គ្រួសារ និងមន្ត្រីគណបក្សកម្លាំងជាតិខកចិត្ត ចំពោះតុលាការក្រុងភ្នំពេញបដិសេធសំណើសុំដោះលែងរបស់មន្ត្រីបក្សជំទាស់លោក ជិន ប៉ុណ្ណារ័ត្ន។ ពួកគាត់ចាត់ទុកការសម្រេចនេះថា ជារឿងអយុត្តិធម៌ និងជាការធ្វើទុក្ខបុកម្នេញខាងនយោបាយ។ មន្ត្រីសិទ្ធិមនុស្សថា ការបន្តឃុំខ្លួនមន្ត្រីបក្សកម្លាំងជាតិនេះនឹងធ្វើឱ្យប៉ះពាល់ដល់ដំណើរការប្រជាធិបតេយ្យ ហើយរដ្ឋាភិបាលរងការរិះគន់បន្ថែមទៀតពីសហគមន៍អន្តរជាតិ។
សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៧ ខែធ្នូ បានបើកសវនាការលើបណ្តឹងស្នើសុំឱ្យដោះលែងមន្ត្រីជាន់ខ្ពស់គណបក្សកម្លាំងជាតិ លោក ជិន ប៉ុណ្ណារ័ត្ន ដែលត្រូវបានចោទអំពីបទ «ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។ សំណុំរឿងនេះពាក់ព័ន្ធតុលាការចោទប្រកាន់លោក ជិន ប៉ុណ្ណារ័ត្ន ថា ជាប់ពាក់ព័ន្ធវីដេអូផ្សាយផ្ទាល់នៅលើហ្វេសប៊ុករបស់សកម្មជន កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស លោក ស្រ៊ុន ស្រ៊ន និងកញ្ញា ភឹង សោភា ដែលនិយាយរិះគន់កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) កាលពីពេលកន្លងទៅ។
សវនាការមុនអង្គសេចក្តីលើពាក្យបណ្តឹងសុំដោះលែងនេះ មន្ត្រីគណបក្សកម្លាំងជាតិលោក ជិន ប៉ុណ្ណារ័ត្ន ក្នុងឯកសណ្ឋានអ្នកជាប់ឃុំបញ្ជាក់ថា លោកជាមនុស្សស្អាតស្អំ ដោយមិនជាប់ពាក់ព័ន្ធអង្គហេតុ ដែលតុលាការយកមកការចោទប្រកាន់នោះទេ។ មន្ត្រីបក្សជំទាស់រូបនេះ ស្នើសុំឱ្យចៅក្រមកាត់ក្តីឈរលើភាពយុត្តិធម៌ ដោយដោះលែងរូបលោកឱ្យមានសេរីភាពឡើងវិញ។ ទោះជាយ៉ាងណាក្ដី ការមិនដោះលែងនេះ តុលាការសំអាងថា ដើម្បីរក្សាទុកជនត្រូវចោទអនុវត្តតាមនីតិវិធីតុលាការ។
ទាក់ទងរឿងនេះ មេធាវីការពារក្តីឲ្យលោក ជិន ប៉ុណ្ណារ័ត្ន គឺលោក ជូង ជូងី ថ្លែងថា ការសម្រេចបន្តឃុំខ្លួនកូនក្តីលោក នឹងធ្វើឱ្យប៉ះពាល់សិទ្ធិរបស់ជនជាប់ចោទ ដោយអនុវត្តផ្ទុយទាំងស្មារតីនៃច្បាប់ និងគោលការណ៍សិទ្ធិមនុស្សផង។
