តើ​លោក ហង់ ជួនណារ៉ុន មាន​ស្នាដៃ​អ្វី​ខ្លះ ទើប​លោក ហ៊ុន សែន បន្ត​ឱ្យ​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​អប់រំ?

0:00 / 0:00

លោក ហង់ ជួនណារ៉ុន ដែល​បាន​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា អស់​រយៈពេល​ពីរ​អាណត្តិ​មក​នេះ នឹង​បន្ត​កាន់​តំណែង​នេះ នៅ​ក្នុង​រដ្ឋាភិបាល​ថ្មី​ដែល​ដឹកនាំ​ដោយ​កូន​ប្រុស​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ាណែត។ តើ​លោក ហង់ ជួនណារ៉ុន ជា​នរណា ហើយ​លោក​បាន​ធ្វើ​អ្វី​ខ្លះ ដើម្បី​លើកកម្ពស់​វិស័យ​អប់រំ​នៅ​កម្ពុជា​នា​ពេល​កន្លង​មក ហើយ​ថា​តើ​ការ​ផ្ទេរ​អំណាច​ត​ពូជ​របស់​លោក ហ៊ុន សែន នៅ​ពេល​នេះ អាច​ជះ​ឥទ្ធិពល​អាក្រក់​ដល់​វិស័យ​អប់រំ​ដែរ​ឬ​ទេ?

ក្រោយ​ក្លាយ​ជា​រដ្ឋមន្ត្រី​ភ្លាម កាល​ពី​១០​ឆ្នាំ​មុន លោក ហង់ ជួនណារ៉ុន បាន​ប្រកាស​ធ្វើ​កំណែ​ទម្រង់​លើកកម្ពស់​គុណភាព​អប់រំ ដែល​លោក​អះអាង​ថា ដើម្បី​ឱ្យ​កម្ពុជា​មាន​ធនធាន​មនុស្ស​គ្រប់គ្រាន់ ឆ្លើយ​តប​ទៅ​នឹង​កំណើន​ការងារ​ដែល​ទាមទារ​ជំនាញ និង​អាច​ប្រកួតប្រជែង​ទីផ្សារ​ការងារ​ជាមួយ​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​បាន។ ប៉ុន្តែ​មក​ដល់​ពេល​នេះ វិស័យ​អប់រំ​កម្ពុជា ត្រូវ​បាន​គេ​មើល​ឃើញ​ថា ហាក់​មាន​ការ​វិវត្ត​តិចតួច ដោយសារ​តែ​កម្ពុជា​នៅ​តែ​នាំចូល​កម្មករ​ជំនាញ ស្រប​ពេល​យុវជន​ជា​ច្រើន បន្ត​នាំគ្នា​ចេញ​ទៅ​ក្រៅ​ប្រទេស ដើម្បី​ស្វែងរក​ការងារ​ធ្វើ​ដោយ​ប្រើ​កម្លាំង​បាយ​។

លោក ហង់ ជួនណារ៉ុន ជា​បញ្ញវន្ត​ម្នាក់​ដែល​បញ្ចប់​ការ​សិក្សា​ថ្នាក់​បណ្ឌិត​ផ្នែក​ទំនាក់ទំនង​សេដ្ឋកិច្ច​អន្តរជាតិ​កាល​ពី​ឆ្នាំ​១៩៩១ ពី​សាកល​វិទ្យាល័យ​នៅ​សហភាព​សូវៀត ដែល​បច្ចុប្បន្ន ស្ថិត​នៅ​ទីក្រុង កៀវ ប្រទេស​អ៊ុយក្រែន។ ក្រោយ​ពី​បញ្ចប់​ការ​សិក្សា លោក​ធ្លាប់​ធ្វើ​ជា​អ្នក​បកប្រែ​ភាសា​អង់គ្លេស ជា​មន្ត្រី​ស្រាវជ្រាវ​ផ្នែក​សេដ្ឋកិច្ច​នយោបាយ​នៅ​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា និង​បាន​ចូល​បម្រើ​ការងារ​ជា​មន្ត្រី​ស៊ីវិល​នៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។

