បាតុកម្ម​ប្រឆាំង​លោក កឹម សុខា នៅតាម​ខេត្ត​មួយ​ចំនួន

នៅ​ខេត្ត​ចំនួន​បី​នៃ​ភាគ​ពាយ័ព្យ​ប្រទេស​កម្ពុជា អតីត​អ្នក​ភូមិ​បាន​ធ្វើ​បាតុកម្ម​ដាច់​ដោយ​ឡែក​ពី​គ្នា នៅ​ព្រឹក​ថ្ងៃ​ទី​៩ ខែ​មិថុនា ប្រឆាំង​ទៅ​នឹង​លោក កឹម សុខា ទាមទារ​ឲ្យ​លោក​​ចេញ​មុខ​សុំ​ទោស​ជា​សាធារណៈ​​ចំពោះ​​សម្ដី​ដែល​គេ​ចោទ​ថា លោក​បាន​​និយាយ​ថា គុក​ទួល​ស្លែង​ជា​កន្លែង​សិប្បនិម្មិត ប្រឌិត​ឡើង​ដោយ​​ប្រទេស​វៀតណាម។

0:00 / 0:00

0:00 / 0:00

ស្ដាប់​សេចក្ដី​រាយការណ៍​របស់​លោក សួន សុផលមុន្នី៖

នៅ​ខេត្ត​បាត់ដំបង ក្រុម​អ្នក​តវ៉ា​បាន​​ផ្ដុំ​គ្នា​នៅ​ក្នុង​បរិវេណ​វត្ត​ពោធិ៍ក្នុង​ ពុំ​បាន​ដង្ហែ​ក្បួន​នោះ​ទេ ប៉ុន្តែ​​បាន​អាន​​សេចក្ដី​ថ្លែងការណ៍​ថ្កោល​ទោស​ លោក ​កឹម សុខា ​លាយ​ឡំ​នឹង​ការ​លើក​បដា​ជា​ច្រើន​ផ្ទាំង​មាន​ខ្លឹម​សារ​ប្រឆាំង​នឹង​លោក ​កឹម ​សុខា ​ដែល​បាន​​និយាយ​​ប្រមាថ​គុក​ទួលស្លែង ​ធ្វើ​ឲ្យ​អោយ​ប៉ះពាល់​ផ្លូវ​ចិត្ត និង​អារម្មណ៍​របស់​ជន​រងគ្រោះ៖ «សំដី​ដែល​លោក កឹម សុខា និយាយ​ថា គុក​ទួល​ស្លែង ជា​កន្លែង​សិប្បនិម្មិត ហើយ​ថា របប​កម្ពុជា​ប្រជាធិបតេយ្យ ជា​ឆាក​ល្ខោន​ដែល​យួន​កុម្មុយនិស្ត​បាន​រៀបចំ​ទុក​នោះ ជា​ពាក្យ​សម្ដី​បង្កប់​ន័យ​ចាក់ដោត និង​មាន​ចរិត​នយោបាយ​យង់ឃ្នង​គួរ​ឲ្យ​ព្រឺព្រួច​សាហាវ​ជា​ទី​បំផុត​ដែល​សម័យ​នេះ​ទៅ​ហើយ សម័យ​សេរី​ពហុ​បក្ស នៅ​មាន​អ្នក​នយោបាយ​ដូច​លោក កឹម សុខា បន្ត​យក​ខួរ​ក្បាល​ឃាតក ប៉ុល ពត មក​សាបព្រោះ​នៅ​បរិបទ​នយោបាយ​បច្ចុប្បន្ន​យ៉ាង​ដូច្នេះ»

