គណបក្ស​នយោបាយ​ចាប់​ផ្តើម​ដាក់​បេក្ខជន​ឃុំ​សង្កាត់ ខណៈរូបភាព​គំរាម​កំហែង​នៅ​តែ​មាន

0:00 / 0:00

គណបក្ស​​នយោ​បាយ​​ចាប់​​ផ្តើម​​ចុះ​​បញ្ជី​​បេក្ខជន​ឈរ​ឈ្មោះ​របស់​ខ្លួន សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ អាណត្តិ​ទី៥ ឆ្នាំ​២០២២ ដើម្បី​ឱ្យ​ពលរដ្ឋ​ជ្រើស​រើស​តំណាង​ដែល​មក​ពី​គណបក្ស​នយោ​បាយ​ទាំង​នោះ ខណៈ​គណបក្ស​មួយ​ចំនួន​អះអាង​ថា អាជ្ញាធរ​​នៅ​តែ​ដាក់​សម្ពាធ គំរាម​កំហែង បំភិតបំភ័យ​បេក្ខ​ជន និង​សកម្មជន​ពួក​គេ​ស្ទើរ​គ្រប់​រូប​ភាព។ មន្រ្តី​សង្គម​ស៊ីវិល​ស្នើ​ដល់ភាគី​ពាក់​ព័ន្ធ​បញ្ឈប់​ការ​ប្រព្រឹត្ត​ទង្វើ​ដែល​ផ្ទុយ​ពី​ច្បាប់ ដើម្បី​ធានា​ថា ​ពលរដ្ឋ​គ្រប់រូប​បាន​ប្រើ​ប្រាស់​សិទ្ធិ​របស់​ខ្លួន ដោយ​គ្មាន​ការ​រើស​អើង។

គណបក្ស​នយោ​បាយ​កំពុង​ដំណើរ​ដាក់​ពាក្យ​បេក្ខ​ជន​ឈរ​ឈ្មោះ សម្រាប់​ការប្រកួត​ប្រជែង​តាម​រយៈ​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ខាង​មុខនេះ ដើម្បី​ទទួល​បាន​ការ​គាំទ្រ​ពី​ប្រជា​ពលរដ្ឋ​ម្ចាស់​ឆ្នោត។ ទោះ​យ៉ាង​ណា​គណបក្ស​មួយ​ចំនួន​ថា​ការ​ដាក់​បញ្ជី​នេះ មិន​មែន​ក្នុង​ន័យ​បញ្ជាក់​ថា​ពួកគេ​​សម្រេច​​ចិត្ត​ចូល​​ការ​​បោះ​​ឆ្នោត​​ខាង​​នេះ​​ទេ តែ​អាស្រ័យ​លើ​​បរិយា​​កាស​​នយោ​​បាយ ដោយ​​ធានា​​ថា​​ការ​​បោះ​​ឆ្នោត​​ទទួល​​យក​​បាន​​ពី​​គ្រប់​​ភាគី​​ទាំង​​អស់។

