អ្នកចូលរួម​វេទិកា​តុមូល​ខួប ​៣០​ឆ្នាំ ២៣ តុលា ជំរុញ​ឱ្យ​រដ្ឋាភិបាល​ស្ដារ​ប្រជាធិបតេយ្យ និង​គោរព​សិទ្ធិមនុស្ស

ដោយ ឡេង ម៉ាលី
2021-10-22
Share
អ្នកចូលរួម​វេទិកា​តុមូល​ខួប ​៣០​ឆ្នាំ ២៣ តុលា ជំរុញ​ឱ្យ​រដ្ឋាភិបាល​ស្ដារ​ប្រជាធិបតេយ្យ និង​គោរព​សិទ្ធិមនុស្ស វេទិកាកិច្ចពិភាក្សា​តុមូល​ស្ដីពី​ខួប ៣០​ឆ្នាំ នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដែល​រៀបចំឡើង​ដោយ​រាជបណ្ឌិត្យសភា​កម្ពុជា​នៅ​រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ២២ តុលា ២០២១។
RFA

អង្គការ​សង្គម​ស៊ីវិល អ្នកវិភាគ និង​អ្នកនយោបាយ ជំរុញ​​​​​​​​​​​​​​​​​​ឱ្យ​រដ្ឋាភិបាល​ស្តារ​ប្រជាធិបតេយ្យ និង​គោរព​សិទ្ធិមនុស្ស ស្របតាម​ខ្លឹមសារ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​។ ពួកគេ​លើកឡើង​បែប​នេះ ក្នុង​វេទិកា កិច្ចពិភាក្សា​តុមូល​ស្ដីពី​ខួប ៣០​ឆ្នាំ នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដែល​រៀបចំឡើង​ដោយ​រាជបណ្ឌិត្យសភា​កម្ពុជា​នៅ​រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ២២ តុលា។

មន្ត្រី​សង្គម​ស៊ីវិល អ្នកវិភាគ និង​អ្នកនយោបាយ​ក្រៅ​រដ្ឋាភិបាល ស្នើ​ឱ្យ​រដ្ឋាភិបាល អនុវត្ត​ខ្លឹមសារ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស ឱ្យ​បាន​ពេញលេញ ដើម្បី​ប្រយោជន៍​រួម​ដល់​ជាតិ ជាពិសេស ការ​ស្តារ​ប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស។

នាយិកា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា អ្នកស្រី ចក់ សុភាព ថ្លែង​ក្នុង​កិច្ចពិភាក្សា​នោះ​ទេ ពាក្យ​ថា សន្តិភាព​ពុំ​មែន​មានន័យថា ទាល់តែ​អវត្តមាន នៃ​សង្គ្រាម​តែ​ម្យ៉ាង​ប៉ុណ្ណោះ​ទេ តែ​ក៏​សំដៅលើ សុខុមាលភាព​របស់​ពល​រដ្ឋ និង​សេរីភាព​បញ្ចេញមតិ ពេញលេញ​របស់​ពលរដ្ឋ​ដើម្បី​ចូលរួម​ដំណើរការ​អភិវឌ្ឍន៍​សង្គម​ជាតិ​ដែរ​។ លោកស្រី​បញ្ជាក់​ថា សន្តិភាព​វិជ្ជមាន គឺ​ពលរដ្ឋ​អាច​ចូលរួម​បាន​ពេញលេញ ក្នុង​សង្គម និង​នយោបាយ ដោយ​គ្មាន​អំពើ​ហិង្សា ការ​គំរាមកំហែង ធ្វើទុក្ខបុកម្នេញ និង ការ​រំលោភ​បំពាន​សិទ្ធិ​៖ «ខ្លឹមសារ​មួយ​សំខាន់​មែនទែន ដែល​បាន​ចង​ក្នុង​កិច្ចព្រមព្រៀង​សន្តិភាព ទីក្រុង​ប៉ារីស បញ្ជាក់​ពី​ប្រព័ន្ធ​នយោបាយ របស់​ប្រទេស​កម្ពុជា គឺ​ប្រកាន់​នូវ​នយោបាយ ប្រជាធិបតេយ្យ​សេរី​ពហុបក្ស យើង​ឃើញ​ទាំងអស់គ្នា ក្នុង​រដ្ឋធម្មនុញ្ញ​ដែល​បាន​ចង​ខ្លឹមសារ​ជាច្រើន វា​គឺជា​ច្បាប់​កំពូល។