មេក្រុម​ដឹកនាំ​ក្រុម​បាតុករ លោក សាត់ សុកខុំ បញ្ជាក់​ថា យើង​មិន​អាច​បំភ្លេច​បាន​ទេ​អំពី​ទិដ្ឋភាព​ពិត​នៃ​ជីវិត​ ជាក់ស្ដែង​របស់​យើង​ជា​ជន​រងគ្រោះ​ក្នុង​របប​ប្រល័យ​ពូជ​សាសន៍ ប៉ុល ពត ទោះបី​ជា​យើង​ទាំង​អស់​គ្នា​បាន​ខិតខំ​ហាត់​ស្ងប់​ចិត្ត​ជា​យូរ​ឆ្នាំ​ក៏ដោយ។ មតិ​ជាតិ​និង​អន្តរជាតិ ជាពិសេស​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ បាន​ទទួល​ស្គាល់​ថា គុក​ទួល​ស្លែង​ ជា​គុក​ដ៏​ធំ​នៃ​របប​ប្រល័យ​ពូជសាសន៍​សម្រាប់​ធ្វើ​ទារុណកម្ម​យ៉ាង​សាហាវ​ព្រៃ​ផ្សៃ​បំផុត​ ប៉ុន្តែ​ត្រូវ​បាន​លោក កឹម សុខា ចាត់​ទុក​ថា ជា​កន្លែង​សិប្បនិម្មិត។

សម្ដី​បែប​នេះ​មានន័យ​​ស្មើ​នឹង​ការ​មាក់ងាយ​មិន​អាច​ប្រកែក​បាន​ទៅ​លើ​វិញ្ញាណក្ខន្ធ​អ្នក​ស្លាប់​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ និង​ពិសេស​នៅ​គុក​ទួល​ស្លែង​តែ​ម្ដង៖ «គាត់​មើល​ងាយ​ដល់​វិញ្ញាណក្ខន្ធ​ជន​រងគ្រោះ​និង​អ្នក​ស្លាប់​ដោយ​ត្រូវ​បាន​គេ​សម្លាប់​នៅ​ក្នុង​គុក​ទួលស្លែង ក៏​ដូច​ជន​រងគ្រោះ​ដទៃ​ទៀត​ដែល​បាន​ស្លាប់​នៅ​ក្នុង​របប​ប្រល័យ​ពូជសាសន៍​ ប៉ុល ពត និង​ជនរងគ្រោះ​ដែល​មាន​ជីវិត​រស់​នៅ​បច្ចុប្បន្ន​នេះ​ផង​ដែរ»

លោកស្រី សេង គឹម យ៉ុង អាយុ ៦៣​ឆ្នាំ​ មក​ពី​សង្កាត់​អូរចារ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង ថ្លែង​ថា ក្រុម​អ្នក​តវ៉ា​ទាំង​អស់​សុទ្ធ​បាន​ទាមទារ​ឲ្យ​លោក កឹម សុខា ចេញ​មុខ​សុំ​ទោស​ជា​សាធារណៈ៖ «កើត​ទុក្ខ​មិន​សុខ​ចិត្ត​សុំ​ឲ្យ កឹម សុខា ចេញ​មុខ​មក​សុំ​ទោស​ដល់​វិញ្ញាណក្ខន្ធ​អ្នក​ដែល​ស្លាប់​ទូទាំង​ប្រទេស ហើយ​បង​ប្អូន​គេ​ដែល​រស់​នៅ​សុំ​ឲ្យ​កំហុស​ដែល​គាត់​បាន​និយាយ​ អត់​មាន​ការ​ពិត​ទទួល​យក​មិន​បាន​ទេ​ថា គុក​ទួល​ស្លែង​ជា​កន្លែង​សិប្បនិម្មិត​ គុក​ទួល​ស្លែង​ជា​កន្លែង​រៀបចំ​ឆាក​ មិន​មែន​ទេ កុំ​អ្នក​មក​កុហក​ខ្ញុំ ខ្ញុំ​មិន​ទាន់​ស្លាប់​ទេ បង​ប្អូន​មក​នេះ សុទ្ធ​តែ​កើត​ទាន់​ទាំង​អស់​គ្នា​ គ្រួសារ​ណា​មួយ​ដែល​មិន​មាន​អ្នក​ស្លាប់»។

ទោះ​យ៉ាង​គេ​សង្កេត​ឃើញ​ថា បាតុកម្ម​អហិង្សា​នេះ​មាន​ចំនួន​អ្នក​ចូល​រួម​ប្រហែល​ជាង ២០០​នាក់ ខុស​ពី​ការ​គ្រោង​ទុក ដែល​ថា អ្នក​ចូល​រួម​នឹង​មាន​រហូត​ទៅ​ដល់​ជាង ១​ពាន់។ អ្នក​ចូល​រួម​តវ៉ា​នេះ​ត្រូវ​គេ​ដឹង​ថា មក​ពី​ស្រុក ក្រុង​ចំនួន ៥ របស់​ខេត្ត​បាត់ដំបង។ ក្នុង​នោះ​មាន​ស្រុក​ថ្មគោល ស្រុក​បាណន់ ស្រុក​សង្កែ ស្រុក​ឯកភ្នំ និង​ក្រុង​បាត់ដំបង។

