ក្រុម​អ្នកវិភាគ​ព្រមាន​ពី​ការ​បែកបាក់​ឯកភាពជាតិ​កាន់​តែ​ធ្ងន់ធ្ងរ​ក្នុងឆ្នាំ២០២៣

0:00 / 0:00

ក្រុម​អ្នកវិភាគ​ព្រមាន​ពី​ការ​បែកបាក់​ឯកភាពជាតិ​កាន់តែ​ធ្ងន់ធ្ងរ​ក្នុង​សង្គម​កម្ពុជា​នៅ​ក្នុង​ឆ្នាំ​ថ្មី ឆ្នាំ២០២៣ ដែល​នឹង​ឈាន​ចូល​មក​ដល់​នា​ពេល​ដ៏​ខ្លី​ខាងមុខនេះ។ ឆ្នាំ​ថ្មី​នេះ​គឺ​ជា​ឆ្នាំ​ដែល​កម្ពុជា​រៀបចំ​ការ​បោះឆ្នោត​ជាតិ​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិទី៧។ ពួកគេ​មើលឃើញ​ថា ការ​បន្ត​បែកបាក់​ឯកភាព​ជាតិនេះ​គឺ​ដោយសារ​តែ​គណបក្ស​កាន់អំណាច​ដាក់​ចេញ​នូវ​គោល​នយោបាយ​តាម​កម្ចាត់​ក្រុម​អ្នក​ប្រឆាំង ឬ​មាន​និន្នាការ​ផ្ទុយពី​រដ្ឋាភិបាល។

ការ​ចង់​ឃើញ​សង្គម​កម្ពុជា​មាន​ឯកភាព​ជាតិ​ពេញលេញ​ជា​នា​នឹង​គ្នា​រវាង​អ្នក​នយោបាយ​ខ្មែរ​គ្រប់​និន្នាការ ទំនងជា​ក្លាយ​ជា​បំណងប្រាថ្នា​ចម្បង​មួយ​ក្នុងចំណោម​ពលរដ្ឋ​កម្ពុជា​ទូទៅ សម្រាប់​ឆ្នាំ​២០២៣​ នេះ។

ជាក់ស្តែង សារ​ជូនពរ​របស់​អ្នក​ស្តាប់​វិទ្យុ​អាស៊ីសេរី លោក មុំ ផល គឺ​ជា​ឧទាហរណ៍​មួយ​ដែល​ឆ្លុះ​បញ្ចាំង​អំពី​បំណង​ប្រាថ្នា​របស់​ពលរដ្ឋខ្មែរ​សម្រាប់​ឆ្នាំ​ថ្មី​នេះ។

លោក មុំ ផល៖«ដាច់ឆ្នាំ២០២២ ឈាន​ចូល​ឆ្នាំ២០២៣ នេះ សូម​ឱ្យ​ជោគជ័យ​ទាំងអស់គ្នា ឱ្យ​ខ្មែរ​រួបរួម​គ្នា​ផ្សះផ្សា​ជាតិ​រក​ដំណោះស្រាយ​រវាង​ខ្មែរ​ និង​ខ្មែរ​ឡើងវិញ។ សូម​ជូនពរ​ទាំងអស់គ្នា​ឱ្យ​ជួប​តែ​សេចក្តី​សុខ​ទាំងអស់គ្នា»។

ក៏ប៉ុន្តែ ការ​ចង់​ឃើញ​សង្គម​ខ្មែរ​មាន​ឯកភាពជាតិ​ពេញលេញ​នេះ ទំនងជា​ពិបាក​សម្រេច​បាន​ពី​ព្រោះ​អំឡុង​ពេល​ពេញ​មួយ​ឆ្នាំ២០២២ ដែល​ជិត​ផុត​ទៅ​នេះ គណបក្ស​កាន់អំណាច​របស់​លោក​នាយករដ្ឋមន្ត្រី​មិន​បាន​ញញើត​ក្នុង​ការ​ដាក់​ចេញ​នូវ​គោលនយោបាយ និង​យុទ្ធសាស្ត្រ​តាម​កម្ចាត់​ក្រុម​អ្នក​ប្រឆាំង​ដល់​ទី​បញ្ចប់​ឡើយ។

