លោក សម រង្ស៊ី ចាត់ទុកតុលាការលោក ហ៊ុន សែន ផ្ដន្ទាទោសលោកអស់មួយជីវិត ថាជារឿងសងសឹក

0:00 / 0:00

លោក សម រង្ស៊ី អះអាង​ថា តុលាការ​របប​លោក ហ៊ុន សែន ផ្ដន្ទាទោស​លោក អស់​មួយ​ជីវិត និង​ដក​សិទ្ធិ​នយោបាយ​ជា​ស្ថាពរ គឺ​ជា​រឿង​សងសឹក។ ចំណែក​អ្នក​វិភាគ​ថា លោក ហ៊ុន សែន នៅតែ​តាម​ព្យាបាទ​លោក សម រង្ស៊ី ម្ដង​ហើយ​ម្ដង​ទៀត​នេះ ក៏​ដោយសារ​តែ​លោក​បារម្ភ​ពី​ឥទ្ធិពល​នយោបាយ​របស់​មេ​បក្ស​ប្រឆាំង​រូប​នេះ​ដែរ។

លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ថា លោក​គ្មាន​កាត់​ទឹកដី​ខ្មែរ​ឲ្យ​បរទេស​ណា​មួយ ដូច​តុលាការ​លោក ហ៊ុន សែន ចោទ​ប្រកាន់​ឡើយ។

លោក សម រង្ស៊ី បញ្ជាក់​ថា តុលាការ​របប​លោក ហ៊ុន សែន បាន​ផ្ដន្ទាទោស​លោក​ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត និង​ដក​សិទ្ធិ​នយោបាយ​លោក​ជា​ស្ថាពរ​នោះ មក​ពី​ចង់​សងសឹក​លោក​វិញ​តែ​ប៉ុណ្ណោះ ក្រោយ​ពី​លោក ហ៊ុន សែន ចាញ់​ក្ដី​នៅ​ប្រទេស​បារាំង។ លោក សម រង្ស៊ី បន្ថែម​ថា លោក​បាន​ជួប​មេ​ដឹកនាំ​ជនជាតិ​ដើម​ភាគ​តិច លោក កុក ស នៅ​សហរដ្ឋ​អាមេរិក កាល​ពី​ឆ្នាំ២០១៣ នោះ គ្រាន់តែ​ទទួល​ស្គាល់​សិទ្ធិ​ជនជាតិ​ដើម​ភាគ​តិច​ទេ៖ « តុលាការ​ចោទ​ប្រកាន់​ខ្ញុំ​នេះ គឺ​ទទឹងទិស លើ​គោក ព្រោះ​ខ្ញុំ​មិន​បាន​កាត់​ទឹកដី​ឲ្យ​ប្រទេស​ណា​មួយ​ទេ។ ខ្ញុំ​គ្រាន់តែ​ទទួល​ស្គាល់​សិទ្ធិ​ជន​ដើម​ភាគ​តិច ដែល​យើង​ហៅ​ថា ខ្មែរ​លើ​នៅ​ភូមិភាគ​ឦសាន​កម្ពុជា។ ខ្ញុំ​គ្រាន់តែ​យក​សេចក្ដី​ថ្លែង​ការណ៍​អង្គការ​សហប្រជាជាតិ​ឆ្នាំ២០០៧ ស្ដីពី​សិទ្ធិ​ជនជាតិ​ដើម​ភាគ​តិច​ហ្នឹង។ ខ្ញុំ​ថា ថ្ងៃ​ក្រោយ​ប្រទេស​ជាតិ​មាន​លទ្ធិ​ប្រជាធិបតេយ្យ​ពិត​ប្រាកដ យើង​នឹង​គោរព​សិទ្ធិ​ជនជាតិ​ដើម​ភាគ​តិច​នេះ»

ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ស៊ិន សុវណ្ណរ័ត្ន នៅ​ថ្ងៃ​ទី១៩ តុលា បាន​ប្រកាស​សាលក្រម​ផ្ដន្ទាទោស​ឱ្យ​លោក សម រង្ស៊ី ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត និង​ដក​សិទ្ធិ​ធ្វើ​នយោបាយ​ជា​ស្ថាពរ ពី​បទ «ប្រគល់​ឱ្យ​រដ្ឋ​បរទេស» ពាក់ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​ថា លោក សម រង្ស៊ី បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​កាត់​ទឹក​ដី​កម្ពុជា​ចំនួន ៤ខេត្ត ឱ្យ​ជនជាតិ​ដើម​ភាគ​តិច​ម៉ុងតាញ៉ា ដើម្បី​រស់នៅ។ ក្រៅ​ពី​ដក​សិទ្ធិ​ធ្វើ​នយោបាយ​ហើយ លោក ស៊ិន សុវណ្ណរ័ត្ន ក៏​បាន​ចេញ​ដីកា​បង្គាប់​ឱ្យ​ចាប់​ខ្លួន​លោក សម រង្ស៊ី ហើយ​ចាត់​ទុក​ការ​ប្រកាស​សាលក្រម​នេះ នៅ​ចំពោះ​មុខ​ជន​ជាប់​ចោទ។