រីឯ​អ្នកវិភាគ​នយោបាយ និង​សង្គម លោក បណ្ឌិត មាស នី មើលឃើញ​ថា ទោះបីជា មាន​ភាព​ចម្រូងចម្រាស់ ដោយ​ការ​មើលឃើញ​ពី​ជ្រុង​ផ្សេងគ្នា​អំពី​ខ្លឹមសារ​នៃ​កិច្ចព្រមព្រៀង​នេះថា ស្លាប់ ឬ ក៏​រស់​យ៉ាង​ណា​ក្តី ក៏​ធាតុ​ពិត ស្មារតី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស នៅ​មាន​ឥទ្ធិពល ក្នុង​ដំណើរការ​ដោះស្រាយ​វិបត្តិ​នយោបាយ នៅ​កម្ពុជា​។ លោក​បញ្ជាក់​ថា រដ្ឋាភិបាល​ដែល​ឡើង​កាន់​អំណាច ក្រោយ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ត្រូវ​ធានា​ពី​ការ​ឯកភាព​ជាតិ ប៉ុន្តែ​កម្ពុជា​នៅតែ​ប្រឈម​វិបត្តិ​នយោបាយ​ផ្ទៃក្នុង ហើយ​រហូត​មក​ទល់​ពេល​នេះ មានតែ​គណបក្ស​ប្រជាជន​កម្ពុជា​តែមួយ​ប៉ុណ្ណោះ កំពុង​បន្ត​អនុវត្ត​កេរ្តិ៍ដំណែល នៃ​កិច្ចព្រមព្រៀង​នេះ៖ «យើង​កំពុងតែ​ប្រឈម​វិបត្តិ​នយោបាយ​ខ្ញុំ​មិន​ធ្វើ​ការរិះគន់​រដ្ឋាភិបាល​ថា កម្ពុជា​គ្មាន​អ្នកនយោបាយ​ទេ ព្រោះ​វា​នេះ​ជា​សិទ្ធិ​របស់​គាត់​។ ពាក្យ​ថា ក្បត់ជាតិ និង​ពាក្យ​ថា ឧទ្ទាម​ចេញផ្សាយ​ដូច្នេះ នៅក្នុង​ប្រទេស​មួយ​។ ពាក្យ​ថា ឧទ្ទាម ឬក៏​ក្បត់ជាតិ វា​ជា​សូចនាករ​មួយ​បញ្ជាក់​ថា យើង​មិន​ទាន់​មាន​ឯកភាព គ្រាប់​គ្រាន់​នៅឡើយ​ទេ»

រីឯ​សហ​ស្ថាបនិក​គណបក្ស​កែទម្រង់​កម្ពុជា លោក អ៊ូ ច័ន្ទរ័ត្ន ដែល​ចូលរួម​ក្នុង​កិច្ចពិភាក្សា​នេះ​ដែរ បាន​ស្នើ​ឱ្យ​រដ្ឋាភិបាល និង​ភាគី​ពាក់ព័ន្ធ គួរ​រក​មធ្យោបាយ​ធ្វើ​យ៉ាង​ណា​អនុវត្ត​កិច្ចព្រមព្រៀង​នេះ​បន្ត​ទៀត​ដើម្បី​ជា​ប្រយោជន៍​ដល់​ប្រទេសជាតិ ជាពិសេស​គឺ​ការគោរព​សិទ្ធិមនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ។

ទោះជា​យ៉ាងណា ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា លោក សុខ ទូច ដែល​មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​នោះ​វិញ លោក​បាន​បកស្រាយ​ផ្ទុយ​ពី​វាគ្មិន​ដទៃ។ លោក​ថា កិច្ចព្រមព្រៀង​នេះ​អស់​សុពលភាព​ហើយ ព្រោះ​ត្រូវ​បាន​ដាក់បញ្ចូល​ក្នុង​រដ្ឋធម្មនុញ្ញ ឆ្នាំ​១៩៩៣ អស់​ហើយ៖ «ទៅ​ជេរ​ថា ចង់​ចំណេញ​នយោបាយ តាមពិត​កិច្ចព្រមព្រៀង​ក្រុងប៉ារីស គ្រាន់តែ​ជា​ប្រវត្តិសាស្ត្រ​ទេ​។ វា​លែង​មាន​សុពលភាព​រួច​ទៅ​ហើយ អ្នកស្រី ចក់ សុភាព និង​បណ្ឌិត មាស នី មាន អាហ្នឹង​ជា​គំនិត​គាត់​។ ប៉ុន្តែ​ផ្លូវច្បាប់ ចែង​ឡើង​វិញ»

ការ​បកស្រាយ​របស់​លោក សុខ ទូច បែបនេះ គឺ​ដូចគ្នា​នឹង​ការ​លើក​ឡើង​របស់ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ពេល​កន្លងទៅ​នោះ​ដែរ។