អនុប្រធាន​​គណបក្ស​​ភ្លើង​​ទៀន​ លោក ថាច់ សេដ្ឋា ថ្លែង​​ថា ​ថ្ងៃ​ដំបូង​គណបក្សរបស់​លោក​បាន​ដាក់​ទៅ​គណៈកម្មការ​ឃុំ​សង្កាត់​រៀបចំ​ការ​បោះ​ឆ្នោត​ជាង​១ពាន់​២​រយ​​​ឃុំ​សង្កាត់​ (១.២៣២)​​ ក្នុង​​ផែន​ការ​​ឃុំ​​សង្កាត់​​ទាំង​​អស់​​ទូទាំង​​ប្រទេស ហើយ​លោក​​ថា ​ឃុំ​សង្កាត់​​ដែល​នៅ​សេស​សល់​នឹង​ដាក់​បញ្ជី​ឱ្យ​រួច​រាល់​មុន​កាល​កំណត់របស់ គ.ជ.ប។ លោក​​​ឱ្យ​​ដឹង​ថា​ អំឡុង​ពេល​ដាក់​បញ្ជី​នេះ ស្មៀន និង​មេឃុំ ចៅសង្កាត់​មួយ​ចំនួន​​គេច​វេស​​បញ្ជាក់​លើ​ឯកសារ ដែល​ធ្វើឱ្យ​ការ​ដាក់បញ្ជី​បេក្ខជន​មានការ​យឺត​យ៉ាវ៖ « មាន​ការ​ធ្វើ​រំខាន​ដល់​យើង​មែន​ទែន ហើយ​វា​បង្ហាញ​ច្បាស់ណាស់​ថា ​ឃុំ​សង្កាត់​របស់​គណបក្ស​កាន់​អំណាច​ទូទាំង​ប្រទេស គឺ​ពួក​គាត់​ចាប់ផ្តើម​ភ័យ​ខ្លាច​មែន​ទែន ចំពោះ​ការ​បាត់​បង​តំណែង​មូល​ដ្ឋាន​របស់​គាត់។ ក្នុង​នាមគណបក្ស​ភ្លើង​ទៀន​យើង​ត្រូវ​តែ​ក្លាយ​ហាន ត្រូវ​ហ៊ាន​ប្រឈម​ដោយ​សារ​ទាំងអស់​ហ្នឹង​ជា​ទង្វើ​ខុស​ច្បាប់​ទាំង​ស្រុង ហើយ​យើង​ធ្វើ​តាម​ផ្លូវ​ច្បាប់»

ចំណែក​ប្រធាន​​គណបក្ស​​កម្ពុជា​និយមលោក យ៉ែម បុញ្ញឬទ្ធិ ​លើក​ឡើង​ថា គណបក្ស​របស់​លោក​ដែល​ទើប​ទទួល​ស្គាល់​ពី​ក្រសួង​មហាផ្ទៃ​នា​ពេល​ថ្មី​នេះៗ បាន​​កំណត់​​គោល​ដៅ​តំបន់​ចំនួន​បី​សម្រាប់​ដាក់​​បេក្ខ​ជន​ប្រកួត​ប្រជែង​​ការ​បោះឆ្នោត​ឃុំ​សង្កាត់​ខាង​មុខ​នេះ។ លោក​បន្ត​ថា​ គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី៥ ខែ​មីនា គណបក្សនេះ​​ដាក់​បញ្ជី​បេក្ខជន​បាន​ជាង​២០ឃុំ​សង្កាត់ ក្នុង​ចំណោម​ផែន​ការ ៤០ឃុំសង្កាត់​នៃ​តំបន់​ចំនួន​បី​នៅ​ទូទាំង​ប្រទេស។ ទន្ទឹម​នឹង​នេះ លោក​សង្កេត​ឃើញ​ថា គណៈ​កម្មការ​ឃុំ​សង្កាត់​រៀបចំ​ការ​បោះ​ឆ្នោត​មួយ​ចំនួន ហាក់​មិន​យល់​ពី​និតី​វិធីជុំវិញការចុះឈ្មោះបេក្ខជនឈរឈ្មោះបោះឆ្នោតនៅឡើយ ដោយបង្កឱ្យមានការលំបាក​ដល់​ដំណើរ​ចុះ​បញ្ជី​នេះ​ដែរ៖ « ស្ថិត​ក្នុង​ដំណាក់​កាល​រៀបចំ​បេក្ខជន​យើង​រង​សម្ពាធ​មួយដោយ​ធ្វើ​ឱ្យ​កម្មជន​ដែល​លោក​ចង់​ចូល​រួម​លោក​បារម្ភ ភ័យ​ខ្លាច ចំណុច​ទី២​ការដែល​លំបាក​ខ្លះ ប៉ុន្តែ​មិន​ធ្ងន់​ធ្ងរ ពេល​យក​បញ្ជី​ទៅ​ដាក់​ហ្នឹង​គណៈកម្មការ​ឃុំសង្កាត់​រៀបចំ​ការ​បោះ​ឆ្នោត​ដោយ​កន្លែង ហាក់​គាត់​ពុំ​យល់​ពី​នីតិវិធី​ឱ្យ​បាន​គ្រប់គ្រាន់​និង​ដូច​គ្នា»

