លោក ហ៊ុន សែន បាន​រំលឹកអនុស្សាវរីយ៍​បង្កើត​វប្បធម៌​សន្ទនា​ជា​មួយ​លោក សម រង្ស៊ី នាឱកាស​លប​ចូលប្រជុំ​ជាមួយ​មន្រ្តី​ជាន់​ខ្ពស់​បក្ស​ប្រឆាំង

ដោយ ទីន ហ្សាការីយ៉ា
2021.09.14
លោក ហ៊ុន សែន បាន​រំលឹកអនុស្សាវរីយ៍​បង្កើត​វប្បធម៌​សន្ទនា​ជា​មួយ​លោក សម រង្ស៊ី នាឱកាស​លប​ចូលប្រជុំ​ជាមួយ​មន្រ្តី​ជាន់​ខ្ពស់​បក្ស​ប្រឆាំង លោក សម រង្ស៊ី និង​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ពេលចរចានៅរដ្ឋសភាដើម្បី​ឈានទៅបង្កើត​វប្បធម៌​សន្ទនាជាមួយគ្នា​កាលពី​ឆ្នាំ ២០១៤។
រូប៖ RFA

សារសម្លេង​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន លបចូលរួម​ប្រជុំ​ជាមួយ​មន្រ្តីជាន់ខ្ពស់​គណបក្ស​ប្រឆាំង​ ត្រូវ​បាន​ហ្វេសប៊ុក​ឈ្មោះ ផែង វណ្ណៈ បញ្ចេញ​ផ្សព្វផ្សាយ​ជា​សាធារណៈ។ ការបញ្ចេញ​សម្លេង​នេះ ធ្វើ​ឡើង​នៅ​ក្រោយ​ពី​លោក សម រង្ស៊ី បាន​ប្រកាស​ប្រាប់​អ្នក​គាំទ្រ​របស់​ខ្លួនកាល​ពី​ថ្ងៃទី១១ ខែកញ្ញា​ នៅ​រដ្ឋវ៉ាស៊ីនតោន (Washington State)។ កិច្ចប្រជុំនោះលោក ហ៊ុន សែន បានរំលឹក​អំពី​អនុស្សាវរីយ៍​ជាមួយលោក សម រង្ស៊ី ដែល​បាន​បង្កើត​វប្បធម៌​សន្ទនា​ឡើង​ និង​ការជួបជុំ​បរិភោគ​អាហារ​ជា​លក្ខណៈគ្រួសារ​ទាំង​ពីរ​ទៀត​ផង។

អ្នកវិភាគ​លើក​ឡើង​ថា មេដឹកនាំ​គណបក្ស​ប្រឆាំង​លោក សម រង្ស៊ី និង មេដឹកនាំ​គណបក្ស​កាន់​អំណាច​លោក ហ៊ុន សែន គួរតែងាក​មក​តុចរចា​វិញ ដើម្បី​តម្កល់​ជាតិ​ជា​ធំ។

លោក បណ្ឌិត សេង សារី មាន​ប្រសាសន៍​ថា ជារឿងមិន​ធម្មតា​ទេ ដែល​ប្រមុខ​រដ្ឋាភិបាល​លប​ចូល​ក្នុង​កិច្ចប្រជុំ​របស់​សកម្មជន​គណបក្ស​សង្រ្គោះ​ជាតិ ដែល​ពេល​នោះ​​កំពុង​ដឹកនាំ​ប្រជុំ​ដោយ​លោក ឡុង រី។ លោកបណ្ឌិត សេង សារី បន្ថែមថា លោក ហ៊ុន សែន លបចូលកិច្ចប្រជុំនេះអាចថា ជា​ការ​គំរាមកំហែង​ផង ឬ​ក៏​អាច​ជា​ការ​បន្ទន់​ឥរិយាបទចង់​ចរចា​ជា​មួយ​គណបក្ស​ប្រឆាំង​ផង។ លោក​បន្ថែម​ថា​ របប​ឯក​បក្ស​សព្វ​ថ្ងៃ​នេះ ហាក់បី​ដូចជា​ស្ថិត​នៅ​ក្នុង​ភាព​ទ័លច្រក ដោយសារ​តែ​វិបត្តិ​សេដ្ឋកិច្ចសាកល​ និង​ការ​ហុំព័ន្ធ​សេដ្ឋកិច្ចពី​សហគមន៍​អឺរ៉ុបជា​ដើម៖«...................»

លោក ហ៊ុន សែន បាន​ថ្លែង​ក្នុង​កិច្ចប្រជុំនោះ ពី​រឿង​ផ្ទាល់​ខ្លួន​លោក និងលោក សម រង្ស៊ី។ ក្រៅពី​និយាយ​រឿងផ្ទាល់ខ្លួន​នេះ លោក ហ៊ុន សែន បាន​រំលឹកពី​វប្បធម៌​សន្ទនា​កាល​ពី​ឆ្នាំ២០១៤ ដែល​លោក និង លោក សម រង្ស៊ីបាន​បង្កើត​ឡើង។ ក៏ប៉ុន្តែលោក ហ៊ុន សែន បាន​ចោទ លោក សម រង្ស៊ី ជា​អ្នក​បំផ្លាញវប្បធម៌សន្ទនា​នេះ​ទៅ​វិញ៖«...................................»។

