មេធាវីការពារក្ដីលោក កឹម សុខា រក្សាជំហរមិនសុំការអនុញ្ញាតពីព្រះរាជអាជ្ញាឡើយ ក្នុងការចូលជួបកូនក្ដីរបស់ខ្លួន។ មេធាវីលើកឡើងដូច្នេះជាឆ្លើយតបទៅនឹងតំណាងអយ្យការសាលាដំបូងរាជធានីភ្នំពេញ ដែលទាមទារឱ្យក្រុមមេធាវីការពារសិទ្ធិ លោក កឹម សុខា ត្រូវសុំការអនុញ្ញាតពីខ្លួនជាមុនសិន បើពួកគាត់ចង់ជួបកូនក្ដី ព្រោះនេះជាបម្រាមរបស់តុលាការ។
មេធាវីការពារក្ដីលោក កឹម សុខា រំលឹកទៅស្ថាប័នអនុវត្តច្បាប់ថា លោក កឹម សុខា មានសិទ្ធិគ្រប់គ្រាន់ក្នុងការទទួលបានជំនួយផ្នែកច្បាប់ពីមេធាវី។ ដូចគ្នានេះដែរ មន្ត្រីសិទ្ធិមនុស្សបារម្ភថា នៅពេលស្ថាប័នអនុវត្តច្បាប់ តែមិនមើលច្បាប់ ដោយត្រឹមយកការសំអាងនៃបម្រាមតុលាការបែបនេះ ជាការរំលោភច្បាប់ និងរំលោភសិទ្ធិលោក កឹម សុខា។
មេធាវីការពារក្ដីលោក កឹម សុខា ម្នាក់ គឺអ្នកស្រី ម៉េង សុភារី លើកឡើងថា ផ្អែកតាមច្បាប់ជាតិ និងច្បាប់អន្តរជាតិ មេធាវីមានសិទ្ធិគ្រប់គ្រាន់ក្នុងការជួបកូនក្ដីរបស់ខ្លួន។ អ្នកស្រីបន្តថា ក្នុងសំណុំរឿងលោក កឹម សុខា ក៏ដូចគ្នាដែរ បើទោះជាពេលនេះ លោក កឹម សុខា ត្រូវឃុំខ្លួនក្នុងផ្ទះក្ដីបើមេធាវីចង់ជួបកូនក្ដី មេធាវីត្រឹមជូនដំណឹងសមត្ថកិច្ចយាមផ្ទះលោក កឹម សុខា គឺគ្រប់គ្រាន់ហើយ។
អ្នកស្រី ម៉េង សុភារី៖«ដូច្នេះហើយ យើងខ្ញុំជាសហមេធាវី ចង់ទៅជួបឯកឧត្តម កឹម សុខា ដែលជាកូនក្ដីរបស់យើងខ្ញុំ។ យើងខ្ញុំគ្រាន់តែជម្រាបទៅសមត្ថកិច្ច ដែលយាមនៅផ្ទះគាត់ គឺជារឿងត្រឹមត្រូវហើយ។ ការណ៍ដែលឱ្យយើងខ្ញុំទៅសុំទៅព្រះរាជអាជ្ញា គឺយើងមិនអាចធ្វើបានទេ ពីព្រោះច្បាប់ពុំតម្រូវឱ្យយើងធ្វើដូច្នេះឡើយ។ ម៉្យាងទៀត នៅក្នុងសាលក្រមសាលាដំបូងរាជធានីភ្នំពេញបានបើកសិទ្ធិឱ្យឯកឧត្តម កឹម សុខា ប្ដឹងឧទ្ធរណ៍ក្នុងរយៈមួយខែគិតពីថ្ងៃប្រកាសសាលក្រម ហើយចុះបើឯកឧត្តម កឹម សុខា អត់បានទទួលជំនួយពីផ្នែកមេធាវី ថា តើសិទ្ធិប្ដឹងឧទ្ធរណ៍របស់ឯកឧត្តម ត្រូវបានធានាដែរឬទេ»។
ប្រតិកម្មរបស់មេធាវីការពារក្ដីលោក កឹម សុខា ពេលនេះ ធ្វើឡើងក្រោយពេលតំណាងអយ្យការសាលាដំបូងរាជធានីភ្នំពេញ ទាមទារឱ្យក្រុមមេធាវីលោក កឹម សុខា បើចង់ជួបកូនក្ដីរបស់ខ្លួន ត្រូវសុំការអនុញ្ញាតពីតំណាងអយ្យការជាមុនសិន។