លោក ហង់ ជួនណារ៉ុន បាន​កើត​នៅ​ក្នុង​ឆ្នាំ​១៩៦២ ក្នុង​ទីក្រុង​ភ្នំពេញ មាន​ឪពុក​ឈ្មោះ ហង់ ជួន ជា​សាស្ត្រាចារ្យ​នៅ​សាលា​វិចិត្រសិល្ប និង​ជា​ឧបការី​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​អំឡុង​ទសវត្ស​ទី​៨០ និង​មាន​ម្ដាយ​ឈ្មោះ ម៉ែន សាអ៊ុន ជា​ស្ត្រី​មេ​ផ្ទះ។ លោក ហង់ ជួនណារ៉ុន បាន​រៀបការ​ក្នុង​ឆ្នាំ​១៩៩០ ជាមួយ​លោកស្រី ប៉ែន វិមល ជា​កូន​ស្រី​អតីត​រដ្ឋមន្ត្រី​ក្រសួង​អប់រំ លោក ប៉ែន ណាវុឍ និង​មាន​កូន​ប្រុស​ស្រី​ចំនួន​២​នាក់​។

ដោយសារ​ធ្លាប់​ជា​អ្នក​សរសេរ​សុន្ទរកថា​ពី​ខ្មែរ​ទៅ​អង់គ្លេស​ឱ្យ​លោក ហ៊ុន សែន និង​ដើរ​ហែហម​តាម​លោក ហ៊ុន សែន ចូលរួម​កិច្ច​ប្រជុំ​នៅ​ក្រៅ​ប្រទេស លោក ហង់ ជួនណារ៉ុន ក៏​ទទួល​បាន​ឱកាស​តែងតាំង​ជា​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​កាល​ពី​ឆ្នាំ​២០១៣ ជំនួស​ឱ្យ​លោក អ៊ឹម សិទ្ធី។ ក្រោយ​ពី​ទទួល​បាន​តំណែង​កំពូល​នេះ លោក​បាន​ដឹកនាំ​ការ​ធ្វើ​កំណែទម្រង់​ប្រព័ន្ធ​អប់រំ ដោយ​ចាប់ផ្ដើម​រឹត​បន្តឹង​ការ​ប្រឡង​របស់​សិស្ស​ថ្នាក់​ទី​១២ ការ​អនុវត្ត​កម្មវិធី​សាលារៀន​ជំនាន់​ថ្មី​នៅ​តាម​សាលារៀន​មួយ​ចំនួន និង​កម្មវិធី​មួយ​ចំនួន​ទៀត ដើម្បី​ផ្លាស់ប្ដូរ​ផ្នត់​គំនិត​និស្សិត ឱ្យ​ផ្ដោត​លើ​ការ​សិក្សា​ពី​ជំនាញ​បច្ចេកទេស​វិញ ដូចជា​ជំនាញ​អគ្គិសនី​និង​គ្រឿង​អេឡិចត្រូនិក ជា​ដើម ដើម្បី​ឆ្លើយតប​ទៅ​នឹង​តម្រូវ​ការ​ទីផ្សារ​ការងារ និង​ការ​អភិវឌ្ឍ​របស់​ប្រទេស។

