ពលរដ្ឋ​រិះគន់​ការ​បោះ​ក្រដាស​ប្រាក់​ ៣​ម៉ឺន​ដាក់​រូប​លោក ហ៊ុន សែន ថា ជា​ការ​មិន​ឱ្យ​តម្លៃ​ព្រះមហាក្សត្រ

ដោយ ទីន ហ្សាការីយ៉ា
2021.10.18
ពលរដ្ឋ​រិះគន់​ការ​បោះ​ក្រដាស​ប្រាក់​ ៣​ម៉ឺន​ដាក់​រូប​លោក ហ៊ុន សែន ថា ជា​ការ​មិន​ឱ្យ​តម្លៃ​ព្រះមហាក្សត្រ ក្រដាស​ប្រាក់ ៣ម៉ឺន​រៀល​ថ្មី ដែលរបប​ក្រុង​ភ្នំពេញ ទើបដាក់ឲ្យប្រើប្រាស់។
រូប​៖ ហ្វេសប៊ុក​លោក ហ៊ុន សែន

ពលរដ្ឋ​រិះគន់​របប​ក្រុង​ភ្នំពេញ​បោះ​ក្រដាស​ប្រាក់​៣ម៉ឺន​ដាក់​រូប​​លោក​ ហ៊ុន សែន​ ថា ជា​ការ​មិន​ឱ្យ​តម្លៃ​ព្រះមហាក្សត្រ

ប្រជាពលរដ្ឋ​មួយ​ចំនួន​រិះគន់​ រដ្ឋាភិបាល​បោះ​ពុម្ព​ក្រដាស​ប្រាក់​ថ្មី​ដែល​ដាក់​រូប​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ថា ​ជា​ការ​មិន​ឱ្យ​តម្លៃ​ព្រះមហាក្សត្រ។ ប្រតិកម្ម​របស់​ពលរដ្ឋ​នេះ ធ្វើ​ឡើង​ក្រោយ​ពេល​​​លោក​ ហ៊ុន សែន​ បាន​ចេញ​អនុក្រឹត្យ​​ដាក់​ឱ្យ​ប្រើប្រាស់​ក្រដាស​ប្រាស់​ថ្មី​ប្រភេទ​៣ម៉ឺន​រៀល ដែល​លោក​អះអាង​ថា ​ដើម្បី​អបអរ​ខួប​៣០​ឆ្នាំ​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​២៣​តុលា។ អ្នក​វិភាគ​នយោបាយ​ យល់​ថា នេះ​ជា​ការ​អបអរ​បែប​​ប្រជាភិថុតិ។

ប្រជាពលរដ្ឋ​មួយ​ចំនួន​លើក​ឡើង​ថា ការ​ដែល​របប​ក្រុង​ភ្នំពេញ​បោះពុម្ព​ក្រដាស​ប្រាក់​ថ្មី​នេះ​​គឺ​ជា​ការ​មើល​ងាយ​ព្រះមហាក្សត្រ​ខ្មែរ​បច្ចុប្បន្ន និង​ជា​ការ​កេង​ចំណេញ​នយោបាយ។