ទោះ​ជា​បែប​នេះ​ក្ដី ការ​សម្រេច​ក្ដី​ផ្ដន្ទាទោស​មេ​បក្ស​ប្រឆាំង​នេះ នៅ​បន្ទាប់​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បើក​សវនាការ​ជំនុំជម្រះ​ក្ដី​លោក សម រង្ស៊ី ក្នុង​សំណុំរឿង «ប្រគល់​ឱ្យ​រដ្ឋ​បរទេស» កាល​ពី​ថ្ងៃ​ទី១១ ខែសីហា ឆ្នាំ២០២២ ដែល​គ្មាន​វត្តមាន​លោក សម រង្ស៊ី នៅ​ក្នុង​សវនាការ​ឡើយ។

មេធាវី​ការពារ​ក្ដី​ឱ្យ​លោក សម រង្ស៊ី គឺ​លោក យុង ផានិត ប្រាប់​សារ​ព័ត៌មាន​ក្នុង​ស្រុក​ថា ការ​សម្រេច​ក្ដី​របស់​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ លោក ស៊ិន សុវណ្ណារ័ត្ន ផ្ដន្ទាទោស​កូន​ក្ដី​របស់​លោក​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត​នេះ ធ្វើ​ឡើង​ដោយ​ពុំ​មាន​ភស្តុតាង​គ្រប់គ្រាន់​ឡើយ។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ស៊ិន សុវណ្ណរ័ត្ន ដើម្បី​សុំ​សួរ​អំពី​រឿង​នេះ​បន្ថែម​បាន​ទេ នៅ​ថ្ងៃ​ទី១៩ តុលា​នេះ។

នៅ​មុន​ពេល​តុលាការ​ប្រកាស​សាលក្រម​ផ្ដន្ទាទោស​លោក សម រង្ស៊ី នេះ លោក ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី១៧ តុលា បាន​ប្រកាស​ដាក់​ផែនការ​កម្ចាត់​លោក សម រង្ស៊ី និង​អ្នក​ជាប់​ពាក់ព័ន្ធ​នឹង​មេ​បក្ស​ប្រឆាំង​រូប​នេះ ដល់​ទី​បញ្ចប់។ បន្ទាប់​លោក​ពី​ឃើញ​សារ​លោក សម រង្ស៊ី សសរ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​អំពាវនាវ​ឲ្យ​ពលរដ្ឋ និង​កម្លាំង​ប្រដាប់​អាវុធ​រួម​គ្នា ដើម្បី​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​នៅ​ឆ្នាំ២០២៣ នោះ។ ក្រោយ​ពី​លោក ហ៊ុន សែន ប្រកាស​ភ្លាម ក៏​មាន​ក្រសួង ស្ថាប័ន​មន្ត្រី​រាជការ និង​មន្ត្រី​អែបអប​មួយ​ចំនួន​ទៀត នាំ​គ្នា​ធ្វើ​ញត្តិ​បន្ទរ​តាម​លោក ហ៊ុន សែន ពី​ការ​តាម​កម្ចាត់​លោក សម រង្ស៊ី​នេះ ជាបន្តបន្ទាប់។

