ប្រធាន​សមាគម​ខ្មែរ​នៅ​អូស្ត្រាលី​រិះគន់​ទូត​ខ្មែរ​ថា គួរ​ធ្វើ​ជា​អ្នក​តំណាង​ប្រទេស មិនមែន​តំណាង​បក្ស​ទេ

0:00 / 0:00

ប្រធាន​សមាគម​ខ្មែរ​នៅ​រដ្ឋ​វ៉ិកតូរីយ៉ា (Victoria) ប្រទេស​អូស្ត្រាលី(Australia) រិះគន់ ឯកអគ្គរាជទូត​ខ្មែរ​នៅ​ប្រទេស​នេះ គួរ​ធ្វើការ​តាម​តួនាទី​របស់​ខ្លួន ដោយ​មិនមែន​ជា​តំណាង​របស់​បក្ស​នៅ​ក្នុង​ស្ថានទូត​នោះ​ទេ។ ប្រតិកម្ម​នេះ ធ្វើឡើង​បន្ទាប់​ពី​ប្រធាន​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃ​ទី ៣០ មករា បាន​ជួប​ជាមួយ​ឯកអគ្គរាជទូត​ខ្មែរ​ទើប​តែងតាំង​ថ្មី​ចំនួន ១០​រូប មុន​នឹង​ទៅ​បំពេញ​តួនាទី​តាម​ប្រទេស​នានា។

ប្រធាន​សមាគម​ខ្មែរ​នៅ​បរទេស និង​អង្គការ​សង្គម​ស៊ីវិល​រិះគន់​រដ្ឋាភិបាល​ថា ការដែល​ផ្ដល់​តួនាទី​ឲ្យ​ឯកអគ្គរាជទូត​ជា​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ ឬ​ប្រធាន​គណៈកម្មាធិការ​សាខា​គណបក្ស នៅ​តាម​បណ្តា​ប្រទេស​គឺ​ជា​ការ​ខុសឆ្គង។ ពួកគាត់​យល់ឃើញ​ថា ប្រសិន​បើ​គណបក្ស​កាន់​អំណាច​ចង់​ពង្រឹង​គណបក្ស​ទៅ​តាម​ប្រទេស​នានា គួរ​តែ​ចាត់តាំង​បុគ្គល​ផ្សេង​ក្រៅ​ពី​ឯកអគ្គរាជទូត​ដែល​តំណាង​ឱ្យ​កម្ពុជា​នៅ​ក្រៅ​ប្រទេស។

ប្រធាន​សមាគម​ខ្មែរ​នៅ​រដ្ឋ​វ៉ិកតូរីយ៉ា ប្រទេស​អូស្ត្រាលី(Australia) លោក ជា យូហ៊ន ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី១ កុម្ភៈ នេះ ថា លោក​ចង់​ឃើញ​ប្រទេស​កម្ពុជា​មាន​លទ្ធិប្រជាធិបតេយ្យ​ពិត​ប្រាកដ​ដោយ​គណបក្ស​នយោបាយ​ទាំងអស់ មាន​លទ្ធភាព​ស្មើគ្នា ក្នុង​ការ​ផ្សព្វផ្សាយ ​ការ​ពង្រឹង និង​ក្នុង​ការ​បោះឆ្នោត។ លោក​បន្ត​ថា ការ​តែងតាំង​ឯកអគ្គរាជទូត​ខ្មែរ​ដែល​ជា​តំណាង​របស់​ប្រជាពលរដ្ឋ​មួយ​ប្រទេស ទៅ​ជា​ប្រធាន​គណៈកម្មការ​ពង្រឹង​បក្ស​តាម​ប្រទេស​គឺ​ជា​រឿង​មិន​ត្រូវ​នោះ​ទេ ហើយ​អាច​ធ្វើ​ឲ្យ​ការ​បោះឆ្នោត​នៅ​ខែកក្កដា​ខាង​មុខ​នេះ មិន​មាន​តម្លាភាព។ លោក​ស្នើ​ឲ្យ​ឯកអគ្គរាជទូត​ខ្មែរ​ទាំងអស់ ដែល​បំពេញ​តួនាទី​នៅ​ក្រៅ​ប្រទេស​ ធ្វើ​អ្វី​គ្រប់​យ៉ាង​ឲ្យ​គិត​ដល់​ផលប្រយោជន៍​ជាតិ​ជា​ធំ ជាជាង​គិត​តែ​ពី​ការ​ពង្រឹង​អំណាច​បក្ស និង​ស្វែង​រក​ផលប្រយោជន៍​ដើម្បី​បក្ស​របស់​ខ្លួន។