អ្នក​សម្រប​សម្រួល​អង្គការ​លីកាដូ​ ប្រចាំ​ខេត្ត​បាត់ដំបង លោក ស៊ុន តឹក ដែល​បាន​​អង្កេត​តាម​ដាន​ការ​ធ្វើ​បាតុកម្ម​នេះ​ថ្លែង​ថា អ្នក​ចូល​រួម​មួយ​ចំនួន​ធំ​ពុំ​មាន​កើត​ចេញ​ពី​ចិត្ត​បរិសុទ្ធ​របស់​ខ្លួន​​នោះ​ទេ។

លោក​សង្កត់​ធ្ងន់​ថា ​ចំនួន​អ្នក​ចូល​រួម​មាន​ថមថយ​ អាច​បញ្ជាក់​ពី​ការ​ពិត​បាន៖ «ការ​ជួបជុំ​គ្នា​នៅ​វត្ត​ពោធិ៍ក្នុង នេះ​គ្រាន់​ជា​ការ​បង្គ្រប់​កិច្ច​របស់​មន្ត្រី​ចូល​និវត្តន៍​មួយ​ចំនួន គេ​ឲ្យ​គាត់​ធ្វើ​បង​ប្អូន​មួយ​ចំនួន​នៅ​តាម​ឃុំ ខ្ញុំ​បាន​ចុះ​យក​ព័ត៌មាន​បង​ប្អូន​ដែល​មក​ហ្នឹង គាត់​ឆ្លើយ​ថា មេ​ភូមិ មេ​ឃុំ ហៅ​ឲ្យ​មក ហើយ​បើ​គាត់​មិន​មក​គាត់​ខ្លាច​គេ​ដែរ គាត់​និយាយ​អ៊ីចឹង»

នៅ​ជុំវិញ​កន្លែង​ធ្វើ​បាតុកម្ម​គេ​សង្កេត​ឃើញ​កម្លាំង​មាន​សមត្ថកិច្ច​បាន​ត្រៀម​កម្លាំង​ប៉ូលិស​ដើម្បី​ការ​សន្តិសុខ​ យ៉ាង​ប្រុង​ប្រយ័ត្ន​ ព្រោះ​ខ្លាច​កើត​​មាន​អំពើ​ហិង្សា។ ក្បួន​បាតុកម្ម​នេះ​បាន​បញ្ចប់​ទៅ​វិញ ក្រោយ​ពី​​តំណាង​ក្រុម​របស់​ពួក​អាន​សេចក្ដី​ថ្លែងការណ៍​ថ្កោលទោស​លោក ​កឹម ​សុខា ​រួច​មក។ ទោះ​យ៉ាង​គេ​សង្កេត​ឃើញ​មាន​ភ្នាក់ងារ​របស់​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចូល​ទៅ​ឃ្លាំង​មើល​បាតុកម្ម​នេះ​ដែរ ប៉ុន្តែ​មិន​បាន​ចេញ​មុខ​ចេញ​ឲ្យ​គេ​ឃើញ​នោះ​ទេ។

នៅ​ឯ​ខេត្ត​ប៉ៃលិន ដែល​ជា​តំបន់​សមរភូមិ​ក្ដៅ​របស់​កងទ័ព​ខ្មែរ​ក្រហម​ ក៏​មាន​រៀបចំ​ធ្វើ​បាតុកម្ម​ប្រឆាំង​ទៅ​នឹង​ លោក កឹម សុខា​ ដូច​គ្នា។

