សាលាដំបូងរាជធានីភ្នំពេញសម្រេចឱ្យអនុប្រធានគណបក្សភ្លើងទៀនលោក សុន ឆ័យ ចាញ់ក្ដី គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) និងបក្សកាន់អំណាច ហើយត្រូវបង់លុយជំងឺចិត្តទៅគណបក្សកាន់អំណាច ចំនួន៣.០០០ពាន់(បីពាន់)លានរៀល ឬជិត១លានដុល្លារ។ មន្ត្រីសង្គមស៊ីវិល សោកស្ដាយចំពោះការសម្រេចបែបនេះរបស់តុលាការ ហើយបារម្ភថា ករណីនេះនឹងជិះឥទ្ធិពលដល់ដំណើរការបោះឆ្នោតឆ្នាំ២០២៣ខាងមុខ។
តុលាការជាន់ទាបសម្រេចក្ដីឱ្យគ.ជ.ប និងបក្សកាន់អំណាច ឈ្នះក្ដីអនុប្រធានគណបក្សភ្លើងទៀនពេលនេះ ដោយសំអាងថា ការថ្លែងរបស់លោក សុន ឆ័យ បរិហារកេរ្តិ៍ជាសាធារណៈដែលធ្វើឱ្យប៉ះពាល់កិត្តិយសគ.ជ.ប និងគណបក្សប្រជាជនកម្ពុជា។
សាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៧ ខែតុលា បានបង្គាប់ឱ្យលោក សុន ឆ័យ បង់លុយសំណងជំងឺចិត្តទៅគណបក្សប្រជាជនកម្ពុជាចំនួន៣.០០០ពាន់(បីពាន់)លានរៀល និងត្រូវបង់លុយចូលរដ្ឋចំនួន៨លានរៀលថែមទៀត។ ចំណែកក្នុងសំណុំរឿង គ.ជ.ប តុលាការក៏បង្គាប់ឱ្យលោកសុន ឆ័យ ដែលភាគីចាញ់ក្ដី បង់លុយផាកពិន័យ៩លានរៀលចូលរដ្ឋផងដែរ។
មេធាវីការពារក្ដី លោក សុន ឆ័យ គឺលោក ជូង ជូងី រិះគន់ថា ការសម្រេចរបស់តុលាការបែបនេះគឺអយុត្តិធម៌ចំណោះកូនក្ដីលោក។ លោកមេធាវីរំលឹកថា សំណុំរឿងកើតមានភាពអយុត្តិធម៌តាំងពីថ្ងៃជំនុំជម្រះមកម្ល៉េះ។ លោកមេធាវីថា អ្វីដែលកូនក្ដីរបស់ខ្លួនលើកឡើងពីជាសិទ្ធិបញ្ចេញមតិ មិនមែនជាការបរិហារកេរ្តិ៍ឡើយ៖ « អ្វីដែលគាត់ ( លោក សុន ឆ័យ ) និយាយក្នុងគោលបំណងតស៊ូមតិឱ្យមានការកែទម្រង់ក្នុងការបោះឆ្នោត ក៏ប៉ុន្តែបែរជាតុលាការសម្រេចផ្ដន្ទាទោសគាត់ឱ្យគាត់សងជំងឺចិត្តទៅគណបក្សប្រជាជនចំនួន៣ . ០០០ ( បីពាន់ ) ពាន់លានរៀលវិញ អ៊ីចឹងខ្ញុំយល់ថា មិនយុត្តិធម៌សម្រាប់ឯកឧត្តម សុន ឆ័យ ទេ »។
លោក សុន ឆ័យ ប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយចប់សវនាការថា ការថ្លែងរិះគន់បញ្ហាបោះឆ្នោតរបស់លោកមិនមែនជាការបរិហារកេរ្តិ៍ទេ។ លោកនៅតែរក្សាជំហរថា ការថ្លែងរបស់លោកជាការរិះគន់ក្នុងន័យស្ថាបនាដើម្បីឱ្យមានកែទម្រង់ស្ថាប័នបោះឆ្នោតសម្រាប់ការបោះឆ្នោតលើកក្រោយៗទៀតមានភាពល្អប្រសើរ៖ « ខ្ញុំធ្វើនេះមិនមែនទៅខឹងបុគ្គលណាធ្វើទៅដើម្បីចំណេញបុគ្គលណានិយាយអំពីការរៀបចំការបោះឆ្នោតដោយសេរីយុត្តិធម៌ទៅ ពលរដ្ឋសុំមានសេរីភាពទៅការ បញ្ចេញមតិពលរដ្ឋកុំតែគ្នាបញ្ចេញមតិតិចតួចចាប់ដាក់គុកហៅបរិហារកេរ្តិ៍ »។
សាលាដំបូងរាជធានីភ្នំពេញបើកសវនាការជំនុំជម្រះក្ដីលោក សុន ឆ័យ បទបរិហារកេរ្តិ៍ជាសាធារណៈ តាមបណ្ដឹងគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី៧ ខែតុលា។ នៅថ្ងៃដដែលនេះ ក្រោយតុលាការជំនុំជម្រះក្ដីនៅពេលព្រឹក នៅពេលរសៀលថ្ងៃដដែល តុលាការបានប្រកាសសាលក្រមទាំងសំណុំរឿង គ.ជ.ប ប្ដឹងលោក សុន ឆ័យ និងសំណុំរឿងបក្សកាន់អំណាចផងដែរ។
លោក សុន ឆ័យ បានប្រាប់តុលាការក្នុងបន្ទប់សវនាការថា អ្វីដែលលោកបាននិយាយ គឺលោកគ្មានហេតុផលណាចង់ បរិហារកេរ្តិ៍ បក្សប្រជាជនកម្ពុជាឡើយ ប៉ុន្តែលោកថា សំដីរបស់លោកជាការតស៊ូមតិដើម្បីធ្វើការកែទម្រង់ស្ថាប័នគ.ជ.បប៉ុណ្ណោះ។
ទាក់ទងរឿងនេះវិទ្យុអាស៊ីសេរីមិនអាចសុំការអត្ថាធិប្បាយណាមួយពីអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ហង្ស ពុទ្ធា នៅថ្ងៃទី០៧ ខែតុលា។ ទោះយ៉ាងណា លោក ហង្ស ពុទ្ធា ធ្លាប់ឱ្យដឹងថា ការប្ដឹងលោក សុន ឆ័យ ទៅតុលាការព្រោះគជប ចង់រកយុត្តិធម៌ឱ្យខ្លួនឯងដែរ។
ចំណែកអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន យល់ថា ការសម្រេចរបស់តុលាការពេលនេះគឺផ្អែកតាមអង្គហេតុ និងអង្គច្បាប់ត្រឹមត្រូវ។ លោកថា នេះជាការផ្ដល់យុត្តិធម៌ដល់គណបក្សប្រជាជនកម្ពុជា ព្រោះការថ្លែងរបស់លោក សុន ឆ័យ កន្លងទៅធ្វើឱ្យប៉ះពាល់កិត្តិយសគណបក្សប្រជាជនកម្ពុជា៖ « ព្រោះគណបក្សប្រជាជនជាគណបក្សរងគ្រោះដែល សុន ឆ័យគាត់រំលោភបំពារបំពានលើកិត្តិយសសេចក្ដីថ្លៃថ្នូរ មិនអាចប្រកែកបាន យើងមិនបាច់និយាយវែងឆ្ងាយទេ គឺការបរិហារកេរ្តិ៍ជាសាធារណធ្វើឱ្យប៉ះពាល់ដល់កិត្តិយសសេចក្ដីថ្លៃថ្នូរធ្ងន់ធ្ងរ »។
គណបក្សប្រជាជនកម្ពុជាបានប្ដឹងអនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ បទបរិហារកេរ្តិ៍ជាសាធារណៈ កាលពីថ្ងៃទី១៤ មិថុនា និងទាមទារសំណងជំងឺចិត្តលុយ១លានដុល្លារ។ ទោះបក្សកាន់អំណាចទាមទារសំណងជំងឺលុយប្រមាណ៤.០០០(បួនពាន់)លានរៀលបែបនេះ ប៉ុន្តែ បើតាមមាត្រា៣០៥ ការបរិហារកេរ្តិ៍ជាសាធារណៈត្រូវពិន័យជាប្រាក់ពី ១០ ម៉ឺនរៀលទៅ ១០ លានរៀល។ បណ្ដឹងដូចគ្នានេះដែរ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មេដឹកនាំស្ថាប័នមានមានទំនាក់ទំនងបក្សកាន់កាន់អំណាច បណ្តឹងលោក សុន ឆ័យ ពីបទបរិហារកេរ្តិ៍ដូចគ្នា និងទាមទារឲ្យលោក សុន ឆ័យ ធ្វើលិខិតសុំទោស គ.ជ.ប ជាលាយលក្ខណ៍អក្សរ និងជាផ្សព្វផ្សាយជាសាធារណៈ។
បណ្ដឹងទាំងពីរកើតឡើងក្រោយពេល លោក សុន ឆ័យ ថ្លែងផ្ដល់សម្ភាសក្នុងកម្មវិធីផ្សាយជាមួយសារព័ត៌មានឌឹ ខេមបូឌា ដេលី (The Cambodia Daily) ដែលលោករិះគន់ការបោះឆ្នោតឃុំសង្កាត់អាណត្តិទី០៥ កន្លងទៅថា មានការបំភិតបំភ័យប្រជាពលរដ្ឋ លួចបន្លំសន្លឹកឆ្នោត និងមិនឆ្លុះបញ្ចាំងពីឆន្ទៈប្រជាពលរដ្ឋជាដើម។
