តុលាការក្រុងភ្នំពេញសម្រេចឃុំខ្លួនមន្ត្រីបក្សភ្លើងទៀនម្នាក់ទៀត គឺលោក ថាន់ ណារិន ទាក់ទងរឿងគូសខ្វែងសន្លឹកឆ្នោត កាលពីពេលបោះឆ្នោតជាតិដ៏ចម្រូងចម្រាស នៅខែកក្កដាកន្លងទៅ។ មន្ត្រីសិទ្ធិមនុស្ស និងគណបក្សភ្លើងទៀនយល់ថា ការចាប់ឃុំខ្លួនសកម្មជននយោបាយជាបន្តបន្ទាប់នេះ គឺជាការគំរាមកំហែងផ្នែកនយោបាយ។
ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែសីហា បានចេញដីកាបង្គាប់ឱ្យនាំខ្លួនមន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀនគឺ លោក ថាន់ ណារិន ទៅឃុំបណ្ដោះអាសន្ននៅក្នុងពន្ធនាគារព្រៃស ពីបទ«ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ទាក់ទងរឿងគួសខ្វែងសន្លឹកឆ្នោត កាលពីអំឡុងបោះឆ្នោតជ្រើសតំណាងរាស្រ្តកន្លងទៅ។
អ្នកនាំពាក្យគណបក្សភ្លើងទៀន លោក គីសួរ ភីរិទ្ធិ ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២០ ខែសីហាថាលោក ថាន់ ណារិន ស្ថិតក្នុងចំណោមមន្ត្រីបក្សភ្លើងទៀនជិត ២០នាក់ទៀតមានឈ្មោះក្នុងលិខិតអនាមិកមួយដែលព្រមានចាប់ខ្លួនកាលពីពេលថ្មីៗនេះ។ លោកបញ្ជាក់ថា គណបក្សពុំទាន់ដឹងតុលាការយកភស្តុតាងអ្វីមកសំអាងដើម្បីចាប់ខ្លួន ឬចោទប្រកាន់លើលោក ថាន់ ណារិន នៅឡើយទេ ប៉ុន្តែលោកថា មេធាវីគណបក្សកំពុងពិនិត្យមើលរឿងនេះ។ លោកថា បើទោះបីជាគណបក្សភ្លើងទៀនមិនបានចូលរួមការបោះឆ្នោត នៅខែកក្កដានេះក៏ដោយ ក៏ថ្នាក់ដឹកនាំ និងសកម្មជនមួយចំនួនរបស់គណបក្សនេះនៅតែរងនូវការគាបសង្កត់ និងគំរាមកំហែងដែលធ្វើឱ្យលំហប្រជាធិបតេយ្យកាន់តែតូចចង្អៀតគួរឱ្យព្រួយបារម្ភ។ លោកអំពាវនាវដល់រដ្ឋាភិបាលថ្មីឱ្យដោះស្រាយបញ្ហានយោបាយ ហើយដោះលែងមន្ត្រីទាំងនេះដើម្បីឱ្យពួកគេបានជួបជុំគ្រួសារ និងបន្តសកម្មភាពនយោបាយបន្តទៅទៀត។
លោក គីសួរ ភីរិទ្ធិ៖«រឿងហ្នឹងចង់មិនចង់វាធ្វើឱ្យមានការភ័យខ្លាចដល់សកម្មជន និងថ្នាក់ដឹកនាំផ្សេងៗទៀតដែលត្រូវតស៊ូផ្នែកនយោបាយស្របតាមច្បាប់នៅក្នុងប្រទេសកម្ពុជារបស់យើង។ ខ្ញុំយល់ថា គណបក្សណាក៏ដោយមានតួនាទីជួយប្រទេសជាតិទាំងអស់គ្នា គ្រាន់តែដើរតួនាទីជាអ្នកប្រកួតប្រជែងទេ មិនមែនជាគូសត្រូវទេ អ៊ីចឹងខ្ញុំសង្ឃឹមថា រដ្ឋាភិបាលថ្មីនឹងពិចារណាកែសម្រួលក្នុងការធ្វើសកម្មភាពធ្វើនយោបាយ ក៏ដូចសេរីភាពក្នុងការបញ្ចេញមតិឱ្យមានលំហប្រសើរជាមុន»។
អាជ្ញាធររដ្ឋាភិបាលលោក ហ៊ុន សែន បានចាប់ខ្លួនមន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀនលោក ថាន់ ណារិន នៅលើផ្លូវ៦០ម៉ែត្រ ម្តុំក្បាលថ្នល់ក្នុងក្រុងភ្នំពេញ កាលពីរសៀលថ្ងៃទី១៩ ខែសីហា ដោយមិនបានបង្ហាញដីកា ឬបញ្ជាក់ពីមូលហេតុនៃការចាប់ខ្លួននោះទេ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ និង អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញលោក អ៊ី រិន្ទ ដើម្បីសុំសួរអំពីបញ្ហានេះបានទេ នៅថ្ងៃទី២០ ខែសីហា។