ការ​ធ្វើ​កំណែទម្រង់​អប់រំ​នេះ ក៏​បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា ត្រូវ​បង្កើន​ថវិកា​លើ​ប្រព័ន្ធ​អប់រំ​ជា​បន្តបន្ទាប់ ជាក់​ស្ដែង កាល​ពី​ឆ្នាំ​២០១៤ កម្ពុជា​បាន​ចំណាយ​លើ​ប្រព័ន្ធ​អប់រំ​ត្រឹម​តែ​៣៤៣​លាន​ដុល្លារ ប៉ុន្តែ​មក​ដល់​ឆ្នាំ​២០១៩ ថវិកា​សម្រាប់​ចាយ​លើក​ប្រព័ន្ធ​អប់រំ បាន​ហក់​ឡើង​ដល់​៩១៥​លាន​ដុល្លារ​។ នេះ​បើ​តាម​ទិន្នន័យ​ពី​បណ្ដាញ​ផ្សព្វផ្សាយ​ពី​សាកលវិទ្យាល័យ​ជា​សកល​មួយ​ដែល​ឈ្មោះ​ថា យូនីវើស៊ីធី វើលដ៍ ញូវ (University World News)។

ទោះជាយ៉ាងណាក៏ដោយ និស្សិត​កម្ពុជា​នៅ​ឧត្ដម​សិក្សា ចាប់​អារម្មណ៍​រៀន​ផ្នែក​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វករ និង​គណិតវិទ្យា នៅ​តែ​មាន​ចំនួន​ទាប ខណៈ​តម្រូវការ​ទីផ្សារ​ការងារ​ពាក់ព័ន្ធ​នឹង​មុខ​ជំនាញ​ទាំង​នេះ បន្ត​កើន​ឡើង នេះ​បើ​តាម​ សន្ទស្សន៍​ការ​ប្រកួតប្រជែង​ទេពកោសល្យ​ជា​សកល​ឆ្នាំ​២០២០ (Global Talant Competitiveness Index)ដែល​បង្ហាញ​ថា កម្ពុជា​ស្ថិត​នៅ​លេខ​រៀង​ទី​១១៥ ក្នុង​ចំណោម​ប្រទេស​១៣២ ដែល​ជា​ចំណាត់ថ្នាក់​ទាប​បំផុត​មួយ ក្នុង​ការ​ងាយ​ស្រួល​ស្វែងរក​កម្មករ​ជំនាញ។

លើស​ពី​នេះ ចំណាត់ថ្នាក់​ប្រទេស​ដែល​ផ្ដល់​ការ​អប់រំ​ល្អ​បំផុត​ប្រចាំ​ឆ្នាំ​២០២២ ដែល​ចេញ​ផ្សាយ​ដោយ​ សារព័ត៌មាន​សហរដ្ឋ​អាមេរិក US News បង្ហាញ​ថា ក្នុង​ចំណោម​៨៥​ប្រទេស កម្ពុជា​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​រៀង​ទី​៧៣ ជា​តួលេខ​ទាប​ជាង​ប្រទេស​ជិត​ខាង ដូចជា​ប្រទេស​ថៃ និង​វៀតណាម។ ប្រទេស​វៀតណាម​ស្ថិត​នៅ​ចំណាត់ថ្នាក់​លេខ​៦២ និង​ប្រទេស​ថៃ​ស្ថិត​នៅ​ចំណាត់ថ្នាក់​លេខ​៤៨។ ការ​ផ្ដល់​ចំណាត់ថ្នាក់​នេះ ផ្អែក​ទៅ​តាម​ការ​ស្ទង់មតិ​ជា​សកល​មួយ​លើ​មនុស្ស​ជាង​១​ម៉ឺន ៧​ពាន់​នាក់ ស្ដីពី​ប្រព័ន្ធ​អប់រំ​សាធារណៈ ដែល​ត្រូវ​បាន​អភិវឌ្ឍ និង​ការ​ផ្ដល់​ការ​អប់រំ​ប្រកប​ដោយ​គុណភាព។

