អង្គការសង្គមស៊ីវិល អ្នកវិភាគ និងអ្នកនយោបាយ ជំរុញឱ្យរដ្ឋាភិបាលស្តារប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្ស ស្របតាមខ្លឹមសារនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ ពួកគេលើកឡើងបែបនេះ ក្នុងវេទិកា កិច្ចពិភាក្សាតុមូលស្ដីពីខួប ៣០ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលរៀបចំឡើងដោយរាជបណ្ឌិត្យសភាកម្ពុជានៅរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃ២២ តុលា។
មន្ត្រីសង្គមស៊ីវិល អ្នកវិភាគ និងអ្នកនយោបាយក្រៅរដ្ឋាភិបាល ស្នើឱ្យរដ្ឋាភិបាល អនុវត្តខ្លឹមសារកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ឱ្យបានពេញលេញ ដើម្បីប្រយោជន៍រួមដល់ជាតិ ជាពិសេស ការស្តារប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស។
នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អ្នកស្រី ចក់ សុភាព ថ្លែងក្នុងកិច្ចពិភាក្សានោះទេ ពាក្យថា សន្តិភាពពុំមែនមានន័យថា ទាល់តែអវត្តមាន នៃសង្គ្រាមតែម្យ៉ាងប៉ុណ្ណោះទេ តែក៏សំដៅលើ សុខុមាលភាពរបស់ពលរដ្ឋ និងសេរីភាពបញ្ចេញមតិ ពេញលេញរបស់ពលរដ្ឋដើម្បីចូលរួមដំណើរការអភិវឌ្ឍន៍សង្គមជាតិដែរ។ លោកស្រីបញ្ជាក់ថា សន្តិភាពវិជ្ជមាន គឺពលរដ្ឋអាចចូលរួមបានពេញលេញ ក្នុងសង្គម និងនយោបាយ ដោយគ្មានអំពើហិង្សា ការគំរាមកំហែង ធ្វើទុក្ខបុកម្នេញ និង ការរំលោភបំពានសិទ្ធិ៖ «ខ្លឹមសារមួយសំខាន់មែនទែន ដែលបានចងក្នុងកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស បញ្ជាក់ពីប្រព័ន្ធនយោបាយ របស់ប្រទេសកម្ពុជា គឺប្រកាន់នូវនយោបាយ ប្រជាធិបតេយ្យសេរីពហុបក្ស យើងឃើញទាំងអស់គ្នា ក្នុងរដ្ឋធម្មនុញ្ញដែលបានចងខ្លឹមសារជាច្រើន វាគឺជាច្បាប់កំពូល។
រីឯអ្នកវិភាគនយោបាយ និងសង្គម លោក បណ្ឌិត មាស នី មើលឃើញថា ទោះបីជា មានភាពចម្រូងចម្រាស់ ដោយការមើលឃើញពីជ្រុងផ្សេងគ្នាអំពីខ្លឹមសារនៃកិច្ចព្រមព្រៀងនេះថា ស្លាប់ ឬ ក៏រស់យ៉ាងណាក្តី ក៏ធាតុពិត ស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅមានឥទ្ធិពល ក្នុងដំណើរការដោះស្រាយវិបត្តិនយោបាយ នៅកម្ពុជា។ លោកបញ្ជាក់ថា រដ្ឋាភិបាលដែលឡើងកាន់អំណាច ក្រោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ត្រូវធានាពីការឯកភាពជាតិ ប៉ុន្តែកម្ពុជានៅតែប្រឈមវិបត្តិនយោបាយផ្ទៃក្នុង ហើយរហូតមកទល់ពេលនេះ មានតែគណបក្សប្រជាជនកម្ពុជាតែមួយប៉ុណ្ណោះ កំពុងបន្តអនុវត្តកេរ្តិ៍ដំណែល នៃកិច្ចព្រមព្រៀងនេះ៖ «យើងកំពុងតែប្រឈមវិបត្តិនយោបាយខ្ញុំមិនធ្វើការរិះគន់រដ្ឋាភិបាលថា កម្ពុជាគ្មានអ្នកនយោបាយទេ ព្រោះវានេះជាសិទ្ធិរបស់គាត់។ ពាក្យថា ក្បត់ជាតិ និងពាក្យថា ឧទ្ទាមចេញផ្សាយដូច្នេះ នៅក្នុងប្រទេសមួយ។ ពាក្យថា ឧទ្ទាម ឬក៏ក្បត់ជាតិ វាជាសូចនាករមួយបញ្ជាក់ថា យើងមិនទាន់មានឯកភាព គ្រាប់គ្រាន់នៅឡើយទេ»។
រីឯសហស្ថាបនិកគណបក្សកែទម្រង់កម្ពុជា លោក អ៊ូ ច័ន្ទរ័ត្ន ដែលចូលរួមក្នុងកិច្ចពិភាក្សានេះដែរ បានស្នើឱ្យរដ្ឋាភិបាល និងភាគីពាក់ព័ន្ធ គួររកមធ្យោបាយធ្វើយ៉ាងណាអនុវត្តកិច្ចព្រមព្រៀងនេះបន្តទៀតដើម្បីជាប្រយោជន៍ដល់ប្រទេសជាតិ ជាពិសេសគឺការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។
