លោក សួង សុភ័ណ្ឌ នឹងប្ដឹងឧទ្ធរណ៍នៅចុងខែកុម្ភៈ ប្រឆាំងសាលក្រមកាត់ក្ដីឲ្យមានទោស

ប្រធានគណបក្សខ្មែរឈ្នះ លោក សួង សុភ័ណ្ឌ កំពុងជាប់ពន្ធនាគារព្រៃស ឬ ម១ នឹងប្ដឹងឧទ្ធរណ៍ប្រឆាំងសាលក្រមតុលាការជាន់ទាប ដែលបានកាត់ក្ដីឲ្យលោកមានទោស និងបានបង្គាប់ឲ្យសងលុយ និងបង់លុយចូលរដ្ឋ ច្រើនសែនដុល្លារ។ នេះបើតាមការបញ្ជាក់ពីប្រពន្ធរបស់លោក សួង សុភ័ណ្ឌ នៅថ្ងៃទី២២ កុម្ភៈ។ អ្នកសិទ្ធិមនុស្សថា ការផ្ដន្ទាទោស និងពិន័យប្រាក់នេះ ជារឿងធ្ងន់ធ្ងរសម្រាប់ លោក សួង សុភ័ណ្ឌ។
ក្រុមគ្រួសាររបស់លោក សួង សុភ័ណ្ឌ នៅតែសោកស្ដាយ ចំពោះការសម្រេចក្ដីដោយអយុត្តិធម៌ នៅដំណាក់កាលសាលាដំបូងរាជធានីភ្នំពេញ។ ប្រពន្ធរបស់លោក សួង សុភ័ណ្ឌ គឺលោកស្រី ហង្ស ផារី កំពុងត្រៀមពិភាក្សាជាមួយប្ដីក្នុងពន្ធនាគារ ដើម្បីរកមេធាវីជួយការពារក្ដី នៅដំណាក់កាលឧទ្ធរណ៍ខាងមុខ។
លោកស្រីឲ្យដឹងថា លោកស្រីនឹងដាក់ពាក្យបណ្តឹងទៅសាលាឧទ្ធរណ៍ នៅចុងខែកុម្ភៈខាងមុខនេះ ដោយសារលោកស្រីចាត់ទុកការដាក់ទោសប្ដីថា ជារឿងអយុត្តិធម៌។ លោកស្រីបន្តថា គ្រួសារលោកស្រីគ្មានលទ្ធភាពសងលុយទៅគណៈកម្មាធិការចម្រុះកិច្ចការព្រំដែន និងបង់លុយពិន័យចូលរដ្ឋ ចំនួន ៥សែនដុល្លារ តាមការបង្គាប់របស់តុលាការទេ។
លោកស្រី ហង្ស ផារី មិនទាន់ដឹងពីស្ថានភាពសុខទុក្ខរបស់លោក សួង សុភ័ណ្ឌ ក្នុងពន្ធនាគារទេ ព្រោះតាំងពីពេលប្រកាសសាលក្រម នៅថ្ងៃទី១០ កុម្ភៈមក លោកស្រីមិនទាន់មានពេលទៅជួបប្ដីនៅឡើយទេ។ តែទោះជាយ៉ាងណាក្ដី លោកស្រីនៅតែរក្សាជំហរថា ប្ដីរបស់លោកស្រីជាប់ពន្ធនាគារដោយអយុត្តិធម៌ ដោយសារលោកមិនប្រព្រឹត្តិកំហុសញុះញង់ ដូចការចោទប្រកាន់ទេ។ លោកស្រីថា សំណុំរឿងនេះ ជាចេតនានយោបាយធ្វើបាបលោក សួង សុភ័ណ្ឌ ហើយលោកស្រីទទូចដល់រដ្ឋាភិបាលឱ្យដោះលែងប្ដីលោកស្រីវិញ៖ «នៅតែសំណូមពរដដែល ឲ្យទម្លាក់ចោលការចោទប្រកាន់។ ឲ្យរដ្ឋាភិបាល ក៏ដូចជា លោក វ៉ា គឹមហុង ហ្នឹង គាត់ទម្លាក់ចោលការចោទប្រកាន់ ទម្លាក់ចោលការសងជំងឺចិត្តនេះ ព្រោះខ្ញុំអត់មានលទ្ធភាពទេ ហើយសុំឲ្យគាត់ដោះលែងប្ដីខ្ញុំ ឲ្យគាត់មានសេរីភាពឡើងវិញទៅ។ គាត់អត់មានខុសអ្វីទេ»។
ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក លិ សុខា បានបើកសវនាការ កាលពីថ្ងៃទី១០ កុម្ភៈ កាត់ទោសលោក សួង សុភ័ណ្ឌ ឱ្យជាប់ពន្ធនាគាររយៈពេល ១ឆ្នាំកន្លះ (២០ខែ) និងបង្គាប់ឱ្យសងលុយជំងឺចិត្តទៅគណៈកម្មាធិការចម្រុះកិច្ចការព្រំដែនជាដើមបណ្ដឹង និងបង់ពិន័យចូលរដ្ឋ សរុបចំនួន ២ពាន់លានរៀល ឬស្មើនឹង ៥សែនដុល្លារ ក្រោមបទ ញុះញង់ បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ពាក់ព័ន្ធនឹងបញ្ហាព្រំដែន នៅចំណុចឃុំត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ។
អាស៊ីសេរី មិនអាចសុំការបកស្រាយពីអាជ្ញាធរគណៈកម្មាធិការចម្រុះកិច្ចការព្រំដែនកម្ពុជា លោក វ៉ា គឹមហុង និងអ្នកស្រី កុយ ពិសី បានទេ នៅថ្ងៃទី២២ កុម្ភៈ។ តែយ៉ាងនេះក្ដី អ្នកស្រី កុយ ពិសី បានប្រាប់កាសែតក្នុងស្រុកថា អ្នកស្រីមិនធ្វើអត្ថាធិប្បាយជុំវិញសេចក្ដីសម្រេចរបស់តុលាការទេ។ ទោះជាយ៉ាងនេះក្ដី លោកនាយករដ្ឋមន្ត្រីហ៊ុន សែន គឺជាអ្នកបញ្ជាឲ្យនគរបាលទៅចាប់ខ្លួន លោក សួង សុភ័ណ្ឌ កាលពីថ្ងៃទី១៤ សីហា។ លោក ហ៊ុន សែន អះអាង កាលពីពាក់កណ្ដាលខែសីហា ឆ្នាំ២០២០ ថា ការចាប់នេះ ដោយសារលោក សួង សុភ័ណ្ឌ បាននិយាយថា ការដោះដូរដីជាមួយប្រទេសជិតខាង គឺជាទោសក្បត់ជាតិ៖ «ម្ដេចបានអ្នកឯងហ៊ាននិយាយថា នេះគឺជាទោសក្បត់ជាតិ? ឥឡូវខ្ញុំចាប់អ្នកឯង បញ្ចូលទ្រុង អត់ទុកយូរ។ ការពិតថ្ងៃប្រជុំគណៈរដ្ឋមន្ត្រី ខ្ញុំបានប្រាប់នៅក្នុងគណៈរដ្ឋមន្ត្រីថា រង់ចាំមើលនូវសេចក្ដីថ្លែងការណ៍របស់ប្រធានគណបក្សនយោបាយមួយ ដែលគេនឹងចេញសេចក្ដីថ្លែងការណ៍។ បើចេញសេចក្ដីថ្លែងការណ៍ ដូចអ្នកមុន ក៏ត្រូវចាប់ដូចអ្នកមុន។ ប៉ុន្តែបែរជាចេញពីគណៈរដ្ឋមន្ត្រី ខ្ញុំបានទទួលអា Cambodia daily វា live ជាមួយអាដែង នែ អាម្នាក់ហ្នឹង។ វាចាត់ទុកថា ការដោះដូរដី គឺជាទោសក្បត់ជាតិ»។
