តុលាការ​ក្រុងភ្នំពេញ​គ្មាន​ភស្តុតាង​ចោទប្រកាន់​អតីតមេឃុំ​ជាប់ឆ្នោត​បក្សប្រឆាំង​អ្នកស្រី កឹម តុលា​ ក្នុង​សំណុំរឿង​ញុះញង់

0:00 / 0:00

តុលាការ​ក្រុងភ្នំពេញ​គ្មាន​ភស្តុតាង​ចោទប្រកាន់​អតីមេឃុំ​ជាប់ឆ្នោត​បក្សប្រឆាំង​អ្នកស្រី កឹម តុលា ក្នុង​សំណុំរឿង​ញុះញង់ ប៉ុន្តែ​តុលាការ​នឹង​ប្រកាសសាលក្រម​នៅចុង​ខែកុម្ភ​ខាងមុខ ក្រោយ​បញ្ចប់​សវនាការ​ជំនុំជម្រះ​សាឡើង​វិញ​នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ។ មេធាវី និង​មន្រ្តីសិទ្ធិមនុស្ស​ស្នើដល់​តុលាការ​ទម្លាក់​ការ​ចោទ​ប្រកាន់ និង​ដោះលែង​អ្នកស្រី កឹម តុលា ឱ្យ​មាន​សេរីភាព​ជួបជុំគ្រួសារ​ឡើងវិញ។

សមត្ថកិច្ចបាន​ដឹក​អ្នកស្រី កឹម តុលា រួមជាមួយ​សាក្សី​ដែលជា​សកម្មជន​និង​ពលករគាំទ្រ​បក្ស​ប្រឆាំង ​គឺអ្នកស្រី ឡាញ់ ថាវរី និង​លោក ម៉ិច ហ៊ាង តាមរថយន្ត​ពី​ពន្ធនាគារ​មកកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅថ្ងៃព្រឹក​ថ្ងៃទី៦ ខែកុម្ភៈ។

សវនាការ​ជំនុំជម្រះសារឡើង​វិញ​ចំពោះ​អតីត​មេឃុំបក្ស​ប្រឆាំង​គឺ​អ្នកស្រី កឹម តុលា ដោយ​តុលាការ​ចាប់​ផ្តើម​សួរ​ដេញ​ដោល​សកម្មជន​គណបក្សសង្គ្រោះជាតិ​ដែលកំពុងជាប់ឃុំ​ចំនួនបីនាក់​នៅក្នុងសំណុំរឿង ញុះញង់ ។ ក្នុងបន្ទាប់​សវនាការតូច​អ្នកស្រី កឹម តុលា ប្រាប់តុលាការថា​នាងមិន បានជាប់ពាក់ព័ន្ធនឹង​ករណីអ្នកស្រី ឡាញ់ ថាវរី និងលោក ម៉ិច ហ៊ាង ដែល​បង្ហោះនៅលើហ្វេស​កន្លង​មក​ទេ។ បន្ទាប់មក​លោក ម៉ិច ហ៊ាង ឆ្លើយតប​នឹងសំនួរ​របស់តុលាការថា​លោកមិនដែល​ស្គាល់​អ្នកស្រី កឹម តុលា ហើយចុងក្រោយ​អ្នកស្រី ឡាញ់ ថាវរី ប្រាប់​តុលាការដែរថា ​អ្នកស្រី កឹម តុលា មានតែ​ហ្វ្រេននៅក្នុងហ្វេស (Facebook Friend) ជាមួយ​អ្នកស្រី ប៉ុន្តែ​អ្នកស្រី កឹម តុលា មិនជាប់​ពាក់ព័ន្ធ​រឿងបង្ហោះសារ​នៅលើហ្វេសប៊ុកទេ សូម្បី​តែចែករំលែក(Share) ឬឡែក(Like) ក៏ដោយ។ សវនាការ​នេះ តុលាការគ្មានភស្តុតាង​ដាក់បន្ទុក​លើអ្នកស្រី កឹម តុលា ឡើយ។

ទោះយ៉ាងណា តំណាង​អយ្យការ​នៅតែ​រក្សាទុកការ​ចោទ​ប្រកាន់​ដដែលប៉ុន្តែមេធាវី​ជនជាប់ចោទ​ទាមទារ​ឱ្យ​តុលាការ​ទម្លាក់ចោល​ការចោទប្រកាន់នោះ។ សវនាការបានបញ្ចប់​ការសួរដេញដោល ដែល​តុលាការ​ធ្វើការ​សន្និដ្ឋាន​ដោយរង់ចាំ​ចេញ​សាលក្រម។ តុលាការ​នឹង​ប្រកាស​សាលក្រម​សំណុំរឿង​នេះ​នៅថ្ងៃទី២៧ ខែកុម្ភៈខាងមុខ។

