តុលាការក្រុងភ្នំពេញចេញដីកាបង្គាប់ឲ្យចាប់ខ្លួនលោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ពីបទរារាំងការអនុវត្តវិធានការ និងបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ពាក់ព័ន្ធនឹងការអំពាវនាវឲ្យពលរដ្ឋចេញមកប្រកបរបររកស៊ីតាមធម្មតាឡើងវិញ។
ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញលោក ពេជ្រ វិជ្ជាធរ ចេញដីកាបង្គាប់នៅថ្ងៃទី២៨ ខែមេសា ឲ្យសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនលោក សម រង្ស៊ី បញ្ជូនទៅតុលាការ និងបង្គាប់ឲ្យខាងពន្ធនាគារត្រូវនាំខ្លួនលោក សម រង្ស៊ី ទៅបង្ហាញចៅក្រមស៊ើបសួរក្នុងរយៈពេលខ្លីបំផុត។
ដីកាចាប់ខ្លួននេះ ធ្វើឡើងក្រោយពេលលោក សម រង្ស៊ី បានថ្លែងតាមហ្វេសប៊ុក (Facebook) ជាបន្តបន្ទាប់ ដោយរិះគន់វិធានការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅដែលដាក់ចេញដោយរបបលោក ហ៊ុន សែន។ លោកបានអំពាវនាវឲ្យពលរដ្ឋណាត់គ្នាចេញប្រកបមុខរបររកស៊ីឡើងវិញ ព្រោះប្រសិនបើពលរដ្ឋនាំគ្នាអនុវត្តបម្រាមបិទខ្ទប់តទៅទៀត នឹងប្រឈមការស្លាប់ ដោយសារគ្មានអាហារបរិភោគ។ លោក សម រង្ស៊ី ក៏បានរិះគន់ ចំណាត់ការហិង្សារបស់អាជ្ញាធររបបក្រុងភ្នំពេញក្នុងការបិទខ្ទប់ ហើយដេញវាយពលរដ្ឋទុកឲ្យពលរដ្ឋស៊ូទ្រាំភាពអត់ឃ្លាននៅតាមផ្ទះដែរ។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌លោក គឹម សន្តិភាព អះអាងក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី២៨ ខែមេសាថា ការអំពាវនាវរបស់លោក សម រង្ស៊ី នេះ គឺជាការប្រឆាំងនឹងច្បាប់៖ «សូមអំពាវនាវដល់បងប្អូនទាំងអស់ មេត្តាចូលរួមរាជរដ្ឋាភិបាល កុំជឿតាមរបស់ឧក្រិដ្ឋជន ដែលជាអ្នកញៀនក្នុងប្រព្រឹត្តបទល្មើសគ្មានខ្លាចរអាគ្រប់បទល្មើសទាំងអស់កន្លងមក។ សូមបងប្អូនរក្សាភាពស្ងប់ស្ងៀម អនុវត្តនូវរាល់វិធានការរបស់អាជ្ញាធរមានសមត្ថកិច្ចចូលរួម ដើម្បីភាពសុខសាន្តរបស់បងប្អូន។ ដើម្បីយើងឈានទៅបិទបញ្ចប់ការបិទខ្ទប់ក្នុងរយៈពេលខ្លី ហើយបងប្អូននឹងបានវិលត្រឡប់ទៅនៅក្នុងជីវភាពធម្មតា »។
បច្ចុប្បន្ន លោក សម រង្ស៊ី កំពុងរស់នៅប្រទេសបារាំង ខណៈតុលាការដែលស្ថិតក្រោមឥទ្ធិពលលោក ហ៊ុន សែន បានកាត់ទោស និងបញ្ជាឱ្យតាមចាប់ខ្លួនលោកជាច្រើនករណី។ លោក សម រង្ស៊ី ធ្លាប់លើកឡើងថា ក្នុងរយៈពេល ២០ ឆ្នាំកន្លងទៅនេះ តុលាការបានកាត់ទោសលោកឱ្យជាប់ពន្ធនាគារ ៤៧ ឆ្នាំ បើបូកសរុបសាលក្រមទាំងអស់ ក្នុងឋានៈលោកជាមេដឹកនាំបក្សប្រឆាំង។ លោកបានគូសបញ្ជាក់ថា លោកមិនបានប្រព្រឹត្តកំហុសអ្វីឡើយ ប៉ុន្តែទោសទណ្ឌទាំងនេះ កើតឡើងដោយសារតែលោកបានផ្តល់សំឡេងការពារជនរងគ្រោះរាប់លាននាក់ ប្រឆាំងនឹងភាពអយុត្តិធម៌នៅគ្រប់ទីកន្លែង ក្រោមរបបដឹកនាំដ៏ពុករលួយ ផ្តាច់ការ និងអមនុស្សធម៌របស់លោក ហ៊ុន សែន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។