លោក ជា យូហ៊ន៖ «ខ្ញុំ​ឃើញ​ប្លែក​ឥឡូវ​និង គឺ គេ​មក​បំបែក​បំបាក់ ខ្មែរ​នៅ​តាម​បរទេស​ដែរ ដូច​ជា​នៅ​រដ្ឋ​វ៉ិកតូរីយ៉ា​នៅ​អ៊ីចឹង គេ​មាន​បង្កើត​ខាង​ក្នុង​គណបក្ស ស៊ីភីភី(CPP)គេ​ឥឡូវ​គេ​បង្កើត​សមាគម​គេ​បង្កើត​អ៊ីចឹង​ទៅ​ណា៎ ដល់​សមាគម​គេ​ហ្នឹង​អត់ អត់​ដែល​ធ្វើ​ការ​អ៊ី​ទេ អត់​ធ្វើការ​អ៊ី​ទេ ប៉ុន្តែ​ដល់​កាល​ណា លោក​ធំ​គេ​ហ្នឹង​មក បាន​គេ​ប្រមូល​គ្នា​ទៅ​ស៊ី​ផឹក នៅ​អាណាបេលឡា​នៅ​ រេស្ទឹរ៉ង់(Restaurant)អ៊ីចឹង​ទៅ ហើយ​មិន​បាច់​ចេញ​លុយ ហ៊ី...អ្នក​ណា​ក៏​ចង់​ទៅ​ញាំ​ដែរ​បាទ រួច​អាហ្នឹង​គេ​ហៅ​តែ​គ្នា​គេ​ទេ»។

ប្រតិកម្ម​របស់​ប្រធាន​សមាគម​ខ្មែរ​នៅ​បរទេស​បែប​នេះ បន្ទាប់​ពី​ប្រធាន​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​បេក្ខជន​បន្ត​វេន​នាយករដ្ឋមន្ត្រី​លោក ហ៊ុន ម៉ាណែត ជួប​សំណេះសំណាល​ជាមួយ​ឯកអគ្គរាជទូត​ទាំង​១០រូប ដែល​ទើប​និង​តែងតាំង​ថ្មី មុន​នឹង​ទៅ​បំពេញ​ភារកិច្ច​នៅ​តាម​ប្រទេស​នានា។

តាមរយៈ​ការ​បង្ហោះ​លើ​គណនី​ផ្លូវការ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក(Facebook)របស់​ប្រធាន​ក្រុម​ការងារ​រៀបចំ​អង្គការ​ចាត់តាំង​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ប្រចាំ​ប្រទេស​អូស្ត្រាលី និង​នូវ៉ែលហ្សេឡង់ លោក គឹម សន្តិភាព។ ឯកអគ្គរាជទូត​ទាំង​១០រូបនោះ រួមមាន៖ លោក កុយ គួង ជា​ឯកអគ្គរាជទូត​ប្រចាំ​នៅ​ប្រទេស​ឥណ្ឌា លោក ស្មាន ម៉ាណាន ជា​ឯកអគ្គរាជទូត​ប្រចាំ​ប្រទេស​គុយវ៉ែត លោក ហ៊ុន សារឿន និង​ឯកអគ្គរាជទូត​ផ្សេង​ទៀត។

ជុំវិញ​រឿ​ង​នេះ នាយក​ប្រតិបត្តិ​អង្គការ​និចហ្វិក (NICFEC) លោក សំ គន្ធាមី មាន​ប្រសាសន៍​ថា នៅ​ពេល​ដែល​ឯកអគ្គរាជទូត​ខ្មែរ​នៅ​បរទេស​ធ្វើ​ជា​ប្រធាន​គណៈកម្មាធិការ​ពង្រឹង​បក្ស លោក​ព្រួយបារម្ភ​ខ្លាច ការ​បម្រើ​ផល​ប្រយោជន៍​ពលរដ្ឋ​លំអៀង​ទៅ​រក​គណបក្ស​កាន់អំណាច ។ លោក​ចង់​ឃើញ​ឲ្យ​មាន​ការ​បែងចែក​ឲ្យ​ដាច់​រវាង​មន្ត្រី​តំណាង​ប្រទេស និង​មន្ត្រី​តំណាង​បក្ស។