លោក ហ៊ុន សែន៖«ហ៊ុនសែននឹង​ប្តូរផ្តាច់​កម្ចាត់​ចោល​នូវ​មនោគមវិជ្ជា​នៃ​ពូជក្បត់​ជាតិ​បី​ជំនាន់ឥឡូវ​ជិត​ដល់​ខួបលើកទី២០ ​នៃ​ការ​ដែល​អ្នក​ឯង​ដាក់​ចេញ មានស៊ី អត់សែន មានសែន អត់ស៊ីព្រោះ​ចាប់ផ្តើម​តាំងពីឆ្នាំ២០០៣អ្នក​ឯង​ដាក់​ចេញ​គោល​នយោបាយ​ហ្នឹងឥឡូវ​ខ្ញុំ​ក៏​ទទួល​អនុវត្ត​គោលនយោបាយ​ហ្នឹង​ដូចគ្នា​ តែ​ខ្ញុំ​មិន​សម្លាប់​អ្នកឯង​នោះ​ទេតែ​ដូច​អ្វី​ដែល​ខ្ញុំធ្លាប់​ដាក់​ចេញ​នូវ​គោលដៅ​កម្ចាត់​អង្គការ​ចាត់តាំង​នយោបាយ​ និង​យោធា​ នៃ​របប​ខ្មែរ​ក្រហម ខ្ញុំ​ធ្វើ​បាន។ដូច្នេះ ឥឡូវខ្ញុំ​ដាក់​ចេញ​នូវ​គោល​នយោបាយ​កម្ចាត់​ចោល​មនោគមន៍​វិជ្ជា​ជ្រុល​និយម​របស់​ជនក្បត់​ជាតិ​បី​ជំនាន់»។

ទំនង​ជា​ដើម្បី​ត្រួសត្រាយ និង​ធានា​ដល់​ការ​អនុវត្ត​ផែនការ​ផ្ទេរអំណាច​តពូជ​ពង្ស​វង្សត្រកូល​ឱ្យ​កូនចៅ​របស់​លោក​ដោយ​រលូន ក្នុង​ឆ្នាំ​២០២៣ នេះ លោក ហ៊ុន សែន ក៏​បាន​ប្រកាស​ជា​សាធារណៈ​ប្រើប្រាស់​យុទ្ធសាស្ត្រ​ដាក់​ឱ្យ​ដៃគូ​ប្រកួតប្រជែង​នយោបាយ​របស់​លោក គឺ​លោក សម រង្ស៊ី នៅ​ឯកោ និង​បញ្ចប់​ជីវិត​នយោបាយ​របស់​លោក។

ការ​ប្តេជ្ញា​ចិត្ត​មិន​រួញរា​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ការ​ដាក់​ចេញ​នូវ​គោល​នយោបាយ​តាម​កម្ចាត់​ខ្មែរ​គ្នា​ឯង​នេះ ត្រូវ​គេ​មើល​ឃើញ​ថា មិន​ខុស​អ្វី​ពី​សម័យ​ខ្មែរ​ក្រហម​ដែល​អនុវត្ត​ទ្រឹស្ដី «ជីក​ស្មៅ​ជីក​ទាំង​ឫស» ក្រោម​ការចោទប្រកាន់​ពី​បទ «ក្បត់ជាតិ» ឬ «ក្បត់​អង្គការ» ដ៏​ទូលំទូលាយ។ គឺ​ដោយសារ​តែ​ពាក្យ​ថា «ក្បត់ជាតិ» ឬ «ក្បត់​អង្គការ»នេះ​ហើយ ដែល​បាន​ធ្វើ​ឱ្យ​ពលរដ្ឋខ្មែរ​ជិត ២​លាន​នាក់ ត្រូវ​បាន​ស្លាប់​នៅក្នុង​សម័យ​ខ្មែរ​ក្រហម។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បញ្ជាក់​ជំហរ​ថា គណបក្ស​កាន់អំណាច​ក្នុងឆ្នាំ២០២៣ នេះ នឹង​នៅ​តែ​មិន​ចរចា ឬ​ផ្សះផ្សា​ជាមួយ​ក្រុម​អ្នក​ប្រឆាំង​ដែល​លោក​ហៅ​ថា​ជា «ក្រុម​ជ្រុល​និយម» ឡើយ។

