លោក ហ៊ុន សែន អួត​នៅ​ក្នុង​វេទិកា​ប្រទេស​កូរ៉េ​ថា កម្ពុជា​មាន​សន្តិភាព ខណៈ​អ្នក​តវ៉ា​ទាមទារ​ប្រជាធិបតេយ្យ

ដោយ ច័ន្ទ ដារ៉ូ
2024.09.10
លោក ហ៊ុន សែន អួត​នៅ​ក្នុង​វេទិកា​ប្រទេស​កូរ៉េ​ថា កម្ពុជា​មាន​សន្តិភាព ខណៈ​អ្នក​តវ៉ា​ទាមទារ​ប្រជាធិបតេយ្យ ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន (រូបកណ្ដាល) ថ្លែង​ពេលជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាកូរ៉េខាងត្បូង នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ​២០២៤។
រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន

លោក ហ៊ុន សែន ថ្លែង​អួត​នៅ​ក្នុង​វេទិកា​ចំណេះដឹង​ពិភពលោក ដែល​រៀបចំ​នៅ​ប្រទេស​កូរ៉េខាងត្បូង​ថា​កម្ពុជា​មាន​សន្តិភាព និង​អធិបតេយ្យភាព​ជាតិ។ ប៉ុន្តែ ពលករ​ខ្មែរ​តវ៉ា​នៅ​មុខ​អគារ​វេទិកា​ចំណេះដឹង​ពិភពលោក​ថា លោក ហ៊ុន សែន ជា​មេដឹកនាំ​ផ្ដាច់ការ។

ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន បាន​អួត​ពី​ស្នាដៃ​ក្រោម​ការ​ដឹកនាំ​របស់​លោក​ក្នុងនាម​ជា​សមាជិក​អាស៊ាន ហើយ​លោក​ថែមទាំង​ប្រកាស​ចែករំលែក​បទ​ពិសោធ ដែល​អ្វី​លោក​ហៅ​ថា ការ​កសាង​សុខ​សន្តិភាព​ទៅ​កាន់​អ្នកចូលរួម​នៅ​ក្នុង​វេទិកា​ទៀត​ផង។

ថ្លែង​ក្នុង​វេទិកា​ចំណេះដឹង​ពិភពលោក​លើក​ទី២៥ នៅ​ថ្ងៃ​ទី១០ ខែកញ្ញា នៅ​ក្រុងអ៊ីនឆន់ (Incheon) ប្រទេស​កូរ៉េ​ខាង​ត្បូង លោក ហ៊ុន សែន លើក​ឡើង​ថា អាស៊ាន​ជា​យន្តការ​ពហុភាគី​និយម​កម្រិត​តំបន់ ដែល​ធ្វើការ​ផ្អែក​លើ​គោលការណ៍​កុងសង់ស៊ីស ការ​មិន​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃ​ក្នុង​របស់​រដ្ឋ​ជា​សមាជិក និង​ជា​ស្ថាប័ន​តំបន់​ដែល​ដៃ​គូ​សហប្រតិបត្តិការ។ លោក​អះអាង​ថា​ចំណុច​ទាំងនេះ​ទាក់ទាញ​ខ្លាំង​សម្រាប់​នយោបាយ​ការទូត​របស់​កម្ពុជា​ដែល​ចង់​ជំរុញ​ការ​ការពារ​សន្តិភាព អធិបតេយ្យភាព​ជាតិ និង​ចង់​ស្វែង​រក​ច្រក​ទៅ​កាន់​ពិភពលោក​ឱ្យ​ទូលំទូលាយ​សម្រាប់​កិច្ច​សហប្រតិបត្តិការ និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា​ផង។

លោក ហ៊ុន សែន៖ «ខ្ញុំ​គិត​ថា វា​មាន​សារៈសំខាន់ ខណៈ​ពេល​ពិភពលោក​កំពុង​ជួប​ប្រឈម​និន្នាការ​ដែល​ជំរុញ​ការ​បែកបាក់ ការបែងចែក ការរើសអើង មិន​ឱ្យ​ថ្លៃ​លើ​គោលការណ៍​ពហុភាគី​និយម និង​បញ្ហា​ប្រឈម​ជា​ច្រើន ដែល​ជះឥទ្ធិពល​ដល់​សន្តិភាព សន្តិសុខ​ដែល​អាច​បង្ក​ហេតុ​ដល់​ការអភិវឌ្ឍ​ប្រកប​ដោយ​ចិរភាព»

ក្រៅពី​ចូលរួម​វេទិកា​នេះ លោក ហ៊ុន សែន ក៏​បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​ប្រធាន​សភា​កូរ៉េ​ខាង​ត្បូង​លោ អ៊ូ វ៉កស៊ីក (Woo Won-Shik) ដើម្បី​ជជែក​ពី​ទំនាក់ទំនង​ការទូត កិច្ច​សហប្រតិបត្តិការ ការ​វិនិយោគ និង​វិស័យ​ទេសចរណ៍​វាង​កម្ពុជា និង​កូរ៉េ​ដែរ។