អ្នក​សម្រប​សម្រួល​សមាគម​អាដហុក ប្រចាំ​ខេត្ត​ប៉ៃលិន​ អ្នកនាង ប្រាក់ សុភិម៉ា ឲ្យ​ដឹង​ថា បាតុកម្ម​នៅ​ខេត្ត​ប៉ៃលិន បាន​ធ្វើ​ឡើង​នៅ​ក្នុង​បរិវេណ​សាលា​ខេត្ត​តែ​ម្ដង ហើយ​មាន​មនុស្ស​ច្រើន​ពាន់​នាក់​ចូល​រួម។ ក្នុង​នោះ​ភាគ​ច្រើន​ជា​សិស្ស​សាលា៖ «គ្រប់​ភូមិ​ស្រុក​អី​គេ​មក​ជួបជុំ​គ្នា​នៅ​សាលា​ខេត្ត​ អត់​មាន​ដង្ហែ​ក្បួន​ទេ គ្រាន់​តែ​មក​ជួបជុំ​គ្នា​ថ្លែង​សន្ទរកថា​អី​អ៊ីចឹង»

នៅ​ខេត្ត​បន្ទាយមានជ័យ មិន​ខុស​ពី​ខេត្ត​ប៉ៃលិន និង​ខេត្ត​បាត់ដំបង​នោះ​ទេ គឺ​មាន​បាតុកម្ម​ដូច​គ្នា។ ប៉ុន្តែ​ចម្លែក​ត្រង់​ថា ក្រុម​បាតុករ​បាន​ដើរ​ដង្ហែ​ក្បួន​ធ្វើ​បាតុកម្ម​សំដៅ​ទៅ​ផ្ទះ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ និង​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ។

អ្នក​សម្របសម្រួល​សមាគម​អាដហុក ប្រចាំ​ខេត្ត​បន្ទាយមានជ័យ​ លោក ស៊ុំ ច័ន្ទគារ ថ្លែង​ថា រូបភាព​ការ​ធ្វើ​បាតុកម្ម​នៅ​ខេត្ត​បន្ទាយមានជ័យ​ របស់​ក្រុម​បាតុករ ពុំ​មែន​សំដៅ​ប្រឆាំង​តែ​លោក កឹម សុខា ប៉ុណ្ណោះ​ទេ ប៉ុន្តែ​បាន​គំរាម​កំហែង​ដល់​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ តាម​មូលដ្ឋាន​នានា​ថែម​ទៀត៖ «ហ្វូង​បាតុករ​យើង​ឃើញ​ថា កន្លែង​ខ្លះ​ដូច​ជា​ស្រុក​មង្គលបុរី គាត់​បាន​ទៅ​ដល់​ផ្ទះ​របស់​សកម្មជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ។ ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​គាត់​នាំ​គ្នា​ហែ​ទៅ​ហ្នឹង ទៅ​ផ្ទះ​តែ​ម្ដង គាត់​មាន​ការ​ភ័យ​ខ្លាច គាត់​មានការ​ព្រួយ​បារម្ភ​ណាស់ ព្រោះ​ថា បុគ្គល​ម្នាក់​​គាត់​អ្នក​និយាយ ហើយ​គាត់​ជា​សមាជិក​របស់​គណបក្ស​សង្គ្រោះ​ជាតិ ព្រោះ​ថា មនុស្ស​នៅ​ក្នុង​បក្ស​មួយ​ ដូច​សមាជិក​តូច​តាច​នៅ​ស្រុក​មង្គលបុរី គាត់​មិន​មែន​ជា​អ្នក​រៀបចំ​ឲ្យ​លោក កឹម សុខា និយាយ​ទេ»

ទាក់ទិន​ករណី​នេះ​ដែរ​ មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ខេត្ត​បន្ទាយមានជ័យ លោក មាន សារិទ្ធិ បាន​ចោទ​ថា បាតុកម្ម​ដែល​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៩ ខែ​មិថុនា នេះ​ រៀបចំ​ឡើង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា៖ «នៅ​ប៉ោយប៉ែត គេ​ហែ​បាតុកម្ម​ហ្នឹង​ គេ​បាន​មក​ដល់​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ សង្កាត់​ផ្សារ​កណ្ដាល ហើយ​ក្រុម​បាតុកម្ម​គេ​ហ្នឹង​ គេ​ចូល​មក​គេ​ថត​ដល់​ក្នុង​ទីស្នាក់ការ​តែ​ម្ដង។ ខ្ញុំ​យល់​ឃើញ​ថា នេះ​ជា​រឿង​រំលោភ​សិទ្ធិ​ធ្ងន់ធ្ងរ​ណាស់​មក​ស្រែក​ជេរ​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​មក​ថត​ដល់​ទីស្នាក់ការ​គណបក្ស។ កម្លាំង​បាតុកម្ម​ភាគ​ច្រើន​ជា​កម្លាំង​បាតុកម្ម​របស់​គណបក្ស​ប្រជាជន​មក​នៅ​ពី​ក្រោយ​ខ្នង»

