តុលាការ​ក្រុង​ភ្នំពេញ​​នឹង​បន្ត​សវនាការ​​​លើក្រុម​សកម្មជន​សង្គម​ និង​បក្សប្រឆាំង​​នៅ​​ដើម​ខែ​​ក្រោយ​​​

0:00 / 0:00

សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ បានបើកសវនាការជំនុំជម្រះសំណុំរឿង​ក្រុម​យុវជន​ខ្មែរថាវរៈ យុវជន​សមាគម​និស្សិត​បញ្ញវន្ត​​ខ្មែរ និងសកម្មជនបក្ស​​ប្រឆាំងសរុប ១៥នាក់ ប៉ុន្តែ មានវត្តមានជនជាប់ចោទតែ ១០នាក់ប៉ុណ្ណោះ នៅក្នុងបន្ទប់សវនាការ។ ក្នុងនោះ រួមមាន លោក ហ៊ុន វណ្ណៈ អ្នកនាង ឈឿន ដារ៉ាវី ព្រះតេជៈគុណ កើត សារ៉ាយ លោក មាន ព្រហ្មមុនី រួមទាំង យុវជន និងសកម្មជនមួយចំនួនទៀត។ ចំណែកជនជាប់ ៥នាក់ទៀត មិនបាន ចូលរួម សវនាការ ឡើយ ដោយសារពួកគេកំពុងរស់​នៅ​ក្រៅប្រទេស។ សវនាការនេះ ធ្វើឡើងតែមួយព្រឹកប៉ុណ្ណោះ ហើយ​ចៅក្រម​ជំនុំ​ជម្រះសាលាដំបូងរាជធានីភ្នំពេញ លោក ទិត​សុទ្ធី បូរ៉ាឆាត សម្រេចលើកពេល​ទៅ​បន្ត​​សវ​នាការ​​ នៅ​ថ្ងៃ​ទី​២ ខែ​មីនា​ខាងមុខទៀត។ នៅក្នុងសវនាការមួយព្រឹកនេះ តុលាការបាន សួរ​ដេញដោល​ជនជាប់​ចោទ​ ៤នាក់ ក្នុងនោះមានសកម្មជនបក្សប្រឆាំង ៣នាក់ គឺលោក ឈួ ផេង លោក ជុំ ពុទ្ធី លោក គង់ សំអាន និងអនុប្រធានសមាគមនិស្សិតបញ្ញវន្តខ្មែរ លោក មាន ព្រហ្មមុនី។ ចៅក្រម​និងព្រះរាជអាជ្ញា បានចោទសួរពួកគេ អំពីកា​រចូលរួមតវ៉ាឲ្យដោះលែងលោក រ៉ុង ឈុន និង ទំនាក់ទំនងជាមួយថ្នាក់ដឹកនាំគណបក្សសង្គ្រោះ​ជាតិនៅក្រៅប្រទេ​ស។ ប៉ុន្តែជនជាប់ទាំងនោះ ហាក់​មិនសូវយល់​ចំពោះសំណួរនិងហាក់ភ្លេចភ្លាំងច្រើន។ ពួកគេបានត្អូញត្អែដូចៗគ្នាថា បន្ទប់​ឃុំឃាំង​​តូចចង្អៀត គ្មានទឹកប្រើប្រាស់គ្រប់គ្រាន់ និងបញ្ហាវិទ្យុសកម្ម​ បានធ្វើឲ្យ​ប៉ះពាល់​ដល់​សុខភាព និងស្មារតីរបស់ពួកគាត់។

អ្នក​ឃ្លាំមើល​ក្នុង​​សវនាការ​មួយ​ចំនួន​មិន​ចង់​ឲ្យ​តុលាការ​បន្ត​នីតិវិធី ឬ​ឃុំ​ខ្លួនសកម្ម​ជន​បក្ស​​ប្រឆាំង និង​សកម្មជន​សង្គមបន្ត​ទៀត​ទេ។ ពួកគាត់ចង់​ឲ្យ​តុលាការ​ដោះ​លែង និង​ទម្លាក់​បទ​ចោទ​ប្រកាន់​ក្នុង​សំណុំ​រឿង​នេះ។