ការ​លើក​របស់​លោក ហ៊ុន សែន នេះ ត្រូវ​បាន​ក្រុម​អ្នក​តវ៉ា​ប្រតិកម្ម​ថា នេះ​គ្រាន់តែ​ជា​សារ​ប្រជាភិថុតិ​ដើម្បី​កេង​ចំណេញ​នយោបាយ​ពី​ប្រជាពលរដ្ឋ ពីព្រោះ​ពួក​គាត់​ថា ហ៊ុន សែន ជា​មេ​ដឹកនាំ​ផ្ដាច់ការ រំលោភ​សិទ្ធិមនុស្ស បង្ក្រាប​បង្ហូរ​ឈាម​ពលរដ្ឋ​ខ្លួន​មិន​ញញើត​ដៃ ដូច្នេះ​គ្មាន​គុណ​តម្លៃ ឬ​ទស្សន​គំនិត​សម្រាប់​ជាតិ និង​ពិភពលោក​យក​ទៅ​អនុវត្ត​តាម​នោះ​ឡើយ

ជុំវិញ​រឿង​នេះ ក្រុម​យុវជន​ប្រមាណ ១០នាក់ បាន​ជួបជុំ​គ្នា​លើក​បដា​សម្ដែង​មតិ​ដោយ​ភ្ជាប់​ជាមួយ​ញត្តិ​ដែល​មាន​ហត្ថលេខា​រាប់ពាន់​ពី​ក្រុម​បាតុករ​ចេញ​ធ្វើបាតុកម្ម​នៅ​កណ្ដាល​ទីក្រុង​សេអ៊ូល​កន្លងមក ក្នុង​គោលបំណង​ទាមទារ​ឱ្យ​លោក ហ៊ុន សែន ដក​ខេត្ត​ខ្មែរ​ចំនួន៤ ចេញ​ពី​កិច្ច​សហប្រតិបត្តិការ CLV-DTA ជំរុញ​ឱ្យ​រដ្ឋាភិបាល​ក្រុងភ្នំពេញ​គោរព​សិទ្ធិមនុស្ស និង​ងាក​មក​ដើរ​តាម​គន្លង​ប្រជាធិបតេយ្យ​ឡើងវិញ។ ពួកគាត់​សម្ដែង​មតិ​នេះ​ធ្វើ​នៅ​មុខ​ច្រក​ចូល​អគារ អ៊ីនស្ប៉ាយអ៊ើរ៍ អិនធើរ៍ធេនមិន រីសត (Inspire Entertainment Resort) ក្នុង​ទីក្រុង​អ៊ីនឆន់ (Incheon) ជា​កន្លែង ដែល​លោក ហ៊ុន សែន ចូលរួម​វេទិកា​នោះ។

ប្រធាន​ចលនា​ប្រជាធិបតេយ្យ​រួបរួម​ជាតិ​ប្រចាំ​ប្រទេស​កូរ៉េ​ខាងត្បូង​លោក ម៉ាត់ វណ្ណី ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា ការ​សម្ដែង​មតិ និង​សំណើ​នៅ​ក្នុង​ញត្តិ​ធ្វើឡើង​ស្របតាម​គោលបំណង និង​ឆន្ទៈ​រស់​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ​មើល​ឃើញ​លោក ហ៊ុន សែន មិន​បាន​ដឹកនាំ​ប្រទេស​តាម​គន្លង​ប្រជាធិបតេយ្យ​ត្រឹមត្រូវ​ឡើយ ដោយ​បន្ត​បំបិទ​សិទ្ធិ​សេរីភាព​ប្រជាពលរដ្ឋ និង​ចាប់​ឃុំ​ខ្លួន​អ្នក​រិះគន់ និង​អ្នក​នយោបាយ​បក្ស​ប្រឆាំង​តាម​អំពើ​ចិត្ត។ លោក ម៉ាត់ វណ្ណី សោកស្ដាយ​ចំពោះ​លោក ហ៊ុន សែន មិន​ក្លាហាន​ចេញ​មក​ទទួល​ញត្តិ​របស់​ពលរដ្ឋ​ខ្មែរ​យក​ទៅ​ពិនិត្យ​ដោះស្រាយ។

លោក ម៉ាត់ វណ្ណី៖ «ការ​មិន​ឱ្យ​តម្លៃ​សំឡេង​ប្រជាពលរដ្ឋ មិន​ខ្វាយខ្វល់ មិន​យក​ចិត្ត​ទុក​ដាក់​ហ្នឹង វា​ជា​ទម្លាប់​តែ​ប៉ុណ្ណឹង ដោយឡែក​សួរ​ថា យើង​ធ្វើ​អ្វី គឺ​ពួក​យើង​អត់​បញ្ឈប់​សកម្មភាព​ទេ យើង​បន្ត​ធ្វើ​សកម្មភាព​រហូត យើង​តតាំង​ដោយ​សន្តិវិធី អហិង្សា មធ្យោបាយ​ផ្សេងៗ ទៀត ដើម្បី​ធ្វើ​មិច​ឱ្យ​យើង​អាច​ការពារ​បូរណភាព​ដែនដី អាច​ជំរុញ​ឱ្យ​មាន​ការ​គោរព​សិទ្ធិមនុស្ស​ឱ្យ​លើក​កម្ពស់​លទ្ធិ​ប្រជាធិបតេយ្យ​អី​ហ្នឹង ខ្ញុំ​បញ្ជាក់​ថា ទោះ​ក្នុង​តម្លៃ​ណា​ក៏​ដោយ យើង​អត់​ចុះ​ញ៉ម អត់​ចុះ​ចាញ់​របប​ផ្ដាច់ការ​ជា​ដាច់ខាត»