សេចក្ដីថ្លែងការណ៍របស់អ្នកនាំពាក្យតំណាងអយ្យការលើកឡើងថា ក្នុងសាលក្រមផ្ដន្ទាទោសលោក កឹម សុខា តុលាការបានដាក់បម្រាមមិនឱ្យលោក កឹម សុខា ជួបបុគ្គលណាម្នាក់ ទាំងសញ្ជាតិខ្មែរ និងបរទេសដោយផ្ទាល់ ឬប្រយោលតាមប្រព័ន្ធបច្ចេកវិទ្យាក្រៅពីសមាជិកគ្រួសារ លើកលែងតែមានការអនុញ្ញាតពីព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ។
សេចក្ដីថ្លែងការណ៍តំណាងអយ្យការនេះ គឺដូចទៅនឹងការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ ដែលជាស្ថាប័នគ្រប់គ្រងតំណាងអយ្យការដែរ។ រដ្ឋលេខាធិការ និងជាអ្នកជានាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន កាលពីថ្ងៃទី១៥ ខែមីនា លើកឡើងតាមទំព័រហ្វេសប៊ុករបស់លោកថា ក្រុមមេធាវីការពារសិទ្ធិលោក កឹម សុខា បើគ្រាន់តែសុំការអនុញ្ញាតពីព្រះរាជអាជ្ញាបន្តិចទៅ ដូចជាមិនទាស់ខុសអីទេ ព្រោះជាលក្ខខណ្ឌកំណត់ក្នុងសាលក្រមតុលាការ។ ទោះយ៉ាងណាក្ដី មន្ត្រីសិទ្ធិមនុស្សរិះគន់ថា ការលើកឡើងរបស់លោក ជិន ម៉ាលីន បែបនេះ គឺផ្ទុយនឹងក្រមនីតិវិធីព្រហ្មទណ្ឌ និងវិជ្ជាជីវៈមេធាវី ដែលច្បាប់នេះ បានផ្ដល់សិទ្ធិឱ្យមេធាវីមានសិទ្ធិគ្រប់គ្រាន់ក្នុងការជួបកូនក្ដីរបស់ខ្លួន។
អ្នកនាំពាក្យសមាគមអាដហុក (Adhoc) លោក ស៊ឹង សែនករុណា សង្កេតឃើញថា គ្រប់សំណុំរឿងកន្លងមក នៅពេលមេធាវីទទួលបានសិទ្ធិការពារកូនក្ដីរបស់ខ្លួនរួចហើយ គឺពួកគាត់មានសិទ្ធិក្នុងការជួបកូនក្ដីទោះនៅទីណា។ លោកបន្តទៀតថា ករណីនេះគណៈមេធាវី គួរចេញមកបកស្រាយពីតួនាទីរបស់មេធាវី និងសិទ្ធិរបស់មេធាវី ក្នុងការការពារសិទ្ធិកូនក្ដី។ មន្ត្រីសិទ្ធិមនុស្សរូបនេះ ជំរុញទៅស្ថាប័នអនុវត្តច្បាប់ថា គួរគោរពច្បាប់ ជាជាងការអនុវត្តការងារដោយមើលរំលងច្បាប់។
លោក ស៊ឹង សែនករុណា៖«យើងជាអ្នកខាងផ្នែកឃ្លាំមើល យើងចង់ឱ្យមានការជំរុញក្នុងការធ្វើម៉េចអនុវត្តច្បាប់ប្រតិបត្តិទៅតាមច្បាប់ទាំងអស់គ្នា មិនអាចបត់បែនទៅតាមសាច់រឿងណាមួយ ដែលភាគីចង់បានទេ។ បើកាលណាយើងធ្វើអ៊ីចឹង ធ្វើឱ្យមានការរំលោភទៅគោលការណ៍គតិយុត្តិ ហើយនិងគោលការណ៍យុត្តិធម៌ក្នុងផ្លូវច្បាប់ហើយ»។