មេធាវី​របស់​អតីត​មេឃុំជាប់ឆ្នោត​នៃ​បក្ស​សង្គ្រោះជាតិ​អ្នកស្រី កឹម តុលា គឺ​លោក កែត ឃី ប្រាប់​វិទ្យុ​អាស៊ី​សេរីថា កន្លងមក​តុលាការ​គ្រាន់តែ​ពាក្យ​មួយ​មាត់​ដែល​អ្នកស្រី ឡាញ់ ថាវរី ឆ្លើយ​ប្រាប់​សមត្ថកិច្ច​ថា ស្គាល់​អ្នកស្រី កឹម តុលា តាម​ហ្វេសប៊ុក​នោះ តុលាការ​បានកាត់​ទោស​កូនក្តី​របស់​លោក​ឱ្យជាប់​គុក​១៨​ខែ ដោយ​មិនអាច​ទទួល​យក​បាន​ឡើយ។ លោកបញ្ជាក់ថា សវនាការ​ជំនុំជម្រះ​សាឡើង​វិញ​នេះ តុលាការ​ពុំមាន​ភស្តុតាងឬ​ឯកសារណា​មួយ​ដើម្បី​យកមក​ដាក់​បន្ទុក​លើកូន​ក្តី​របស់​លោក​ដូចការ​ចោទ​ប្រកាន់​ឡើយ៖

«គាត់(កឹម តុលា)មិន​ជាប់ពាក់ព័ន្ធ​នឹង​សំណុំរឿង​ជាមួយ​អ្នកស្រីឡាញ់ ថាវរីនិង​លោកម៉ិច ហ៊ាងទេ​គាត់​អត់​ដែល​ស្គាល់​គ្នា​ជាមួយ​លោកម៉ិច ហ៊ាងហើយ​អ្នកស្រីឡាញ់ ថាវរីគ្រាន់តែ​មាននៅមិត្ត​ក្នុង​ហ្វេសប៊ុកអ៊ីចឹង​យក​គាត់​មក​ពាក់ព័ន្ធ​គឺជារឿង​មិនត្រឹមត្រូវទេយើង​ទាមទារ​ឱ្យ​ទម្លាក់​បទចោទហើយ​លុបចោល​សេចក្តីសម្រេច​ចំណុចទីមួយ​ទាក់ទង​ចំណុច«ច»ចោល​ដើម្បីឱ្យគាត់​រួចផុត​ពី​បទចោទបាទ»។

សមត្ថកិច្ច​បានឃាត់​ខ្លួន​អ្នកស្រី កឹម តុលា នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​កាល​ពីចុង​ខែតុលា ឆ្នាំ២០២២ ដោយ​សារ​អ្នកស្រី​ប្រើ​លិខិត​ឆ្លងដែន​ដែល​អាជ្ញាធរ​ដាក់​ក្នុង​បញ្ជីខ្មៅ(Black List) ដើម្បី​ធ្វើដំណើរ​ចេញពីកម្ពុជា​ក្នុងគោលបំណង​ទៅរស់នៅ​ជាមួយ​ប្តី​នៅ​ប្រទេសអាឡឺម៉ង់ (Germany)។

ការចាប់​ខ្លួន​អ្នកស្រី កឹម តុលា ជាលើកទី២ ធ្វើឡើង​បន្ទាប់ពី​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ខែសីហា ឆ្នាំ២០២២ បានចេញ​សាលក្រម​កំបាំងមុខ ផ្ដន្ទាទោស​អ្នកស្រី​ជាមួយ​អតីត​មេឃុំ​ឬស្សីក្រោក ខេត្តបន្ទាយមានជ័យ អ្នកស្រី ឡាញ់ ថាវរី និង​ពលករម្នាក់​គឺលោក ម៉ិច ហ៊ាង ព្រមទាំង​មន្ត្រីបក្ស​សង្គ្រោះជាតិ​កំពុងភៀសខ្លួន​នៅក្រៅ​ប្រទេស​ចំនួន៤រូបទៀត​ពីបទញុះញង់បង្ក​ឱ្យមាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គមដោយតុលាការ​កាត់ទោស​ពួកគេ​ដាក់​ពន្ធនាគារ​ក្នុងម្នាក់ៗ​រយៈពេល ១៨ខែ។

វិទ្យុអាស៊ីសេរី មិនអាចទាក់ទង​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក អ៊ី រិន្ទ ដើម្បី​បញ្ជាក់​ជុំវិញ​រឿង​នេះ​បាន​ទេ​នៅថ្ងៃទី៦ ខែកុម្ភៈ។

