សមាគម​គ្រូបង្រៀន កម្មករ និង​ពលករ​នៅ​កូរ៉េខាងត្បូង​បន្ត​តវ៉ាឲ្យ​ដោះលែង លោក រ៉ុង ឈុន

សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ និង​ក្រុម​កម្មករ​ប្រកាស​ថា ពួកគេ​នឹង​បន្ត​ការ​តវ៉ា​ដោយ​អហិង្សា​នៅ​ខាងមុខ​សា​ដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃអាទិត្យ ទី​០២ សីហា នេះ ដើម្បី​ទាមទារ ឲ្យ​ដោះលែង លោក រ៉ុង ឈុន មកវិញ និង​ទម្លាក់​ចោល​នូវ​ការចោទប្រកាន់​ទាំងឡាយ​លើ​លោក រ៉ុង ឈុន ជា​បន្ទាន់ និង​ឥត​លក្ខខណ្ឌ។

ចំណែក​ពលករ ធ្វើការ​នៅ​ប្រទេស​កូរ៉េខាងត្បូង ក៏​នឹង​បន្ត​ការ​តវ៉ា ក្នុង​គោល​បំណង​ដូចគ្នា​នេះ​ដែរ និង​អំពាវនាវ​ឲ្យ​មានការ​ចូលរួម​ឲ្យ​បាន​ច្រើន​ដើម្បី​យុត្តិធម៌​សង្គម​និង​លោក រ៉ុង ឈុន។

មេដឹកនាំ​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ និង​តំណាង​ក្រុម​កម្មករ​មួយ​ចំនួន​បង្ហាញ​ជំហរ​ថា ទោះបីជា​មានការ​រារាំង​ពី​កម្លាំង​សមត្ថកិច្ច​យ៉ាងណាក៏ដោយ ក៏​ពួកគេ​នៅតែ​តស៊ូ​ជានិច្ច​ដើម្បី​ស្វែងរក​យុត្តិធម៌ ជូន លោក រ៉ុង ឈុន ដែល​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​យប់​ថ្ងៃ​ទី១ សីហា។

ពួកគេ​ចាត់ទុកថា ការ​ចាប់​ខ្លួន​នេះ​ធ្វើឡើង​ទាំង​កំរោល និង​អយុត្តិធម៌​បំផុត។

ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ លោកស្រី អ៊ុក ឆាយាវី ប្រាប់​អាស៊ីសេរី កាល​យប់​ថ្ងៃ​ទី​០១ សីហា ថា ទោះបីជា លោក រ៉ុង ឈុន ត្រូវ​បាន​តុលាការ​បញ្ជូន​ទៅ​ឃុំខ្លួន​បណ្ដោះអាសន្ន នៅ​ពន្ធនាគារ​ព្រៃ​ស​ហើយក៏​ដោយ ក៏​អ្នក​តវ៉ា នឹង​មិន​ទៅ​តវ៉ា​នៅ​ទីនោះ​ដែរ គឺ​ពួកគេ​នឹង​ឈរ ឬ​អង្គុយ​លើក​បដា​តវ៉ា​ទាមទារ​ឲ្យ​ដោះលែង និង​ផ្ដល់​យុត្តិធម៌​ពិតប្រាកដ​ដល់ លោក រ៉ុង ឈុន នៅមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ ដូច​ថ្ងៃ​ម្សិលមិញ ព្រោះ​តុលាការ​នេះ ជា​អ្នកចោទ​ប្រកាន់ និង​បញ្ជា​ឲ្យ​ឃុំខ្លួន​លោក រ៉ុង ឈុន៖ «នេះ​ជា​ទឹកចិត្ត​កម្មករ ដែល​គាត់​ចង់​មក​ឲ្យ​តុលាការ​ក្រុង​ភ្នំពេញ​ដោះលែង​លោក រ៉ុង ឈុន»។

កាលពី​ថ្ងៃ​សៅរ៍ ទី១ សីហា សមត្ថកិច្ច​ក្រុងភ្នំពេញ បាន​ដាក់​កម្លាំង​ជាច្រើន រារាំង​ពលរដ្ឋ​ជិត​២០០​នាក់ មិន​ឲ្យ​ឈរ​តវ៉ា លើក​បដា ស្រែក​ទាមទារ សុំ​ដោះលែង លោក រ៉ុង ឈុន តំណាង​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​ទេ​នោះ​ឡើយ​។ តែ​ទោះ​យ៉ាងណា​ក្រុម​អ្នក​តវ៉ា​នៅតែ​ជំនះ​នាំ​គ្នា​ឈរ​តវ៉ា​ដោយ​មិន​ចេញ​ទៅ​ណា​ឡើយ រហូត​សមត្ថកិច្ច​ដឹក លោក រ៉ុង ឈុន ចេញ ទៅ​ពន្ធនាគារ​ទាំង​យប់​ទើប​នាំគ្នា​រំសាយ​ទៅផ្ទះ​បណ្ដោះអាសន្ន។

