ពលរដ្ឋរិះគន់របបក្រុងភ្នំពេញបោះក្រដាសប្រាក់៣ម៉ឺនដាក់រូបលោក ហ៊ុន សែន ថា ជាការមិនឱ្យតម្លៃព្រះមហាក្សត្រ
ប្រជាពលរដ្ឋមួយចំនួនរិះគន់ រដ្ឋាភិបាលបោះពុម្ពក្រដាសប្រាក់ថ្មីដែលដាក់រូបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា ជាការមិនឱ្យតម្លៃព្រះមហាក្សត្រ។ ប្រតិកម្មរបស់ពលរដ្ឋនេះ ធ្វើឡើងក្រោយពេលលោក ហ៊ុន សែន បានចេញអនុក្រឹត្យដាក់ឱ្យប្រើប្រាស់ក្រដាសប្រាស់ថ្មីប្រភេទ៣ម៉ឺនរៀល ដែលលោកអះអាងថា ដើម្បីអបអរខួប៣០ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣តុលា។ អ្នកវិភាគនយោបាយ យល់ថា នេះជាការអបអរបែបប្រជាភិថុតិ។
ប្រជាពលរដ្ឋមួយចំនួនលើកឡើងថា ការដែលរបបក្រុងភ្នំពេញបោះពុម្ពក្រដាសប្រាក់ថ្មីនេះគឺជាការមើលងាយព្រះមហាក្សត្រខ្មែរបច្ចុប្បន្ន និងជាការកេងចំណេញនយោបាយ។
ក្រុមប្រជាពលរដ្ឋរស់នៅខេត្តស្វាយរៀងនិងខេត្តកោះកុង ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១៨ តុលាថា លោក ហ៊ុន សែន មិនគួរណាដាក់រូបខ្លួនឯងនៅក្នុងក្រដាសប្រាក់ថ្មីប្រភេទ ៣ម៉ឺនរៀល (៣០.០០០) ឱ្យពលរដ្ឋប្រើប្រាស់នោះទេ។ ពលរដ្ឋទាំងនេះបន្តថា ការធ្វើបែបនេះ គឺជាការមិនផ្ដល់តម្លៃដល់ព្រះមហាក្សត្រខ្មែរ។ បន្ថែមពីនេះ ពួកគាត់មើលឃើញថា ការបោះក្រដាសប្រាក់នេះ មិនមែនជាការអបអរខួប ៣០ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលានោះទេ ប៉ុន្តែលោកហ៊ុន សែន ចង់លើកខ្លួនឯងធ្វើស្ដេច ពីព្រោះរបបក្រុងភ្នំពេញមិនបានគោរពសិទ្ធិមនុស្ស និងបានបំផ្លាញប្រជាធិបតេយ្យនៅកម្ពុជារហូតមក៖ «ខ្ញុំអត់គាំទ្រទេ បើសិនជាគាត់ដាក់សម្ដេច ព្រះមហាក្សត្រ សីហមុនី ខ្ញុំគាំទ្រ ព្រោះជាព្រះមហាក្សត្រ នៅរស់ដល់ពេលព្រះបរមរតនកោដិ ហើយហ្នឹងគាត់ទៅវិញ ដល់អីចឹងព្រះមហាក្សត្រសព្វថ្ងៃហ្នឹងគាត់លុបបំបាត់ចោលតែម្ដង។ មួយថ្ងៃៗគាត់គិតតែពីរឿងប្រយោជន៍ផ្ទាល់ខ្លួនរបស់គាត់ គាត់មិនដែលគិតប្រយោជន៍ប្រជាពលរដ្ឋ។ គាត់មិនដែលគិតថា ប្រជាពលរដ្ឋរស់នៅត្រូវការអ្នកណា ឬជ្រើសរើសអ្នកណាផងហ្នឹង បើគាត់ត្រូវខ្លួនគាត់ល្អ អីចឹងអត់មានគោរពសិទ្ធិពលរដ្ឋផងមួយថ្ងៃៗឃើញតែយំហើយហ្នឹងស្រែក»។
