តើតំណែងមន្ត្រីបច្ចុប្បន្នជាអម្រែកឬជាលាភសក្ការ?
2023.04.27

ថ្នាក់ដឹកនាំគណបក្សប្រជាជនកំពុងផ្ដោតលើការរៀបចំ និងផ្ទេរតំណែងដល់កូនចៅជំនាន់ក្រោយនៅមុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧នៅពេលខាងមុខនេះ។ ក្រៅពីចាត់ចែងសម្រាប់កូនចៅក្នុងបក្ស តំណែងក៏ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រើដើម្បីទាក់ទាញមន្ត្រីនៅបក្សផ្សេងៗដែរ។
តើក្នុងស្ថានភាពនេះតំណែងកំពុងក្លាយជាកន្លែងសម្រាប់អ្នកលះបង់ដើម្បីបម្រើការងារជូនជាតិ និងពលរដ្ឋឬជាកន្លែងសម្រាប់អ្នកចង់បានលាភសក្ការ?
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅរយៈពេលប៉ុន្មានខែចុងក្រោយនេះ បានតែងតាំងមន្ត្រីមកពីបក្សនយោបាយផ្សេងៗ ឬក្រុមមន្ត្រីអង្គការសមាគមជាអ្នកតស៊ូ មតិហ៊ានរិះគន់រដ្ឋាភិបាលពីពេលមុន។ ការតែងតាំងផ្តល់មុខតំណែងនេះបន្ទាប់ពីអ្នកទាំងនោះ ប្រកាសចូលរួមធ្វើនយោបាយជាបក្សប្រជាជន។
បុគ្គលលេចធ្លោខាងរិះគន់ពីភាពខ្វះចន្លោះរបស់រដ្ឋាភិបាលហើយទទួលបានការតែងតែងក្រោយចុះចូលមានដូចជា លោក យ៉ង សាំងកុមារ ថ្នាក់ដឹកនាំបក្សប្រជាធិបតេយ្យមូលដ្ឋានទទួលការតែងតាំងជារដ្ឋលេខាធិការក្រសួងកសិកម្មនៅចុងឆ្នាំ២០២២។
ចំណែកនៅឆ្នាំ២០២៣ មានការតែងតាំងលោក សាម អ៊ីន អតីតមេដឹកនាំគណបក្សប្រជាធិបតេយ្យមូលដ្ឋានមួយរូបដែរ ជារដ្ឋលេខាធិការក្រសួងបរិស្ថាន រួមទាំងតែងតាំងបុគ្គល២រូបទៀតដែលអះអាងថា ជាអ្នក កឹម សុខា និយមគឺលោក ហ៊ុន កុសល ជាអនុរដ្ឋលេខាធិការក្រសួងដែនដី និង លោក យឹម ស៊ីណន ជាអនុរដ្ឋលេខាធិការក្រសួងការងារ។
ទន្ទឹមនឹងនេះលោក ហ៊ុន សែន ក៏កំពុងបន្តអូសទាញតាមរយៈការគំរាមផង និងការបញ្ចុះបញ្ចូលផងឱ្យថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិនៅក្រៅប្រទេសឱ្យចូលរួមជាមួយលោកទៀត ជាថ្នូរតែងតាំងតំណែងផ្សេងៗឱ្យ។
បើនិយាយពីមុខតំណែងអ្នកខ្លះយល់ថា ជាការរែកពន្ធបញ្ហាសង្គមជាតិ ប៉ុន្តែសម្រាប់ លោក ហ៊ុន សែន ហាក់គិតថា ជាលាភសក្ការដែលលោកប្រើធ្វើនុយសម្រាប់អូសទាញអ្នកផ្សេងៗ។ លោក ហ៊ុន សែន ថ្លែងពីមោទនភាពដែលលោកបានកាន់តំណែងតាំងពីក្មេងហើយកាន់បានយូរឆ្នាំ។