ជុំវិញករណីនេះ អ្នកឃ្លាំមើលសិទ្ធិមនុស្សរំពឹងថា សាលាឧទ្ធរណ៍នឹងពិចារណារឿងក្ដីនេះឡើងវិញ ព្រោះការសម្រេចក្ដីរបស់តុលាការជាន់ទាប គឺជាបន្ទុកធ្ងន់ធ្ងរសម្រាប់លោក សួង សុភ័ណ្ឌ។ នាយករងអង្គការលីកាដូ ទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស លោក អំ សំអាត សោកស្ដាយ ដែលតុលាការសម្រេចក្ដីធ្ងន់ធ្ងរលើពលរដ្ឋ ដោយគ្រាន់តែចូលរួមឈឺឆ្អាលក្នុងរឿងសង្គម។ អ្នកឃ្លាំមើលសិទ្ធិមនុស្សរូបនេះ សង្កេតឃើញថា ករណីលោក សួង សុភ័ណ្ឌ គឺជាការប្រើប្រាស់សិទ្ធិបញ្ចេញមតិ រឿងសង្គម និងព្រំដែន៖ «គ្រាន់តែខ្ញុំបានលើកឡើងហើយថា ករណីនេះ វាគ្រាន់តែជាសិទ្ធិ នៅក្នុងការបញ្ចេញមតិ និងសិទ្ធិ នៅក្នុងការឈឺឆ្អាលបញ្ហាព្រំដែន និងសង្គម អ៊ីចឹងណា។ អ៊ីចឹងយើងមើល មើលទិដ្ឋភាពទាំងអស់ហ្នឹង ការផ្ដន្ទាទោស និងសំណងហ្នឹង វាធ្ងន់ធ្ងរសម្រាប់គាត់»។
លោក សួង សុភ័ណ្ឌ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន បន្ទាប់ពីលោកចុះទៅពិនិត្យបង្គោលព្រំដែន នៅភូមិត្រពាំងផ្លុង ក្នុងខេត្តត្បូងឃ្មុំ ហើយបានរកឃើញភាពមិនប្រក្រតីដូចការរកឃើញរបស់លោក រ៉ុង ឈុន ដែរ។ លើសពីនេះ លោក សួង សុភ័ណ្ឌ តែងតែចូលរួមធ្វើបាតុកម្មជាមួយក្រុមយុវជនទាមទារឱ្យដោះលែងលោក រ៉ុង ឈុន ហើយនៅមុនការចាប់ខ្លួន លោកថែមទាំងមានគម្រោងដឹកនាំពលរដ្ឋតវ៉ានៅទីលានប្រជាធិបតេយ្យទៀតផង។
ក្រៅពីនេះ នគរបាលក៏បានចាប់ខ្លួនសកម្មជននយោបាយ សង្គម បរិស្ថាន អ្នកចម្រៀងរិះគន់សង្គម យុវជន និងព្រះសង្ឃនៃក្រុមខ្មែរថាវរៈ សរុបជិត ៧០នាក់ ដាក់ពន្ធនាគារ ក្រោមបទញុះញង់បទចូលរួមគំនិតក្បត់ និងបទជេរប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាលជាដើម។ អង្គការជាតិ និងអន្តរជាតិរួមទាំងស្ថានទូតប្រទេសប្រជាធិបតេយ្យធំៗ ព្រួយបារម្ភយ៉ាងខ្លាំងអំពីករណីអាជ្ញាធររដ្ឋាភិបាល បន្តចាប់ខ្លួនពលរដ្ឋឥតល្ហែ និងចោទប្រកាន់ដោយគ្មានមូលដ្ឋាន និងការបកស្រាយច្បាប់តាមទំនើងចិត្ត ដើម្បីបំបិទសិទិ្ធសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋក្នុងការបញ្ចេញមតិ និងចូលរួមក្នុងការដោះស្រាយបញ្ហាសង្គម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។