ស្រដៀងគ្នានេះ សកម្មជនគណបក្សប្រឆាំងដែលកំពុងជនភៀសខ្លួននៅប្រទេសថៃ លោក ផុង សុជាតិ ថ្លែងថា ការដែលលោកហ៊ុន សែន បោះពុម្ពក្រដាសប្រាក់ថ្មីនេះ ជាការបំភ័ន្តភ្នែកប្រជាពលរដ្ឋ ដើម្បីកេងចំណេញនយោបាយប៉ុណ្ណោះ។ លោកយល់ថា ការធ្វើបែបនេះ ព្រោះលោកហ៊ុន សែន ដឹងថា សព្វថ្ងៃលែងមានប្រជាពលរដ្ឋគាំទ្រលោកទៀតហើយ៖ «ដូច្នេះហើយសម្រាប់រូបខ្ញុំផ្ទាល់សូមថ្កោលទោសយ៉ាងខ្លាំងចំពោះអំពើរំលោភរបស់លោក ហ៊ុន សែន ចំពោះជាតិខ្មែរនេះ។ ព្រោះលោកកំពុងតែតាំងខ្លួនថា គឺជាសេ្ដចនៅក្នុងប្រទេស ដោយលោកយករូបខ្លួនឯងមកក្នុងរូបិយប័ណ្ណរបស់ជាតិនេះគឺថា លោករំលោភយ៉ាងធ្ងន់ធ្ងរ»។
ប្រតិកម្មរបស់ពលរដ្ឋទាំងនេះ ក្រោយពេលរដ្ឋាភិបាលបានចេញអនុក្រឹត្យអនុញ្ញាតឲ្យចរាចរ និងប្រើប្រាស់ក្រដាសប្រាក់ប្រភេទ ៣០.០០០រៀលគំរូថ្មី។ លោក ហ៊ុន សែន បង្ហោះសារនៅក្នុងហ្វេសប៊ុករបស់លោកថា ការបោះប្រាក់ថ្មីនេះដើម្បីអបអរខួប៣០ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងខួប ៣០ឆ្នាំនៃការយាងនិវត្តន៍របស់ ព្រះករុណាព្រះបាទ សម្ដេចព្រះនរោត្ដម សីហនុ។ នៅក្នុងក្រដាសថ្មីនេះ មានដាក់រូបលោក ហ៊ុន សែន ឈរចាប់ដៃជាមួយសម្ដេចព្រះនរោត្ដម សីហនុ អតីតព្រះមហាក្សត្រខ្មែរនៅលើក្រដាសប្រាក់។
អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកបានបង្ហោះសាររិះគន់ព្រោងព្រាតថា ជាការមើលងាយមើលដល់ព្រះមហាក្សត្របច្ចុប្បន្ន និងជាការបញ្ជាក់ថា លោកហ៊ុន សែន ចង់ធ្វើអ្វីក៏បានតាមអំពើចិត្ត ទោះបីជាការបោះពុម្ពក្រដាសប្រាក់ដោយដាក់ខ្លួនឯង ក៏លោកអាចធ្វើបានដែរ។ លើសពីនេះពលរដ្ឋមួយចំនួនរិះគន់ថា របបលោក ហ៊ុន សែន មិនបានផ្តល់តម្លៃ និងបានបំពេញតាមកិច្ចសន្យាដែលមានចែងក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនោះទេ ព្រោះកាលពីឆ្នាំ២០១៩ របបក្រុងភ្នំពេញបានលុបចោលទិវារំលឹកខួបនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា ចេញពីប្រតិទិនឈប់សម្រាកប្រចាំឆ្នាំ។
ទាក់ទងនឹងបញ្ហានេះ អ្នកនាំពាក្យគណបក្សកាន់អំណាចលោក សុខ ឥសាន ប្រាប់វិទ្យុអាស៊ីសេរីថា ការបោះពុម្ពក្រដាសប្រាក់ថ្មីនេះជាការលើកតម្កើងវីរភាព សម្ដេចព្រះនរោត្ដម សីហនុ។ ចំពោះការដាក់រូបលោក ហ៊ុន សែន វិញ លោកបញ្ជាក់ថា នេះជានិមិត្តរូប ដើម្បីបង្ហាញឱ្យឃើញថា អតីតព្រះមហាក្សត្រនិងលោក ហ៊ុន សែន ជាអ្នកផ្ដួចផ្ដើមនាំមកនូវកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣តុលា៖ «អីចឹងវាជាអនុស្សាវរីយ៍តើវាមានតែរឿងស្អីធ្វើឱ្យប៉ះពាល់ដល់កិត្តិយសព្រះមហាក្សត្រវាអត់មានទេ។ តែធាតុពិត គឺថា ជាការរំលឹកនូវអនុស្សាវរីយ៍ដែលប្រវត្តិសាស្ត្របានចារទុកមកដោយសារឥស្សរជនទាំង ២រូបហ្នឹង ហើយបានកើតឡើងកិច្ចព្រមព្រៀងទីក្រុងប៉ារីសហ្នឹងឯង»។