ក្រុម​ប្រជាពលរដ្ឋ​រស់​នៅ​ខេត្ត​ស្វាយ​រៀង​និង​ខេត្ត​កោះកុង ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី១៨ តុលា​ថា លោក ហ៊ុន សែន មិន​គួរ​ណា​ដាក់​រូប​ខ្លួន​ឯង​នៅ​ក្នុង​ក្រដាស​ប្រាក់​ថ្មី​ប្រភេទ ៣ម៉ឺន​រៀល (៣០.០០០) ឱ្យ​ពលរដ្ឋ​ប្រើប្រាស់​នោះ​ទេ។ ពលរដ្ឋ​ទាំង​នេះ​បន្ត​ថា ការ​ធ្វើ​បែប​នេះ គឺ​ជា​ការ​មិន​ផ្ដល់​តម្លៃ​ដល់​ព្រះមហាក្សត្រ​ខ្មែរ។ បន្ថែម​ពី​នេះ ពួកគាត់​មើល​ឃើញ​ថា ​ការ​បោះ​ក្រដាស​ប្រាក់​នេះ មិន​មែន​ជា​ការ​អបអរ​ខួប ៣០ឆ្នាំ​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា​នោះ​ទេ ប៉ុន្តែ​លោក​ហ៊ុន​ សែន ចង់​លើក​ខ្លួន​ឯង​ធ្វើ​ស្ដេច​ ពីព្រោះ​របប​ក្រុង​ភ្នំពេញ​មិន​បាន​គោរព​សិទ្ធិមនុស្ស និង​បាន​បំផ្លាញ​​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​រហូត​មក៖ «ខ្ញុំ​អត់​គាំទ្រ​ទេ បើសិនជា​គាត់​ដាក់​សម្ដេច ព្រះមហាក្សត្រ សីហមុនី ខ្ញុំ​គាំទ្រ ព្រោះ​ជា​ព្រះមហាក្សត្រ នៅ​រស់​ដល់​ពេល​ព្រះបរមរតនកោដិ ហើយ​ហ្នឹង​គាត់​ទៅវិញ ដល់​អីចឹង​ព្រះមហាក្សត្រ​សព្វថ្ងៃ​ហ្នឹង​គាត់​លុប​បំបាត់​ចោល​តែម្ដង​។ មួយថ្ងៃៗ​គាត់​គិតតែ​ពី​រឿង​ប្រយោជន៍​ផ្ទាល់ខ្លួន​របស់​គាត់ គាត់​មិន​ដែល​គិត​ប្រយោជន៍​ប្រជាពលរដ្ឋ។ គាត់​មិនដែល​គិត​ថា ប្រជាពលរដ្ឋ​រស់នៅ​ត្រូវ​ការ​អ្នក​ណា ឬ​ជ្រើសរើស​អ្នកណា​ផង​ហ្នឹង បើ​គាត់​ត្រូវ​ខ្លួន​គាត់​ល្អ អីចឹង​អត់​មាន​គោរព​សិទ្ធិ​ពលរដ្ឋ​ផង​មួយ​ថ្ងៃៗ​ឃើញ​តែ​យំ​ហើយ​ហ្នឹង​ស្រែក»

ស្រដៀង​គ្នា​នេះ សកម្មជន​គណបក្ស​ប្រឆាំង​ដែល​កំពុង​ជន​ភៀស​ខ្លួន​នៅ​ប្រទេស​ថៃ លោក ផុង សុជាតិ ថ្លែង​ថា ការ​ដែល​លោក​ហ៊ុន សែន បោះពុម្ព​ក្រដាស​ប្រាក់​ថ្មី​នេះ ជា​ការ​បំភ័ន្ត​ភ្នែក​ប្រជាពលរដ្ឋ​ ដើម្បី​កេង​ចំណេញ​នយោបាយ​ប៉ុណ្ណោះ។ លោក​​យល់​ថា ការ​ធ្វើ​បែប​នេះ​ ព្រោះ​លោក​ហ៊ុន សែន ​ដឹង​ថា សព្វ​ថ្ងៃ​​លែង​មាន​ប្រជាពលរដ្ឋ​គាំទ្រ​លោក​ទៀត​ហើយ៖ «ដូច្នេះហើយ​សម្រាប់​រូប​ខ្ញុំ​ផ្ទាល់​សូម​ថ្កោលទោស​យ៉ាង​ខ្លាំង​ចំពោះ​អំពើ​រំលោភ​របស់​លោក ហ៊ុន សែន ចំពោះ​ជាតិខ្មែរ​នេះ​។ ព្រោះ​លោក​កំពុងតែ​តាំង​ខ្លួន​ថា គឺជា​សេ្ដច​នៅ​ក្នុង​ប្រទេស ដោយ​លោក​យក​រូប​ខ្លួន​ឯង​មក​ក្នុង​រូបិយប័ណ្ណ​របស់​ជាតិ​នេះ​គឺ​ថា លោក​រំលោភ​យ៉ាង​ធ្ងន់ធ្ងរ»

ប្រតិកម្ម​របស់​ពលរដ្ឋ​ទាំង​នេះ​ ក្រោយ​ពេល​រដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ​អនុញ្ញាត​ឲ្យ​ចរាចរ និង​ប្រើប្រាស់​ក្រដាស​ប្រាក់​ប្រភេទ ៣០.០០០រៀល​គំរូ​ថ្មី។ លោក ហ៊ុន សែន បង្ហោះ​សារ​នៅ​ក្នុង​ហ្វេសប៊ុក​របស់​លោក​ថា​ ការ​បោះ​ប្រាក់​ថ្មី​នេះ​ដើម្បី​អបអរ​ខួប​៣០ឆ្នាំ នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស និង​ខួប ៣០ឆ្នាំ​នៃ​ការ​យាង​និវត្តន៍​របស់ ព្រះករុណា​ព្រះបាទ សម្ដេច​ព្រះនរោត្ដម ​សីហនុ។ នៅ​ក្នុង​ក្រដាស​ថ្មី​នេះ មាន​ដាក់​រូប​លោក ហ៊ុន សែន ឈរ​ចាប់​ដៃ​ជា​មួយ​សម្ដេច​ព្រះនរោត្ដម សីហនុ អតីត​ព្រះមហាក្សត្រ​ខ្មែរ​នៅ​លើ​ក្រដាស​ប្រាក់​។

អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​បាន​បង្ហោះ​សារ​រិះគន់​ព្រោងព្រាត​ថា ​ជា​ការ​មើល​ងាយ​មើល​ដល់​ព្រះមហាក្សត្រ​បច្ចុប្បន្ន និង​ជា​ការ​បញ្ជាក់​ថា លោក​ហ៊ុន សែន ចង់​ធ្វើ​អ្វី​ក៏​បាន​តាម​អំពើ​ចិត្ត​ ទោះ​បី​ជា​ការ​បោះ​ពុម្ព​ក្រដាស​ប្រាក់​ដោយ​ដាក់​ខ្លួន​ឯង ក៏​លោក​អាច​ធ្វើ​បាន​ដែរ។ លើស​ពី​នេះ​ពលរដ្ឋ​មួយ​ចំនួន​រិះគន់​ថា របប​លោក ហ៊ុន សែន មិន​បាន​ផ្តល់​តម្លៃ និង​បាន​បំពេញ​តាម​កិច្ចសន្យា​ដែល​មាន​ចែង​ក្នុង​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​នោះ​ទេ ព្រោះ​កាល​ពី​ឆ្នាំ២០១៩ របប​ក្រុង​ភ្នំពេញ​បាន​លុប​ចោល​​ទិវា​រំលឹក​ខួប​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ២៣ តុលា ចេញ​ពី​ប្រតិទិន​ឈប់សម្រាក​ប្រចាំ​ឆ្នាំ។

ទាក់​ទង​នឹង​បញ្ហា​នេះ អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច​លោក សុខ ឥសាន ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា ​ការ​បោះ​ពុម្ព​ក្រដាស​ប្រាក់​ថ្មី​នេះ​ជា​ការ​លើក​តម្កើង​វីរភាព សម្ដេច​ព្រះនរោត្ដម សីហនុ។ ចំពោះ​ការ​ដាក់​រូប​លោក ហ៊ុន សែន វិញ លោក​​បញ្ជាក់​ថា នេះ​ជា​និមិត្ត​រូប​ ដើម្បី​បង្ហាញ​ឱ្យ​ឃើញ​ថា អតីត​ព្រះមហាក្សត្រ​និង​លោក ហ៊ុន សែន ​ជា​អ្នក​ផ្ដួចផ្ដើម​នាំ​មក​នូវ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុងប៉ារីស២៣​តុលា៖ «អីចឹង​វា​ជា​អនុស្សាវរីយ៍​តើ​វា​មានតែ​រឿង​ស្អី​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​ព្រះមហាក្សត្រ​វា​អត់​មាន​ទេ។ តែ​ធាតុ​ពិត គឺ​ថា ជា​ការ​រំលឹក​នូវ​អនុស្សាវរីយ៍​ដែល​ប្រវត្តិសាស្ត្រ​បាន​ចារ​ទុក​មក​ដោយសារ​ឥស្សរជន​ទាំង ២​រូប​ហ្នឹង ហើយ​បាន​កើតឡើង​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ហ្នឹងឯង»