ដោយ​ឡែកអ្នក​នាំ​ពាក្យ​គណបក្ស​ប្រជា​ធិបតេយ្យ​មូល​ដ្ឋាន​លោក ឡឹក សុធារ បញ្ជាក់​ថា ​គណបក្ស​នេះ​គ្រោង​ដាក់​បេក្ខភាព​ឈរ​ឈ្មោះ​សរុប​ចំនួន ៣០ ឃុំសង្កាត់​ស្ថិត​នៅ​ចំនួន​១៣ខេត្ត​និង​រាជ​ធានី ដើម្បី​ចូល​រួម​ប្រកួត​ប្រជែង​ការ​បោះឆ្នោត​អាណត្តិ​ថ្មី ប៉ុន្តែ​អាស្រ័យ​លើ​បរិយា​កាស​នយោ​បាយ។ លោក​ឱ្យ​ដឹង​ថា​ តួលេខ​បឋម​គណៈកម្មការ​ឃុំ​សង្កាត់​ទទួល​បញ្ជី​បេក្ខជន​គណបក្ស​របស់​លោក​បានជាង​២០ឃុំ​សង្កាត់​ហើយ៖ « ពួក​យើង​មាន​ការ​សោក​ស្តាយ​ដោយ​សារ​អាជ្ញាធរ​មូល​ដ្ឋាននៅ​តែ​បន្ត​រើស​អើង គំរាម​កំហែង ការ​បំភិត​បំភ័យ​ជាពិសេស​បំភិត​បំភ័យ​លើបេក្ខ​ជន​តែ​ម្តង ភាគ​ច្រើន​លើ​គ្រួសារ​បេក្ខ​ជន​ដោយ​ឱ្យ​គ្រួសារ​ដាក់​សម្ពាធ ឬ​ក៏​បន្ទុកលើ​បេក្ខជន​ហ្នឹង​មិន​ឱ្យ​ចូល​រួម​ជា​មួយ​គណបក្ស​ប្រជាធិប​តេយ្យ​មូល​ដ្ឋាន វា​ជារឿង​មួយ​អាក្រក់​បំផុត ពេល​សិទ្ធិ​នយោ​បាយ​របស់​ពលរដ្ឋ​ត្រូវ​ដក​ហូត ត្រូវ​បានគំរាម​កំហែង​បាទ»

រីឯ​អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច​លោក សុខ ឥសាន វិញ​បញ្ជាក់​ថា​ គណបក្សលោកបាន​ដាក់បញ្ជី​បេក្ខភាព​ឈរ​ឈ្មោះ​គ្រប់​ឃុំ​សង្កាត់​ទូទាំង​ប្រទេស​កាល​ពី​ថ្ងៃទី៤ ខែមីនា។

ជុំវិញ​រឿង​នេះ អ្នក​នាំ​ពាក្យ​គណៈកម្មាធិ​ការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា ប្រាប់​វិទ្យុ​អាស៊ី​សេរី​ព្រឹក​នៅ​ថ្ងៃទី០៥ ខែមីនា ថា គណ​បក្សនយោ​បាយ​ចំនួន​១៦ បាន​ដាក់​ពាក្យ​បេក្ខ​ជន​ដើម្បី​ចូល​ប្រកួត​ប្រជែង ដោយ​ពុំ​មាន​គណបក្ស​ណា​មួយ​ត្រូវ​គណៈ​កម្មការ​ឃុំ​សង្កាត់​រៀបចំ​ការ​បោះ​ឆ្នោតបដិសេធ​នោះ​ទេ ហើយ​លោក​វាយ​តម្លៃ​ថា​ ការ​ដាក់​បញ្ជី​បេក្ខ​ជន​​​ទូទាំងប្រទេស​ដំណើរ​ការល្អ​ប្រើសើរ។ ចំណែក​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​សកម្ម​ភាពរបស់គណបក្សនយោបាយ​វិញ លោក​បញ្ជាក់​ថា គ.ជ.ប ពុំ​មាន​សមត្ថកិច្ច​ត្រូវ​ដោះស្រាយទេ៖ « នៅ​មាន​គណបក្ស​មួយ​ចំនួន​លោក​មិន​ទាន់​ដាក់​ពាក្យ​នៅឡើយ ចឹង​សង្ឃឹម​ថា​ លោក​នឹង​ដាក់​បន្ថែម ហើយ​អ្វី​ដែល​គិត​ជំហាន​ដំបូង​នោះ ការ​ចូល​រួម​របស់​គណបក្ស​នយោ​បាយ​នៅ​ក្នុង​វិស័យ​បោះ​ឆ្នោត ហើយ​ជឿ​ជាក់លើ​ការ​បោះ​ឆ្នោត​នេះ ធ្វើ​ឱ្យ​គណបក្ស​ហ្នឹង​មាន​ភាព​មមាញឹក​ក្នុង​ការ​ចូល​រួម​ដាក់បេក្ខ​ជន​របស់​ខ្លួន ចឹង​គណបក្ស​នយោ​បាយ​គាត់​មាន​ការ​ជំនឿ​លើ​ការ​បោះឆ្នោត»