ទាំង​ខ្លឹមសារ​នៅ​លើ​បដា និង​ការ​ស្រែក​តវ៉ា គឺ​ពួកគេ​បាន​ថ្កោលទោស ចំពោះ​ការ​រារាំង​នេះ និង​ទទូច​ឲ្យ​ដោះលែង លោក រ៉ុង ឈុន មកវិញ​ដោយ​គ្មាន​លក្ខខណ្ឌ។

ប្រធាន​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស នៃ​សមាគម​អាដហុក (Adhoc) លោក នី សុខា ដែល​ចូលរួម​ឃ្លាំមើល​ការ​តវ៉ា​នៅមុខ​តុលាការ ឲ្យ​ដឹង​ថា ការ​តវ៉ា​ទាមទារ​ដោះលែង លោក រ៉ុង ឈុន ជា​សិទ្ធិ​សេរីភាព​ស្រប​ច្បាប់​របស់​ពលរដ្ឋ​។ លោក​ចង់​ឲ្យ​អាជ្ញាធរ បញ្ឈប់​សកម្មភាព គំរាមកំហែង​ក្នុង​រូបភាព ត្រៀម​ខ្លួន​បង្ក្រាប ហើយ​ត្រូវ​ជួយ​សម្រួល​ការពារ ដល់​សកម្មភាព​តវ៉ា​របស់​ពលរដ្ឋ ឲ្យ​បាន​ត្រឹមត្រូវ​តាម​ច្បាប់៖ «ខ្ញុំ​ថា ក្នុង​សង្គម​ប្រជាធិបតេយ្យ (​ អាជ្ញាធរ​ ) គួរតែ​កុំ​ត្រៀមខ្លួន​ដើម្បី​បង្ក្រាប​ក្រុមអ្នកតវ៉ា គួរតែ​ត្រៀមខ្លួន​ការពារ​ទៅដល់​សុវត្ថិភាព ទៅដល់​សន្តិសុខ​អ្នក​តវ៉ា អាហ្នឹង វា​ជា​រឿង​មួយ​ប្រសើរ ដើម្បី​ធានា​ទៅដល់​ប្រជាពលរដ្ឋ ដើម្បី​លោក​អាច​អនុវត្ត​សិទ្ធិ​របស់​លោក​បាន»។

ពាក់ព័ន្ធ​នឹង​បទ​ចោទ​វិញ មន្ត្រី​តុលាការ​ឲ្យ​ដឹង​ថា តុលាការ​សម្រេច​ឃុំខ្លួន លោក រ៉ុង ឈុន ជា​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ ម​១ ព្រៃ​ស ពី​បទ​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ ដល់​សន្តិសុខ​សង្គម តាម​មាត្រា ៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ។

អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក គុជ គឹម​ឡុង បញ្ជាក់​យ៉ាង​ខ្លី​ថា តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ គឺ លោក សេង ហៀង បាន​ចោទប្រកាន់ លោក រ៉ុង ឈុន ជា​ផ្លូវការ​ហើយ ពី​ប៉ុន្តែ​លោក​មិន​បញ្ជាក់​ថា នរណា​ជាដើម​បណ្ដឹង​នោះ​ទេ៖ «ក្រោយ​ពី​សាកសួរ​តាម​នីតិវិធី​រួចរាល់​ចៅក្រម​ស៊ើបសួរ វណ្ណ សែនវិសុទ្ធ បាន​សម្រេច​ឃុំខ្លួន​ជា​បណ្ដោះអាសន្ន​នូវ​ឈ្មោះ រ៉ុង ឈុន បាទ​សូម​អរគុណ»។

មេធាវី​ការពារ​ក្តី​ឲ្យ​លោក រ៉ុង ឈុន មួយ​រូប ក្នុងចំណោម​មេធាវី​ចំនួន​៤​រូប គឺ​លោក មេធាវី ជូង ជូងី បាន​ឲ្យ​អាស៊ីសេរី​ដឹង​ថា ការចោទប្រកាន់​នេះ គឺជា​រឿង​មិន​ត្រឹមត្រូវ ហើយ​ក្រុម​មេធាវី​នឹង​ជជែក​គ្នា​បន្ថែម​ទៀត​ក្នុង​ដំណើរការ​ការពារ​ក្ដី ដោយ​ក្រុម​មេធាវី​នឹង​ដាក់​ពាក្យ​ប្ដឹង​ឧទ្ធរណ៍​ជំទាស់​នឹង​ការ​ចោទប្រកាន់ និង​ការ​ឃុំខ្លួន​កូន​ក្តី​របស់​ពួក​លោក។

ចំណែក​ពលករ​ធ្វើការ​នៅ​ប្រទេស​កូរ៉េខាងត្បូង ក៏​កំពុង​កៀរគរ​កម្លាំង​ឲ្យ​បន្ត​ចូលរួម​ការ​តវ៉ា​ប្រឆាំង​នឹង​ការ​ចាប់ខ្លួន លោក រ៉ង ឈុន ឲ្យ​បាន​ច្រើន​នៅ​ថ្ងៃអាទិត្យ ទី​០២ សីហា និង​ថ្ងៃ​ឈប់សម្រាក​ខាងមុខៗ​ទៀត ដើម្បី​យុត្តិធម៌​សង្គម និង​សម្រាប់​លោក រ៉ុង ឈុន។