លោក ជូង ជូងី៖ «ខ្ញុំជាមេធាវីបានលើកហេតុផលចាំបាច់នៃការដោះលែងគាត់ ពីព្រោះជាការអនុវត្តត្រូវតែគោរពសិទ្ធិមនុស្ស កុំឱ្យបំពានសិទ្ធិមនុស្ស ហើយការណ៍ដែលគាត់អត់មានកំហុស ឬក៏អត់ពាក់ព័ន្ធនឹងអង្គហេតុចោទប្រកាន់ហ្នឹងទេ ប៉ុន្តែនៅតែបន្តឃុំខ្លួនទៀតនោះ វាធ្វើឱ្យប៉ះពាល់ដល់សិទ្ធិរបស់គាត់ ហើយមិនមែនជាភាពត្រឹមត្រូវនៃការអនុវត្តស្មារតីច្បាប់ដែរ»។
សវនាការលើសំណុំរឿងលោក ជិន ប៉ុណ្ណារ័ត្ន នេះ ក៏មានការចូលរួមឃ្លាំមើលពីមន្ត្រីគណបក្សកម្លាំងជាតិ និងក្រុមគ្រួសាររបស់លោកដែរ។
ទីប្រឹក្សាគណបក្សកម្លាំងជាតិលោក រ៉ុង ឈុន ហៅការសម្រេចរបស់តុលាការនៅពេលនេះជារឿងអយុត្តិធម៌សម្រាប់លោក ជិន ប៉ុណ្ណារ័ត្ន ក្នុងនាមជាអ្នកនយោបាយបក្សប្រឆាំង ដែលប្រើប្រាស់សិទ្ធិសេរីភាពស្របច្បាប់។ លោក រ៉ុង ឈុន អំពាវនាវឲ្យតុលាការដោះលែងលោក ជិន ប៉ុណ្ណារ័ត្ន ព្រមទាំងជនជាប់ឃុំ ក្រោមហេតុផលនយោបាយផ្សេងទៀត ដើម្បីបង្ហាញពីការបើកលំហសិទ្ធិសេរីភាពនយោបាយ ស្របពេលសហគមន៍អន្តរជាតិព្រមានដាក់ទណ្ឌកម្មបន្ថែមទៀត ដោយសារការធ្វើទុក្ខបុកម្នេញលើអ្នកនយោបាយ និងសកម្មជនសង្គម។
លោក រ៉ុង ឈុន៖ «យើងប្រកួតប្រជែងគ្នាតាមរយៈការបោះឆ្នោតដោយសេរី ត្រឹមត្រូវ វាប្រសើរជាងយើងប្រើប្រាស់ប្រព័ន្ធច្បាប់យកមកដាក់សម្ពាធលើសកម្មជននយោបាយ និងសកម្មជនសង្គម ហើយវាមិនមានផលចំណេញអ្វីសម្រាប់ជាតិទេ ហើយវាទទួលមកវិញ គឺមានតែការថ្កោលទោសពីអន្តរជាតិ និងជាតិ ហើយចុងក្រោយ គេនឹងអាចដកប្រព័ន្ធអនុគ្រោះពន្ធសព្វបែបយ៉ាង វាធ្វើឱ្យកម្ពុជាទទួលរងគ្រោះផ្នែកសេដ្ឋកិច្ច ជាពិសេសការងាររបស់កម្មករខ្មែរ»។
ចំណែកប្រពន្ធរបស់លោក ជិន ប៊ុណ្ណារ័ត្ន គឺលោកស្រី ស៊ីវ សុភា ចាត់ទុកការឃុំខ្លួនប្តីលោកស្រី ដែលមិនមានកំហុសថា ជារឿងអយុត្តិធម៌ និងឈឺចាប់បំផុត ហើយទាមទារឱ្យតុលាការដោះលែងប្តីឱ្យមានសេរីភាពជួបជុំគ្រួសារវិញ។ លោកស្រីរៀបរាប់ថា ការឃុំខ្លួនប្តីលោកស្រីនៅក្នុងពន្ធនាគារតូចចង្អៀត គ្មានអនាម័យប្រៀបដូចជាធ្វើបាបផ្លូវចិត្តប្តី ស្របពេលសុខភាពរបស់គាត់ចុះទ្រុឌទ្រោមពីមួយថ្ងៃទៅមួយថ្ងៃ បណ្តាលមកពីជំងឺបេះដូង លើសឈាម ជំងឺក្រពេញប្រូស្តាត (Prostate) ធ្វើទុក្ខជាប្រចាំ។