​ប្រពន្ធ​របស់​សកម្មជន​បក្ស​ប្រឆាំង​ម្នាក់ ដែល​ស្ថិត​ក្នុង​ឃុំ​​ លោក ឈួ ផេង គឺលោកស្រី ដុស គឹម​ទៀង ប្រាប់អ្នកសារព័ត៌មាន​ក្រោយចេញពី​បន្ទប់សវនាការ​ថា អ្នក​ជាប់​ឃុំ​​ទាំង ​៤នាក់ បាន​អះអាង​​ថា គ្មាន​កំហុស​និង​​ស្នើសុំ​ឲ្យ​តុលាការ​ដោះ​លែង​​ដោយសារ​​ស្ថានភាព​​​ក្នុង​ពន្ធនាគារ​​មាន​ភាព​​លំបាក​​​ និង​​សុខ​ភាព​​ចុះ​ទ្រុឌទ្រោម​​ខ្លាំង​​។ លោក​​ស្រី ដុស គឹមទៀង ក៏​​ទាមទារ​ឲ្យ​តុលាការ​ដោះលែង​​​អ្នក​ជាប់​ឃុំ​ក្នុង​សំណុំ​រឿង​នេះឲ្យ​មាន​សេរី​ភាព​ឡើងវិញ​ដែរ៖ « ចាស ! ខ្ញុំ​យល់​ឃើញ​ថា ទោស​កំហុស​របស់​​គាត់​ ( ឈួ ផេង ) ដូចជា មិន​មាន​អ្វី​ត្រូវ​សំខាន់​ត្រូវ​ដាក់​ទោស​គាត់​បន្ត​ទៀត​ទេ។ ត្រូវ​ដោះលែង​​គាត់ ព្រោះ​ថា​​ តុលាការ​​​ដូច​អត់​មាន​អ្វី​​ត្រូវ​ចោទ​សួរ​​គាត់​ផង »

​សកម្មជន​បក្ស​ប្រឆាំង និង​សកម្មជន​សង្គមទាំង​ ១៥​​នាក់​ បាន​រង​បទ​ចោទផ្ដើម​គំនិតនិង​​​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សង្គម គឺពាក់ព័ន្ធ​នឹង​​ការ​​តវ៉ានៅ​មុខ​តុលាការ និង​​គម្រោងតវ៉ា​ដោយ​សន្តិវិធី​នៅ​ទីលាន​​ប្រជាធិបតេយ្យ​ថ្មី​ កាល​ពី​ខែ​សីហា ឆ្នាំ​២០២០ ដើម្បី​​​​​ទាមទារ​​ឲ្យ​ដោះ​លែង​មេដឹកនាំ​សហជីពនិងជា​​អ្នក​ឃ្លាំ​មើល​ព្រំ​ដែនលោក រ៉ុង ឈុន។ សំណុំ​រឿង​​​នេះ​មាន​ជន​ត្រូវ​ចោទ​​​ ៥​នាក់​ទៀត ​កំពុង​ស្ថិត​នៅ​ក្រៅ​ឃុំគឺ​ជាមន្ត្រីនិង​សកម្មជន​បក្ស​ប្រឆាំងនិងម្នាក់ទៀត​ជា​អ្នក​នយោបាយ​ខ្មែរ​អូស្ត្រាលីដែល​តែង​រិះគន់​រដ្ឋាភិបាលមិន​សំចៃ​មាត់ លោក ហុង ​លឹម​។ ពួកគេរង​ការ​ចោទ​ថា​ ​ផ្ដើម​គំនិត​ញុះញង់​។ ​ឯ​​អ្នកកំពុងជាប់ឃុំឃាំងទាំង ១០នាក់នោះ ​​រួមមានសកម្ម​ជន​បក្ស​ប្រឆាំង ​៣នាក់ សមាជិក​សមាគម​និស្សិត​បញ្ញវន្តខ្មែរ ២នាក់​ និងសមាជិក​ក្រុម​យុវជន​ខ្មែរ​ថាវរៈ ចំនួន​ ៥នាក់​។ ក្រុម​គ្រួសារ​សាច់ញាតិ បានបង្ហាញអារម្មណ៍ក្តុកក្តួលនៅពេលឃើញអ្នកជាប់ឃុំទាំងនោះ មាន​រាងកាយ​ស្គមស្គាំង​ខុសពីមុនហើយ​អ្នកនាង​ឈឿន ដារ៉ាវី បានកោសក់​របស់ខ្លួន។