ទោះជាយ៉ាងណា អ្នកវិភាគនយោបាយ លោក បណ្ឌិត ឡៅ ម៉ុងហៃ មើលឃើញថា ការបោះក្រដាសប្រាក់ថ្មី ដើម្បីអបអរខួបគម្រប់៣០ឆ្នាំនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះ មិនមានអ្វីសំខាន់នោះទេ ព្រោះជាការធ្វើឱ្យល្អមើលតែសំបកក្រៅប៉ុណ្ណោះ។លោកបញ្ជាក់ថា អ្វីដែលសំខាន់រដ្ឋាភិបាលគួរតែអនុវត្តខ្លឹមសារនៃទិវានេះឱ្យបានត្រឹមត្រូវទើបបានប្រយោជន៍ជាតិ។ លោកពន្យល់ទៀតថា កិច្ចព្រមព្រៀងទីក្រុងប៉ារីស២៣តុលា ឆ្នាំ១៩៩១ គឺជាកិច្ចព្រមព្រៀងដែលធានាជាអន្តរជាតិអំពី អធិបតេយ្យភាពបូរណភាពទឹកដី ឯករាជ្យ ឯកភាពជាតិ និងអព្យាក្រឹត្យភាពលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សជាដើម៖ «ដូចសព្វថ្ងៃនេះមានការចងសម្ព័ន្ធភាពខាងយោធាដើម្បីការពារ តំបន់អាស៊ីប៉ាស៊ីហ្វិក ឥឡូវគេហៅថាឥណ្ឌូប៉ាស៊ីហ្វិកហ្នឹង។ រួចដល់អីចឹងវាប្រឈមមុខដាក់គ្នាវាទៅ យើងហ្នឹងគេឱ្យនៅស្ងៀម អព្យាក្រឹតដាច់មក ហើយប្រទេសទាំងអស់ពាក់ព័ន្ធហ្នឹងសុទ្ធតែសន្យាគោរពអព្យាក្រឹតភាព។ ដូច្នេះគឺយើងឥឡូវហ្នឹងគឺដល់យើងបោះបង់ចោលអព្យាក្រឹតភាពយើងទៅចូលក្នុងជម្លោះរវាងមហាអំណាចទៅទៀត ខាងភូមិសាស្ត្រនយោបាយមហាអំណាចទៅ»។
ជារឿយៗ របបលោក ហ៊ុន សែន មិនសូវផ្ដល់តម្លៃខ្លាំង ដល់ថ្ងៃរំលឹកខួបនៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ២៣ តុលានោះទេ។ កាលពីឆ្នាំ២០០៥ លោកធ្លាប់បានលុបចោលថ្ងៃរំលឹកខួបនៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ២៣ តុលា ម្ដងរួចទៅហើយ។ ៧ឆ្នាំក្រោយមក ពោលគឺ នៅឆ្នាំ២០១២ លោកព្រមដាក់បញ្ចូលទិវានេះ ជាថ្ងៃឈប់សម្រាកឡើងវិញ ដោយឈរលើហេតុផលថា ដើម្បីឧទ្ទិសដល់សម្ដេច ព្រះ នរោត្តម សីហនុ ដែលមានស្នាព្រះហស្តក្នុងដំណើរការស្វែងរកសន្តិភាព។ ប៉ុន្តែនៅខែសីហា ឆ្នាំ២០១៩ លោក ហ៊ុន សែន បានចេញអនុក្រឹត្យលុបទិវារំលឹកខួបនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា ចេញពីថ្ងៃឈប់សម្រាកវិញ។ ក្រៅតែពីមិនឱ្យតម្លៃដល់ព្រឹត្តិការណ៍នេះ ឱ្យតែថ្ងៃនេះម្ដងៗ របបលោក ហ៊ុន សែន តែងតែពង្រាយកងកម្លាំងចម្រុះ ដើម្បីរារាំង និងឃ្លាំមើលការប្រារព្ធទិវានេះ ពីសំណាក់ប្រជាពលរដ្ឋ និងក្រុមអង្គការសង្គមស៊ីវិល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។