មន្ត្រីសង្គមស៊ីវិល និងសារព័ត៌មាន ស្នើទៅសាលាដំបូងរាជធានីភ្នំពេញ គួររកមធ្យោបាយ ដើម្បីអាចឱ្យសាធារណជនទូទៅអាចតាមដានសវនាការ របស់លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ។ សំណើនេះ ធ្វើឡើងដោយសារតែ សាលាដំបូងរាជធានីភ្នំពេញតម្រូវឱ្យអ្នកចង់ចូលរួមស្ដាប់ ឬឃ្លាំមើលការបើកសវនាការលើសំណុំរឿងលោក កឹម សុខា នៅថ្ងៃទី១៥ ខែមករាខាងមុខនោះ ត្រូវទៅចុះឈ្មោះនៅរដ្ឋបាលរបស់តុលាការជាមុន ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែមករា ម៉ោង ១១កន្លះព្រឹក។
ប្រធានគ្រប់គ្រងការិយាល័យឃ្លាំមើលសិទ្ធិមនុស្សរបស់អង្គការលីកាដូ (Licadho) លោក អំ សំអាត មានប្រសាសន៍ថា ក្រុមការងារអង្គការលីកាដូ នឹងតាមដានឃ្លាំមើលសវនាការរបស់លោក កឹម សុខា។ មន្ត្រីសង្គមស៊ីវិលរូបនេះបន្តថា លោកទទួលស្គាល់ថា បន្ទប់សវនាការសាលាដំបូងរាជធានីភ្នំពេញផ្ទុកមនុស្សបានតិចពិតមែន ប៉ុន្តែលោកយល់ថា សាលាដំបូងក្រុងភ្នំពេញអាចយកគំរូតាមសាលាក្ដីខ្មែរក្រហមដោយផ្សាយផ្ទាល់ចេញពីបន្ទប់សវនាការមកក្រៅ ដើម្បីឱ្យសាធារណជនអាចតាមដានស្ដាប់បានដែរ។ លោក អំ សំអាត យល់ថា ពលរដ្ឋរាប់ម៉ឺននាក់ ក៏ចង់ឃើញពីទិដ្ឋភាពនៃសវនាការនេះដែរ ហើយការអនុញ្ញាតឱ្យសាធារណជនបានដឹងពីសវនាការនេះ ជាការបង្ហាញតម្លាភាពក្នុងពេលជំនុំជម្រះក្ដី៖ «ប្រជាពលរដ្ឋច្រើនណាស់ដែលលោកកំពុងតែតាមដាននូវសំណុំរឿងឯកឧត្ដម កឹម សុខា ហើយជាពិសេសសហគមន៍អន្តរជាតិក៏កំពុងតែតាមដានដែរ ហើយខ្ញុំយល់ថា ជាតម្លាភាព ជាការបង្ហាញព័ត៌មានជាក់លាក់ដល់សាធារណជនគួរតែមានមធ្យោបាយណាមួយដើម្បីសាធារណជនបានទស្សនា»។
សេចក្តីជូនដំណឹងរបស់សាលាដំបូងរាជធានីភ្នំពេញផ្សាយ កាលពីថ្ងៃទី៩ មករា ឱ្យដឹងថា សាធារណជន ចង់ចូលរួមស្ដាប់ ឬឃ្លាំមើលសវនាការកាត់ក្តីលោក កឹម សុខា ត្រូវទាក់ទងលេខាធិការដ្ឋាននៃសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចុះឈ្មោះ និងទទួលយកប័ណ្ណចូលរួមសវនាការ។
តុលាការអនុញ្ញាតឱ្យអ្នកចូលរួមស្ដាប់សវនាការ ប្រមាណ ៣០នាក់ប៉ុណ្ណោះ ដោយអះអាងថា ដើម្បីឱ្យដំណើរការសវនាការប្រព្រឹត្តទៅដោយ រលូន ធានាសណ្ដាប់ធ្នាប់ និងរបៀបរៀបរយឱ្យបានល្អប្រសើរ។
ទោះបីយ៉ាងណាក៏ដោយ អ្នករាយការណ៍ព័ត៌មាននៃវិទ្យុ វីអូឌី (VOD) របស់មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) លោក ពៅ មេត្តា យល់ថា ការរឹតត្បិតរបស់តុលាការ មិនអាចធ្វើឱ្យអ្នកចូលរួមស្ដាប់បានទូលំទូលាយឡើយ។ លោកព្រួយបារម្ភថា អ្នកសារព័ត៌មានមិនអាចចូលស្ដាប់ក្នុងសវនាការបាន ដែលអាចបណ្ដាលឱ្យប៉ះពាល់ដល់ ដំណើររាយការណ៍ព័ត៌មាន៖ «តាមពិតបើយើងអត់បានចូលរួមផ្ទាល់ផងធ្វើម៉េចបានយើងរាយការណ៍អស់ ហើយបើត្រឹមស្ដាប់អ្នកចូលឃ្លាំមើល ឬក៏ស្ដាប់មេធាវី ធម្មតាគឺបាត់ខ្លឹមសារមួយតង់ទៀតហើយ»។
លោកក៏ចង់ឃើញតុលាការអនុញ្ញាតឱ្យមានការផ្សាយវីដេអូនៃ ទិដ្ឋភាព សវនាការមកក្រៅ ដើម្បីឱ្យអ្នកនៅក្រៅសវនាការអាចស្ដាប់ និងឃើញពីសកម្មភាពសវនាការនេះ ហើយថែមទាំងអាចផ្ដល់ភាពងាយស្រួលដល់អ្នកកាសែតរាយការណ៍អំពីព័ត៌មាននោះ។
អ្នកវិភាគនយោបាយ និងសង្គមដែលហ៊ានរិះគន់លោក ហ៊ុន សែន ឥតសំចៃមាត់ និងកំពុងនិរទេសខ្លួននៅក្រៅប្រទេស លោក គឹម សុខ ទាយទុកជាមុនថា តុលាការនឹងមិនទម្លាក់ចោលការចោទប្រកាន់លើលោក កឹម សុខា ទេ ព្រោះការទម្លាក់ចោលបទចោទនេះ អាចធ្វើឱ្យប៉ះពាល់ដល់ការកាន់អំណាចរបស់លោក ហ៊ុន សែន។ ប៉ុន្តែអ្នកវិភាគរូបនេះយល់ថា តុលាការនឹងបន្ធូរបន្ថយខ្លះលើលោក កឹម សុខា ដើម្បីបន្លំភ្នែកសហគមន៍អន្តរជាតិថា របបក្រុងភ្នំពេញកំពុងកែខ្លួនឡើងវិញ៖ «ជារូបបន្តិចបន្តួចដើម្បីគាត់ ( លោក ហ៊ុន សែន ) អួតការអនុគ្រោះនយោបាយ ឬក៏អំពីភាពធូរស្រាលនៃស្ថានការណ៍នយោបាយនៅប្រទេសកម្ពុជា ដែលគាត់ធ្លាប់ផ្សព្វផ្សាយពីមុខមាត់របស់គាត់អ៊ីចឹង»។
លោក កឹម សុខា ត្រូវតុលាការចោទប្រកាន់ក្នុងសំណុំរឿងសន្ទិដ្ឋភាព ឬការត្រូវរ៉ូវជាមួយបរទេស ដើម្បីផ្ដួលរំលំរដ្ឋាភិបាល ដែលប្រព្រឹត្តនៅប្រទេសកម្ពុជា និងទីកន្លែងផ្សេងទៀត កាលពីអំឡុងឆ្នាំ១៩៩៣ រហូតដល់ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧។ បច្ចុប្បន្នលោក កឹម សុខា ត្រូវបាន
តុលាការ ដាក់ឱ្យនៅក្រោមការត្រួតពិនិត្យ ហាមឃាត់មិនឱ្យធ្វើនយោបាយ និងចេញក្រៅប្រទេស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។