ទាក់ទងការលើកឡើងនេះ វិទ្យុអាស៊ីសេរីមិនអាចសុំការឆ្លើយបំភ្លឺប្រធានគណៈមេធាវីលោក លី ច័ន្ទតុលា បានទេ នៅថ្ងៃទី១៦ ខែមីនា។ ទោះយ៉ាងណាក្ដី លោកមេធាវី លី ច័ន្ទតុលា គឺជាមេធាវីរបស់រដ្ឋាភិបាលលោក ហ៊ុន សែន ដែលជាភាគីដើមបណ្ដឹងប្ដឹងលោក កឹម សុខា ក្នុងសំណុំរឿងក្បត់ជាតិនេះ។
ជុំវិញរឿងនេះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលភាគីដើមបណ្ដឹងក្នុងសំណុំរឿងនេះ បានថ្លែងឌឺដងទៅមេដឹកនាំ និងអង្គទូតប្រទេសលោកសេរី ដែលជួបលោក កឹម សុខា នាពេលកន្លងមកថា គឺជាធាតុផ្សំបទល្មើសឃុបឃិតជាមួយបរទេសក្នុងការផ្ដួលរំលំរដ្ឋាភិបាលរបស់លោក។ លោក ហ៊ុន សែន ក៏ប្រកាសមិនលើកលែងទោសឱ្យលោក កឹម សុខា ផងដែរ។
លោក ហ៊ុន សែន៖«កន្លងទៅនេះពួកអ្នកឯងធ្វើសកម្មភាពរួមចំណែកដាក់ទោសមនុស្ស ដែលគេទើបហ្នឹងកាត់ទោស អ្នកឯងសួរសុខទុក្ខចុះសួរសុខទុក្ខឡើង។ បន្តិចជួបៗ អាហ្នឹងហើយស្មានតែតុលាការគេមិនយកចិត្តទុកដាក់។ អាហ្នឹងហើយ វាក៏បានបង្កើតនូវចំណុចដែល ហ៊ុនសែន មិនទុកចិត្តលើកលែងទោសឱ្យអ្នកណាទាំងអស់។ អ្នកឯងត្រូវដឹង ឥរិយាបទខ្លះ គឺអ្នកឯងជួយធ្វើបាបអ្នកជាប់ទោសនោះវិញទេ»។
លោក ហ៊ុន សែន ថ្លែងដូច្នេះក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតនៅរាជធានីភ្នំពេញ ថ្ងៃទី១៦ ខែមីនា។ បើទោះជាលោក ហ៊ុន សែន ចោទប្រកាន់បែបនេះក្ដី ប៉ុន្តែ អ្នកជំនាញច្បាប់លោក វ៉ន ចាន់ឡូត យល់ថា អ្នកដឹកនាំមិនគួរចេះតែបកស្រាយ ឬបង្កើតហេតុផលណាមួយ ដើម្បីយកមកតម្រូវអ្វីដែលខ្លួនធ្វើនោះទេ។ យុវជន វ៉ន ចាន់ឡូត ចង់ឃើញអ្នកដឹកនាំគួរធានាឱ្យមាននូវយុត្តិធម៌ និងការឯកភាពជាតិ។
លោក វ៉ន ចាន់ឡូត៖«ពេលខ្លះយើងចេះតែរកហេតុផលដើម្បីឱ្យសមស្រប ឱ្យសមទំនងទៅនឹងអ្វី ដែលខ្លួនកំពុងតែធ្វើ ហើយជាការគេចចេញពីការទទួលខុសត្រូវមួយរបស់ខ្លួនបាទ»។
ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ដែលត្រូវបានតុលាការក្រុងភ្នំពេញ ដែលផ្ដន្ទាទោសលោក ២៧ឆ្នាំ និងដកហូតសិទ្ធិសំខាន់ៗ ស្ទើរអស់ពីខ្លួននោះ លោកមានរយៈពេលតែជាង ២សប្ដាហ៍ទៀតទេ ដើម្បីប្ដឹងឧទ្ធរណ៍ប្រឆាំងការសម្រេចនេះ។ ប៉ុន្តែ ស្ថាប័នអនុវត្តច្បាប់នានា បានរារាំងមេធាវីការពារក្ដីលោក កឹម សុខា ជាបន្តបន្ទាប់ មិនឱ្យពួកគាត់បំពេញកាតព្វកិច្ចរបស់ខ្លួនជួយដល់កូនក្ដីនោះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។