លោក ហ៊ុន សែន៖ «ខ្ញុំបានបំបែកឯតទគ្គកម្មរហូតដល់ទៅ ៣ឯណោះ។ ឯតទគ្គកម្មទី១ជារដ្ឋមន្ត្រីការបរទេសដែលក្មេងជាងគេនៅលើពិភពលោក។ ឯតទគ្គកម្មទី២ជានាយករដ្ឋមន្ត្រីដែលក្មេងជាគេនៅលើពិភពលោកដែរ។ ដល់ឯតទគ្គកម្មទី៣ ជានាយករដ្ឋមន្ត្រីដែលធ្វើបានយូរជាងគេនៅលើពិភពលោក។ អាអ្នកចង់ធ្វើនាយករដ្ឋមន្ត្រីវាតឹងទ្រូងចង់ងាប់ហើយ»។
ចំណែកមន្ត្រីដែលទើបចុះចូលក៏ហាក់សប្បាយចិត្តខ្លាំងណាស់ដែរ គឺមានការផ្សព្វផ្សាយសារលើហ្វេសប៊ុកអរគុណបន្តបន្ទាប់ ដូចជាលោក ហ៊ុន កុសល សរសើរពី ជម្រៅចិត្តល្អរបស់លោក ហ៊ុន សែន ចំណែកលោក សាម អ៊ីន វិញផ្សព្វផ្សាយ សារសរសើរបន្តបន្ទាប់ដោយហៅទឹកចិត្តលោកហ៊ុន សែន ទូលាយដូចមហាសមុទ្រ។ អ្នកខ្លះក៏ធ្វើពិធីជប់លៀង និងខ្លះទៀតធ្វើពិធីសូត្រមន្តតាមប្រពៃណី មុនចូលកាន់តំណែង។
បើនិយាយពីតំណែងជាលាភ ឬជាអម្រែកនោះគេឯងអាចសង្កេតឃើញថា អ្នកទទួលបានតំណែងទាំងនោះយកសមត្ថភាព និងធនធានទ្រព្យដើម្បីចូលបម្រើតួនាទី ឬ ទទួលបានតួនាទីដើម្បីគេចពីបញ្ហាផ្សេងៗដូចជាបញ្ហាសេដ្ឋកិច្ច ការប្តឹងផ្តល់នៅតុលាការ និងអ្នកខ្លះខកចិត្តដោយសារធ្វើនយោបាយប្រឆាំងយូរតែមិនទទួលបានការគាំទ្រពីពលរដ្ឋជាដើម។
ចំពោះតំណែងជាការអម្រែក ឬជាលាភនេះក៏មិនមែនចោទសួរតែមន្ត្រីចុះចូលនេះដែរ ក៏អាចសង្កេតមើលទាំងមន្ត្រីរាជការស៊ីវិល និងមន្ត្រីកម្លាំងប្រដាប់អាវុធប្រមាណ៥០ម៉ឺននាក់ តើពួកគេបានតួនាទីដោយរបៀបណា?
បើបានតួនាទីតាមរយៈការសូកប៉ាន់ ឬ ប្រើខ្សែបក្ខពួកនោះប្រាកដណាស់ តួនាទីរបស់ពួកគេអាចក្លាយជាលាភសក្ការច្រើនជាងតំណែងដើម្បីរែកពន្ធការងារជាតិ។
ប្រធានផ្នែកកម្មវិធីស្រាវជ្រាវ និងតស៊ូមតិនៃសមាគមបណ្តាញយុវជនកម្ពុជា(CYN) លោក ហេង គឹមហុង សង្កេតឃើញថា មន្ត្រីដែលចុះចូលហើយទទួលបានការតែងតាំងជាបន្តបន្ទាប់នេះមិនទាន់បានបញ្ចេញស្នាដៃអ្វីមួយក្នុងការដោះស្រាយបញ្ហាពលរដ្ឋនៅឡើយ។ លោកបន្តថា នៅក្នុងសង្គមមានបញ្ហាជាច្រើនដែលត្រូវការមន្ត្រីមានជំនាញចេញមុខដោះស្រាយ។
លោក ហេង គឹមហុង៖ «មន្ត្រីបច្ចេកទេស ឬក៏បញ្ញវន្តទាំងអស់នេះគួរតែមានឱកាសក្នុងការប្រើប្រាស់គំនិតច្នៃប្រឌិត ឬសមត្ថភាពរបស់ខ្លួនក្នុងការដោះស្រាយបញ្ហាសង្គមស្របទៅតាមទិសដៅនៃគោលនយោបាយនិងច្បាប់។ គោលនយោបាយហ្នឹងគួរតែជាឧបករណ៍ប្រើប្រាស់ ឆ្ពោះទៅរកការដោះស្រាយបញ្ហាដែលវាប្រសើរជាជាងការរង់ចាំតែបទបញ្ជា»។