ទោះ​ជា​យ៉ាង​ណា​ អ្នក​វិភាគ​នយោបាយ​ លោក​ បណ្ឌិត​ ឡៅ ម៉ុង​ហៃ​ មើល​ឃើញ​ថា ការ​បោះ​ក្រដាស​ប្រាក់​ថ្មី​ ដើម្បី​អបអរ​​​ខួប​គម្រប់​៣០​ឆ្នាំ​នៃ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​នេះ​ មិន​មាន​អ្វី​​សំខាន់​នោះ​ទេ ព្រោះ​​ជា​ការ​​​ធ្វើ​ឱ្យ​​ល្អ​មើល​​​តែ​សំបក​ក្រៅ​ប៉ុណ្ណោះ​។​លោក​បញ្ជាក់​ថា ​អ្វី​ដែល​សំខាន់​រដ្ឋាភិបាល​គួរតែ​អនុវត្ត​ខ្លឹមសារ​នៃ​ទិវា​នេះ​ឱ្យ​បាន​ត្រឹមត្រូវ​​ទើប​បាន​​ប្រយោជន៍​ជាតិ​។ លោក​ពន្យល់​ទៀត​ថា កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​២៣​តុលា ឆ្នាំ១៩៩១ ​គឺជា​កិច្ច​ព្រមព្រៀង​ដែល​ធានា​ជា​​អន្តរជាតិ​អំពី អធិបតេយ្យភាព​បូរណភាព​ទឹក​ដី ឯករាជ្យ ឯកភាព​ជាតិ និង​អព្យាក្រឹត្យ​ភាព​លទ្ធិ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​ជា​ដើម៖ «ដូច​សព្វថ្ងៃ​នេះ​មានការ​ចងសម្ព័ន្ធភាព​ខាង​យោធា​ដើម្បី​ការពារ តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ឥឡូវ​គេ​ហៅថា​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ហ្នឹង។ រួច​ដល់​អីចឹង​វា​ប្រឈម​មុខ​ដាក់គ្នា​វា​ទៅ យើង​ហ្នឹង​គេ​ឱ្យ​នៅ​ស្ងៀម អព្យាក្រឹត​ដាច់​មក ហើយ​ប្រទេស​ទាំងអស់​ពាក់ព័ន្ធ​ហ្នឹង​សុទ្ធតែ​សន្យា​គោរព​អព្យាក្រឹតភាព។ ដូច្នេះ​គឺ​យើង​ឥឡូវ​ហ្នឹង​គឺ​ដល់​យើង​បោះបង់​ចោល​អព្យាក្រឹតភាព​យើង​ទៅ​ចូល​ក្នុង​ជម្លោះ​រវាង​មហាអំណាច​ទៅទៀត ខាង​ភូមិសាស្ត្រ​នយោបាយ​មហាអំណាច​ទៅ»

ជា​រឿយៗ របប​លោក ហ៊ុន សែន មិនសូវ​ផ្ដល់​តម្លៃ​ខ្លាំង ដល់​ថ្ងៃ​រំលឹក​ខួប​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស ២៣ តុលា​នោះ​ទេ។ កាល​ពី​ឆ្នាំ២០០៥ លោក​ធ្លាប់​បាន​លុបចោល​ថ្ងៃ​រំលឹក​ខួប​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស ២៣ តុលា ម្ដង​រួច​ទៅ​ហើយ។ ៧ឆ្នាំ​ក្រោយមក ពោល​គឺ នៅ​ឆ្នាំ​២០១២ លោក​ព្រម​ដាក់បញ្ចូល​ទិវា​នេះ ជា​ថ្ងៃ​ឈប់​សម្រាក​ឡើងវិញ ដោយ​ឈរ​លើ​ហេតុផល​ថា ដើម្បី​ឧទ្ទិស​ដល់​សម្ដេច ព្រះ នរោត្តម សីហនុ ដែល​មាន​ស្នា​ព្រះហស្ត​ក្នុង​ដំណើរការ​ស្វែងរក​សន្តិភាព។  ប៉ុន្តែ​នៅ​ខែសីហា ឆ្នាំ២០១៩ លោក ហ៊ុន សែន បាន​ចេញ​អនុក្រឹត្យ​លុប​ទិវា​រំលឹក​ខួប​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ២៣ តុលា ចេញ​ពី​ថ្ងៃ​ឈប់​សម្រាក​វិញ។ ក្រៅ​តែ​ពី​មិន​ឱ្យ​តម្លៃ​ដល់​ព្រឹត្តិការណ៍​នេះ ឱ្យ​តែ​ថ្ងៃនេះ​ម្ដងៗ របប​លោក ហ៊ុន សែន តែងតែ​ពង្រាយ​កងកម្លាំង​ចម្រុះ ដើម្បី​រារាំង និង​ឃ្លាំមើល​ការ​ប្រារព្ធ​ទិវា​នេះ ពី​សំណាក់​ប្រជាពលរដ្ឋ និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
លោក ហ៊ុន សែន បដិសេធ​ការ​ចោទ​របស់​វៀតណាម ​ដែល​ថា ព្រែក​ជីកហ្វូណន​សម្រាប់​សម្រួល​វត្តមាន​យោធា​ចិន
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។