ជុំវិញរឿងនេះ អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក(Adhoc) លោក ស៊ឹង សែនករុណា ​កត់​សម្គាល់​ថា​ មេដឹកនាំ និង​សកម្មជន​បក្ស​ប្រឆាំង​តែងរង​ការធ្វើទុក្ខបុកម្នេញ ការ​ចោទប្រកាន់ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​រហូត​មក​ដល់​សព្វថ្ងៃនេះ ដោយសារ​រឿងវិវាទ​នយោបាយ។ លោកបញ្ជាក់​ថា​សង្គមប្រកាន់​របបប្រជាធិបតេយ្យ​ពលរដ្ឋ​មាន​សិទ្ធិ​បញ្ចេញមតិ​យោបល់ឬ​ទស្សនៈរបស់​ពួកគេ​ដោយ​ពុំមាន​ទោសកំហុស​ឡើយ។ លោក ស៊ឹង សែនករុណា សង្ឃឹមថា​តុលាការ​នឹង​សម្រេចក្តី​ដោយ​យុត្តិធម៌​លើ​សំណុំរឿង​នេះ៖

«គួរតែ​មាន​ការ​បញ្ចប់​វិវាទ​នយោបាយ​ហើយគឺងាក​មក​រក​ដំណោះស្រាយ​មួយ​ដែល​គិត​ពី​ផលប្រយោជន៍​ជាតិ​ផលប្រយោជន៍រួម​របស់​ប្រទេសជាតិ​ជារឿងល្អ​គួរតែធ្វើជាជាងយើង​ចេះតែ​បណ្តែត​បណ្តោយ​ឱ្យបញ្ហា​ហ្នឹង​ចេះតែ​កើត​មាន​ឡើង​ដោយគ្មាន​ដំណោះស្រាយប្រជាពលរដ្ឋ​ចេះតែ​រង​គ្រោះ​ទុក្ខ​ដោយសារ​តែការ​គ្រប់គ្រងការដឹកនាំ​ផ្នែកនយោបាយអ៊ីចឹង​ទៅ​ធ្វើឱ្យ​ប៉ះពាល់​ឬរំខាន​ដល់​ផលប្រយោជន៍​ដល់​សង្គមជាតិ​យើង​បាទ»។

មេឃុំជាប់ឆ្នោត​នៃ​គណបក្ស​សង្គ្រោះជាតិ​នៅ​ឃុំត្រែងត្រយឹង លោកស្រី កឹម តុលា ធ្លាប់បាន​រត់​ភៀស​ខ្លួន​ទៅជ្រកកោន​នយោបាយ​ក្នុង​ប្រទេសថៃ​មួយរយៈក្រោយ​តុលាការ​ខេត្តកំពង់ស្ពឺចេញ​ដីកា​កោះ​ហៅ​ទៅ​បំភ្លឺ​រឿង​បង្ហោះសារ​គាំទ្រ​លោក កឹម សុខា និង​លោក សម រង្ស៊ី ជា​មនុស្ស​តែ​មួយ​និង​បង្ហោះ​សារ​គាំទ្រ​ដំណើរ​មាតុភូមិនិវត្តន៍​របស់​លោក សម រង្ស៊ី កាលពី​ចុងឆ្នាំ២០១៩។ អ្នកស្រី បាន​វិល​ត្រឡប់​ទៅប្រទេសកម្ពុជា​វិញក្រោយពី​មេដឹកនាំ​ក្រុង​ភ្នំពេញ លោក ហ៊ុន សែន អំពាវនាវ​ឲ្យ​សកម្មជន​បក្ស​ប្រឆាំង​ដែល​កំពុងរត់គេច​ខ្លួន​ទាំងអស់​ត្រឡប់​ចូល​ផ្ទះ​សម្បែង​វិញ។ ប៉ុន្តែ​ក្រោយ​ពេល​អ្នកស្រី វិលត្រឡប់​ទៅ​កម្ពុជា សមត្ថកិច្ច បាន​ឡោមព័ទ្ធ​ចាប់​ខ្លួន​អ្នកស្រី ដាក់​ឃុំក្នុង​ពន្ធនាគារ​រយៈពេល​ជាង​៣​ខែ​ទើបដោះលែង​វិញ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១។

បច្ចុប្បន្ន​មាន​សកម្មជន​នយោបាយ សកម្មជន អ្នកសារព័ត៌មាន មេសហជីព ប្រមាណ៦០​នាក់​កំពុង​ជាប់​នៅ​ពន្ធនាគារហើយ​ភាគច្រើន​ពួកគេ​ត្រូវបាន​តុលាការ​ចោទប្រកាន់​ពីបទ​ញុះញង់​និងរួម​គំនិត​ក្បត់។ ប៉ុន្តែកន្លង​មក​អង្គការ​សង្គមស៊ីវិល​ជាតិ​និងអន្តរជាតិ ព្រមទាំង​ប្រទេស​សេរី​មួយ​ចំនួន​ចាត់​ទុក​ការ​ចាប់​ខ្លួន​នេះ​ថា​ជាការ​ធ្វើទុក្ខបុកម្នេញ​ផ្នែក​នយោបាយ​ច្រើន​ជាងការ​អនុវត្តច្បាប់​និង​ស្នើ​ឱ្យ​តុលាការ​ដោះលែង​ពួកគេ​ឱ្យមានសេរីភាព​ឡើងវិញ​ដោយ​ឥតលក្ខខ័ណ្ឌ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។