ការ​កែលំអ​ប្រព័ន្ធ​អប់រំ​នៅ​កម្ពុជា បន្ត​ញាំញី​ដោយ​បញ្ហា​ជាច្រើន ជាពិសេស​បញ្ហា​ដ៏​ធំ គឺ​អំពើ​ពុករលួយ។ កម្ពុជា​បន្ត​ជាប់​ចំណាត់ថ្នាក់​ជា​ប្រទេស​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ខ្ពស់​បំផុត​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ឬ​អាស៊ាន និង​ជាប់​ចំណាត់ថ្នាក់​លេខ​រៀង​ទី​១៦២ ក្នុង​ចំណោម​១៨០​ប្រទេស នៃ​ សន្ទស្សន៍​តាមដាន​អំពើ​ពុករលួយ​ប្រចាំ​ឆ្នាំ​២០២២ របស់​អង្គការ​តម្លាភាព​អន្តរជាតិ។

កន្លង​មក លោក ហង់ ជួនណារ៉ុន ធ្លាប់​ចេញ​មុខ​ច្រានចោល​ការ​លើកឡើង​របស់​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ​លោក សម រង្ស៊ី ដែល​ចាត់​ទុក​ប្រព័ន្ធ​អប់រំ​នៅ​កម្ពុជា​ថា អន់​បំផុត ហើយ​និស្សិត​បញ្ចប់​ការ​សិក្សា​ពី​សាកល​វិទ្យាល័យ មិន​អាច​រក​ការងារ​បាន​ធ្វើ។

ទោះបីជា​មាន​ការ​ច្រានចោល​បែប​នេះ ក៏​សព្វ​ថ្ងៃ គេ​សង្កេត​ឃើញ​ថា កូន​របស់​ក្រុម​មន្ត្រី ក្រុម​ឧកញ៉ា និង​អ្នក​មាន​ជីវភាព​ធូរធារ​កាន់​តែ​ច្រើន​ឡើង សុខចិត្ត​បញ្ជូន​កូន​ចៅ​ទៅ​រៀន​តាម​សាលា​ឯកជន ដែល​ពួកគេ​យល់​ថា អាច​ផ្ដល់​ការ​អប់រំ​ប្រកប​ដោយ​គុណភាព​ខ្ពស់ ជាង​ការ​បណ្ដោយ​ឱ្យ​កូន​ទៅ​រៀន​តាម​សាលា​រដ្ឋ។

លោក ហង់ ជួនណារ៉ុន ក៏​ទទួល​បាន​រិះគន់​ខ្លាំង​ដែរ ក្រោយ​ពី​លោក​ប្រកាស​មិន​អនុញ្ញាត​ឱ្យ​សិស្ស​និស្សិត ជជែក​គ្នា​រឿង​នយោបាយ​នៅ​ក្នុង​ថ្នាក់​រៀន ប៉ុន្តែ​លោក ហង់ ជួនណារ៉ុន បែរ​មិន​ហាមឃាត់​សកម្មជន​និង​មន្ត្រី​គណបក្ស​កាន់​អំណាច គឺ​គណបក្ស​ប្រជាជន​កម្ពុជា ចុះ​ទៅ​អូសទាញ និង​គំរាមកំហែង​គ្រប់​រូបភាព ដើម្បី​ឱ្យ​ក្រុម​គ្រូ​បង្រៀន និង​សិស្ស ចូល​ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ឡើយ។

លោក ហង់ ជួនណារ៉ុន៖ «រឿង​នេះ ចែង​នៅ​ក្នុង​ច្បាប់ ហើយ​មិន​មែន​តែ​កម្ពុជា​ទេ ដែល​មាន​ច្បាប់​ហ្នឹង ខ្ញុំ​ចង់​និយាយ​ថា​អ៊ីចឹង​។ ប្រទេស​ផ្សេង​ទៀត ក៏​មាន​ច្បាប់​ដូច​គ្នា​ដែរ គឺ​ការ​ញែក​រវាង​សាលា​និង​សាសនា គឺ​អត់​ឱ្យ​ចូល​គ្នា​ទេ ការ​ញែក​រវាង​សាលា​និង​នយោបាយ មិន​ឱ្យ​យក​នយោបាយ​ប្រឡូកប្រឡាក់​នៅ​ក្នុង​សាលា​ទេ»។

ស្រប​ពេល​លោក ហង់ ជួនណារ៉ុន ហាម​សិស្ស​និយាយ​រឿង​នយោបាយ ប៉ុន្តែ​លោក​អនុញ្ញាត​ឱ្យ​គណបក្ស​កាន់​អំណាច​អាច​ធ្វើ​សកម្មភាព​ឃោសនា​ដោយ​សេរី​នៅ​តាម​សាលារៀន​។ រដ្ឋមន្ត្រី​ក្រសួង​អប់រំ លោក ហង់ ជួនណារ៉ុន ថែម​ទាំង​បណ្ដេញ​គ្រូ​បង្រៀន​មួយ​ចំនួន ចេញ​ពី​ក្របខ័ណ្ឌ​មន្ត្រី​រាជការ​ទាំង​អយុត្តិធម៌ ដោយសារ​តែ​ពួកគាត់​មាន​ជំហរ​ឯករាជ្យ និង​ខ្លះ​មាន​ទំនោរ​ទៅ​ខាង​គណបក្ស​ប្រឆាំង។ ក្នុង​នោះ មាន​ការ​បណ្ដេញ​គ្រូ​បង្រៀន​ខាង​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​យ៉ាងហោចណាស់​១៣​នាក់​ចេញ​ពី​ក្របខ័ណ្ឌ និង​ចុង​ក្រោយ​នេះ ក៏​មាន​ការ​បណ្ដេញ​គ្រូបង្រៀន​ជា​មន្ត្រី​គណបក្ស​ភ្លើង​ទៀន​ម្នាក់​នៅ​ខេត្ត​បន្ទាយមានជ័យ។

គ្រូបង្រៀន​នៅ​វិទ្យាល័យ​សិរីសោភ័ណ​លោក ស៊ិន វត្ថា ដែល​ត្រូវ​បាន​ក្រសួង​អប់រំ លុប​ឈ្មោះ​ចេញ​ពី​ក្របខ័ណ្ឌ​កាល​ពី​ខែ​មិថុនា ដោយសារ​លោក​ជា​ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​គណបក្ស​ភ្លើង​ទៀន​ប្រចាំ​ខេត្ត​បន្ទាយមានជ័យ បាន​លើកឡើង​ថា ការ​ហាមឃាត់​សិស្ស​និង​គ្រូ​មិន​ឱ្យ​និយាយ​រឿង​នយោបាយ កំពុង​ធ្វើ​ឱ្យ​សិស្ស​មិន​បាន​ដឹង​ពី​បញ្ហា​កើត​មាន​នៅ​ក្នុង​សង្គម​របស់​ខ្លួន និង​កំពុង​ធ្វើ​ឱ្យ​ក្រុម​គ្រូបង្រៀន ពិបាក​បែងចែក ថា​តើ​បញ្ហា​សង្គម​អ្វី​ខ្លះ ដែល​ក្រសួង​អប់រំ​ចាត់ទុកជា​រឿង​នយោបាយ មិន​ឱ្យ​និយាយ​បង្រៀន​សិស្ស​នោះ។

sinvatha.jpeg
គ្រូបង្រៀន​នៅ​វិទ្យាល័យ​សិរីសោភ័ណ​ និង​ជាមន្ត្រីគណបក្សភ្លើងទៀន លោក ស៊ិន វត្ថា (ថ្លែងទៅកាន់អ្នកគាំទ្រគណបក្សភ្លើងទៀន)។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ

លោក ស៊ិន វត្ថា៖«បក្ស​កាន់​អំណាច​គឺ​គេ​សម្រុក​បាន​(​សមាជិក​)​៩០ ទៅ​៩៩​ភាគរយ​ហើយ ដូច​ជា​ឱ្យ​គ្រូ​មាន​ប័ណ្ណ​សមាជិក អាយ.ឌី របស់​គណបក្ស​នយោបាយ​ហ្នឹង​។ ហើយ​ការ​រើសអើង អ្នក​ឯង​មាន​និន្នាការ​ទៅ​បក្ស​នេះ​បក្ស​នោះ គឺ​មាន។ ប៉ុន្តែ​គ្រូ​អត់​ឱ្យ​និយាយ​រឿង​នយោបាយ​ទេ ប៉ុន្តែ​គ្រូ​ចូល​ជា​សមាជិក​ដោយ​ស្វ័យប្រវត្តិ​។ គ្រូ​ខ្លះ​រហូត​ដល់​មិន​យល់​និយាយ​នយោបាយ​បែប​ណា​។ យើង​និយាយ​ពន្យល់​(​សិស្ស​)​ពី​សង្គម មិន​មែន​និយាយ​ឈ្មោះ​បក្ស​នយោបាយ ឈ្មោះ​សម្ដេច ឬ​ឈ្មោះ​ឯកឧត្ដម​ណា​ទេ»។

លោក ស៊ិន វត្ថា បន្ត​ថា ថ្វីត្បិត​មិន​ទាន់​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ លើ​ការ​ធ្វើ​កំណែទម្រង់​លើក​កម្ពស់​ជីវភាព​គ្រូបង្រៀន ដើម្បី​កុំ​ឱ្យ​ពួកគាត់​ប្រព្រឹត្ត​អំពើ​ពុករលួយ​លួច​បើក​បង្រៀន​យក​លុយ​សិស្ស និង​ការ​លុបបំបាត់​ការ​រើសអើង​គ្រូបង្រៀន​ដោយសារ​ហេតុផល​នយោបាយ ប៉ុន្តែ​លោក​ទទួលស្គាល់​ថា ចាប់​តាំង​ពី​លោក ហង់ ជួនណារ៉ុន ធ្វើ​កំណែទម្រង់​រឹត​បន្តឹង​លុបបំបាត់​ការ​លួច​ចម្លង​ក្នុង​ពេល​ប្រឡង​បាក់ឌុប​តាំង​ពី​ឆ្នាំ​២០១៤​មក បាន​ធ្វើ​ឱ្យ​កូន​សិស្ស​ហាក់​ប្រឹងប្រែង​រៀន​សូត្រ ដែល​ធ្វើ​ឱ្យ​ប្រព័ន្ធ​អប់រំ​នៅ​ពេល​នេះ​មាន​តម្លៃ​ជាង​មុន​។

ជុំវិញ​បញ្ហា​នេះ វិទ្យុ​អាស៊ីសេរី​មិន​អាច​សុំ​ការ​ឆ្លើយតប​ពី​រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា​លោក ហង់ ជួនណារ៉ុន និង​អ្នកនាំពាក្យ​ក្រសួង​អប់រំ​លោក រស់ សុវាចា បាន​ទេ​នៅ​ថ្ងៃ​ទី​១៩ សីហា។

ទោះជាយ៉ាងណាក៏ដោយ អតីត​ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ចាប់​ពី​ឆ្នាំ​២០០០ ដល់​ឆ្នាំ​២០១៥ លោក រ៉ុន ឈុន កត់​សម្គាល់​ថា លោក ហង់ ជួនណារ៉ុន បាន​គាប​សង្កត់​កាន់​តែ​ខ្លាំង មិន​ឱ្យ​គ្រូ​បង្រៀន​ប្រើប្រាស់​សិទ្ធិ​ស្របច្បាប់​របស់​ខ្លួន ជាង​កាល​ក្រសួង​អប់រំ ស្ថិត​ក្រោម​ការ​ដឹកនាំ​ដោយ​រដ្ឋមន្ត្រី​ចាស់​លោក អ៊ឹម សិទ្ធី ទៅ​ទៀត។

081123-RFAThumbnail-RongChhun.jpeg
អនុប្រធានគណបក្សភ្លើងទៀន លោក រ៉ុង ឈុន។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ

លោក រ៉ុន ឈុន៖«បើ​យើង​មើល​អាណត្តិ​របស់​លោក​(​អតីត​រដ្ឋមន្ត្រី​ក្រសួង​អប់រំ)អ៊ឹម សិទ្ធី គាត់​មិន​ងាយ​នឹង​បញ្ឈប់​គ្រូ​ចេញ​ពី​ក្របខ័ណ្ឌ​នោះ​ទេ។ ប៉ុន្តែ​ក្នុង​អាណត្តិ​ដែល​លោក ជួនណារ៉ុន គ្រប់គ្រង​មក​នេះ គ្រូ​បង្រៀន​ជាច្រើន​នាក់​តាំង​ពី​ជំនាន់​ខ្ញុំ​១៣​នាក់ ហើយ​ដល់​ថ្មី​ៗ​នេះ ក៏​មាន​ការ​បញ្ឈប់​ក្របខ័ណ្ឌ ដោយ​ពុំ​មាន​កំហុស​ឆ្គង​អ្វី​ទាំង​អស់ ដោយសារ​តែ​ឥទ្ធិពល​នយោបាយ​។ អ៊ីចឹង​!យើង​ឃើញ​ថា វា​អត់​មាន​អ្វី​ដែល​ល្អ​ប្រសើរ​សម្រាប់​គ្រូបង្រៀន​ទេ កាន់​តែ​មាន​ការ​រឹត​បន្តឹង​លើ​សិទ្ធិ​គ្រូបង្រៀន​ថែម​ទៀត​»​។

លោក រ៉ុន ឈុន បន្ត​ថា លើស​ពី​នេះ លោក ហង់ ជួនណារ៉ុន ក៏​មិន​បាន​កែប្រែ​ប្រព័ន្ធ​អប់រំ​ឱ្យ​បាន​ល្អ​ប្រសើរ​នោះ​ដែរ ពីព្រោះ​ក្រុម​អ្នក​មាន​ៗ កាន់​តែ​ច្រើន​ឡើង​នាំ​គ្នា​បញ្ជូន​កូន​ចៅ ទៅ​រៀន​តាម​សាលា​ឯកជន និង​ទៅ​រៀន​នៅ​ក្រៅ​ប្រទេស​។ លោក​បន្ថែម​ថា ប្រព័ន្ធ​អប់រំ​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​លោក ហង់ ជួនណារ៉ុន ក៏​កំពុង​ដើរ​ប្រាសចាក​ពី​ច្បាប់​រដ្ឋ​ធម្មនុញ្ញ និង​ច្បាប់​អប់រំ​ជាតិ ដែល​ចែង​ថា កុមារ​និង​យុវជន​កម្ពុជា​គ្រប់​រូប មិន​ថា​អ្នក​មាន​ឬ​អ្នក​ក្រ​ឡើយ ត្រូវ​ទទួល​បាន​ការ​អប់រំ​ស្មើៗ​គ្នា ប៉ុន្តែ​លោក​ថា បច្ចុប្បន្ន កម្ពុជា​ហាក់​មិន​បាន​ដើរ​លើ​ប្រព័ន្ធ​អប់រំ​ណា​មួយ​ឱ្យ​ពិត​ប្រាកដ​ឡើយ ក្រោយ​ពី​មាន​ការ​បែងចែក​ប្រព័ន្ធ​អប់រំ​ជា​ផ្សេងៗ​គ្នា ដូច​ជា​សាលា​ជំនាន់​ថ្មី​សាលា​គោលដៅ និង​ប្រព័ន្ធ​អប់រំ​ចាស់​។

