ទស្សន​ជុំវិញ​ពលរដ្ឋ​ខ្មែរ​អាមេរិកកាំង​យក​ស្បែកជើង​គប់​លោក ហ៊ុន សែន ក្នុង​ពេល​ជួប​អ្នកគាំទ្រ​នៅ​អាមេរិក

ដោយ យន់ សាមៀន
2022.05.15
ទស្សន​ជុំវិញ​ពលរដ្ឋ​ខ្មែរ​អាមេរិកកាំង​យក​ស្បែកជើង​គប់​លោក ហ៊ុន សែន ក្នុង​ពេល​ជួប​អ្នកគាំទ្រ​នៅ​អាមេរិក លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ពេល​ជួបអ្នកគាំទ្រ​នៅ​សហរដ្ឋអាមេរិក មុខកិច្ចប្រជុំពិសេស​អាស៊ាន​អាមេរិក។
រូប៖ ហ្វេសប៊ុក

សាធារណជន​បញ្ចេញ​ទស្សន​ផ្សេងៗ​គ្នា​ជុំវិញ​ពលរដ្ឋ​ខ្មែរ​អាមេរិកកាំង​យក​ស្បែកជើង​គប់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ពេល​ជួប​អ្នកគាំទ្រ​នៅ​សហរដ្ឋអាមេរិក​។ មន្ត្រី​រដ្ឋាភិបាល ជាពិសេស​កូនប្រុស​របស់​លោក ហ៊ុន បាន​ប្រកាស​ថ្កោលទោស និង​មិន​អាច​ទទួល​យក​បានជា​ដាច់ខាត​។ ប៉ុន្តែ​ប្រជាពលរដ្ឋ​ខ្មែរ​មួយចំនួន​ចាត់ទុក​ថា ករណីនេះ ជា​រឿង​ធម្មតា​ក្នុង​សង្គម​ប្រជាធិបតេយ្យ ប៉ុន្តែ​អ្នកខ្លះ​ថា លោក ហ៊ុន សែន សម​នឹង​រង​ភាព​អាម៉ាស់​លើ​ឆាក​អន្តរជាតិ​ដោយសារ​ទង្វើ​មន្ត្រី​របស់​លោក​បើ​អំពើ​ហិង្សា រំលោភ​ដីធ្លី អយុត្តិធម៌​សង្គម អំពើពុករលួយ រំលោភបំពាន​សិទ្ធិ​នយោបាយ សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​កម្មករ​ជាដើម។

ក្រោយ​ពី​ពលរដ្ឋ​ខ្មែរ​អាមេរិក​ម្នាក់​លោក អ៊ុក ទូច ដែល​បាន​យក​ស្បែកជើង​គប់​លោក ហ៊ុន សែន ក្នុង​ពេល​ជួប​អ្នកគាំទ្រ​នៅ​សហរដ្ឋអាមេរិក​កន្លង​មក​នេះ សាធារណជន បាន​បញ្ចេញមតិ​ផ្សេងៗ​គ្នា។

សមាជិក​សមាគមនិស្សិត​បញ្ញវន្ត​ខ្មែរ​កញ្ញា អេង ម៉ាឡៃ ហៅ សូ មេត្តា ថ្លែង​ថា​ប្រទេស​ប្រកាន់​ប្រជាធិបតេយ្យ​ការ​គប់​ស្បែង​ជើង​លើ​មេដឹកនាំ​ដែល​អសមត្ថភាព​ក្នុង​ការ​បញ្ចា​ប់​អំពើ​ហិង្សា និង​អំពើ​អយុត្តិធម៌​ក្នុង​សង្គម ដោយ​ការ​រំលោភច្បាប់ និង​សិទ្ធិមនុស្ស គឺ​មិន​ធ្ងន់ធ្ងរ​នោះ​ទេ​។ យុវជន​រូប​នេះ​ឱ្យ​ដឹង​ថា កញ្ញា​ក៏​ជា​ជនរងគ្រោះ​ម្នាក់ ក្នុង​ចំណោម​ជនរងគ្រោះ​ផ្សេងទៀត​ដែល​រង​ការ​ទាត់​ធាក់ ជេរ​ប្រមាថ និង​ជាប់​ពន្ធនាគារ​ទាំង​គ្មាន​កំហុស ហើយ​កញ្ញា​មិនដែល​ទទួល​បាន​យុត្តិធម៌​ឡើយ៖ «ដោយសារ​គាត់​ឈឺចាប់ គាត់​ឃើញ​ប្រទេសជាតិ​កំពុង​លិចលង់ ហើយ​រំលោភបំពាន​ធ្ងន់ធ្ងរ​លើ​ប្រជាពលរដ្ឋ​ខ្លួនឯង មាន​ដូចជា​ចាប់ចង ធ្វើ​ទុក្ខបុកម្នេញ រឹតត្បិត​ផ្នែក​តស៊ូ​មតិ បាញ់​សម្លាប់​ជាដើម​។ យើង​មិន​បាន​យុត្តិធម៌​សម្រាប់​ខ្លួនឯង និង​មិន​មាន​យុត្តិធម៌​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ និង​ទឹកដី​ខ្លួនឯង ហើយ​ត្រូវ​អ្នកដឹកនាំ​ប្រទេស​ខ្លួន​ចាប់​ដាក់គុក​ទៀត អ៊ីចឹង​វា​ឈឺចាប់​មែនទែន»