លោក សុខ ឥសាន៖«យើង​អត់​មាន​បណ្តែតបណ្តោយ​ទេ។ អាហ្នឹង​គឺ​ដាច់ខាត​ហើយ។ ជាមួយ​ពួក​នេះ អត់​មាន​ចរចា ឬមួយ​សម្របសម្រួល​អី គឺ​អត់​ទេ ព្រោះ​គាត់​ដាច់​ខាត​ជាមួយ​យើង​ហើយ ចាត់ទុក​យើង​ជា​ខ្មាំងសត្រូវ​សឹង​ទាំង​សួរ​ពូជ​ទៅ​ហើយ។ យើង​ចាក់​បណ្តោយ​តាម​គាត់ គឺ​យើង​ជូន​តាម​សំណើ​របស់​គាត់​ទេ​តើ?»

ការ​ថ្លែង «ដាច់ខាត» របស់​អ្នកនាំពាក្យ​បក្ស​កាន់អំណាច​បែប​នេះ បង្ហាញ​ថា អ្នក​នយោបាយ​ខ្មែរ​ហាក់​មិន​បាន​រៀនសូត្រ​ពី​ប្រវត្តិសាស្ត្រ​ដ៏​ជូរចត់​ កាលពី​សម័យ​ខ្មែរ​ក្រហម​ឡើយ បើ​ទោះ​បី​ជា​ពិភពលោក​បាន​ចំណាយ​លុយ​មិន​តិច​ជាង ៣រយលាន​ដុល្លារ​ ដើម្បី​នាំ​យក​មេដឹកនាំ​នៃ​របប​នេះ​មក​កាត់​ទោស​ដោយ​តុលាការ​កូនកាត់​យ៉ាង​ណា​ក្តី។

អ្នកវិភាគ​នយោបាយ បណ្ឌិត មាស នី យល់​ឃើញ​ថា គណបក្ស​កាន់​អំណាច​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បរាជ័យ​ក្នុង​ការ​ធានា​ឱ្យ​បាន​នូវ​ឯកភាពជាតិ ដូច​តាម​អ្វី​ដែល​បាន​ព្រមព្រៀង​នៅក្នុង​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស ២៣ តុលា ១៩៩១៖

បណ្ឌិត មាស នី៖«មក​ដល់​ពេល​នេះ យើង​ឃើញ​ថា រដ្ឋាភិបាល​ប៉ុន្មាន​អាណត្តិ គឺ​នៅ​ទទួល​បរាជ័យ​នៅ​ឡើយ​ទេ​នៅ​ក្នុង​ការ​នាំ​មក​នូវ​ឯកភាពជាតិ។ ក៏ប៉ុន្តែ ត្រង់នេះ ក៏​ធ្វើ​ឱ្យ​ការ​ប្រេះឆា​ជាតិ គឺ​មាន​កាន់តែ​ធំ​ទៅៗ​រហូត​ដល់​ទៅ​និយាយ​គ្នា​លែង​បាន ហើយ​ដោះស្រាយ​គ្នា​លែង​បាន»។

បើ​តាម​បណ្ឌិត មាស នី ការ​ខ្វះ​ឯកភាពជាតិ​នេះ ក៏​បង្ក​ជា​បញ្ហា​រាំង​ស្ទះ​មួយ​ទៅ​ដល់​ការ​អភិវឌ្ឍន៍​ស្រុកទេស ស្របពេល​ដែល​ប្រទេស​នានា​ នៅ​លើ​ពិភពលោក​បច្ចុប្បន្ន​ កំពុង​ដើរ​ទៅ​ដល់​ការ​នៃ​ការ​ធ្វើការ​រួមគ្នា​ដើម្បី​អភិវឌ្ឍ​ជាតិ។

