សម្ដេចព្រះ នរោត្តម សីហនុ ធ្លាប់ជាក្សត្រដែលបានឡើងគ្រងរាជ្យដល់ទៅពីរដងនៅក្នុងប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា ហើយក៏ធ្លាប់ជាអ្នកនយោបាយយ៉ាងប៉ិនប្រសព្វអស់រយៈពេលជាង ៦០ឆ្នាំកន្លងទៅនេះ។
ព្រះអង្គសោយទិវង្គតនាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ក្នុងព្រះជន្មាយុ ៨៩ព្រះវស្សា ត្រូវបានចាត់ទុកថាជាក្សត្រដែលបានកែប្រែជោគវាសនារបស់កម្ពុជា ទាំងចំណុចល្អ ទាំងអាក្រក់ជាច្រើនលើកច្រើនសា ដោយសារបញ្ហាជម្លោះនយោបាយក្នុងប្រទេស និងសម្ពាធនយោបាយពិភពលោក។
ស្ថិតក្នុងព្រះជន្ម ១៨ព្រះវស្សា ព្រះបាទនរោត្តម សីហនុ ត្រូវបានជ្រើសតាំងជាព្រះមហាក្សត្រនៃប្រទេសកម្ពុជា ដោយក្រុមប្រឹក្សារាជបល្ល័ង្ក ក្រោមការដឹកនាំរបស់តំណាងរដ្ឋាភិបាលបារាំង នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ១៩៤១ គឺបីថ្ងៃក្រោយពីព្រះបាទស៊ីសុវត្ថិ មុនីវង្ស ដែលជាព្រះអយ្យកោរបស់ព្រះអង្គ សោយទិវង្គត។
នៅក្នុងពេលនោះ ព្រះបាទនរោត្តម សីហនុ កំពុងតែបន្តការសិក្សានៅក្នុងវិទ្យាល័យ លីសេឆាសើលូ ឡូបា (Chasseloup Laubat) នៅក្រុងព្រៃនគរ ក្រោយពីទ្រង់បានបញ្ជូនចេញពីវិទ្យាល័យព្រះស៊ីសុវត្ថិ និងសាលាបឋមសិក្សា ហ្វ្រង់ស្វ័រ បូឌ្វ័ង (François Baudoin) នៃក្រុងភ្នំពេញ។
ជាព្រះមហាក្សត្រក្មេងខ្ចី ក្រោមការដឹកនាំរបស់បរទេស ព្រះអង្គត្រូវបានគេរំពឹងទុកថា ទ្រង់គ្រាន់តែជាអាយ៉ងរបស់បារាំង ប្រើសម្រាប់ជាឈ្នាន់សម្រាប់គ្រប់គ្រងប្រទេសកម្ពុជា តែប៉ុណ្ណោះ ប៉ុន្តែរាល់ការគិតទាំងនោះ ប្រែជាខុសស្រឡះទៅវិញ ពីព្រោះក្នុងរយៈពេលប្រហែលតែជាង ១០ឆ្នាំ បន្ទាប់ពីព្រះអង្គឡើងសោយរាជ្យ ទ្រង់បានទាមទារឯករាជ្យពេញលេញឲ្យប្រទេសកម្ពុជា ពីបារាំង ក្នុងឆ្នាំ១៩៥៣ ក្រោយពីបារាំង បានដាក់អាណានិគមលើប្រទេសកម្ពុជា តាំងពីឆ្នាំ១៨៦៣។
ក្រោយមកនៅក្នុងឆ្នាំ១៩៥៥ ព្រះអង្គទ្រង់បានដាក់រាជ្យថ្វាយព្រះបាទនរោត្តម សុរាម្រិត ដែលជាព្រះបិតា ហើយព្រះអង្គផ្ទាល់បានបង្កើតបក្សនយោបាយមួយដែលមានឈ្មោះថា បក្សសង្គមរាស្ត្រនិយម ដែលក្រោយមកព្រះអង្គបានទទួលតំណែងជានាយករដ្ឋមន្ត្រីផង ជារដ្ឋមន្ត្រីក្រសួងការបរទេសផង និងជាព្រះរាជតំណាងអចិន្ត្រៃយ៍ នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ ផង។