សមាជិក​ស្ត្រី​ថ្ងៃ​សុក្រ​លោកស្រី អ៊ុក ចន្ធី ដែល​រង​ការ​ធ្វើទុក្ខបុកម្នេញ​ពី​សំណាក់​អាជ្ញាធរ​របស់​លោក ហ៊ុន សែន យល់ថា​ការ​គប់​ស្បែង​ជើង​នោះ គឺ​ផ្តើម​ចេញ​ពី​ការឈឺចាប់​របស់​ពលរដ្ឋ​ក្រោម​ការដឹកនាំ​របស់​រដ្ឋាភិបាល​បច្ចុប្បន្ន​។ លោកស្រី​បន្ត​ថា ករណីនេះ​នៅ​តិចតួច ឬ​ស្រាល​បើ​ធៀប​នឹង​ទុក្ខវេទនា​របស់​ពលរដ្ឋ​ខ្មែរ​ដែល​ទទួលរង​ការ​វាយដំ ការ​កាប់​សម្លាប់ និង​ចាប់ខ្លួន​ដាក់​ពន្ធនាគារ​ទាំង​អយុត្តិធម៌​ពី​សំណាក់​វិធានការ​របស់​រដ្ឋាភិបាល៖ «ពួកគាត់​គិតថា​អំពើ​មក​លើ​ពួកគាត់​ជា​ការ​លេងសើច​សប្បាយ​ហើយ​មើល​ទៅ ដល់​ពេល​គេ​ធ្វើ​ចំពោះ​គាត់​វិញ គាត់​ចេញ​មក​ថ្កោលទោស​អ៊ីចឹង ប៉ុន្តែ​ខ្ញុំ​យល់ថា​គាត់​ផ្ដាច់ការ​អ៊ីចឹង​ហើយ មិន​ដូច​ប្រទេស​ប្រជាធិបតេយ្យ​នោះ​ទេ»

កូដករ​ណាហ្គាវើលដ៍​ដែល​រងគ្រោះ​ពី​ការ​បង្ក្រាប​ដោយ​ហិង្សា​ពី​សំណាក់​អាជ្ញាធរ​រយៈពេល​ជាង​៥​ខែ​មក​នេះ គឺ​លោកស្រី ជា សុខុម យល់​ថា ការ​គប់​ស្បែង​ជើង​លើ​មេដឹកនាំ​ដែល​ខ្លួន​មិន​ពេញ​ចិត្ត​នៅ​លើ​ទឹកដី​សហរដ្ឋអាមេរិក គឺ​មិន​ខុស​ទាស់​អ្វី​ធ្ងន់ធ្ងរ​នោះ​ទេ​។ លោកស្រី​ថា មន្ត្រី​រដ្ឋាភិបាល និង​អ្នកគាំទ្រ​បក្ស​កាន់អំណាច មិន​គួរ​ថ្កោលទោស​ចំពោះ តែ​ករណី​គប់​ស្បែង​ជើង​លើ​លោក ហ៊ុន សែន នោះ​ទេ គួរតែ​ថ្កោលទោស​និង​បញ្ឈប់​អំពើ​ហិង្សា​លើ​ក្រុម​កូដករ​ណាហ្គាវើល​ដ៍​ដែល​ធ្វើ​កូដកម្ម​ដោយ​អហិង្សា​ផង​ដែរ៖ «គាត់​ធ្វើ​ហ្នឹង​ដើម្បី​ខ្មែរ​ដែល​ខឹង​សម្បារ​ទាំងអស់ ប៉ុន្តែ​អ្វី​ដែល​ពួក​ខ្ញុំ​ធ្វើ​នេះ​ដើម្បី​ឆ្នាំង​បាយ​បី​ពេល ហើយ​ទទួលរង​ភាព​អយុត្តិធម៌​ដែរ មិនដឹង​ឱ្យ​អ្នកណា​ជួយ អ្នកណា​មើល​មាន​តែ​ធ្វើ​រហូត​ហ្នឹង​មិន​ដឹង​លោកនាយក​រដ្ឋមន្ត្រី​យើង​គាត់​នឹង​បើកភ្នែក​មើល​ពេលណា​ទេ អាហ្នឹង​យើង​មាន​តែ​តស៊ូ​ទៅ​មុខ​ទៀត​ហ្នឹង​ឯង»

