លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថា លោកនឹងមិនរៀបចំជួបអ្នកគាំទ្រ នៅបុរីញូវយ៉ក ខណៈលោកទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៧ នៅចុងសប្ដាហ៍នេះទេ។
លោក ហ៊ុន សែន បានសរសេរនៅលើហ្វេសប៊ុកថ្ងៃទី២០ កញ្ញានេះថា លោកនឹងដឹកនាំគណៈប្រតិភូទៅបុរីញូវយ៉ក ដើម្បីចូលរួមប្រជុំ មហាសន្និបាតអង្គការសហប្រជាជាតិ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ កញ្ញា។
នេះជាលើកទី២ហើយ ដែលលោក ហ៊ុន សែន បានមកចូលរួមកិច្ចប្រជុំនៅសហរដ្ឋអាមេរិក នៅក្នុងឆ្នាំ២០២២ នេះ។ កាលពីថ្ងៃខែឧសភា លោកបានដឹកនាំគណៈប្រតិភូមកចូលរួមកិច្ចប្រជុំអាស៊ាន-អាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន។
លោក ហ៊ុន សែន បានប្រាប់ពីមូលហេតុ ដែលលោកមិនរៀបចំជួបជុំពលរដ្ឋខ្មែរអាមេរិកាំងនៅញូវយ៉កនេះ ដោយសារតែលោកមានពេលវេលាខ្លី និងមានកម្មវិធីច្រើន។ ម្យ៉ាងលោក ក៏ទើបតែជួបពលរដ្ឋខ្មែរអាមេរិកាំង និងពលរដ្ឋខ្មែរមកពីកាណាដា នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីខែឧសភាដែរ។
នៅខណៈលោក ហ៊ុន សែន ជួបអ្នកគាំទ្រនៅរដ្ឋធានីវ៉ាស៊ីនតោន ឌីស៊ីនោះ ខ្មែរ-អាមេរិកាំងម្នាក់ គឺលោក អ៊ុក ទួច ដែលមិនពេញចិត្ត ចំពោះអំពើ និងការដឹកនាំប្រទេសរបស់លោក ហ៊ុន សែន បានដោះស្បែកជើងគប់តម្រង់ក្បាលលោក។
ក្រុមអ្នកតាមដានសង្គមលើកឡើងថា ហាក់ដូចជារឿងចម្លែក ដែលលោក ហ៊ុន សែន ពេលនេះមិនរៀបចំឲ្យមានមនុស្សទៅទទួលស្វាគមន៍លោកនៅបុរីញូវយ៉កដូចពេលមុន។ ពួកគេលើកឡើងថា ទំនងជាលោក ហ៊ុន សែន អាចខ្លាចស្បែកជើងហោះជាថ្មីទៀតក៏ថាបាន។
នៅស្របពេលលោក ហ៊ុន សែន ប្រកាសថា មិនជួបជុំអ្នកគាំទ្រលោកនេះ ខាងគណបក្សប្រឆាំង និងពលរដ្ឋខ្មែរនៅអាមេរិកមួយចំនួន គ្រោងនឹងរៀបចំបាតុកម្មប្រឆាំងវត្តមានលោក និងទាមទារឲ្យរបបក្រុងភ្នំពេញស្ដារប្រជាធិបតេយ្យ ដោះលែងអ្នកទោសនយោបាយទាំងអស់ និងគោរពសិទ្ធិមនុស្សឡើងវិញ។
ក្រោយពីចូលរួមប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិនោះ នៅល្ងាចថ្ងៃទី២៣ ឧសភា លោក ហ៊ុន សែន នឹងបន្តដំណើរទៅទស្សនកិច្ចផ្លូវការនៅប្រទេសគុយបា បន្ទាប់មកនឹងបន្តដំណើរទៅទីក្រុងតូក្យូ (Tokyo) ប្រទេសជប៉ុន ដើម្បីចូលរួមបុណ្យសព លោក ស៊ិនហ្សូ អាបេ អតីតនាយករដ្ឋមន្ត្រីជប៉ុន ដែលត្រូវខ្មាន់កាំភ្លើងម្នាក់បាញ់សម្លាប់។ រីឯនៅប្រទេសគុយបា លោក ហ៊ុន សែន មានគម្រោងជួបនិស្សិតខ្មែរនៅទីនោះ។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងការបរទេសកម្ពុជា៕