ការដាក់រាជ្យរបស់ព្រះអង្គជាមួយនឹងការបង្កើតរាជរដ្ឋាភិបាលថ្មីនេះផងដែរ បានធ្វើឲ្យកម្ពុជា ប្រែខ្លួនក្លាយជាប្រទេសដ៏រីកចម្រើន ឈានមុខគេមួយនៅតំបន់អាស៊ីអាគ្នេយ៍ ហើយទីក្រុងភ្នំពេញ ក៏ត្រូវបានគេហៅថា ទីក្រុងគុជប្រចាំតំបន់ ដែលជាមជ្ឈមណ្ឌលសំខាន់នៃវិស័យឧស្សាហកម្ម សុខាភិបាល និងអប់រំ។ ជាមួយគ្នានេះដែរ ការដឹកនាំដ៏វៃឆ្លាតរបស់ទ្រង់ បានធ្វើឲ្យសង្គមខ្មែរនាសម័យនោះមានភាពល្បីល្បាញលើឆាកអន្តរជាតិ ហើយជាប់ឈ្មោះថាជាសម័យសង្គមរាស្ត្រនិយម ឬសង្គមចាស់ ដែលយើងតែងតែឮជាហូរហែក្នុងសម័យបន្តបន្ទាប់មក។
ប៉ុន្តែ នៅពីក្រោយភាពជោគជ័យ និងការឈ្នះដ៏លើសលប់របស់បក្សសង្គមរាស្ត្រនិយមរបស់ទ្រង់ គេសង្កេតឃើញមានទង្វើអវិជ្ជមានជាច្រើន ដែលសម្ដេចនរោត្តម សីហនុ បានធ្វើឡើងក្នុងគោលបំណងក្ដោបក្ដាប់អំណាចគ្រប់គ្រងប្រទេស។ បើតាម លោក ដេវិឌ ឆាណ្ឌល័រ (David D. Chandler) អ្នករៀបរៀង និងជាអ្នកសរសេរសៀវភៅប្រវត្តិសាស្ត្រខ្មែរ បានឲ្យដឹងថា នៅក្នុងទសវត្សរ៍ឆ្នាំ១៩៥០ និង១៩៦០ អ្នកដឹកនាំបក្សប្រឆាំង និងបក្សសង្គមរាស្ត្រនិយមមួយចំនួន ត្រូវបានគេតាមប្រមាញ់។ នេះជារូបភាពមួយដែលបង្ហាញថា ប្រទេសកម្ពុជា បានកំពុងតែងាកទៅរកលទ្ធិឆ្វេងនិយមឯកបក្ស បើទោះបីជាសម្ដេចព្រះនរោត្ដម សីហនុ បានប្រកាសថា ខ្លួនឈរនៅលើគោលជំហរអព្យាក្រឹត្យក៏ដោយចុះ។
លើសពីនេះទៅទៀត សម្ពាធរបត់នយោបាយបរទេសផ្សេងៗ ជាពិសេសសង្គ្រាមរវាងវៀតណាម ជាមួយសហរដ្ឋអាមេរិក បានធ្វើឲ្យសម្ដេចព្រះសីហនុ បានងាកទៅចងសម្ព័ន្ធភាពដ៏រឹងមាំជាមួយនឹងបណ្ដាប្រទេសកុម្មុយនីស្តផ្សេងៗ ដូចជា ចិន កូរ៉េខាងជើង និងគុយបា ជាដើម ហើយទ្រង់បានប្រកាសផ្ដាច់សម្ព័ន្ធភាពជាមួយនឹងសហរដ្ឋអាមេរិក ជាផ្លូវការ នៅក្នុងឆ្នាំ១៩៦៥។
លោកបណ្ឌិត មីសែល ត្រាណេ អ្នកស្រាវជ្រាវខាងប្រវត្តិសាស្ត្រ អរិយធម៌ និងវប្បធម៌ខ្មែរ បានយល់ស្របទៅនឹងការលើកឡើងដែលថា ទង្វើរបស់ព្រះបាទនរោត្តម សីហនុ មានកំហុសឆ្គងក្នុងការដឹកនាំប្រទេស ប៉ុន្តែលោកជឿថា ការសម្រេចចិត្តនេះ គឺពិតជាជម្រើសដ៏វៃឆ្លាតមួយរបស់ទ្រង់។ ទង្វើរបស់ព្រះអង្គបានធ្វើឲ្យមានភាពមិនពេញចិត្តជាច្រើនក្នុងជួររដ្ឋាភិបាលរបស់ព្រះអង្គ។ ការមិនពេញចិត្តនេះហើយ បានជះឥទ្ធិពលយ៉ាងច្រើនដល់ប្រជាប្រិយភាព និងការដឹកនាំរបស់ព្រះអង្គ រហូតមានរដ្ឋប្រហារផ្ដួលរំលំព្រះអង្គ ដែលធ្វើឡើងដោយសេនាប្រមុខ លន់ នល់ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ នៅខណៈដែលទ្រង់កំពុងធ្វើដំណើរបំពេញបេសកកម្មការទូតនៅបរទេស។ ក្រោយរដ្ឋប្រហារ ព្រះអង្គទ្រង់ភៀសព្រះកាយទៅគង់នៅក្រុងប៉េកាំង ប្រទេសចិន ហើយទ្រង់បានដើរតួជាព្រះប្រមុខនៃចលនាតស៊ូរំដោះជាតិ ប្រឆាំងនឹងរបប លន់ នល់ ដែលរបបនេះគាំទ្រដោយសហរដ្ឋអាមេរិក។ ព្រះអង្គក៏ធ្លាប់ធ្វើជាប្រធានរដ្ឋ នៃរបបខ្មែរក្រហមមួយរយៈពេលដែរ ប៉ុន្តែក្រោយមក ព្រះអង្គត្រូវពួកខ្មែរក្រហមឃុំឃាំងទុកអោយនៅតែក្នុងព្រះបរមរាជវាំង ក្រុងភ្នំពេញ។