កន្លងទៅ​ថ្មីៗ​នេះ ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន ​សែន ​បាន​ព្រមាន​ ប្រឆាំង​នឹង​ការ​ថ្លែង​របស់​លោក ​កឹម​ សុខា ដែល​និយាយ​ថា គុក​ទួល​ស្លែង ​ជា​កន្លែង​សិប្បនិម្មិត​​រៀបចំ​ឡើង​ដោយ​វៀតណាម។ ប៉ុន្តែ​លោក កឹម សុខា​ និង​​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ថា រឿង​នេះ​​ជា​ការ​ប្រឌិត ដើម្បី​កេង​ចំណេញ​ខាង​ផ្នែក​នយោបាយ ហើយ​ការ​បាតុកម្ម​នេះ​ត្រូវ​គេ​សង្ស័យ​ថា គណបក្ស​ប្រជាជន​កម្ពុជា ជា​អ្នក​រៀបចំ​ឡើង។ យ៉ាង​ណា​ក៏​លោក កឹម សុខា ធ្លាប់​បាន​ប្រកាស​ហើយ​ថា លោក​នឹង​មិន​មាន​អ្វី​ក្នុង​ការ​សុំទោស​ ទោះ​បី​មាន​បាតុកម្ម​​ប្រឆាំង​នឹង​រូប​ លោក​ក្នុង​ទ្រង់ទ្រាយ​ណា​ក៏​ដោយ។ ម្យ៉ាង​វិញ​ទៀត​ លោក ​កឹម សុខា ​បញ្ជាក់​ជំហរ​លោក​ថា នៅ​តែ​បន្ត​ស្នាក់​​នៅ​ក្នុង​ប្រទេស​កម្ពុជា។

ចំណែក​នៅ​ឯ​ខេត្ត​ភាគ​ឧត្តរ ឯ​ណោះ​វិញ ប្រជាពលរដ្ឋ​ប្រហែល​ជាង ១​ពាន់​នាក់ នាំ​គ្នា​ធ្វើ​បាតុកម្ម​ ប្រឆាំង​នឹង​លោក កឹម សុខា ដូច​គ្នា​ដែរ។

ក្រុម​ប្រជាពលរដ្ឋ​មក​ពី ៥​សង្កាត់​ក្នុង​ទីក្រុង​សៀមរាប បាន​នាំ​គ្នា​ដើរ​ដង្ហែ​ក្បួន​បាតុកម្ម​តាម​ដង​ផ្លូវ​ទៅ​ជួបជុំ​គ្នា​នៅ​មុខ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ ​កាល​ពី​វេលា​ម៉ោង​ប្រមាណ​ជាង ៨​ព្រឹក ថ្ងៃ​អាទិត្យ ទី​៩ ខែ​មិថុនា។

សូម​ស្ដាប់​សេចក្ដី​រាយការណ៍​របស់​លោក ហង្ស សាវយុត ពី​ខេត្ត​សៀមរាប៖

នៅ​ឯ​ខេត្ត​កំពង់ឆ្នាំង និង​ខេត្ត​ពោធិ៍សាត់ មាន​ការ​ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​លោក កឹម សុខា សុំទោស​ជា​សាធារណៈ​ដូច​គ្នា។ តែ​មន្ត្រី​គណបក្ស​ជំទាស់​ប្រចាំ​ខេត្ត​ទាំង​២ បាន​លើក​ឡើង​ថា ការ​ធ្វើ​បាតុកម្ម​នេះ គឺ​ជា​ការ​រៀបចំ​ឡើង​ដើម្បី​កេង​ចំណេញ​ខាង​ផ្នែក​នយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា។