សារសំឡេងរបស់​លោក ហ៊ុន សែន ដែល​គេយក​មក​ផ្សព្វផ្សាយ​តាម​បណ្ដាញ​សង្គម​នេះ នៅ​បន្ទាប់​ពី​លោក សម រង្ស៊ី បានថ្លែង​ប្រាប់​អ្នកគាំទ្រ​របស់​លោក​ថា លោក ហ៊ុន សែន បាន​លប​ចូល​កិច្ចប្រជុំ ដែល​ដឹកនាំ​ដោយ​លោក ឡុង រី តំណាងរាស្រ្ត​របស់​គណបក្ស​សង្រ្គោះជាតិ ដែល​កំពុង​តែ​ភៀស​ខ្លួន​នៅ​សហរដ្ឋ​អាមេរិក។ លោក សម រង្ស៊ី បាន​បង្ហើប​ប្រាប់​អ្នក​គាំទ្រ​ថា លោក ហ៊ុន សែន ជា​មនុស្ស​មាន​កលល្បិច​ច្រើន។ លោក​បន្ថែម​ថា ការ​ប្រើ​វប្បធម៌​សន្ទនា​ជា​មូយ​លោក ហ៊ុន សែន បាន​លុះត្រា​តែ​ធ្វើតាម​លោក ហ៊ុន សែន ទើប​អាច​រក្សា​វប្បធម៌​សន្ទនា​បាន៖«...................»

នៅក្រោយ​ពី​គណបក្ស​ជាប់ឆ្នោត​ទាំង​ពីរ គឺ​គណបក្ស​សង្រ្គោះជាតិ និង គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ដោះស្រាយ​វិបត្តិនយោបាយ​កាល​ពី​ឆ្នាំ២០១៤​នោះ គឺមេដឹកនាំ​គណបក្ស​ទាំងពីរ​បាន​ស្រុះស្រួល​គ្នា​បង្កើត​វប្បធម៌​សន្ទនា​ឡើង ដើម្បី​ដោះស្រាយ​បញ្ហា​ប្រទេស​ជាតិ។ តាម​រយៈវប្បធម៌​សន្ទនា​នេះ លោក សម រង្ស៊ី ត្រូវ​បាន​តែងតាំង​ជា​ប្រធាន​ក្រុមភាគ​តិច​នៅ​ក្នុង​រដ្ឋសភា មាន​ឋានៈ​ស្មើ​នាយករដ្ឋមន្រ្តី។ នៅក្នុង​កិច្ចប្រជុំ​សភា​ជាលើក​ដំបូង​ក្នុង​ឆ្នាំ២០១៤ ទាំង​លោក ហ៊ុន សែន និង​លោក សម រង្ស៊ី បាន​ប្រកាស​នៅ​ក្នុង​សភា​ទាំង​ដោយ មោទនភាពថា ពួកលោកទាំង​ពីរ​បានបង្កើត​វប្បធម៌​សន្ទនា​នេះ ហើយ​ជា​ប្រវត្តិសាស្រ្តសំរាប់​កម្ពុជា​ដែរ។ ភាពល្អូកល្អើន​រវាងលោក ហ៊ុន សែន និង លោក សម រង្ស៊ី មិន​បាន​យូរ​អង្វែង​ឡើយ។ មន្រ្តី និងតំណាង​រាស្ត្រ​បក្សសង្គោះជាតិ​ត្រូវ​បាន​លោក ហ៊ុន សែន បញ្ជា​ឱ្យចាប់​ដាក់​ពន្ធនាគារ​ជា​បន្តបន្ទាប់ រហូតដល់រំលាយ​គណបក្ស​សង្រ្គោះ​ជាតិនៅ​ក្នុង​ឆ្នាំ២០១៧ និងចាប់​ប្រធាន​គណបក្សនេះ ​គឺ​លោក កឹម សុខា ដាក់​ពន្ធនាគារ​ទៀត​ផង។

ទោះបី​ជា​យ៉ាង​ណាក្ដី អ្នកវិភាគ​អះអាង​ថា ឥលូវ​នេះ លោក ហ៊ុន សែន និងលោក សម រង្ស៊ី មិន​ទាន់​ហួស​ពេលទេ ក្នុង​ការងាក​មក​ប្រើ​យន្តការ​សន្ទនា ដើម្បី​បញ្ចប់​វិបត្តិនយោបាយ​នាពេល​បច្ចុប្បន្ន និង​តម្កល់​ប្រយោជន៍​ជាតិ​ជា​ធំ។ ហើយមេដឹកនាំ​ទាំង​ពីរ​គួរតែ​បញ្ចប់​រឿងគំនុំ​បុគ្គល​នៅក្នុង​ពេល​ប្រជាពលរដ្ឋ​កំពុង​ជួបប្រទះស្ថានភាព​លំបាក ដោយ​សារ​តែ​ជំងឺកូវីដ-១៩ផង ដោយ​ងាក​មក​ផ្សះផ្សា​ព្រោះទាំងអស់​សុទ្ធតែមានឈាម​ជ័រ​ជាខ្មែរដូចគ្នា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
សង្គម​ស៊ីវិល​រំពឹង​ថា​ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ថ្មី​នឹង​បន្ត​ចូល​រួម​លើក​ស្ទួយ​ប្រជាធិបតេយ្យ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។