ដូចគ្នា​នេះ​ដែរ លោក សុខ ឥ សាន លើក​ឡើង​ថា ​បរិយា​កាស​នយោ​បាយបច្ចុប្បន្ន​កំពុង​ដំណើរ​ការ​ល្អ និង​មិន​ប៉ះពាល់​ដល់​ការបោះ​ឆ្នោត​នោះ​ទេ។ លោកអះអាង​ថា ​ការ​ចោទ​ប្រកាន់​អំពី​ករណី​កំរាម​កំហែង​ផ្នែក​នយ​បាយ​មិន​ត្រឹម​ត្រូវ ព្រោះ​គ្មាន​ភស្តុតាង​មក​បញ្ជាក់ ហើយ​លោក​ជំរុញ​ឱ្យ​គណបក្ស​ទាំង​នោះ​ដាក់ពាក្យ​ប្តឹង​តាម​នីតិ​វិធី​ច្បាប់៖ « មូល​ហេតុ​អ្វី បើ​មាន​បាតុភាព​អសកម្ម​កើត​មាន គាត់​អត់​ថត អត់​ឯក​សារ​ច្បាស់​លាស់ គាត់​បាន​តែ​ស្រែក​ខាង​ក្រៅ​ ផ្សព្វ​ផ្សាយ​តាម​សារព័ត៌​មាន ចឹង​ខ្ញុំ​យល់​ថា​ វា​មិន​ជះឥទ្ធិពល​អ្វី​ដល់​សភាព​ការណ៍​ពិត​នៅ​កម្ពុជា​នោះ​ទេបាទ»

ទោះ​យ៉ាង​ណា​មន្រ្តី​គណបក្ស​ភ្លើង​ទៀន​នៅ​ខេត្ត​ត្បូង​ឃ្មុំ លោក ស៊ូ យាន អះ​អាងថា​ អំឡុង​យុទ្ធនា​ការ​រៀបចំ​បញ្ជី​បេក្ខភាព​ឃុំ​សង្កាត់ ​ស្លាក​គណបក្សចំនួន​ពីរ ​ត្រូវ​លួច​​ដុត និងបេក្ខ​ជន​ឈរ​ឈ្មោះ​បោះ​ឆ្នោត រួម​ទាំង​​សកម្ម​ជន​គណបក្ស​របស់​លោក​ទទួល​រងការ​គំរាម​កំហែង បំភិត​បំភ័យ​ជា​បន្ត​បន្ទាប់​ពី​សំណាក់​អាជ្ញាធរ​នៅ​ថ្នាក់​​មូល​ដ្ឋាន ជា​ដើម។ លោក​ចាត់​ទុកទង្វើ​បែប​នេះ គឺ​ជាការអនុវត្ត​ផ្ទុយ​ពី​ការ​ណែ​នាំ​របស់​រដ្ឋា​ភិបាលដែល​មិន​អាច​ទទួល​យក​បាន​ឡើយ៖ «ទើស​ទាល់​មិន​ពេញ​ចិត្ត​អី​យ៉ាង​ណា​ ទុក​នៅ​ក្នុង​ចិត្ត​ ហើយសម្រេច​នៅ​ថ្ងៃ​បោះ​ឆ្នោត​ទៅ យើង​កុំ​ទៅ​បំផ្លាញ​របស់​គេ ​ព្រោះ​អី អានេះ​តំណាងឱ្យ​ទស្សនៈ​មួយ​ដែល​គេ​ចង់​កែ​សង្គម​ដែរ ដល់​​ពេល​​យើង​​បំផ្លាញ​វា​អត់​ស្មើ​ភាពទេការ​អនុវត្ត​ក្នុង​សង្គម»