សូម​ស្ដាប់​សេចក្ដី​រាយការណ៍​របស់​លោក មណ្ឌល កែវ ពី​ខេត្ត​ពោធិ៍សាត់៖

រី​ឯ​នៅ​ខេត្ត​ក្រចេះ បាតុករ​ប្រមាណ​ជិត ៣០០​នាក់ នៅ​ព្រឹក​ថ្ងៃ​អាទិត្យ ទី​៩ ខែ​មិថុនា បាន​នាំ​គ្នា​ហែ​ក្បួន​បាតុកម្ម​នាំ​ញត្តិ​ទៅ​ប្រគល់​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ខេត្ត​នេះ ដើម្បី​ប្រឆាំង​លោក កឹម សុខា ដូច​គ្នា។

មន្ត្រី​ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ លោក កែវ ភីរម្យ និង​ជា​បេក្ខជន​តំណាងរាស្ត្រ​លំដាប់​លេខ​រៀង​ទី​១ សម្រាប់​ការ​បោះ​ឆ្នោត​អាណត្តិ​ទី​៥ ប្រចាំ​ខេត្ត​ក្រចេះ ផ្ដល់​បទសម្ភាសន៍​ពី​ទិដ្ឋភាព​បាតុកម្ម​នេះ​ជាមួយ​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី លោក រដ្ឋា វិសាល មាន​ខ្លឹមសារ​ដូច​តទៅ៖

១-ក្រុម​បាតុករ​ឈរ​លើក​បដា​ស្រែក​ទាមទារ​ឲ្យ​លោក កឹម សុខា សុំទោស​អតីត​អ្នក​ទោស​​នៅ​គុក​ទួលស្លែង នៅ​ទីលាន​ប្រជាធិបតេយ្យ។ RFA/Van Vichar

២-ក្រុម​បាតុករ​ជួប​ជុំ​គ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ។ RFA/Van Vichar

៣-អតីត​អ្នក​ទោស​គុក​ទួលស្លែង លោក ជុំ ម៉ី ធ្វើ​សេចក្ដី​ថ្លែងការណ៍​ថ្កោលទោស​លោក កឹម សុខា។RFA/Van Vichar

៤-អ្នក​កាសែត​ចូល​រួម​យក​ព័ត៌មាន​នៅ​ទីលាន​ប្រជាធិបតេយ្យ។ RFA/Van Vichar

៥-ក្រុម​អ្នក​ចែក​ទឹក​សុទ្ធ​ដល់​បាតុករ​ដោយ​មិន​គិត​ថ្លៃ។ RFA/Van Vichar

៦-ឡាន​ដឹក​លោក ជុំ ម៉ី ដើម្បី​នាំ​ក្បួន​បាតុករ​ទៅ​កាន់​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ។ RFA/Van Vichar

៧-ក្បួន​ដង្ហែ​របស់​បាតុករ​ឆ្ពោះ​ទៅ​កាន់​គណបក្ស​សង្គ្រោះ​ជាតិ។ RFA/Van Vichar

៨-ផ្លូវ​ទំនប់​ទួលគោក ត្រូវ​បាន​ប៉ូលិស​បិទ​ចរាចរណ៍​ដើម្បី​សម្រួល​ឲ្យ​ក្បួន​បាតុករ​ធ្វើ​ដំណើរ។ RFA/Van Vichar

៩-ម៉ូតូ​របស់​ក្រុម​បាតុករ ត្រូវ​ប៉ូលិស​ឃាត់​នៅ​ក្បែរ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ។ RFA/Van Vichar

១០-បាតុករ​ប្រឆាំង​លោក កឹម សុខា ជួបជុំ​គ្នា​នៅ​សួន​មាត់​ទន្លេ ក្រុង​តាខ្មៅ។ RFA/Leng Maly

១១-បាតុករ​កាន់​បដា​ថ្កោល​ទោស លោក កឹម សុខា នា​ក្រុង​តាខ្មៅ។ RFA/Leng Maly

១២-ក្រុម​បាតុករ​បន្ទាប់​ពី​បាតុកម្ម​រួច ត្រូវ​គេ​ចែក​អាវ​និង​មួក​គណបក្ស​ប្រជាជន​កម្ពុជា។ RFA/Leng Maly

១៣-បាតុករ​កាន់​បដា​ថ្កោល​ទោស​លោក កឹម សុខា ឈរ​ខាង​មុខ​វត្ត​ចាក់អង្រែក្រោម។ RFA/Leng Maly