ទោះជាយ៉ាងណា ប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោក សុខ ទូច ដែលមានឋានៈស្មើរដ្ឋមន្ត្រីនោះវិញ លោកបានបកស្រាយផ្ទុយពីវាគ្មិនដទៃ។ លោកថា កិច្ចព្រមព្រៀងនេះអស់សុពលភាពហើយ ព្រោះត្រូវបានដាក់បញ្ចូលក្នុងរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ អស់ហើយ៖ «ទៅជេរថា ចង់ចំណេញនយោបាយ តាមពិតកិច្ចព្រមព្រៀងក្រុងប៉ារីស គ្រាន់តែជាប្រវត្តិសាស្ត្រទេ។ វាលែងមានសុពលភាពរួចទៅហើយ អ្នកស្រី ចក់ សុភាព និងបណ្ឌិត មាស នី មាន អាហ្នឹងជាគំនិតគាត់។ ប៉ុន្តែផ្លូវច្បាប់ ចែងឡើងវិញ»។
ការបកស្រាយរបស់លោក សុខ ទូច បែបនេះ គឺដូចគ្នានឹងការលើកឡើងរបស់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីពេលកន្លងទៅនោះដែរ។
ប៉ុន្តែអ្នកឃ្លាំមើលនយោបាយមើលឃើញថា ភាពចម្រូងចម្រាស នៃការអនុវត្តកិច្ចព្រមព្រៀងនេះ ដោយសារ លោក ហ៊ុន សែន នៅជំពាក់ជំពិន កិច្ចព្រមព្រៀង និងសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ ព្រំដែនសមុទ្រ តាំងពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៩៨ ជាមួយភាគីវៀតណាម ដែលធ្វើឱ្យកម្ពុជាខាតបង់ទឹកដីតាមបណ្តោយព្រំដែន និងបាត់បង់កោះត្រល់ ជាដើម។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត ដែលកំពុងរស់នៅប្រទេសន័រវេស (Norway) យល់ថា ប្រសិនបើរដ្ឋាភិបាលមានឆន្ទៈអនុវត្តកិច្ចព្រមព្រៀងនេះ ត្រូវលុបចោលឯកសារទាំងឡាយណា ផ្ទុយខ្លឹមសារ កិច្ចព្រមព្រៀងក្រុងប៉ារីស និងផ្ទុយពីរដ្ឋធម្មនុញ្ញកម្ពុជា។ លោកបញ្ជាក់ថា លោក ហ៊ុន សែន បានធ្វើបច្ចុប្បន្នភាពឱ្យសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ រស់ឡើងវិញ ធ្វើឱ្យប៉ះពាល់ប្រយោជន៍ជាតិយ៉ាងធំសម្បើមរឿងព្រំដែន និងបូរណភាពទឹកដី៖ «តើយើងចាំបាច់ធ្វើបច្ចុប្បន្នភាព ឯកសារហ្នឹងឡើងវិញ ទៅចរាចរជាមួយយួនធ្វើឱ្យខូចខាតមរណភាពទឹកដី។
កិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស មាត្រា ១៥ ចំណុច «ក» ចែងថា កម្ពុជាត្រូវធានាការគោរសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ រួមទាំងគាំទ្រ «ពលរដ្ឋកម្ពុជា ធ្វើសកម្មភាពការពារសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាន» ដើម្បីធានាថា នយោបាយ និងអំពើប្រព្រឹត្តក្នុងអតីតកាលមិនត្រូវបានអនុញ្ញាតឲ្យវិលត្រឡប់មកវិញជាដាច់ខាត។ រីឯ ឯកសារទី២ ស្តីទីបូរណភាពទឹកដី និងអធិតេយ្យភាពជាតិ ត្រង់មាត្រា ១ ចំណុច «ឃ» ចែងថា សន្ធិសញ្ញាទាំងឡាយ ប៉ះពាល់បូរណភាពទឹកដីកម្ពុជា ត្រូវលុបចោល ឬអស់សុពលភាពនាពេលនោះ។
អ្នកជំនាញជាតិ និងអន្តរជាតិពន្យល់ថា កិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសមានតម្លៃជាអមតៈ ហើយប្រៀបបាននឹងអាវក្រោះការពារប្រជាជាតិខ្មែរពីការឈ្លានពានរបស់បរទេស និងជាមាគ៌ាឆ្ពោះទៅរកការបង្រួមបង្រួមជាតិ។ សហគមន៍ជាតិ និងអន្តរជាតិនៅតែទាមទារឱ្យរបបលោក ហ៊ុន សែន អនុវត្តតាមខ្លឹមសារនៃកិច្ចព្រមព្រៀងនេះដើម្បីជាប្រយោជន៍ដល់ប្រទេសជាតិទាំងមូល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។