មន្ត្រីជាន់ខ្ពស់នៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក យី សុខសាន្ត ដែលតាមដានសវនាការនេះយល់ថា ប្រសិនបើតុលាការគោរពសេរីភាពបញ្ចេញមតិមិនគួរយកសំណុំរឿងនេះមកកាត់ក្ដីទេ។ លោកសង្កេតឃើញទៀតថា ពេលដេញដោលក្នុងសវនាការ មន្ត្រីគ.ជ.ប បានទទួលស្គាល់ថា ក្នុងចំណោមការិយាល័យបោះឆ្នោតជាង២ម៉ឺនកន្លែងទូទាំងប្រទេសដែលរៀបចំក្នុងការបោះឆ្នោតឃុំសង្កាត់កន្លងមក ជៀសមិនផុតពីមានការិយាល័យខ្លះមានភាពមិនប្រក្រតីឡើយ។ លោកបន្តថា ទោះមន្ត្រីគ.ជ.ប មានការទទួលស្គាល់បែបនេះក្ដី ប៉ុន្តែចុងក្រោយតុលាការនៅតែកាត់ក្ដីឱ្យលោក សុន ឆ័យ ចាញ់ក្ដីដដែល។ លោករិះគន់ថា ការសម្រេចរបស់តុលាការឱ្យលោក សុន ឆ័យ សងជំងឺចិត្តបក្សកាន់អំណាចជិត១លានដុល្លារថា មិនសមហេតុផលនោះឡើយ៖ « អ្វីដែលយើងគួរសោកស្ដាយមួយទៀតនៅពេលគណបក្សនយោបាយប្ដឹងទៅគ . ជ . បៗហាក់មិនបានដោះស្រាយឱ្យទាន់ពេលវេលាសម្រាប់គាត់ទេ បែរជាអាជ្ញាកណ្ដាលប្ដឹងគាត់ ( គណបក្សនយោបាយ ) មកប្ដឹងគាត់មកតុលាការដែរ។ ទី២ពាក់ព័ន្ធនឹងគណបក្សប្រជាជនពេលយើងមើលគណបក្សនិងគណបក្សប្ដឹងគ្នារឿងបោះឆ្នោតខ្ញុំការកត់សម្គាល់ទេ ប្រសិនបើចៅក្រមនិងព្រះរាជអាជ្ញាលោកជាសមាជិករបស់គណបក្សនយោបាយណាមួយមានន័យថា ការកាត់ក្ដីហ្នឹងគឺលំអៀងហើយ »។
សំណុំរឿងនេះក្លាយជាទីចាប់អារម្មណ៍របស់ពីសារព័ត៌មានអន្តរជាតិតាមផ្ដិតយករូបភាព ក្រៅពីនេះក៏មានថ្នាក់ដឹកនាំ និងអ្នកគាំទ្រគណបក្សភ្លើងទៀនជាង២០០នាក់តាមដាននៅក្រៅរបងតុលាការដែរ។
ប្រធានគណបក្សភ្លើងទៀនលោក ទាវ វណ្ណុល ដែលបានមកឃ្លាំមើលនិងទឹកចិត្តដល់លោក សុន ឆ័យ យល់ថា ការចោទប្រកាន់លើអនុប្រធានរបស់លោកជារឿងអយុត្តិធម៌។ លោកចង់ឃើញតុលាការកាត់ក្ដីដោយយុត្តិធម៌មិនមែនធ្វើតាមបញ្ជារបស់អ្នកមានអំណាច៖ « ជារឿងអយុត្តិធម៌ព្រោះការបោះឆ្នោតកន្លងផុតទៅដូចជាយើងបានដឹងលឺសូម្បីអង្គការក្រៅរដ្ឋាភិបាលក៏បាននិយាយអំពីការបោះឆ្នោតឃុំសង្កាត់កន្លងទៅមិនមានភាពប្រក្រតី »។
លោក សុន ឆ័យ នឹងត្រូវបង់ប្រាក់ជំងឺចិត្តទៅគណបក្សប្រជាជនកម្ពុជា នៅពេលសាលក្រមសាលាដំបូងចូលជាធរមាន។ ទោះយ៉ាងណា មេធាវីការពារក្ដី លោក សុន ឆ័យ គឺលោក ជូង ជូងី លោកថា លោកនឹងជជែកជាមួយកូនក្ដីរបស់លោកពីគម្រោងប្ដឹងទាស់ការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញនេះទៅសាលាឧទ្ធរណ៍ នាពេលខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។