ទាក់ទង​ករណី​នេះ​ដែរ ព្រះសង្ឃ​គង់នៅ​វត្ត​ទីក្រុង​ម៉ុងរេអាល់ ប្រទេស​កាណាដា ព្រះតេជព្រះគុណ​បណ្ឌិត ហុក សាវណ្ណ មាន​ថេរ​ដីកា​ថា អំពើ​កម្មផល​ដែល​មន្ត្រី​គណបក្ស​ប្រជាជន និង​លោក ហ៊ុន សែន បាន​សាង​លើ​ពលរដ្ឋ​ខ្មែរ​កន្លងមក​មិនអាច​លុបលាង​បាន​នោះ​ទេ​។ ព្រះតេជព្រះគុណ​បន្ត​ថា​អំពើ​បាបកម្ម​ទាំងនោះ នឹង​តបស្នង​ត្រឡប់មកវិញ​នៅពេល​បច្ចុប្បន្ន ឬ​នៅ​ថ្ងៃ​អនាគតជាតិ៖ «ចាត់ទុក​គេ​សុទ្ធតែ​ជា​ខ្មាំង​ជា​សត្រូវ ប្រជារាស្ត្រ​របស់​ខ្លួន​ជាស​ត្រូវ ហើយ​ធ្វើបាប​គេ​បាន ប៉ុន្តែ​ដល់ពេល​គេ​ធ្វើបាប​ខ្លួន​វិញ សុទ្ធតែ​គេ​ខុស​ចាប់​គេ​ដាក់គុក​ដាក់ច្រវ៉ាក់ អត់​ត្រូវ​ទេ​អ្នកឯង បាបកម្ម​កាន់តែ​ខ្លាំង​ថែម​ទៀត បើ​តាម​ពុទ្ធសាសនា​បើ​គេ​ធ្វើ​ស្អី​មួយ​ត្រូវ​មើល​ខ្លួនឯង តើ​ខ្លួនឯង​មាន​ខុស​អ្វី​ទេ សួរ​ខ្លួនឯង​មុន មុននឹង​ចោទ​គេ អ៊ីចឹង​ឃើញ​ហើយ​ថា​ធ្វើបាប​រាស្ត្រ​មិច​ខ្លះ មិនទាន់​ចាប់​ដាក់គុក ដាក់​ច្រវ៉ាក់​អី​នៅ​ឡើយ​ទេ គេ​គ្រាន់តែ​គប់​ស្បែកជើង​ឱ្យ​អាម៉ាស់​ប៉ុណ្ណោះ»

ទោះ​យ៉ាង​ណា​មន្ត្រី​គ្រាក់ៗ​គាំទ្រ​លោក ហ៊ុន សែន បាន​ប្រកាស​ថ្កោលទោស​ចំពោះ​ទង្វើ​របស់​ពលរដ្ឋ​ខ្មែរ​អាមេរិកកាំង​លោក អ៊ុក ទូច ជា​បន្តបន្ទាប់​។ ក្នុង​នោះ​កូនប្រុស​របស់​នាយករដ្ឋ​មន្ត្រី​លោក ហ៊ុន សែន ដែល​ជា​ប្រធាន​គណៈកម្មការ​ទី​៧​នៃ​រដ្ឋសភា​លោក ហ៊ុន ម៉ានី បាន​បង្ហោះ​សារ​នៅលើ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​១២ ឧសភា​នេះ​ថា ទង្វើ​គប់​ស្បែកជើង​ទៅលើ​ឪពុក​របស់​លោក គឺជា​ការប្រមាថ​ឪពុក​លោក និង​ជា​ទង្វើ​ជ្រុលនិយម ដែល​មិនអាច​ទទួលយក​បានជា​ដាច់ខាត។