បច្ចុប្បន្នពលរដ្ឋនៅក្នុងប្រទេសជួបបញ្ហាគ្រឿងញៀន កសិផលដាំដុះបានលក់មិនដាច់ ជំពាក់បំណុលធ្ងន់ធ្ងរ ចំណែកពលរដ្ឋដែលធ្វើចំណាកស្រុកទៅថៃ ប្រមាណ២លាន នាក់ក៏កំពុងជួបបញ្ហាសមត្ថកិច្ចថៃចាប់ខ្លួនដោយសារមិនមានឯកសារស្របច្បាប់ជាដើម។
អ្នកផ្សព្វផ្សាយខ្លឹមសារកិច្ចព្រមព្រៀងទីក្រុងប៉ារីសផ្សាភ្ជាប់ការអភិវឌ្ឍលោក ស្រ៊ុន ស្រ៊ន មើលឃើញថា មន្ត្រីទទួលបានការតែងតាំងពីបក្សដូច្នេះពួកគេយកចិត្តទុកដាក់ បម្រើបក្សជាជាងបម្រើជាតិ។
លោក ស្រ៊ុន ស្រ៊ន៖ «បើកាលណាមន្ត្រីមេដឹកនាំណាដែលលើកឡើងដោយបក្សគឺដាច់ខាតគាត់បម្រើបក្សជាងបម្រើជាតិ អាហ្នឹងគឺជាសតិនិម្មិតរបស់ពួកគាត់ហើយ»។
លោក ស្រ៊ុន ស្រ៊ន ជំរុញឱ្យមន្ត្រីទោះស្ថិតនៅក្នុងក្របខណ្ឌរដ្ឋ ឬក្របខណ្ឌ នយោបាយក៏ដោយគឺត្រូវប្រឹងប្រែងបំពេញការងារតាមច្បាប់ ឱ្យកើតជាប្រយោជន៍ជាតិយូរអង្វែង ហើយក៏អាចទទួលបានកិត្តិយស ឬកេរ្តិ៍ឈ្មោះល្អ ផ្ទាល់ខ្លួនឯងផង។
លោក ស្រ៊ុន ស្រ៊ន៖ «បើអស់លោកមន្ត្រីដែលត្រូវបានតែងតាំងទោះបីជាហេតុផលស្អីក៏ដោយ ដោយគាត់ទិញដោយពុករលួយ ដោយខ្សែបក្ខពួក អីក៏ដោយបើសិនជាពួកគាត់ជាមន្ត្រីហើយចង់ឱ្យពលរដ្ឋដូចពួកខ្ញុំ និងពលរដ្ឋអនាគត លើកដំកើងសរសើរគួរណាស់អ្នកត្រូវបង្ហាញកាតព្វកិច្ចរបស់ខ្លួន ឬក៏ប្រកាសពីក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួនឱ្យប្រជាពលរដ្ឋបានយល់បានដឹងបានចេះដើម្បីប្រើលោកមន្ត្រីទាំងអស់»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន និង លោក ឈឹម ផលវរុណ ដើម្បីសុំការបកស្រាយបានទេនៅថ្ងៃទី២៦ ខែមេសា។ ប៉ុន្តែកាលពីថ្ងៃទី២១ ខែមេសា លោក ឈឹម ផលវរុណ ប្រាប់អាស៊ីសេរីថា គណបក្សប្រជាជនមុននឹងទទួលអ្នកសុំចុះចូល និងតែងតាំងឱ្យកាន់តួនាទី ណាមួយគឺបានពិនិត្យលើសមត្ថភាព និងលក្ខខណ្ឌផ្សេងៗច្បាស់លាស់។
តួនាទីឬតំណែងបច្ចុប្បន្នហាក់ស្ថិតក្នុងស្ថានភាពគ្រួសារ គឺតំណែងនាយករដ្ឋមន្ត្រីគ្រប់គ្រងទូទាំងប្រទេសលោក ហ៊ុន សែន រៀបចំឱ្យកូនលោក ចំណែកមន្ត្រីដឹកនាំ ក្រសួងស្ថាប័នផ្សេងៗទៀតក៏រៀបចំកូនៗរបស់ពួកគេឱ្យទទួលតំណែងបន្តដែរ ដោយមិនគិតពីនីតិវិធីច្បាប់នោះទេ។ បញ្ហានេះនាំឱ្យមន្ត្រីគ្មានសមត្ថភាពចូលកាន់តំណែង ហើយមន្ត្រីកាន់តែច្រើន ចាយលុយជាតិកាន់តែច្រើន បញ្ហាសង្គម និងបញ្ហាពលរដ្ឋក៏កាន់កើតឡើងច្រើនដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។