ស្រដៀងគ្នា​នឹង​ការ​លើក​ឡើង​នេះ អ្នកជំនាញ​វិទ្យាសាស្ត្រ​នយោបាយ លោក ឯម សុវណ្ណារ៉ា មើលឃើញ​ថា សង្គម​កម្ពុជា​សម្រាប់ឆ្នាំ២០២៣​ ខាងមុខនេះ ហាក់​ពិបាក​នឹង​សម្រេច​បាន​នូវ​ការ​ផ្សះផ្សាជាតិ ឬ​ការ​ត្រូវរ៉ូវ​គ្នា​រវាង​អ្នក​នយោបាយ​ខ្មែរ និង​ខ្មែរ​ឡើង​វិញ។ លោក​ថា ការណ៍​នេះ គឺ​ដោយសារ​តែ​អ្នក​នយោបាយ​ខ្មែរ​បន្ត​អនុវត្ត​នូវ​គោល​នយោបាយ «ទឹក​ឡើង​ត្រី​ស៊ី​ស្រមោច ទឹក​ហោច​ស្រមោច​ស៊ី​ត្រី»។

​លោក ឯម សុវណ្ណារ៉ា៖«ព្រោះ​យើង​មើល​បច្ចុប្បន្ន​នេះ អ្នក​នយោបាយ​មាន​អំណាច​ហាក់​ដូចជា​កំពុងតែ​ផ្តាច់​ផ្តិល ឬ​ក៏​ធ្វើ​ឱ្យ​គណបក្ស​ប្រឆាំង​ងើប​ឡើង។ គណបក្ស​ក្រៅ​រដ្ឋាភិបាល​សំដៅ​ទៅ​គណបក្ស​ប្រឆាំង ពុំ​មាន​លទ្ធភាព ក៏​ហៅថា តាម​ធ្វើ​ម៉េច​មិន​អាច​មាន​លទ្ធភាព​ប្រកួតប្រជែង ហើយ​បទ​ចោទ​ទាំងឡាយ​ណា ដូចជា​ គណបក្ស​សង្គ្រោះជាតិ​ជាដើម រហូតដល់​បច្ចុប្បន្ន​នេះ ប្រាំ​ឆ្នាំ​ជាង​ហើយ មិន​ទាន់​ឃើញ​មាន​អំណះអំណាង​រឹង​មាំ​ទេ...»។

រដ្ឋាភិបាល​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ចាប់ផ្តើម​បើក​យុទ្ធនាការ​ជា​ប្រព័ន្ធ​គាស់​រម្លើង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ដោយ​ការ​រម្លាយ​គណបក្ស​សង្គ្រោះជាតិ​ កាល​ពី​ចុងឆ្នាំ២០១៧ ដោយគ្មាន​មូលដ្ឋានច្បាប់។ យុទ្ធនាការកម្ទេចមតិ​ផ្ទុយពី​បក្សកាន់អំណាច​នេះ​បន្ត​អូស​បន្លាយ​រហូត​ដល់​ពេល​បច្ចុប្បន្ន។ ក្រុម​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង និង​ក្រុម​អ្នករិះគន់​រដ្ឋាភិបាល​មិន​តិច​ជាង ២០០នាក់ឡើយ​បាន​រងគ្រោះ និង​បន្ត​រងគ្រោះ​ពី​យុទ្ធនាការ​នេះ ខណៈ​ពួកគេ​មួយចំនួន​ក្នុង​នោះ​ក៏​រួមមាន​ទាំង​មេធាវី​​ខ្មែរ​អាមេរិកាំង កញ្ញា សេង ធារី ផង ​កំពុង​ជាប់ឃុំ​​ក្នុង​ពន្ធនាគារ។

បណ្ឌិត មាស នី ព្រមាន​ថា ការ​បង្កើន​ការ​បង្ក្រាប​របស់​គណបក្សកាន់អំណាច​មក​លើ​ក្រុម​ពលរដ្ឋ​ដែល​មាន​ទស្សនៈ​ផ្ទុយ ឬ​ក្រុម​អ្នក​នឹង​ប្រឆាំង នឹង​ក្លាយ​ជា «គ្រោះ» សម្រាប់​បក្ស​កាន់​អំណាច​ទៅវិញ​ទេ។

