្ចៀសការរិះគន់ថាការអនុម័តសំឡេងបក្សតែមួយ។ លោកយល់ថា រដ្ឋាភិបាលគួររង់ចាំដល់ចប់ការបោះឆ្នោតជាតិឆ្នាំ២០២៣ឲ្យហើយសិន ចាំធ្វើវិសោធនកម្មច្បាប់ត្រង់ចំណុចសញ្ជាតិនេះ ដើម្បីឲ្យមានសំឡេងគណបក្សផ្សេងចូលរួមបោះឆ្នោត និងបញ្ចេញមតិ៖ «ដំណើរការ ឬក៏ពន្យារពេលឲ្យទៅឆ្នាំ២០២៣បោះឆ្នោតសភាហើយចាំយើងកែ។ បានន័យថា មានបក្សច្រើនចូលរួម។ ឥឡូវនេះយើងជាគណបក្សមួយដែលកាន់អំណាចដោយឯកបក្សណា»។
គណៈរដ្ឋមន្ត្រី បានអនុម័តសេចក្ដីព្រាងច្បាប់ ស្ដីពី វិសោធនកម្មមាត្រាមួយចំនួននៃរដ្ឋធម្មនុញ្ញ និងធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ ដើម្បីកំណត់សញ្ជាតិខ្មែរតែមួយគត់សម្រាប់តំណែងនាយករដ្ឋមន្ត្រី ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ រួចហើយកាលពីថ្ងៃទី៨ ខែតុលា និងត្រៀមបញ្ជូនទៅរដ្ឋសភា។ ជាមួយគ្នានេះ ក្រុមប្រឹក្សាធម្មនុញ្ញ ក៏កំពុងពន្លឿនកិច្ចប្រជុំរៀបចំទូលថ្វាយមតិថ្វាយព្រះមហាក្សត្រលើសេចក្ដីព្រាងវិសោធនកម្មធម្មនុញ្ញ នៅថ្ងៃទី១១ ខែតុលាដែរ។
ក្រៅពីការអះអាងថា វិសោធនកម្មនេះ អាចការពារផលប្រយោជន៍កម្ពុជារយៈពេលវែង ការមិនចង់ឲ្យបរទេសមកជ្រៀតជ្រែក និងការចង់បង្ហាញពីភាពស្មោះត្រង់ចំពោះជាតិហើយនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បញ្ជាក់ពីបំណងសងសឹក និងការបិទផ្លូវមេដឹកនាំបក្សប្រឆាំងលោក សម រង្ស៊ី មិនឲ្យមានលទ្ធភាពរកសំឡេងគាំទ្រពីសមាជិករដ្ឋសភាច្រើនលើសលប់ គឺពីរភាគបី មកកែធម្មនុញ្ញនៅមាត្រាទាំងនេះបានដែរ។ ប៉ុន្តែលោក សម រង្ស៊ី ឆ្លើយតបថា នេះជាច្បាប់ឥតប្រយោជន៍ ហើយមិនអាចរារាំងលោកមិនឲ្យធ្វើនាយករដ្ឋមន្ត្រីបានទេ ព្រោះប្រសិនបើចាំបាច់ លោកអាចលាសញ្ជាតិបារាំងរបស់លោក មុនចូលកាន់តំណែង។
អ្នកតាមដានស្ថានការណ៍សង្គមលើកឡើងថា ស្មារតីនៃច្បាប់ជាសេចក្ដីសម្ដែងឆន្ទៈប្រជាជាតិទាំងមូល ហើយច្បាប់ដែលល្អ និងមានប្រយោជន៍ចំពោះជាតិ និងពលរដ្ឋ មិនអាចកើតចេញពីការខឹងសំបារ ឬទោសៈ នៃអ្នកធ្វើច្បាប់នោះទេ។ ដូច្នេះការបង្កើតច្បាប់ដែលចេញពីកំហឹងរបស់លោក ហ៊ុន សែន ពេលនេះ គ្រាន់តែជាបង្ហាញថា លោក ហ៊ុន សែន ជាមេដឹកនាំផ្ដាច់ការ ដែលមានអំណាចប្រមូលផ្ដុំអាចធ្វើអ្វីតាមចិត្តរបស់ខ្លួនតែប៉ុណ្ណោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។