មេធាវីការពារ​ក្ដី​ឲ្យ​សកម្មជន​បក្ស​ប្រឆាំង​​ លោក សំ សុគង់ បញ្ជាក់​ថា ក្រុម​អ្នក​តវ៉ា​ទាំង​អស់គ្មាន​បំណង​​ញុះញង់ ឬ​ចង់​បង្កើត​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សង្គម ដូច​ការ​ចោទ​​ប្រកាន់​អ្វី​​​ឡើយ គឺ​គ្រាន់​តែ​​ប្រើ​ប្រាស់​សិទ្ធិ​សម្ដែង​មតិទាមទារ​ឲ្យ​ដោះលែងលោក រ៉ុង ឈុន ប៉ុណ្ណោះ​។ លោក​មេធាវី​ចង់​ឲ្យ​ចៅក្រម​ពិចារណា​ដោះលែង​​សកម្មជនកំពុង​ជាប់​ឃុំ​ទាំង​អស់​ឲ្យ​មាន​សេរីភាព​វិញ៖ « ហើយ​ការ​ឃុំ​ខ្លួន​ពួកគាត់​ហ្នឹងបើ​យើង​និយាយ​ពី​ផ្លូវ​ច្បាប់វា​ហួស​នីតិវិធី​ការ​ឃុំ​ខ្លួន​បណ្ដោះ​អាសន្នតែ​ ៦ខែ​​ទេ។ អ៊ីចឹងខ្ញុំគិត​ថា បើ​សវនាការ​នៅ​តែ​អូស​បន្លាយ​ពីរ​ បី​ខែ​ ទៅ​មុខ​ទៀត វា​ប៉ះពាល់​សិទ្ធិ​ជន​ជាប់​ចោទ​ធ្ងន់ធ្ងរទាក់ទង​នឹង​ការ​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​ហ្នឹង។ តាម​ខ្ញុំ​យល់​ឃើញ បើ​តុលាការ​អាច​ឲ្យ​ពួកគាត់​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះ​អាសន្ន​សិន​ទៅ ​ហើយ​សវនាការ​បន្ត​ចេះ​តែ​បន្ត​ទៅដើម្បី​ស្វែង​រក​ការ​ពិត »

​រី​ឯ​​មន្ត្រី​សង្គម​ស៊ីវិល​ ដែល​​​ចូលរួម​ឃ្លាំមើល​សវនាការ​​ ក៏​ចង់​ឲ្យ​​ចៅក្រម​ដោះលែង​​អ្នក​កំពុង​ជាប់​ឃុំ​​ដែរ​។ អ្នក​នាំ​ពាក្យ​សមាគម​អាដហុក លោក ស៊ឹង សែន​ករុណា សង្កេត​​ឃើញ​ថា នៅ​ក្នុង​ពេល​​សវនាការ​អ្នក​ជាប់​ឃុំ​​​មួយ​ចំនួន មាន​ស្មារតី​​ភ្លេច​ភ្លាំង​ច្រើន ហើយពួកគាត់អះអាងដូចៗ គ្នា​ថា រស់​នៅ​ក្នុង​ពន្ធនាគារមាន​បរិយាកាស​​​មិន​ល្អ។ អ្នក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​រូប​នេះបន្ត​ថា ក្រុម​សកម្មជន​ទាំង​អស់បាន​ប្រើ​​សិទ្ធិ​សម្ដែង​មតិ​មិន​មែន​ជា​ការ​ប្រព្រឹត្តិ​បទ​​ល្មើស​ទេ។ ​លោក​ចង់​ឲ្យ​​តុលាការ​​ដោះលែង​អ្នក​កំពុង​ជាប់​ឃុំក្នុង​សំណុំ​រឿង​នេះ៖ « ខ្ញុំ​មើល​ឃើញ​ថា គ្មាន​អ្វី​​​ក្រៅពី​ពួកគាត់ប្រើប្រាស់​​នូវ​សិទ្ធិ​សម្ដែង​មតិ​របស់​គាត់​ទេ ក្នុង​នាម​ជា​សកម្មជន​នយោបាយ​ក្ដី សកម្មជន​យុវជន​​សង្គម​ក្ដី ដែល​គាត់​ឃ្លាំ​មើល​ទៅ​លើ​ការ​ទាមទារ​តវ៉ា ហើយ​អ្នក​ខ្លះក៏​ជា​អ្នក​ចូលរួម​ទាមទារ​តវ៉ា​ផ្ទាល់ »

ចំណែក​​នៅ​ខាង​ក្រៅ​​បរិវេណ​សាលា​ដំបូង​រាជធានីភ្នំពេញ​វិញ មិន​មាន​ក្រុម​សាច់​ញាតិ ឬ​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិទៅ​ទាមទារ​តវ៉ា​ដូច​រាល់​ដង​ឡើយ។ ប៉ុន្តែ​ អាជ្ញាធរ​បាន​ដាក់​ពង្រាយ​កង​​កម្លាំង​នគរបាល​ស្ត្រី​ច្រើន​នាក់ នៅ​​ត្រៀម​ខាង​​មុខ​តុលាការ​ដដែល៕​

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។