បណ្ឌិត មាស នី៖«ខ្ញុំ​មើល​ឃើញ​ថា ការប្រកាស​នៅក្នុង​ឆ្នាំ២០២២ ​របស់​ប្រមុខរដ្ឋាភិបាល​ទៅ​លើ​ការ​ព្យាយាម​កម្ទេច​ឱ្យ​អស់​ពី​លើ​ដល់​ក្រោម​នោះ គឺ​ខ្ញុំ​គិត​ថា​ វា​នឹង​អាច​នាំ​មក​នូវ​គ្រោះ​សម្រាប់​គណបក្ស​កាន់​អំណាច ជាជាង​ការ​នាំ​មក​នូវ​ផល​ចំណេញ ប្រសិនបើ​ការ​បង្ក្រាប ឬ​ការ​គំរាម​ទាំងនោះ​នៅ​តែ​បន្ត​រហូតដល់​ឆ្នាំ២០២៣...។ ប្រសិនបើ​ការ​គំរាម​នៅ​តែ​មាន​ជា​បន្ត​ទៅ​ទៀត​នោះ វា​នឹង​អាច​ធ្វើ​ឱ្យ​គណបក្សកាន់អំណាច គាត់​មាន​ការពិបាក​ក្នុង​ការ​ស្តា​រនូវ​ប្រជាប្រិយភាព​ឡើងវិញ ហើយ​កាលណា​គាត់​មិន​បាន​ទទួល​នូវ​ទំនុកចិត្ត ទទួល​បាន​នូវ​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​វិញ​ទេ​នោះ គឺ​ខ្ញុំ​មាន​ជំនឿ​ថា ​តាមរយៈ​ប្រព័ន្ធ​ចារកម្ម​របស់​រដ្ឋ គឺ​វា​នឹង​អាច​មាន​ការ​បង្ក្រាប​បន្ត​ទៀត។ ដូច្នេះ កាលណា​ការ​បង្ក្រាប​កាន់តែ​ច្រើន ការ​លំបាក​ក្នុង​ការ​ទាមទារ ក្នុង​ការ​ទិញ​យក ឬក៏​ទាញ​យក​បេះដូង​របស់​ពលរដ្ឋ​វិញ...»។

កម្ពុជា​នឹង​រៀបចំ​ការ​បោះឆ្នោត​ជាតិ​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិទី៧ នៅ​ថ្ងៃ​អាទិត្យ ទី២៣ ខែ​កក្កដា ឆ្នាំ២០២៣។ ការ​បោះឆ្នោត​នេះ នឹង​ក្លាយ​ជា​វិញ្ញាសា​កាត់ក្តី​លើ​យុទ្ធនាការ​បង្ក្រាប​ជា​ប្រព័ន្ធ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ចាប់តាំង​ពីក្រោយ​ការបោះឆ្នោត​ជាតិ​ដ៏​ចម្រូងចម្រាស ​កាល​ពី​ឆ្នាំ២០១៨ មក។ ប្រសិនបើ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​មិន​រង​ការ​រិះគន់​ថា លម្អៀង គ្មាន​អព្យាក្រឹត្យ និង​មិន​ឯករាជ្យ​នោះ​ទេ ការ​បោះឆ្នោត​នេះ​ទំនងជា​អាច​ធ្វើ​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ប្រឈម​នឹង​ព្យុះសង្ឃរា​នយោបាយ​ មិន​ខុស​ពី​កាលពី​ ១០ឆ្នាំ​មុន ស្រប​ពេល​ដែល​គណបក្ស​ភ្លើងទៀន​កំពុង​ក្លាយ​ជា​គូប្រជែង​ដ៏​សំខាន់​មួយ​របស់​បក្ស​កាន់អំណាច។ ក្រុម​អ្នក​ឃ្លាំមើល​បញ្ហា​សង្គម និង​នយោបាយ​កម្ពុជា កំពុង​តាម​ឃ្លាំមើល​ថា តើ​គណបក្ស​កាន់អំណាច​ហ៊ាន​ឈាន​ទៅ​រម្លាយ​គណបក្ស​ភ្លើង​ទៀន​នៅ​មុន​ការ​បោះឆ្នោត​ជាតិ​លើក​នេះ​ដែរ​ ឬទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។