លោក រ៉ុន ឈុន៖«ជា​បី​ប្រព័ន្ធ ហើយ​ប្រព័ន្ធ​គេ​ហៅ​សាលា​ជំនាន់​ថ្មី មាន​ការ​ផ្គត់ផ្គង់​សម្ភារៈ​សិក្សា​សម្បូរ​បែប វា​ប្រសើរ​ជាង​សាលា​គោលដៅ ហើយ​សាលា​គោលដៅ វា​ប្រសើរ​ជាង​សាលា​ចាស់​ដែល​មិន​ទាន់​ធ្វើ​ការ​កំណែទម្រង់​។ សំនួរ​សួរ​ថា តើ​កូន​ចៅ​ប្រជា​ពលរដ្ឋ ដែល​ទន់ខ្សោយ​នោះ មាន​ឱកាស​នឹង​រៀន​ទទួល​បាន​ដូច​នៅ​ក្នុង​សាលា​ជំនាន់​ថ្មី​ពេល​ណា​ទៅ​។ អ៊ីចឹង​!យើង​មើល​ឃើញ​ថា កូន​ចៅ​ប្រជា​ពលរដ្ឋ អត់​មាន​អ្វី​ដូច​មាន​ចែង​នៅ​ក្នុង​ច្បាប់​ថា ទទួល​បាន​ការ​អប់រំ​ស្មើ​គ្នា»។

លោក រ៉ុន ឈុន ដែល​ខ្លួន​លោក​ផ្ទាល់​ត្រូវ​លោក ហង់ ជួនណារ៉ុន ដក​ឈ្មោះ​ចេញ​ពី​ក្របខ័ណ្ឌ​គ្រូបង្រៀន​ដោយសារ​លោក​គាំទ្រ​បក្ស​ប្រឆាំង​នោះ បន្ត​ថា ក្រសួង​អប់រំ​បន្ត​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​លោក ហង់ ជួនណារ៉ុន នឹង​មិន​អាច​ធ្វើ​ឱ្យ​គុណភាព​អប់រំ​នៅ​កម្ពុជា​ល្អ​ប្រសើរ​ឡើយ គឺ​នៅ​តែ​ប្រឈម​ស្ថានភាព​ដូច​នៅ​ពេល​បច្ចុប្បន្ន​នេះ។

លើស​ពី​នេះ ការ​លើក​បន្តុប​ក្រុម​សាច់ញាតិ និង​កូន​ក្មួយ ឱ្យ​កាន់​តំណែង​ខ្ពស់​ៗ ក្នុង​ក្រសួង​ស្ថាប័ន​ជំនួស​ពី​ឪពុក នៅ​ក្នុង​រដ្ឋាភិបាល​ថ្មី តាម​ការ​រៀបចំ​ចាត់ចែង​ផ្ដាច់​មុខ​របស់​លោក ហ៊ុន សែន ដើម្បី​ឱ្យ​កម្ពុជា​បន្ត​ដឹកនាំ​ត​ពូជ​រាប់​ជំនាន់​ទៅ​មុខ​ទៀត ក៏​ត្រូវ​បាន​គេ​មើល​ឃើញ​ថា កំពុង​ធ្វើ​ឱ្យ​ប៉ះពាល់​កាន់​តែ​ខ្លាំង​ដល់​វិស័យ​អប់រំ​ដែរ។ ការ​រៀបចំ​ដឹកនាំ​ត​ពូជ​នៅ​កម្ពុជា​នេះ នឹង​ធ្វើ​ឱ្យ​កូន​ចៅ​ពលរដ្ឋ​ក្រីក្រ​និង​កសិករ កាន់​តែ​បាក់​ទឹក​ចិត្ត ក្នុង​ការ​សិក្សា ពីព្រោះ​ពួកគេ​នឹង​យល់​ថា ទោះជា​ខំ​ប្រឹង​រៀន​សូត្រ​បាន​ខ្ពង់ខ្ពស់ ក៏​ពិបាក​នឹង​ទទួល​បាន​ឱកាស​អាច​ឡើង​ធ្វើ​មន្ត្រី​កាន់​តំណែង​សំខាន់​ៗ នោះ​ឡើយ ប្រសិន​បើ​ពួកគេ​គ្មាន​ខ្សែ​គ្មាន​ខ្នង ដែល​ឪពុកម្ដាយ​ជា​ថ្នាក់ដឹកនាំ​នោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។