លោក សំ គន្ធាមី៖ «បាទ​ខ្ញុំ​គ្រាន់​តែ​សំណូមពរ​អ៊ីចឹង មន្ត្រី​គាត់​ធ្វើ​កិច្ចការ​មន្ត្រី​ឲ្យ​ដាច់​ពី​គ្នា​ណា​បាទ គណបក្ស​គួរ​តែ​មាន​តំណាង​គណបក្ស​ផ្សេង​ណា៎ អ្នក​ដែល​ផ្សេង​ក្រៅ​ពី​អគ្គរាជទូត(Ambassador)ហ្នឹង​បាទ»។

វិទ្យុ​អាស៊ីសេរី​នៅ​មិនទាន់​អាច​ទាក់ទង​ទៅ​កាន់​អ្នកនាំពាក្យ​ក្រសួង​ការបរទេស លោក អាន សុឃឿន ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃទី១ កុម្ភៈ នេះ ដោយ​ទូរស័ព្ទ​ចូល​ច្រើន​ដង​គ្មាន​អ្នក​ទទួល។ ប៉ុន្តែ ក្រសួង​ការបរទេស និង​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ ធ្លាប់​ច្រានចោល​ការ​លើកឡើង​ថា ស្ថានទូត​មិន​យកចិត្តទុកដាក់​លើ​ការងារ​ជូន​ពលរដ្ឋ ហើយ​ប្រព្រឹត្ត​អំពើពុករលួយ​ជា​ដើម កាល​ពីថ្ងៃទី២៧ ខែ​មករា​កន្លង​ទៅ ដោយ​បាន​លើកឡើង​ថា​ស្ថានទូត​ខ្មែរ​នៅ​ក្រៅ​ប្រទេស ធ្វើការ​ដោយ​មិន​ខ្លាច​នឿយហត់​ក្នុង​ការ​ជួយ​គាំពារ​ដល់​ប្រជា​ពលរដ្ឋ។

មាត្រា​៣៧ នៃ​ច្បាប់​ស្ដីពី​សហ​លក្ខន្តិកៈ​មន្ត្រីរាជការ​ស៊ីវិល ចែង​ថា មន្ត្រី​រាជការ​ត្រូវ​មាន​អព្យាក្រឹតភាព​ក្នុង​សកម្មភាព​ការងារ និង​ហាម​ឃាត់​ដាច់​ខាត​នូវ​ការប្រើប្រាស់​មុខងារ​របស់​ខ្លួន និង​សម្ភារៈ​របស់​រដ្ឋ ដើម្បី​បម្រើ​សកម្មភាព​នយោបាយ ដូច​ជា​ធ្វើការ​ដើម្បី​ផលប្រយោជន៍​គណបក្ស​នយោបាយ ឬ​ប្រឆាំង​នឹង​គណបក្ស​នយោបាយ​ណាមួយ​ទៀត។ ការ​ប្រព្រឹត្ត​ផ្ទុយ​នឹង​មាត្រា​នេះ ចាត់ទុក​ជា​កំហុស និង​ឆ្គាំ​ឆ្គង​ក្នុង​វិជ្ជាជីវៈ។

ច្បាប់​កំណត់​ថា ឯកអគ្គរាជទូត​តំណាង​ឲ្យ​រដ្ឋាភិបាល មាន​តួនាទី​ដើម្បី​ការពារ បម្រើ​ផលប្រយោជន៍​ជាតិ និង​ប្រជាពលរដ្ឋ​គ្រប់រូប ប៉ុន្តែ​កន្លង​ទៅ ពលរដ្ឋ និង​សង្គម​ស៊ីវិល តែង​រិះគន់​ថា ស្ថានទូត​មិន​យកចិត្តទុកដាក់​លើ​ការងារ​ជូន​ពលរដ្ឋ ហើយ​ប្រព្រឹត្ត​អំពើ​ពុករលួយ ទារ​លុយ​ពី​ពលរដ្ឋ​ពេល​ស្វែងរក​ជំនួយ ឬ​ឯកសារ​ផ្សេងៗ រើសអើង​និន្នាការ​នយោបាយ ប្រើប្រាស់​ម៉ោង​ការងារ​រដ្ឋ​ធ្វើ​ការ​ឲ្យ​បក្ស និង​យក​ទីតាំង​ឯកអគ្គរាជទូត​ខ្មែរ​យក​ធ្វើ​ជា​កន្លែង​ប្រជុំ​បក្ស​ជា​ដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។