ពលរដ្ឋ​ខ្មែរ​នៅ​អឺរ៉ុប​បាតុកម្ម​ទាមទារ​ឲ្យ​បារាំង​ដាក់​សម្ពាធ​ទៅ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​ត្រកូល​«​ហ៊ុន​»

ដោយ សេក បណ្ឌិត
2024.10.27
ពលរដ្ឋ​ខ្មែរ​នៅ​អឺរ៉ុប​បាតុកម្ម​ទាមទារ​ឲ្យ​បារាំង​ដាក់​សម្ពាធ​ទៅ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​ត្រកូល​«​ហ៊ុន​» ទិដ្ឋភាពដើរក្បួនបាតុកម្ម​ដែលដឹកនាំដោយប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី នៅទីក្រុង​ប៉ារីស ប្រទេស​បារាំង កាលពីថ្ងៃទី២៦ ខែ​តុលា ២០២៤។
រូប៖ ហ្វេសប៊ុកលោក សម រង្ស៊ី

ពលរដ្ឋ​ខ្មែរ​រស់នៅ​សហភាព​អឺរ៉ុប ព្រមទាំង​អ្នកនយោបាយ និង​សកម្មជន​សិទ្ធិមនុស្ស​នៅ​ទីនោះ​ផង រួមគ្នា​ទាមទារ​ឲ្យ​រដ្ឋាភិបាល​បារាំង ដាក់​សម្ពាធ​ទៅលើ​រដ្ឋាភិបាល​ខ្មែរ​បច្ចុប្បន្ន​ដែល​ដឹកនាំ​ដោយ​គ្រួសារ​ត្រកូល​ហ៊ុន ឲ្យ​គោរព​នូវ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង ប៉ារីស​២៣ តុលា ឆ្នាំ​១៩៩១​។​

ការ​ទាមទារ​នេះ ធ្វើឡើង​តាមរយៈ​ការ​ធ្វើ​បាតុកម្ម​ធំ​មួយ​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង នៅ​ថ្ងៃ​សៅរ៍ ទី​២៦ តុលា ដែល​មាន​អ្នកចូលរួម ជាច្រើន​រយ​នាក់ ក្នុង​នោះ ក៏​មាន​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ លោក សម រង្ស៊ី ចូលរួម​ដើរ​ក្បួន​ធ្វើ​បាតុកម្ម និង​បាន​ថ្លែង​សារ​មួយ​ចំនួន​ទាក់ទង​នឹង​បញ្ហា​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា​នា​ពេល​នោះ​ដែរ។

ពលរដ្ឋ​ខ្មែរ​រស់នៅ​សហភាព​អឺរ៉ុប ចង់​ឃើញ​រដ្ឋាភិបាល​បារាំង ដែល​ជា​ម្ចាស់​ហត្ថលេខី​ដ៏​ដំ​ខាន់​មួយ នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស មាន​វិធានការ​ជាក់​លក្ខណ៍​ម៉ឺងម៉ាត់ ជាមួយ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​ត្រកូល ហ៊ុន ដែល​កាន់អំណាច​ត​ជំនាន់​មក​នេះ ឲ្យ​ងាក​មក​ដើរ​តាម​គន្លង​ប្រជាធិបតេយ្យ និង​គោរព​សិទ្ធិមនុស្ស​ឡើង​វិញ។

ជាង​នេះ​ទៅ​ទៀត ពួកគាត់​ក៏​ចង់​ឲ្យ​រដ្ឋាភិបាល​បារាំង ជំរុញ​ទៅ​ប្រទេស​ជិតខាង​កម្ពុជា គោរព​អធិបតេយ្យភាព​ជាតិ​ខ្មែរ ឲ្យ​បាន​ត្រឹមត្រូវ ដូច​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ។ ជាពិសេស​មាន​ចែង​ក្នុង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង ប៉ារីស​២៣ តុលា​១៩៩១។