ជំរុញ​​រឿង​​នេះ មន្រ្តី​ជាន់​ខ្ពស់​ផ្នែក​អង្កេត និង​តស៊ូមតិ​នៃ​អង្គការ​ខុម​ហ្រ្វែល (Comfrel) លោក កន សាវាង្ស មាន​ប្រសាសន៍​ថា ​ពលរដ្ឋ​គ្រប់​រូប​មាន​សិទ្ធិឈរឈ្មោះ សិទ្ធិ​បោះ​ឆ្នោត និង​ចូល​រួម​ជីវភាព​នយោ​បាយ ប៉ុន្តែ​បើ់​សិន​សិទ្ធិ​ទាំង​នោះត្រូវ​រំលោភ​បំពាន គឺ​ផ្ទុយ​ពី​រដ្ឋ​ធម្មនុញ្ញ។ លោក​ថា ​ចំនួន​គណបក្ស​នយោ​បាយច្រើន​ចូល​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត មិន​អាច​បញ្ជាក់​អំពី​ការ​បោះ​ឆ្នោត​នោះប្រព្រឹត្ត​ទៅ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​បាន​ទេ។ មន្រ្តី​សង្គម​ស៊ីវិល​រូប​នេះ​ស្នើ​ឱ្យ​បញ្ឈប់​​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ចំពោះ​អ្នក​អនុវត្ត​សិទ្ធិ​នយោយ ដើម្បី​ធានា​ការបោះឆ្នោត​ទទួល​យក​បាន​ពី​គ្រប់​ភាគី៖ «ធ្វើ​យ៉ាង​មិច​បង្ក​លក្ខណៈ​ងាយ​ស្រួល​នៃ​បរិយា​កាសនយោ​បាយ​ក្នុង​ការ​ប្រកួត​ប្រជែង ធ្វើ​មិច​ឱ្យ​វា​មាន​លក្ខណៈ​ដោយ​សេរី ត្រឹម​ត្រូវ​តាមគោល​ការណ៍​ដែល​មាន​ចែង​ក្នុង​រដ្ឋ​ធម្ម​នុញ្ញ គ្រប់​គណបក្ស​នយោ​បាយ​ត្រូវ​បានធានា​ថា ​ពួក​គេ​មាន​សិទ្ធិ​ចូល​​រួម​ក្នុង​ការ​សម្តែង​មតិ ការ​ឈរ​ឈ្មោះ និង​សកម្ម​ភាពផ្សេងៗ​ដើម្បី​ប្រកួត​ប្រជែង​ជា​មួយ​គណបក្ស​កាន់​អំណាច ដោយ​សេរី»។

ការ​​​បោះ​​​ឆ្នោត​​​ជ្រើស​​​រើស​​​ក្រុម​​​ប្រឹក្សា​​​ឃុំ​​​សង្កាត់​​​អាណត្តិ​​​ទី៥ នេះ នឹង​​​ប្រព្រឹត្ត​​​ទៅ​នៅ​​​ថ្ងៃ​​​ទី៥ ខែ​​​មិថុនា​​​ខាង​​​មុខ។​ គិត​ត្រឹម​ថ្ងៃ​ទី០៤ ខែ​មីនា ​​​មាន​​​​គណបក្ស​​​នយោ​បាយ​ចំនួន​១៦ បាន​ចុះ​បញ្ជី​បេក្ខ​ជន ក្នុង​ចំណោម​៤០​​គណបក្ស ដែល​​​បាន​​​ចុះ​​បញ្ជី​​​នៅ​​​ក្រសួង​​​មហាផ្ទៃ និង​​​ប្រជា​ពលរដ្ឋ​​​ជាង​​៩​លាន​២​សែន​​​នាក់​​​បាន​​​ចុះ​​​ឈ្មោះ​​ក្នុង​​​បញ្ជី​​​បោះ​​ឆ្នោត ខណៈ​​​អាសនៈ​​​សមាជិក ក្រុម​​ប្រឹក្សា​​​ឃុំ​​​សង្កាត់ មាន​​​ចំនួន​​​ជាង ១ម៉ឺន (១១.១២២) អា​សនៈ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។