ចំណែក​ពលករ​ខ្មែរ​ធ្វើការ​នៅ​ប្រទេស​កូរ៉េ លោក សុត វ៉ាន់ឌី លើក​ឡើង​ថា មូលហេតុ​ដែល​លោក​មក​លើក​បដា ពីព្រោះ​លោក​ខ្លាច​លោក ហ៊ុន សែន ធ្វើ​ឱ្យ​កម្ពុជា​បាត់បង់​ទឹកដី​ទៅ​បរទេស​បន្ត​ទៀត។ លោក​បញ្ជាក់​ថា រូប​លោក រួម​ជាមួយ​ពលរដ្ឋ​ខ្មែរ​នៅ​ទីនោះ នៅ​តែ​ប្ដេជ្ញា​រួមគ្នា​ចេញ​ធ្វើ​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​រហូត​ដល់​រដ្ឋាភិបាល​ត្រកូល ហ៊ុន ដក​ខ្លួន​ចេញ​ពី​កិច្ច​សហប្រតិបត្តិការ CLV-DTA ដែល​ជា​គម្រោង​នេះ​គ្រោះថ្នាក់​ដល់​ជោគវាសនា​ជាតិ​ខាង​មុខ។

លោក សុត វ៉ាន់ឌី៖ «ខ្ញុំ​ឈឺចាប់​ណាស់ ខ្មែរ​ទាំង​អស់​គ្នា​គឺ​គាត់​ឈឺចាប់​នឹង​ទង្វើ​របប​ដឹកនាំ​សព្វ​ថ្ងៃ​ណាស់ បើ​សិន​របប​សព្វថ្ងៃ​ចង់​ដឹកនាំ​បន្ត​អំណាច​ទៀត គួរ​តែ​ផ្លាស់ប្ដូរ​ផ្នត់​គំនិត ផ្លាស់ប្ដូរ​ការ​ដឹកនាំ ហើយ​យល់​អំពី​អ្វី​ដែល​យើង​ជា​ពលរដ្ឋ​ខ្មែរ​ស្នើសុំ ហើយ​ធ្វើអ្វី​ដែល​យើង​ជា​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ព្រួយ​បារម្ភ»

កាល​ពី​ខែកក្កដា និង​ដើម​ខែកញ្ញា ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង បាន​ធ្វើ​មហា​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​បង្ហាញ​ក្តី​កង្វល់ និង​ទាមទារ​ឲ្យ​រដ្ឋាភិបាល ដក​ខេត្ត​ខ្មែរ​ទាំង៤ ចេញ​ពី​កិច្ច​សហប្រតិបត្តិការ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍។ ប៉ុន្តែ​សំណើ​ទាំងនេះ រដ្ឋាភិបាល​របស់​ត្រកូល ហ៊ុន មិន​បាន​ពិចារណា ចំពោះ​ក្ដី​កង្វល់​របស់​ពលរដ្ឋ​ខ្មែរ​នោះ​ទេ។

ប្រជា​ពលរដ្ឋ និង​យុវជន​ខ្មែរ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​មើល​ឃើញ​ថា ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន សែន ទៅ​ក្រៅ​ប្រទេស​លើក​នេះ​ហាក់​លាក់បាំង​ព័ត៌មាន​ច្រើន ដូចជា​ ការ​ប្រកាស​ព័ត៌មាន​ឱ្យ​ដឹង​តែ​មួយ​ថ្ងៃ​ នៅ​មុន​ពេល​លោក​ធ្វើ​ដំណើរ​ចេញ​ពី​កម្ពុជា ជាពិសេស លោក​មិន​រៀបចំ​កម្មវិធី​ជួប​សំណេះសំណាល​ជាមួយ​ពលរដ្ឋ​ខ្មែរ និង​អ្នកគាំទ្រ​នៅ​ទីនោះ​ទេ។ ពួកគាត់​យល់​ថា ​បញ្ហា​នេះទំនង​ដោយសារ​លោក ហ៊ុន សែន ខ្លាច​ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​កូរ៉េ​នាំគ្នា​ធ្វើ​បាតុកម្ម​សួរនាំ​រឿង​ ដែល​លោក​មិន​ព្រម​ដក​ខ្លួន​ចេញ​ពី​គម្រោង CLV-DTA ការដឹកនាំ​ប្រទេស​បែប​ផ្ដាច់ការ រំលោភ​សិទ្ធិមនុស្ស និង​ការ​ចាប់​មនុស្ស​ស្លូតត្រង់​ដាក់​គុន​ឥត​ស្រាកស្រាន្ត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។