តំណាង​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ប្រទេស​បារាំង និង​ជា​អ្នកសម្របសម្រួល ការ​ធ្វើ​បាតុកម្ម លោក ទេព មនោរម្យ មាន​ប្រសាសន៍​ថា អ្នក​ចូល​ពី​គ្រប់​ទិសទី​ក្នុង​ប្រទេស​បារាំង និង​សហភាព​អឺរ៉ុប​មាន​គ្នា​ប្រមាណ ៥០០​នាក់ កាល​ពី​ថ្ងៃ​ទី២៦ ខែ​តុលា បាន​ស្នើ​ឡើង​បែបនេះ​តាមរយៈ ការ​ដើរ​ដង្ហែ​ក្បួន ស្រែក​ជ័យ​ឃោស លើក​បដា ដើរកាត់​តាម​តំបន់​សំខាន់ៗ​ក្នុង​ទីក្រុង​ប៉ារីស និង​ផ្សាយ​ផ្ទាល់​តាម​បណ្ដាញ​សង្គម​ជាច្រើន ដើម្បី​ឲ្យ​រដ្ឋាភិបាល​បារាំង និង​សហគមន៍​អន្តរជាតិ​ទូទាំង​ពិភពលោក​បានដឹង​អំពី​ការ​ចង់​បាន​របស់​ពល​រដ្ឋ​ខ្មែរ​ទាំង​ក្នុង​ប្រទេស និង​ខ្មែរ​រស់នៅ​ទូទាំង​ពិភពលោក។

លោក ទេព មនោរម្យ៖ «គាត់​មើល​ឃើញ​ថា ការ​ចាប់​យុវជន​បរិស្ថាន និង​ចាប់​មនុស្ស​ផ្សេង​ទៀត​ដាក់គុក គឺជា​ការរំលោភ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង ប៉ារីស​យ៉ាងធ្ងន់ធ្ងរ អញ្ចឹង​ហើយ​បងប្អូន​ខ្មែរ​យើង​គាត់​មាន​ទឹកចិត្ត​ក្តៅ​ផុសផុល​មែនទែន ហើយ​នៅក្នុង​បដា​គឺ​បាន​ទាមទារ​ឲ្យ​ដោះលែង អ្នកទោស​មនសិការ សកម្មជន បរិស្ថាន និង​ឲ្យ​គោរព​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង ប៉ារីស...»

ចំណែក​បាតុករ​ជា​ស្ត្រី​ខ្មែរ​រស់​ប្រទេស​បារាំង​ម្នាក់​ទៀត ស្នើ​ឲ្យ​រដ្ឋាភិបាល​រៀបចំ​ការបោះឆ្នោត​ឡើងវិញ​ដែល​ជា​ការបោះឆ្នោត​មួយ​ធានា​បាន​នូវ​ឯករាជ្យ តម្លាភាព ត្រឹមត្រូវ និង​យុត្តិធម៌​ដោយមាន​ការចូលរួម​ពី​គ្រប់​គណបក្ស​នយោបាយ​ទាំងអស់​ដោយ​គ្មាន​ការរើសអើង គំរាមកំហែង និង​ធ្វើ​ទុក្ខបុកម្នេញ។

«យើង​ក្នុងនាម​ជា​ខ្មែរ សូម​ឲ្យ​អន្តរជាតិ ពិភពលោក​ទាំងអស់​ជួយ​ធ្វើ​អន្តរាគមន៍ ដើម្បី​ប្រទេស​យើង​ទាំងអស់គ្នា យើង​រង​ទុក្ខ​អស់​រយៈពេល​៣៣​ឆ្នាំ​មក​ហើយ ក្រោយ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដែល​គ្មាន​ដំណោះស្រាយ ហ៊ុន សែន មិន​បាន​គោរព​ទេ មែន​ទេ បងប្អូន​....? »

ពួកគាត់​បញ្ជាក់​ថា ការ​បោះឆ្នោត ដែល​អាច​ទទួល​យក​បាន​នោះ គឺ​ការ​បោះឆ្នោត​ដែល​មាន​ការ​ចូលរួម​សង្កេតការណ៍​ពី​សហគមន៍​អន្តរជាត គ..ប​ឯករាជ្យ ជាពិសេស មាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គណបក្សប្រឆាំង​ធំ​ជាងគេ ហើយ​ដែល​ត្រូវ​លោក ហ៊ុន សែន រំលាយ​ចោល។

ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ លោក សម រង្ស៊ី ក៏បាន​ចូលរួម​ដើរ​ក្បួន​ធ្វើ​បាតុកម្ម ដូច​ពលរដ្ឋ​ដទៃ​ទៀត​ដែរ។

