យុវជនមួយក្រុមប្រមាណ ៥០នាក់ ដឹកនាំដោយលោក ស្រី ចំរើន ប្រកាសតវ៉ាប្រឆាំងក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ហើយប្ដេជ្ញាតតាំងចូលសមរភូមិជាមួយអ្នកគាំទ្របក្សប្រឆាំង។
សកម្មភាពរបស់យុវជនទាំងនេះ ប្រើរថយន្តប្រភេទទំនើប កាន់ក្បាលមេក្រូនៅមុខសណ្ឋាគារកាំបូឌីយ៉ាណា ស្រែកបំពងសំឡេងជេរប្រមាថ ដោយប្រើពាក្យអសុរសចំពោះអ្នកគាំទ្របក្សប្រឆាំង ដែលគ្រោងហែញត្តិថ្វាយព្រះមហាក្សត្រ នៅរសៀលថ្ងៃទី៣០ ឧសភា។
តែយ៉ាងណាក៏ដោយ ការដាក់មេក្រូស្រែកតវ៉ារបស់ក្រុមយុវជននេះ មិនត្រូវបានសមត្ថកិច្ចរារាំង ដូចសមត្ថកិច្ចកំពុងរារាំងក្រុមតំណាងរាស្ត្រនិងអ្នកគាំទ្របក្សប្រឆាំងនោះឡើយ ខណៈក្បួនហែញត្តិរបស់គណបក្សសង្គ្រោះជាតិ កំពុងត្រូវបានកងកម្លាំងអាជ្ញាធរមានសមត្ថកិច្ចដាក់បារាសរារាំងមិនឲ្យចេញដំណើររួចទេ។
គណបក្សសង្គ្រោះជាតិ នៅតែបន្តជំហររបស់ខ្លួនទៅមុខក្នុងការហែញត្តិទៅថ្វាយព្រះមហាក្សត្រ បើទោះបីជាសាលារាជធានីភ្នំពេញ មិនអនុញ្ញាតក្ដី ក្រោយពីសភាបានអនុម័តឲ្យតុលាការបន្តនីតិវិធីលើប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ដែលតុលាការចោទប្រកាន់ជាបទល្មើសជាក់ស្ដែង បន្ទាប់ពីលោក កឹម សុខា មិនចូលខ្លួនទៅបំភ្លឺតាមការកោះហៅចំនួនពីរលើក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។