១៤-ពលរដ្ឋ​អង្គុយ​កាន់​បដា នៅ​ក្នុង​បរិវេណ​វត្ត​ពោធិ៍ក្នុង ក្រុង​បាត់ដំបង ដើម្បី​ធ្វើ​បាតុកម្ម​អហិង្សា​តវ៉ា​ប្រឆាំង​លោក កឹម សុខា។ RFA/Soun Sophalmony

១៥-ពលរដ្ឋ​អង្គុយ​កាន់​បដា នៅ​ក្នុង​បរិវេណ​វត្ត​ពោធិ៍ក្នុង ក្រុង​បាត់ដំបង ដើម្បី​ធ្វើ​បាតុកម្ម​អហិង្សា​តវ៉ា​ប្រឆាំង​លោក កឹម សុខា។ RFA/Soun Sophalmony

១៦-តំណាង​បុគ្គលិក​សិក្សា​នៃ​មន្ទីរ​អប់រំ​ខេត្ត​រតនគិរី អាន​ញត្តិ​ថ្កោលទោស​លោក កឹម សុខា នា​ទីលាន​បាល់ទាត់​ក្នុង​ក្រុង​បានលុង។ RFA/Ratha Visal

១៧-បាតុករ​ជួបជុំ​គ្នា​នៅ​ទីលាន​បាល់ទាត់​ខេត្ត​រតនគិរី ធ្វើ​បាតុកម្ម​ប្រឆាំង​លោក កឹម សុខា។ RFA/Ratha Visal

១៨-បាតុករ​ជួបជុំ​គ្នា​នៅ​ទីលាន​បាល់ទាត់​ខេត្ត​រតនគិរី ធ្វើ​បាតុកម្ម​ប្រឆាំង​លោក កឹម សុខា។ RFA/Ratha Visal

១៩-កម្មករ​ចម្ការ​កៅស៊ូ ពលរដ្ឋ និង​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​សង្កាត់​កាចាញ ហែ​ក្បួន​បាតុកម្ម​ទៅ​ជួប​ជុំ​គ្នា​នៅ​ទីលាន​បាល់ទាត់​ខេត្ត ដើម្បី​ប្រឆាំង​លោក កឹម សុខា។ Ratha Visal

២០-ក្រុម​​បាតុករ​ប្រមូល​ផ្ដុំ​គ្នា​នៅ​មុខ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ នា​ក្រុង​សៀមរាប។ RFA/Hang Savyouth

២១-ក្រុម​​បាតុករ​​ដែល​មាន​អ្នក​ដឹកនាំ​ដើរ​ដង្ហែ​ក្បួន​ចេញ​ពី​តាម​សង្កាត់ នៅ​ក្នុង​ក្រុង​សៀមរាប ស្រែក​ប្រឆាំង​លោក កឹម សុខា។ RFA/Hang Savyouth

២២-កម្លាំង​កងរាជអាវុធហត្ថ ត្រូវ​បាន​ដាក់​ការពារ​នៅ​មុខ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​សៀមរាប នៅ​ពេល​ដែល​ក្រុម​​បាតុករ​នាំ​គ្នា​ដង្ហែ​ក្បួន​ទៅ​ស្រែក​នៅ​មុខ​ទីស្នាក់ការ​នោះ។ RFA/Hang Savyouth

២៣-ក្រុម​​បាតុករ​ដែល​មក​ពី​សង្កាត់​សៀមរាប មួយ​ក្រុម នាំ​គ្នា​ត្រឡប់​ទៅ​វិញ បន្ទាប់​ស្រែក​ប្រឆាំង​នៅ​មុខ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ ប្រហែល ១​ម៉ោង។ RFA/Hang Savyouth

២៤-ក្រុម​បាតុករ​ប្រមូល​ផ្ដុំ​នៅ​មាត់​ស្ទឹង​ពោធិ៍សាត់ មុន​ដង្ហែ​ទៅ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ។ RFA/Mondul Keo

២៥-បាតុករ​នៅ​ពោធិ៍សាត់ កំពុង​ស្រែក​ទាមទារ​ឲ្យ​លោក កឹម សុខា សុំ​ទោស។ RFA/Mondul Keo

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។