តំណាង​ចលនា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​នៃ​ប្រទេស​កូរ៉េ លោក ឃ្លោក លាភ ឲ្យ​អាស៊ីសេរី ដឹង​ថា គ្រប់គ្នា​មិន​អាច​សម្ងំ​នៅ​ស្ងៀម​បានទេ ចំពោះ​ភាព​អយុត្តិធម៌​នេះ ទោះបី​កំពុង​មាន​ការ​រីក​រាល​ដាល​ជំងឺ​កូវីដ​១៩ ឬ​វីរុស​កូរ​ណា​ក្តី ប៉ុន្តែ​លោក​យល់ថា លោក ហ៊ុន សែន មិន​ខ្លាច វីរុស​កូរ៉ូណា​ទេ ហើយ​លោក ហ៊ុន សែន សាហាវ​ជាង​វីរុស​កូរ៉ូណា​ទៅទៀត​ដោយ​ចាប់ចង​មនុស្ស​ដាក់គុក​ដោយ​ឥត​រើសមុខ៖ «យើង​ត្រូវតែ​ក្រោកឈរ បើ​យើង​នៅ​សម្ងំ​ស្ងៀម លោក ហ៊ុន សែន រឹត​តែ​បាន​ចិត្ត ប្រព្រឹត្តិ​អំពើ​ឃោរឃៅ​កាន់តែ​ខ្លាំង​បាទ ហើយ​យើង​នឹង​ធ្វើ​ញត្តិ​ជា​បន្តបន្ទាប់​ដាក់​ទៅ​ប្រទេស​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ គោរព​សិទ្ធិមនុស្ស ដូចជា​រដ្ឋាភិបាល​កូរ៉េ​ជាដើម​បាទ»។

ពលករ និង​ក្រុម​យុវជន​ធ្វើការ​នៅ​ប្រទេស​កូរ៉េខាងត្បូង​ប្រមាណ​១០០​នាក់ កាលពី​ថ្ងៃ​ទី​០១ សីហា បាន​នាំគ្នា​តវ៉ា​ជាបន្ទាន់​មួយ ដែល​គេ​ហៅថា ជា​របៀប​មី​កំប៉ុង ប្រឆាំង​នឹង​ចំណាត់​ការ​របស់​របប​ក្រុង​ភ្នំពេញ​ទៅលើ លោក រ៉ុង ឈុន។

ចំណែក​ក្រុម​អង្គការ សមាគម និង​គណបក្ស​នយោបាយ ក៏​នាំគ្នា​ចេញ​សេចក្ដីថ្លែងការណ៍​បន្តបន្ទាប់​ថ្កោលទោស​ការ​ចាប់ខ្លួន និង​ទាមទារ​ឲ្យ​ដោះលែង លោក រ៉ុង ឈុន ជាបន្ទាន់ នៅ​ថ្ងៃ​ទី​០១ សីហា​។ ក្រុម​អង្គការ​សមាគម និង​គណបក្ស​នយោបាយ​ទាំងនោះ មាន​ដូចជា សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា សមាគម​អ្នក​ស្រលាញ់​បរិស្ថាន និង​សង្គម ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា មាន​មូលដ្ឋាន​នៅ​ប្រទេស​ន័រវែស គណបក្ស​សង្គ្រោះជាតិ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ជាដើម​។​

ក្រុម​អ្នកឃ្លាំមើល​ទាំងនោះ ខ្លះ​បាន​ចោទ​ថា របប​ក្រុងភ្នំពេញ រំលោភច្បាប់ ហើយ​សម្រុក​ចាប់ខ្លួន លោក រ៉ុង ឈុន ទាំង​កំរោល ដើម្បី​បំបាក់​ស្មារតី គំរាមកំហែង កុំ​ឲ្យ​ហ៊ាន​ងើប​តវ៉ា និង​រិះគន់​បញ្ហា​ព្រំដែន។

លោក រ៉ុង ឈុន មុន​ពេល​ឃាត់ខ្លួន បាន​ចុះទៅ​កាន់​ព្រំដែន​កម្ពុជា វៀតណាម នៅ​ចំណុច​ភូមិ​ត្រពាំងផ្លុង ឃុំ​ត្រពាំងផ្លុង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ហើយ​បាន​ចេញ​សេចក្ដីថ្លែងការណ៍ ពី​លទ្ធផល​ស្រាវជ្រាវ កាលពី​ថ្ងៃ​ទី​២១ កក្កដា ដោយ​អះអាង​ថា ការ​បោះ​បង្គោល​ព្រំ​ដែន​កម្ពុជា និង​ថ្មី​បាន​ចូល​មក​ដី​កម្ពុជា ប្រហែល ៥០០​ម៉ែត្រ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។