ស្រដៀង​គ្នា​នេះ​ឧបនាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​ទំនាក់ទំនង​រដ្ឋសភា និង​ព្រឹទ្ធសភា អ្នកស្រី ម៉ែន សំអន បាន​បង្ហោះ​នៅ​ហ្វេសប៊ុក​ដោយ​នៅ​លើ​ហ្វេសប៊ុក​របស់​អ្នកស្រី​នៅ​ថ្ងៃទី​១២ ឧសភា​នេះ ចាត់ទុក​ទង្វើ​គប់​ស្បែកជើង​លើ​លោក ហ៊ុន សែន គឺជា​ទង្វើ​ថោកទាប និង​ប្រមាថ​ដែល​មិន​អាច​ទទួល​បាន និង​លើកលែង ឬ​សម្រាល​ទោសកំហុស​ដល់​ពួក​ជ្រួល​និយម​បានទេ។

ទស្សន​ទាំងនេះ កើតមាន​ក្រោយពី​ពលរដ្ឋ​ខ្មែរ​អាមេរិកកាំង​ម្នាក់​បាន​យក​ស្បែកជើង​គប់​តម្រង់​ទៅលើ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ក្នុងពេលដែល​លោក​កំពុង​សំណេះសំណាល និង​ថតរូប​ជាមួយ​អ្នកគាំទ្រ​នៅ​មុន​ពេល​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​អាមេរិក​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​យប់​ថ្ងៃទី​១១ ឧសភា ម៉ោង​នៅ​កម្ពុជា ត្រូវ​នឹង​ពេល​ថ្ងៃ​ម៉ោង​នៅ​សហរដ្ឋអាមេរិក​។ ពលរដ្ឋ​រូប​នេះ​អះអាង​ថា មូលហេតុ​ដែល​ធ្វើ​បែប​នេះ​ដោយសារ​លោក​ខឹង​នឹង​លោក ហ៊ុន សែន សម្លាប់​លទ្ធិប្រជាធិបតេយ្យ និង​ធ្វើទុក្ខបុកម្នេញ បាញ់ប្រហារ បោក​គ្រាប់បែក និង​កាប់សម្លាប់ ពលរដ្ឋ​ខ្មែរ​ជាច្រើន​នាក់​ដែល​មិន​គាំទ្រ​លោក អំឡុង​ពេល​លោក​ដឹកនាំ​ប្រទេស។

បុរស​ដែល​គប់​ស្បែកជើង​លើ​លោក ហ៊ុន សែន នេះ អាច​រួច​ផុត​ពី​ការ​ចាប់ខ្លួន និង​ការ​វាយដំ​សងសឹក​នេះ ដោយសារតែ​លោក​រស់នៅ​សហរដ្ឋអាមេរិក ដែល​ជា​ប្រទេស​ប្រជាធិបតេយ្យ​ពិតប្រាកដ ប៉ុន្តែ​ប្រសិនបើ​លោក​រស់នៅ​កម្ពុជា​វិញ លោក ហ៊ុន សែន ទំនងជា​នឹង​មិន​បណ្តោយ​ឱ្យ​រួចខ្លួន​ឬ​បាន​រស់នៅ​សុខ​ស្រួល​នោះ​ទេ​។ កន្លងមក​ស្ត្រី​មេម៉ាយ​ជា​កម្មករ​រោងចក្រ​ម្នាក់ ឈ្មោះ សំ សុខា ត្រូវ​បាន​អាជ្ញាធរ​លោក ហ៊ុន សែន តាម​ចាប់ខ្លួន​ពី​ប្រទេស​ថៃ​មក​ដាក់ទោស​ក្នុង​ពន្ធនាគារ​នៅ​កម្ពុជា​រហូតដល់​៤​ឆ្នាំ​ដោយសារតែ​យក​ស្បែកជើង​គប់​លើ​ស្លាក​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​មាន​រូបលោក ហ៊ុន សែន និង​លោក ហេង សំរិន។