លោក​លើក​ឡើង​ថ្លែង​សារ​ជា​សាធារណៈ​ចំពោះ​ក្រុម​បាតុករ​ថា កត្តា​សំខាន់ ពលរដ្ឋ​ខ្មែរ​ទូទាំង​ពិភពលោក ត្រូវ​រួមគ្នា​ជា​ធ្លុង​មួយ ធ្វើ​យ៉ាង​សង្គ្រោះ​ប្រជាធិបតេយ្យ និង​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ឲ្យ​រស់​ឡើងវិញ ហើយ​សំឡេង​ទាមទារ​របស់​ខ្មែរ​ទូទាំង​ពិភពលោក​ជា​សំឡេង​រួម​តែមួយ និង​តំណាង​ឲ្យ​មនសិការ​ពលរដ្ឋ​ខ្មែរ​នៅក្នុង​ស្រុក​ដែល​ពួកគាត់​ធ្វើ​អ្វី​មិន​កើត និយាយ​អ្វី​មិន​បាន ដោយ​របប​ត្រកូល​ហ៊ុន ដកហូត​សិទ្ធិ​ពួកគាត់​ទាំងស្រុង​ដោយ​យក​តុលាការ និង​គុក​ច្រវាក់​មក​គំរាម។

លោក សម រង្ស៊ី៖ «ដូច្នេះ​ការ​ទាមទារ​របស់​ពួក​យើង​ទាំងអស់គ្នា គឺជា​ការ​ទាមទារ​ត្រឹមត្រូវ យើង​តំណាង​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​ប្រទេស​កម្ពុជា ដែល​លោក​អត់​មាន​សិទ្ធិ​តវ៉ា​ទេ តែ​យើង​មាន​សិទ្ធិ មាន​សេរីភាព​នៅ​ប្រទេស​ប្រជាធិបតេយ្យ ដូចជា​នៅ​ប្រទេស​បារាំង​នេះ យើង​ត្រូវតែ​សម្ដែង​មតិ​របស់​យើង ដើម្បី​ទាមទារ​នូវ​អ្វី​ដែល​ប្រជាពលរដ្ឋ​ទាំងមូល​ចង់បាន​គឺ​សេរីភាព និង​យុត្តិធម៌​...»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​មន្ត្រី​រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ដើម្បី​ឆ្លើយតប ជុំវិញ​រឿង​នេះ​បាន​ទេ កាលពី​ថ្ងៃទី២៦ តុលា។

ក៏ប៉ុន្តែ កន្លង​មក រដ្ឋាភិបាល តែងតែ​អះអាង​ថា ខ្លួន​កំពុង​អនុវត្ត​ទៅ​តាម​ច្បាប់ និង​ដើម្បី​ការពារ​សន្តិភាព និង​តែងតែបាន​ច្រានចោល​នូវ​របាយការណ៍​របស់​អង្គការ​អន្តរជាតិ​នានា ដែល​បង្ហាញ​អំពី​ការ​ធ្លាក់ចុះ​គួរ​ឲ្យ​បារម្ភ អំពី​ការ​អនុវត្ត​ច្បាប់ សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

ទោះ​យ៉ាង​ណា​ក្ដី ក្រុម​បាតុករ​ប្រកាស​ថា ពួកគេ​នឹង​មក​ជួប​ជុំគ្នា​ជាថ្មី​ម្ដងទៀត បើសិន​រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត មិន​ព្រម​កែ​ទម្រង់​ការ​ដឹកនាំ​ប្រទេស​ដូច​ពេល​បច្ចុប្បន្ន និង​មិន​ព្រម​ដោះលែង​អ្នកទោស​មនសិការ អ្នកនយោបាយ ព្រមទាំង​ក្រុម​យុវជន​បរិស្ថាន​ឲ្យ​មាន​សេរីភាព​ឡើងវិញ​នោះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
ពលរដ្ឋ​ខ្មែរ​នៅ​អឺរ៉ុប​បាតុកម្ម​ទាមទារ​ឲ្យ​បារាំង​ដាក់​សម្ពាធ​ទៅ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​ត្រកូល​«​ហ៊ុន​»
អត្ថបទពេញនិយម
នយោបាយ
សកម្មជន​បក្ស​ប្រឆាំង​ថា ពួកគាត់​បង្ខំ​ចិត្ត​ចុះចូល​ជាមួយ​បក្ស​កាន់អំណាច​ដើម្បី​ការពារ​សុវត្ថិភាព​ផ្ទាល់ខ្លួន និង​គ្រួសារ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។