ជុំវិញរឿងនេះ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សលីកាដូ (LICADO) លោក អំ សំអាត មានប្រសាសន៍ថា ពលរដ្ឋគ្រប់រូបមានសិទ្ធិពេញលេញក្នុងការចួលរួមសកម្មភាពនយោបាយ សេដ្ឋកិច្ច សង្គម និងវប្បធម៌ ដោយគ្មានការរារាំង ឬការគំរាមកំហែងនោះទេ។ លោកយល់ថា ការចាប់ខ្លួនមន្ត្រីរបស់គណបក្សភ្លើងទៀននេះ ធ្វើឱ្យបរិយាកាសនយោបាយ និងសិទ្ធិមនុស្សនៅកម្ពុជាកាន់តែយ៉ាប់យឺន។ លោកបញ្ជាក់ថាសហគមន៍ជាតិ និងអន្តរជាតិចាត់ទុកករណីទាំងនេះថា ជាការធ្វើទុក្ខបុកម្នេញលើគណបក្សប្រឆាំង ហើយទាមទារឱ្យរដ្ឋាភិបាលពិនិត្យ និងកែលម្អឡើងវិញ។
លោក អំ សំអាត៖ «មកដល់ពេលនេះមិនទាន់មានសញ្ញាល្អណាមួយសម្រាប់ការកែលម្អលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សទេ អ៊ីចឹងហើយបានជាយើងសង្ឃឹមថា រដ្ឋាភិបាលអាណត្តិថ្មីនឹងពិនិត្យពិចារណាកែលម្អដោយបើកលំហទៅលើសេរីភាព និងលំហលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សដើម្បីទទួលបានផលប្រយោជន៍សម្រាប់ជាតិ ហើយផ្នែកនយោបាយគួរតែមានការបើកចំហ ឬមានការសម្របសម្រួលណាមួយដើម្បីឱ្យស្ថានភាពនយោបាយនៅក្រោយការបោះឆ្នោតបានល្អប្រសើរ»។
លោក ថាន់ ណារិន ជាប្រធានក្រុមការងារគណបក្សភ្លើងទៀនប្រចាំខេត្តត្បូងឃ្មុំ។ កាលពេលនៅមានសេរីភាព លោកតែងតែអមដំណើរជាមួយអនុប្រធានគណបក្សភ្លើងទៀនលោក រ៉ុង ឈុន ចុះជួបសំណេះសំណាលជាមួយសកម្មជននៅមូលដ្ឋាន និងឃ្លាំមើលសវនាការនៅមុខតុលាការជាដើម។ កន្លងទៅរដ្ឋមន្ត្រីក្រសួងដែនដីលោក ជា សុផារ៉ា បានបញ្ចប់តួនាទីពីអនុប្រធាននាយកដ្ឋានរៀបចំដែនដីនៅឆ្នាំ២០១៨ ព្រមទាំងដកហូតក្របខណ្ឌរដ្ឋពីមន្ត្រីបក្សប្រឆាំងរូបនេះលែងឱ្យបម្រើការងារក្រសួងនេះនៅឆ្នាំ២០១៩ ក្រោមហេតុផលចោទថា លោកអសកម្មការងារ។ ទោះយ៉ាងណាលោក ថាន់ ណារិន្ទ អះអាងថា លោកតស៊ូជាមួយគណបក្សប្រឆាំងដើម្បីលទ្ធិប្រជាធិបតេយ្យ និងយុត្តិធម៌ក្នុងសង្គម ដោយលោកមិនស្តាយតួនាទី ឬបុណ្យស័ក្តិនោះឡើយ។
ការចាប់ខ្លួនលោក ថាន់ ណារិន នេះគឺបន្ទាប់ពីលោកទទួលបានលិខិតគំរាមចាប់ខ្លួនពីជនមិនស្គាល់មុខថ្មីៗនេះ។ លិខិតអនាមិកនោះបានដាក់ឈ្មោះរបស់លោក និងថ្នាក់ដឹកនាំគណបក្សភ្លើងទៀន ១៧នាក់ទៀតក្នុងលិខិតនោះរួមមាន អនុប្រធានគណបក្សភ្លើងទៀន លោក រ៉ុង ឈុន មន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀន លោក ជា មុនី ជាដើម។ មកដល់ពេលនេះមានមន្ត្រីគណបក្សនេះយ៉ាងហោចចំនួន ៥នាក់ រួមមានលោក អេង ស្រួយ លោក ប៊ុន ខេត លោក លី រី លោក វង រុន្នី និងលោក គឹម សុភា កំពុងជាប់ពន្ធនាគារក្នុងអំឡុងខែកក្កដា។ ពួកគេត្រូវបានតុលាការចោទប្រកាន់ដូចៗគ្នាពីបទ«ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ទាក់ទងការបញ្ចេញមតិក្នុងយុទ្ធនាការគូសខ្វែងសន្លឹកឆ្នោតក្នុងការបោះឆ្នោត កាលពីថ្ងៃទី២៣ ខែកក្កដា ដែលជាការបោះឆ្នោតបិទមិនឱ្យគណបក្សប្រឆាំងចុងក្រោយគឺគណបក្សភ្លើងទៀនចូលរួមការបោះឆ្នោត។
ទោះយ៉ាងណា សហគមន៍ជាតិ និងអន្តរជាតិចាត់ទុកករណីនេះជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ ហើយថ្កោលទោសអាជ្ញាធររដ្ឋាភិបាលលោក ហ៊ុន សែន និងអំពាវនាវឲ្យទម្លាក់ចោលរាល់បទចោទប្រកាន់ប្រឆាំងនឹងសមាជិកគណបក្សប្រឆាំង អ្នកការពារសិទ្ធិមនុស្ស ជាពិសេសដោះលែងពួកគេឱ្យមានសេរីភាពឡើងវិញដោយឥតលក្ខខណ្ឌ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។