លោកស្រី ស៊ីវ សុភា៖ «ការចាប់ប្តីរបស់ខ្ញុំនេះ វាជារឿងអយុត្តិធម៌ ខ្ញុំជាប្រពន្ធគឺខ្ញុំទទួលយកអត់បានទេ ពីព្រោះគាត់គ្មានកំហុស ហើយមកចាប់គាត់ (ប្តី)អ៊ីចឹង គាត់គ្មានកំហុសបែរជាចាប់គាត់ដាក់គុករាប់ខែ គាត់មានជំងឺផង ខ្ញុំបារម្ភគាត់ខ្លាំង»។
កាលពីថ្ងៃទី២ ខែកញ្ញា អគ្គនាយករដ្ឋបាលគណបក្សកម្លាំងជាតិលោក ជិន ប៊ុណ្ណារ័ត្ន ត្រូវបាននគរបាលស្លៀកពាក់ស៊ីវិលមួយក្រុមមានគ្នា ៦នាក់ ព្រួតចាប់ខ្លួនរុញបញ្ចូលឡាននៅម្ដុំផ្សារស្ទឹងមានជ័យ រាជធានីភ្នំពេញ ដោយមិនបង្ហាញដីកា ឬមិនបញ្ជាក់ពីមូលហេតុ។ ក្រោយមក តុលាការក្រុងភ្នំពេញបានសម្រេចចោទប្រកាន់លោកពីបទ «ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» និងបញ្ជូនទៅឃុំនៅពន្ធនាគារព្រៃស។
ជុំវិញរឿងនេះ មន្ត្រីជាន់ខ្ពស់សមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក យី សុខសាន្ត មើលឃើញថា ករណីចោទប្រកាន់ និងឃុំខ្លួនលោក ជិន ប៉ុណ្ណារ័ត្ន ក៏ដូចករណីសកម្មជនផ្សេងទៀតដែរ គឺត្រូវបានសហគមន៍អន្តរជាតិចាត់ទុកថាជារឿងនយោបាយដែលធ្វើឲ្យប៉ះពាល់ដល់ដំណើរការប្រជាធិបតេយ្យនៅកម្ពុជា។ លោក យី សុខសាន្ត ចង់ឃើញតុលាការដោះលែងសកម្មជនទាំងអស់ ដើម្បីបើកលំហសេរីភាពពលរដ្ឋឱ្យប្រសើរឡើងវិញ។
លោក យី សុខសាន្ត៖ «អ្វីដែលយើងស្នើសុំ គឺយើងសុំឈប់ទៅការធ្វើទុក្ខបុកម្នេញទៅលើប្រជាពលរដ្ឋ គណបក្សនយោបាយ ហើយយើងគួរតែជ្រើសរើសយកកិច្ចព្រមព្រៀងក្រុងប៉ារីស យកមកដោះស្រាយវិញ វាល្អជាង ទោះបីជានៅក្នុងរដ្ឋធម្មនុញ្ញក៏ដោយ ក៏ស្មារតីកិច្ចព្រមព្រៀងក្រុងប៉ារីសហ្នឹងសម្រាប់ឱ្យភាគីខ្មែរទាំងអស់ចូលរួមគ្នាដើម្បីកសាងជាតិ»។
ក្រោមការគ្រប់គ្រងរយៈពេលជាង ១ឆ្នាំរបស់លោក ហ៊ុន ម៉ាណែត អាជ្ញាធរបានចាប់ខ្លួនសកម្មជននយោបាយ សមាជិកសង្គមស៊ីវិល សកម្មជន និងអ្នកបញ្ចេញមតិរិះគន់រដ្ឋាភិបាលលើសពី ១០០នាក់ ក្នុងនោះមនុស្សជាង ៨០នាក់ កំពុងជាប់ឃុំក្នុងពន្ធនាគារ ដោយសារតែការអនុវត្តសិទ្ធិសេរីភាពរបស់ខ្លួន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។