សហគមន៍ខ្មែរនៅទីក្រុងឡូវែល រដ្ឋម៉ាសាឈូសេត ដែលនិយមប្រជាធិបតេយ្យ និងភាគច្រើនជាអ្នកគាំទ្របក្សប្រឆាំង នាំគ្នាធ្វើយុទ្ធនាការផ្ញើសំបុត្រប្រៃសណីយ៍ ទៅកាន់តំណាងរាស្ត្រសហរដ្ឋអាមេរិក ដើម្បីពន្លឿនច្បាប់ដាក់ទណ្ឌកម្មរបបលោក ហ៊ុន សែន។ យុទ្ធនាការនេះ នឹងចាប់ផ្តើមធ្វើពីថ្ងៃទី៧ ខែកក្កដា គាប់ជួននឹងពិធីរម្លឹកវិញ្ញាណក្ខន្ធលោកបណ្ឌិត កែម ឡី។
ប្រធានគណបក្សសង្គ្រោះជាតិ ប្រចាំរដ្ឋម៉ាសាឈូសេតលោក ប៉ែន សុខផល ប្រាប់អាស៊ីសេរី ឱ្យដឹងថា ក្រុមការងាររបស់លោកបានត្រៀមរៀបចំកាតប៉ុស្តាល់ ( Post Cardហៅថា សំបុត្រប្រៃសណីយ៍) ចំនួន ៥០០ សន្លឹក ដើម្បីផ្ញើជូនទៅសមាជិកសភាមួយរូបគឺអ្នកស្រី លរី ត្រេហាន (Lori Trahan) និង សមាជិកព្រឹទ្ធសភាថ្នាក់ជាតិ របស់អាមេរិកពីររូបគឺអ្នកស្រី អេលីហ្សាប៊ែត វ័ររ៉ិន (Elizabeth Warren) និងលោក អិដ ម៉ាឃី (Ed Markey)។ លោកបញ្ជាក់ថា ពលរដ្ឋខ្មែរម្នាក់ ត្រូវសរសេរកាតប៉ុស្តាល់នេះបីសន្លឹក ដោយសរសេរមួយសន្លឹកទៅតំណាងរាស្ត្រម្នាក់៖ «ហើយក្នុងគោលបំណងបីសន្លឹកហ្នឹងក្នុងអត្ថន័យដូចៗគ្នា ចេញពីបេះដូង និងទឹកចិត្តរបស់ពលរដ្ឋសហគមន៍រដ្ឋម៉ាសាឈូសេតហ្នឹងឯង។ យើងមិនត្រូវព្រងើយកន្តើយទេ គឺយើងនៅតែជំរុញ គឺនឹងធ្វើឱ្យពួកគាត់ (តំណាងរាស្ត្រ) កាន់តែមានភាពដឹងលឺ និងបន្ថែមការចាប់អារម្មណ៍លើកម្ពុជា»។
យុទ្ធនាការនេះ ធ្វើឡើងនៅស្របពេលដែលសេចក្ដីព្រាងច្បាប់ ដាក់ទណ្ឌកម្មមន្ត្រី និងរបបលោក ហ៊ុន សែន រួមមានច្បាប់ស្ដីពីប្រជាធិបតេយ្យនៅកម្ពុជាឆ្នាំ២០១៩ និងច្បាប់ស្ដីពីពាណិជ្ជកម្មកម្ពុជាឆ្នាំ ២០១៩ ដែលមានបំណង សើរើឡើងវិញការអនុគ្រោះពន្ធទូទៅរបស់សហរដ្ឋអាមេរិក (the Generalized System of Preferences (GSP) ប្រសិនបើរបបលោក ហ៊ុន សែន នៅតែមិនព្រមស្ដារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើងវិញឱ្យបានឆាប់។
យុទ្ធនាការនេះ ចាប់ផ្ដើមក្នុងថ្ងៃតែមួយ ដែលសហគមន៍ខ្មែរនៅទីក្រុងឡូវែល រដ្ឋម៉ាសាឈូសេត រៀបចំពិធីរម្លឹកវិញ្ញាណក្ខន្ធលោកបណ្ឌិត កែម ឡី។
ជុំវិញការរម្លឹកវិញ្ញាណក្ខន្ធលោកបណ្ឌិត កែម ឡី នេះ សហគមន៍ខ្មែរនៅទីក្រុងឡូវែល រដ្ឋម៉ាសាឈូសេត នៃសហរដ្ឋអាមេរិក នឹងរៀបចំពិធីរម្លឹកវិញ្ញាណក្ខន្ធលោកបណ្ឌិត កែម ឡី នៅថ្ងៃទី៧ ខែកក្កដា ខាងមុខនេះ។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិប្រចាំរដ្ឋម៉ាសាឈូសេតលោក ទូច ឆាន់ ប្រាប់អាស៊ីសេរី ឱ្យដឹងកាលពីថ្ងៃទី២ ខែកក្កដា ថា ពលរដ្ឋខ្មែរគ្រប់រូប គួរចងចាំវីរភាពរបស់លោកបណ្ឌិត កែម ឡី ដែលបានបណ្ដុះបណ្ដាលយុវជនខ្មែរជាច្រើន ធ្វើឱ្យខ្មែរភ្ញាក់រលឹកឃើញអំពីព្រឹត្តិការណ៍ និង ភាពអយុត្តិធម៌សង្គម ដែលកើតមាននៅក្នុងសង្គមកម្ពុជា៖ «អ្វីដែលយើងចង់បាន គឺចង់ឱ្យកូនខ្មែរយើង ឱ្យយល់។ កុំភ្លេចថា បណ្ឌិត កែម ឡី គឺជាវីរបុរសមួយ ដូចវីរបុរសខ្មែរជាច្រើន ដែលបានពលីជីវិត ដើម្បីប្រទេសកម្ពុជា។ លោកបានបង្រៀនយើងច្រើនណាស់ ! ដូច្នេះអ្វីដែលយើងធ្វើនេះ គឺជាការក្រើនរម្លឹកកុំឱ្យយើងភ្លេច ពីការលះបង់។ ថវិកាទាំងប៉ុន្មាន ដែលយើងនឹងប្រមូលបាន នៅថ្ងៃទី៧ ខែ កក្កដា នៅសំពៅមាសនេះ យើងនឹងយកទៅជួយផ្គត់ផ្គង់សកម្មភាពការតស៊ូ ក្រើនរម្លឹក និងបង្រៀនក្មេងជំនាន់ក្រោយឱ្យយល់ អំពីអត្ថប្រយោជន៍នៃការការពារប្រទេសរបស់យើង»។
ជុំវិញការរកយុត្តិធម៌ ជូនលោកបណ្ឌិត កែម ឡី ដោយប្រព័ន្ធតុលាការខ្មែរ លោក ទូច ឆាន់ គ្មានជំនឿថា នឹងមានពន្លឺយុត្តិធម៌នោះឡើយ ដរាបណាប្រទេសកម្ពុជា នៅតែបន្តស្ថិតក្រោមមេដឹកនាំផ្ដាច់ការ ដូចបច្ចុប្បន្ន។ លោកអះអាងថា ដើម្បីឱ្យមានយុត្តិធម៌សម្រាប់លោកបណ្ឌិត កែម ឡី គឺមានតែផ្លាស់ប្ដូររលោក ហ៊ុន សែន និងរបៀបដឹកនាំបែបសព្វថ្ងៃ ទៅរកការដឹកនាំបែបប្រជាធិបតេយ្យ និងនីតិរដ្ឋពិតប្រាកដវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។