ប៉ុន្តែ​អ្នកឃ្លាំមើល​នយោបាយ​មើលឃើញ​ថា ភាព​ចម្រូងចម្រាស នៃ​ការអនុវត្ត​កិច្ចព្រមព្រៀង​នេះ ដោយសារ លោក ហ៊ុន សែន នៅ​ជំពាក់​ជំពិន កិច្ចព្រមព្រៀង និង​សន្ធិសញ្ញា​កំណត់ព្រំដែន​រដ្ឋ ព្រំដែន​សមុទ្រ តាំងពី​ឆ្នាំ១៩៧៩ ដល់​ឆ្នាំ១៩៩៨ ជាមួយ​ភាគី​វៀតណាម ដែល​ធ្វើ​ឱ្យ​កម្ពុជា​ខាតបង់​ទឹកដី​តាម​បណ្តោយ​ព្រំដែន និង​បាត់បង់​កោះត្រល់ ជាដើម។

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត ដែល​កំពុង​រស់នៅ​ប្រទេស​ន័រវេស (Norway) យល់​ថា ប្រសិនបើ​រដ្ឋាភិបាល​មាន​ឆន្ទៈ​អនុវត្ត​កិច្ចព្រមព្រៀង​នេះ ត្រូវ​លុបចោល​ឯកសារ​ទាំងឡាយ​ណា ផ្ទុយ​ខ្លឹមសារ កិច្ចព្រមព្រៀង​ក្រុងប៉ារីស និង​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ​កម្ពុជា​។ លោក​បញ្ជាក់​ថា លោក ហ៊ុន សែន បាន​ធ្វើ​បច្ចុប្បន្នភាព​ឱ្យ​សន្ធិសញ្ញា​កំណត់ព្រំដែន​រដ្ឋ​ឆ្នាំ១៩៨៥ រស់​ឡើងវិញ ធ្វើ​ឱ្យ​ប៉ះពាល់​ប្រយោជន៍​ជាតិ​យ៉ាង​ធំ​សម្បើម​រឿង​ព្រំដែន និង​បូរណភាព​ទឹកដី៖ «តើ​យើង​ចាំបាច់​ធ្វើ​បច្ចុប្បន្នភាព ឯកសារ​ហ្នឹង​ឡើងវិញ ទៅ​ចរាចរ​ជាមួយ​យួន​ធ្វើ​ឱ្យ​ខូចខាត​មរណភាព​ទឹកដី។

កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស មាត្រា ១៥ ចំណុច ​«ក‍» ចែងថា កម្ពុជា​ត្រូវ​ធានា​ការ​គោរ​សិទ្ធិមនុស្ស និង​សេរី​ភាពជា​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ រួម​ទាំង​គាំទ្រ «​ពលរដ្ឋ​កម្ពុជា ធ្វើ​សកម្មភាព​ការពារ​សិទ្ធិមនុស្ស និង​សេរី​ភាពជា​មូលដ្ឋាន​» ដើម្បី​ធានា​ថា នយោបាយ និង​អំពើ​ប្រព្រឹត្ត​ក្នុង​អតីតកាល​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​វិល​ត្រឡប់មកវិញ​ជាដាច់ខាត​។ រីឯ ឯកសារ​ទី២ ស្តីទី​បូរណភាព​ទឹកដី និង​អធិតេយ្យភាព​ជាតិ ត្រង់​មាត្រា ១ ចំណុច «​ឃ​» ចែង​ថា សន្ធិសញ្ញា​ទាំងឡាយ ប៉ះពាល់​បូរណភាព​ទឹកដី​កម្ពុជា ត្រូវ​លុបចោល ឬ​អស់​សុពលភាព​នា​ពេល​នោះ។

អ្នកជំនាញ​ជាតិ និង​អន្តរជាតិ​ពន្យល់​ថា កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស​មានតម្លៃ​ជា​អមតៈ ហើយ​ប្រៀប​បាន​នឹង​អាវ​ក្រោះ​ការពារ​ប្រជាជាតិ​ខ្មែរ​ពី​ការឈ្លានពាន​របស់​បរ​ទេស និង​ជា​មាគ៌ា​ឆ្ពោះ​ទៅ​រក​ការ​បង្រួម​បង្រួម​ជាតិ​។ សហគមន៍​ជាតិ និង​អន្តរជាតិ​នៅតែ​ទាមទារ​ឱ្យ​របប​លោក ហ៊ុន សែន អនុវត្ត​តាម​ខ្លឹមសារ​នៃ​កិច្ចព្រមព្រៀង​នេះ​ដើម្បី​ជា​ប្រយោជន៍​ដល់​ប្រទេសជាតិ​ទាំងមូល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល