តុលាការក្រុងភ្នំពេញគ្រោងនឹងបើកសវនាការជំនុំជម្រះក្តីលើសំនុំរឿងលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ឡើងវិញនៅពេលឆាប់ខាងមុខនេះ។
ប្រធានតុលាការក្រុងភ្នំពេញ លោក តាំង ស៊ុនឡាយ បានឲ្យវិទ្យុអាស៊ីសេរីដឹងដោយខ្លីនៅរសៀលថ្ងៃសៅរិ៍ ទី២០ វិច្ឆិកាថា ក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ បានប្រជុំពិភាក្សាគ្នាហើយថា នឹងលើកយកសំណុំរឿងក្តីលោក កឹម សុខា ជំនុំជម្រះបន្តទៀតនៅចុងឆ្នាំ២០២១ ឬយ៉ាងយូរនៅដើមឆ្នាំ២០២២ខាងមុខ៖ «ឮថាក្រុមប្រឹក្សា គាត់ពិភាក្សាគ្នាហើយ រកដាក់កម្មវិធីហើយ អ៊ីចឹងថ្ងៃណាច្បាស់លាស់អីយើងមិនទាន់ដឹងទេ ដោយសារឥឡូវមិនទាន់អាចដំណើរការបាន។ អ៊ីចឹងមិនទាន់កំណត់ថ្ងៃច្បាស់ទេ ឮថាបានជជែកគ្នាហើយ ប្រមូលគ្នាពិភាក្សាហើយ ខ្ញុំអត់ទាន់ច្បាស់ដែរចាំមើលឲ្យគាត់ពិភាក្សាគ្នាសិនទៅ ព្រោះខាងក្រុមប្រឹក្សាត្រូវជជែកគ្នាមុនបាទ… .!!»។
តុលាការក្រុងភ្នំពេញបានផ្អាកសវនាការសំណុំរឿងលោក កឹម សុខា រយៈពេលជាងមួយឆ្នាំមកហើយ។ ក្រុមមេធាវីលោក កឹម សុខា បានដាក់ពាក្យស្នើសុំទៅសាលាដំបូងរាជធានីភ្នំពេញឲ្យបើកការជំនុំជម្រះជាបន្តបន្ទាប់ ប៉ុន្តែតុលាការតែងលើកហេតុផលទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។ តុលាការក៏លើកហេតុផលដែរថា សំណុំរឿងនេះ មិនមែនជារឿងក្តីអាទិភាព ព្រោះលោក កឹម សុខា កំពុងស្ថិតនៅក្រៅឃុំ។
ការដែលតុលាការផ្អឹបទុកសំណុំរឿងនេះ គឺស្របទៅតាមការចង់បានរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានថ្លែងក្នុងកិច្ចប្រជុំបិទទ្វារគណៈរដ្ឋមន្ត្រី កាលពីខែសីហា ឆ្នាំ២០២០ ថា លោកចង់ឱ្យសំណុំរឿងនេះ ដំណើរការនៅក្រោយការបោះឆ្នោតឆ្នាំ២០២២ និង២០២៣ ខាងមុខ។
សហមេធាវីការពារក្តីឲ្យលោក កឹម សុខា គឺអ្នកស្រី ម៉េង សុធារី បានឲ្យអាស៊ីសេរីដឹងដែរថា មកដល់ពេលនេះ អ្នកស្រីមិនទាន់បានទទួលដំណឹងថ្មីណាមួយពីតុលាការ ទាក់ទងនឹងសំណុំរឿងរបស់កូនក្តីគាត់នៅឡើយទេ៖ «ខ្ញុំចង់ឃើញដំណើរការកាត់ក្តីប្រកបដោយយុត្តិធម៌…» ។
មន្ត្រីសិទ្ធិមនុស្សយល់ថា តុលាការបន្តពន្យារពេលជំនុំជម្រះសំណុំរឿងលោក កឹម សុខា ក្រោមហេតុផលទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ គឺជាហេតុផលមិនទាន់ពេញលេញនៅឡើយ និងធ្វើឲ្យខាតប្រយោជន៍ខាងជនជាប់ចោទ។
តុលាការបានចោទប្រកាន់លោក កឹម សុខា ពីបទ «សន្ទិដ្ឋិភាព ឬការត្រូវរ៉ូវគ្នាជាមួយបរទេស» ដើម្បីផ្តួលរំលំរដ្ឋាភិបាល ខណៈលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចោទមេបក្សប្រឆាំងរូបនេះថា បានប្រព្រឹត្តអំពើក្បត់ជាតិ។ ក៏ប៉ុន្តែរយៈពេលជាង ៣ ឆ្នាំ មកនេះ ទាំងលោក ហ៊ុន សែន និងតុលាការ មិនបានបង្ហាញភស្តុតាងរឹងមាំដែលគាំទ្រដល់ការចោទប្រកាន់លោក កឹម សុខា នោះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។