ក្រោយពេលដែលកងទ័ពវៀតណាម វាយរំលំរបបខ្មែរក្រហម នៅក្នុងឆ្នាំ១៩៧៩ ព្រះអង្គទ្រង់ភៀសព្រះកាយទៅគង់នៅឯបរទេសវិញ ហើយទ្រង់បានបង្កើតចលនាតស៊ូរំដោះជាតិមួយទៀត ប្រឆាំងនឹងរបបគ្រប់គ្រងក្រុងភ្នំពេញ ដែលគាំទ្រដោយវៀតណាម។ ចលនាតស៊ូដែលព្រះអង្គទ្រង់បង្កើតនេះមានឈ្មោះថា រណសិរ្សបង្រួបបង្រួមជាតិ ដើម្បីឯករាជ្យ អព្យាក្រឹត្យ សន្តិភាព និងសហប្រតិបត្តិការកម្ពុជា ដែលហៅកាត់ថា ហ៊្វុនស៊ិនប៉ិច (FUNCINPEC)។
ជាងនេះទៅទៀត ព្រះអង្គក៏ធ្លាប់ជាតួអង្គដ៏សំខាន់ម្នាក់ក្នុងការដោះស្រាយវិវាទនយោបាយរវាងភាគីមានអំណាច ក្រោយការដួលរលំនៃរបបកម្ពុជាប្រជាធិបតេយ្យ ដើម្បីរក្សាសុខសន្តិភាពនៅក្នុងប្រទេសផងដែរ ហើយទទួលបានងារជាព្រះបិតាបង្រួបបង្រួមជាតិ។
ក្នុងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ សម្ដេចព្រះនរោត្តម សីហនុ ត្រូវបានរដ្ឋសភាជាតិកម្ពុជា ដែលកើតឡើងក្រោយការបោះឆ្នោតតាមលក្ខណៈប្រជាធិបតេយ្យលើកទីមួយនៅកម្ពុជា ជ្រើសតាំងព្រះអង្គជាព្រះមហាក្សត្រនៃប្រទេសកម្ពុជា ជាថ្មីម្ដងទៀត រហូតដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០០៤ នៅពេលដែលព្រះរាជបុត្រារបស់ព្រះអង្គ គឺព្រះបរមនាថ នរោត្តម សីហមុនី ឡើងស្នងរាជ្យបន្ត។
អង្គក្សត្រាដែលមានបទពិសោធន៍យ៉ាងឆ្អិនឆ្អៅក្នុងវិស័យនយោបាយរូបនេះ ក៏ចូលចិត្តចំណាយពេលវេលាទំនេររបស់ទ្រង់ ជាមួយនឹងស្នាព្រះហស្តសិល្បៈជាច្រើនទម្រង់ ដូចជា ចម្រៀង និងការដឹកនាំថតជារឿងកុន ជាដើម។ ស្នាព្រះហស្តទាំងឡាយរបស់ទ្រង់តាំងពីការទាមទារឯករាជ្យជាតិ រហូតដល់បទចម្រៀងដែលជាព្រះរាជនិពន្ធ គឺស្ថិតនៅដក់នៅជាប់ក្នុងអារម្មណ៍របស់ប្រជារាស្ត្រទ្រង់ជានិច្ចនិរន្តតទៅ បើទោះជាព្រះកាយរបស់ព្រះអង្គយាងចាកអំពីលោកនេះទៅហើយក្ដី។
រូបសំណាកកម្ពស់ ៤,៥ម៉ែត្រ ធ្វើពីលោហធាតុរបស់ទ្រង់ ត្រូវបានធ្វើឡើងនៅក្នុងសួនច្បារនៅក្បែរវិមានឯករាជ្យ ដើម្បីទុកជាការគោរព និងការបង្ហាញពីស្មារតីស្រណោះអាឡោះអាល័យរបស់ប្រជារាស្ត្រចំពោះព្រះអង្គផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។