ជុំវិញ​រឿង​នេះ អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក ស៊ឹង សែនករុណា មាន​ប្រសាសន៍​ថា ប្រទេស​ប្រកាន់​ប្រជាធិបតេយ្យ ចាត់ទុក​ការ​គប់​ស្បែកជើង​លើ​មេដឹកនាំ គឺជា​ការ​បញ្ចេញមតិ​ដោយ​ពុំ​មាន​ទោសកំហុស​នោះ​ទេ​។ លោក​យល់​ថា បើសិន​រដ្ឋាភិបាល​យកចិត្ត​ទុកដាក់​ដោះស្រាយ​ពី​បញ្ហា​សិទ្ធិមនុស្ស និង​ស្តារ​លទ្ធិប្រជាធិបតេយ្យ ព្រមទាំង​ឆ្លើយតប​ក្តី​កង្វល់​របស់​ពលរដ្ឋ​ពិតប្រាកដ នោះ​បញ្ហា​បែបនេះ​នឹង​មិន​កើតឡើង​នោះ​ទេ។ ម្យ៉ាងវិញទៀត​មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​ក៏​ចង់​ឃើញ​មន្ត្រី​រដ្ឋាភិបាល​ហ៊ាន​ប្រតិកម្ម​រឿង​អយុត្តិធម៌​សង្គម បញ្ហា​បំផ្លាញ​ព្រៃឈើ ធនធាន​ធម្មជាតិ ទទួល​យក​សំណូមពរ និង​ឆ្លើយតប​ដោះស្រាយ​សំណើ​របស់​ពលរដ្ឋ​ឱ្យ​ស្មើភាព​គ្នា៖ «មាន​ប្រទេស​មួយ​ចំនួន​ដឹកនាំ​មិន​ល្អ វា​ជា​រឿង​ធម្មតា​ទេ ប្រទេស​ប្រជាធិបតេយ្យ​មាន​អ្នក​មិន​ពេញចិត្ត​អ៊ីចឹង​ហើយ បានជា​មាន​ប្រតិកម្ម​តប​ទៅ​តាម​សកម្មភាព​ផ្សេងៗ គេ​ទទួល​យក​ទៅ​ដោះស្រាយ​អ៊ីចឹង​ទៅ ប៉ុន្តែ​យើង​ភាគច្រើន​បង្ក​ឱ្យ​មាន​បញ្ហា​បែបនេះ​កើត​ឡើង ហើយ​បង្ក​កាន់តែ​ច្រើន​ទៅៗ​ឱ្យ​ក្លាយជា​គំនុំ ខឹង​សម្បារ កំហឹង​អ៊ីចឹង ខ្ញុំ​គិតថា​មិន​គួរ​កើត​មាន​ក្នុង​សង្គម​ប្រជាធិបតេយ្យ​ទេ»

ស្រដៀង​គ្នា​នេះ នាយិកា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) អ្នកស្រី ចក់ សុភា បាន​បង្ហោះ​លើ​ហ្វេសប៊ុក​នៅ​ថ្ងៃទី​១៣ ខែ​ឧសភា​ថា អាជ្ញាធរ​គួរ​ប្តេជ្ញា​ឆ្លើយតប​ប្រឆាំង​នឹង​ទម្រង់​ហិង្សា​ដែល​បាន​កើតឡើង​ចំពោះ​ពលរដ្ឋ​គ្រប់រូប ដោយ​មិន​ចំពោះ​ករណី​ដែល​កើត​ឡើងលើ​ថ្នាក់ដឹកនាំ ឬ​មន្ត្រី​របស់​ខ្លួន​នោះ​ទេ។ អ្នកស្រី​បន្ត​ថា ការ​យកចិត្តទុកដាក់​ប្រឆាំង​ហិង្សា​នេះ គួរ​មាន​ទម្ងន់​លើ​សហគមន៍ ជនរងគ្រោះ អ្នក​សារព័ត៌មាន និង​ពលរដ្ឋ​ទូទៅ​ដែរ។ ទន្ទឹម​នឹង​នេះ អ្នកស្រី​បញ្ជាក់​ពលរដ្ឋ អ្នក​នយោបាយ ជា​សកម្មជន ក៏​ត្រូវ​រក្សា​នូវ​គោលការណ៍​អហិង្សា និង​ការ​តស៊ូ​មតិ​ដោយ​ឈរ​លើ​គោលការណ៍​សិទ្ធិមនុស្ស​ដូចគ្នា បើសិន​ពួកគេ​ចង់ឱ្យ​សង្គម​នេះ​វិវត្ត​ដោយ​សន្តិភាព ដែល​មិន​ត្រឹម​តែ​អវត្តមាន​នៃ​សង្គ្រាម​ទេ តែ​អាច​រស់នៅ​ជាមួយគ្នា​ដោយ​មាន​សេរីភាព និង​សេចក្តី​ថ្លៃថ្នូរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
សង្គម​ស៊ីវិល​រំពឹង​ថា​ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ថ្មី​នឹង​បន្ត​ចូល​រួម​លើក​ស្ទួយ​ប្រជាធិបតេយ្យ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។