ទាក់ទង​នឹង​បញ្ហា​នេះ អ្នក​ឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក បណ្ឌិត សេង សារី មាន​ប្រសាសន៍ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ហាក់​ដូច​ជា​ព្រួយ​បារម្ភ​ហួស​ពី​អ្វី ដែល​កើត​ឡើង។ លោក​បញ្ជាក់​ថា មូលហេតុ​ចម្បង​ដែល​ធ្វើ​ឲ្យ​លោក ហ៊ុន សែន មិន​ទុក​ចិត្ត​ខ្លួន​ឯង​នេះ មក​នៅ​តែ​ព្រួយ​បារម្ភ​អំពី​ឥទ្ធិពល​នយោបាយ​លោក សម រង្ស៊ី៖ «មុន​តុលាការ​កាត់​ទោស គឺ​មាន​ច្បាប់​រួច​ទៅ​ហើយ ការ​កែ​រដ្ឋធម្មនុញ្ញ​អ្នក​មាន​សញ្ជាតិ​ពីរ មិន​អាច​ដឹកនាំ​ប្រទេស​បាន។ អ៊ីចឹង​ជា​នីតិវិធី​បន្ត​បន្ទាប់​មក ដើម្បី​ឲ្យ​លោក សម រង្ស៊ី ចេញ​ពី​សង្វៀន​នយោបាយ។ ហើយ​ចាប់​តាំង​ពី​ឆ្នាំ២០១៧ មក តុលាការ​បាន​បិទ​សិទ្ធិ​លោក សម រង្ស៊ី និង​មន្រ្តី​បក្ស​ប្រឆាំង​ផ្សេង​ទៀត។ ដូច្នេះ ព្រឹត្តិការណ៍​តុលាការ​នៅ​ប្រទេស​បារាំង​នេះ ដូចជា យក​សាំង​ទៅ​ចាក់​លើ​ភ្លើង ឬ​សុភាសិត​ខ្មែរ​ថា ឆ្នាំង​មិន​ក្ដៅ តែ​ក្ដៅ​គម្រប»

រីឯ​លោក សម រង្ស៊ី វិញ លើក​ឡើង​ប្រហាក់ប្រហែល​ដូច​លោក បណ្ឌិត សេង សារី ដែរ​ថា លោក ហ៊ុន សែន នៅ​តែ​តាម​ចងពៀរ​លោក​នេះ ដោយសារ​តែ​លោក​ភ័យ​ខ្លាច​ឥទ្ធិពល​របស់​លោក ដែល​មាន​អ្នក​គាំទ្រ​ច្រើន៖ «លោក ហ៊ុន សែន ខឹង​ខ្ញុំ​ផង គាត់​ភ័យ​ពី​សកម្មភាព​របស់​ខ្ញុំ​ផង ព្រោះ​ខ្ញុំ​ជា​តំណាង​ប្រជាពលរដ្ឋ​ខ្មែរ ដែល​ទាមទារ​ឲ្យ​មាន​ការផ្លាស់ប្ដូរ ចង់​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​ពិត​ប្រាកដ​នៅ​កម្ពុជា។ ហើយ​បើ​ខ្ញុំ​នាំ​មុខ​ទាមទារ​នៅ​កម្ពុជា គឺ​គ្រោះថ្នាក់​សម្រាប់​លោក ហ៊ុន សែន អ៊ីចឹង​បាន​ជា​គាត់​កម្ចាត់​ខ្ញុំ»

ដោយឡែក អ្នក​វិភាគ​នយោបាយ​ចាស់​វស្សា គឺ​បណ្ឌិត ឡៅ ម៉ុងហៃ វិញ មាន​ប្រសាសន៍​ថា គ្មាន​អ្វី​ចម្លែក​ទេ ដែល​តុលាការ​កម្ពុជា​កាត់​ទោស​ឲ្យ​លោក សម រង្ស៊ី ជាប់​ទោស​ធ្ងន់ធ្ងរ​បែប​នេះ។ លោក​បញ្ជាក់​ថា មូលហេតុ​ចម្បង​មក​ពី​តុលាការ​បារាំង​បាន​កាត់ក្ដី ឲ្យ​លោក ហ៊ុន សែន ចាញ់ក្ដី​លោក សម រង្ស៊ី។ លោក បណ្ឌិត ឡៅ ម៉ុងហៃ បន្ថែម​ថា តុលាការ​ខ្មែរ​ត្រូវ​បាន​អ្នក​កាន់​អំណាច​ប្រើប្រាស់​ជា​ឧបករណ៍​របស់​ពួក​គេ។

មក​ទល់​ពេល​នេះ តុលាការ បាន​ចោទ​ប្រកាន់ និង​ផ្ដន្ទាទោស​លោក សម រង្ស៊ី ជា​ច្រើន​សំណុំរឿង ដែល​លោក សម រង្ស៊ី ខ្លួន​ឯង​អះអាង​ថា លោក​ស្ទើរតែ​មិន​ចាំ​សំណុំរឿង​ទាំង​នោះ​ឡើយ។ ហើយ​ទោស​របស់​លោក​ក្រៅពី​តុលាការ​ផ្ដន្ទាទោស​ចុង​ក្រោយ​អស់​មួយ​ជីវិត​នេះ លោក សម រង្ស៊ី ក៏​ត្រូវ​បាន​តុលាការ​លោក ហ៊ុន សែន ផ្ដន្ទាទោស​ក្នុង​សំណុំរឿង​ផ្សេងៗ ទៀត ដែល​សរុប​ទាំង​អស់​ជិត ១០០ឆ្នាំ​រួច​ទៅ​ហើយ​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។