អ្នកឃ្លាំមើលថា ការណ៍ដែលកម្ពុជាត្រូវពន្យល់ចិន (China) អំពីមូលហេតុដែលខ្លួនបានបោះឆ្នោតគាំទ្រសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិអំពាវនាវឱ្យរុស្ស៊ី (Russia) បញ្ឈប់ការវាយប្រហារជាបន្ទាន់លើប្រទេសអ៊ុយក្រែន (Ukraine) ឆ្លុះបញ្ចាំងពីភាពគ្មានឯករាជ្យ និងនៅតែរណបចិន។
អ្នកជំនាញច្បាប់ និងវិទ្យាសាស្ត្រនយោបាយអន្តរជាតិកញ្ញា សេង ធារី ដែលបច្ចុប្បន្នកំពុងទទួលរងការធ្វើទុក្ខបុកម្នេញពីសំណាក់ប្រព័ន្ធតុលាការកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់វិទ្យុអាស៊ីសេរី កាលពីយប់ថ្ងៃទី៦ ខែមីនា ថា ការណ៍រដ្ឋមន្ត្រីការបរទេសកម្ពុជាចាំបាច់ត្រូវពន្យល់ប្រាប់ភាគីចិន ជុំវិញមូលហេតុដែលខ្លួនមិនព្រមធ្វើតាមចិនដូច្នេះ វាបានឆ្លុះបញ្ចាំងថា ចិននៅតែគ្រប់គ្រងកម្ពុជា ហើយកម្ពុជាចាំបាច់ត្រូវតែរាយការណ៍ប្រាប់ភាគីចិនរាល់បញ្ហាដែលខ្លួនសម្រេចចិត្តនៅលើឆាកអន្តរជាតិ៖« មកពីចិនជាមេជាក់ស្តែង ហើយលទ្ធិប្រជាធិបតេយ្យ ហើយឯករាជ្យ បូរណភាព ដែនដី នៅកម្ពុជាជាភាពក្លែងក្លាយ មិនជាក់ស្តែង។ ដូច្នេះ មន្ត្រីក្រសួងការបរទេសគាត់គិតថា គាត់ត្រូវការ ទៅផ្តល់ព័ត៌មានទៅមេគាត់នៅក្នុងការសម្រួលអារម្មណ៍ ពីព្រោះការសម្រេចនៅអង្គការសហប្រជាជាតិ វាប្រឆាំងនឹងអ្វីដែលចិនចង់បាន ពីព្រោះវាស្របនឹងអ្វីដែលអាមេរិកចង់បាន »។
ការលើកឡើងនេះ កើតមានឡើងក្រោយពេលរដ្ឋមន្ត្រីការបរទេសកម្ពុជាលោក ប្រាក់ សុខុន បានពន្យល់ប្រាប់តំណាងពិសេសរបស់រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) គឺអ្នកស្រី យ៉ាង យ៉ាន់យី (Yang Yanyi) អំពីហេតុផលដែលនាំឱ្យរដ្ឋាភិបាលកម្ពុជាសម្រេចចិត្តចូលរួមជាប្រទេសសហស្ថាបនិកនៃសេចក្តីសម្រេចចិត្តនៃកិច្ចប្រជុំពិសេសបន្ទាន់របស់មហាសន្និបាតអង្គការសហប្រជាជាតិ ស្តីពីស្ថានការណ៍នៅក្នុងប្រទេសអ៊ុយក្រែន។ ការពន្យល់ប្រាប់ពីហេតុផលទៅភាគីចិននេះ ធ្វើឡើងនៅក្នុងជំនួបរវាងរដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន និងតំណាងពិសេសរបស់រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី គឺអ្នកស្រី យ៉ាង យ៉ាន់យី កាលពីថ្ងៃទី៤ ខែមីនា នៅក្រសួងការបរទេសកម្ពុជា។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាលោក ជុំ សុន្ទរី កាលពីថ្ងៃទី០៦ ខែមីនា ដើម្បីសុំការអត្ថាធិប្បាយអំពីមូលហេតុដែលកម្ពុជាចាំបាច់ត្រូវពន្យល់ប្រាប់ចិនក្នុងរឿងនេះ ខណៈកម្ពុជាតែងអះអាងថា ខ្លួនជារដ្ឋអធិបតេយ្យ និងមានឯករាជ្យគ្រប់គ្រាន់លើរាល់ការសម្រេចចិត្តនៅលើឆាកអន្តរជាតិនោះ។
កញ្ញា សេង ធារី ព្រួយបារម្ភថា ការធ្វើដូច្នេះរបស់កម្ពុជាឆ្លុះបញ្ចាំងឱ្យឃើញពីភាពទន់ខ្សោយរបស់កម្ពុជា និងថាចិនកំពុងគ្រប់គ្រងនិងមានឥទ្ធិពលមកលើកម្ពុជាដដែល។
កាលពីថ្ងៃទី១ ខែមីនា កម្ពុជាបានបោះឆ្នោតមិនធ្វើតាមប្រទេសកុម្មុយនិស្តចិន (China) វៀតណាម (Vietnam) និងឡាវ (Lao) ហើយបែរជាមកគាំទ្រជាមួយបណ្តាប្រទេសសរុបជាង១៤០ប្រទេសនៅលើពិភពលោក គាំទ្រ និងចូលរួមធ្វើជាប្រទេសសហស្ថាបនិកនៃសេចក្តីសម្រេចដែលទាមទារឱ្យរុស្ស៊ីបញ្ឈប់ជាបន្ទាន់នូវប្រតិបត្តិការយោធារបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែន។ ក្រុមអ្នកឃ្លាំមើលយល់ឃើញថា កម្ពុជាកំពុងប្រើនយោបាយ «ឱកាសនិយម» ក្នុងសំណុំរឿងសង្គ្រាមរុស្ស៊ី (Russia) ឈ្លានពានអ៊ុយក្រែន (Ukraine) ដើម្បីផ្គាប់ចិត្តក្រុមប្រទេសលោកខាងលិចនៅមុនកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក (ASEAN-US Special Summit)។
ទោះជាយ៉ាងណាក៏ដោយចុះអ្នកសង្កេតការណ៍មួយចំនួនបានកោតសរសើរកម្ពុជាដែលបានចូលបោះឆ្នោតជាមួយប្រទេសជាង១៤០ផ្សេងទៀតឈរខាងសន្តិភាពនិយម ទាមទារឱ្យរុស្ស៊ីបញ្ឈប់ជាបន្ទាន់នូវប្រតិបត្តិការយោធានៅក្នុងប្រទេសអ៊ុយក្រែន។ មកដល់ថ្ងៃអាទិត្យម្សិលមិញមានជនភៀសខ្លួនអ៊ុយក្រែន ១លាន៥សែននាក់ហើយបានភៀសខ្លួនចេញពីប្រទេសរបស់ខ្លួនដោយសារតែការឈ្លានពានដ៏បង្ហូរឈាមរបស់កងទ័ពរុស្ស៊ីទៅក្នុងប្រទេសអ៊ុយក្រែន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។