មតិ​ជុំវិញ​ករណី​បញ្ជូន​ខ្លួន​កញ្ញា សេង ធារី ទៅ​ឃុំ​នៅ​ពន្ធនាគារ​ខេត្ត​ព្រះវិហារ

ដោយ ម៉ៅ សុធានី
2022.06.18
មតិ​ជុំវិញ​ករណី​បញ្ជូន​ខ្លួន​កញ្ញា សេង ធារី ទៅ​ឃុំ​នៅ​ពន្ធនាគារ​ខេត្ត​ព្រះវិហារ កញ្ញា សេង ធារី នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃទី១៤ ខែ​មិថុនា ឆ្នាំ​២០២២។
រូប៖ ពលរដ្ឋផ្ដល់ឱ្យ

ពលរដ្ឋ​និង​សង្គម​ស៊ីវិល​បញ្ចេញ​មតិ និង​ការយល់ឃើញ​ស្រដៀង​គ្នា ពាក់ព័ន្ធ​នឹង​ករណី​បញ្ជូន​កញ្ញា សេង ធារី ទៅ​ឃុំ​នៅ​ខេត្ត​ព្រះវិហារ។ អ្នក​ទាំងនោះ​យល់​ឃើញ​ថា ទង្វើ​បែបនេះ​គឺជា​ការ​សងសឹក​ក្នុង​ផ្លូវ​នយោបាយ និង​ពង្រាត់​កញ្ញា​មិន​ឲ្យ​ជួប​មេធាវី មិនមែន​ដូច​ការ​លើក​ឡើង​របស់​តុលាការក្រុង​ភ្នំពេញ​ដែល​ថា ការ​ធ្វើ​បែបនេះ​គឺ​ដើម្បី​រក្សា​សណ្ដាប់ធ្នាប់​និង​សុវត្ថិភាព​របស់​កញ្ញា​នោះ​ទេ។

ពលរដ្ឋ​ដែល​ជា​អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ យល់​ឃើញ​ថា ការ​ចាប់ខ្លួន​និង​បញ្ជូន​កញ្ញា​សេង ធារី ទៅ​ឆ្ងាយ​បែបនេះ​គឺជា​ការ​គំរាមកំហែង​ដល់​អ្នកតស៊ូ​មតិ​ផ្សេង​ទៀត ខណៈ​សង្គម​ស៊ីវិល​កំពុង​ព្រួយបារម្ភ និង​យល់ឃើញ​ដែរ​ថា រដ្ឋាភិបាល​ក្រុងភ្នំពេញ កំពុង​ធ្វើ​ឲ្យ​លទ្ធិប្រជាធិបតេយ្យ​ដើរ​ថយក្រោយ និង​ត្រូវ​រង​ការ​ថ្កោលទោស​ពី​អន្តរជាតិ​កាន់តែ​ធ្ងន់ធ្ងរ​ក្នុង​ករណី​របស់​កញ្ញា សេង ធារី។

ពលរដ្ឋ​ម្នាក់​រស់នៅ​ខេត្ត​សៀមរាប​គឺ​លោក ព្រហ្ម សុព្រឹក្ស យល់​ឃើញ​ថា ការ​បញ្ជូន​ខ្លួន​កញ្ញា​សេង ធារី ទៅ​ឃុំ​នៅ​ខេត្តព្រះវិហារ គឺជា​សកម្មភាព​គំរាមកំហែង​ដល់​អ្នកតស៊ូ​មតិ​ដទៃទៀត​។ លោក​បន្ត​ថា រដ្ឋាភិបាល​កំពុង​ធ្វើ​ឲ្យ​អន្តរជាតិ​កាន់តែ​មើលឃើញ​ពី​ភាព​អវិជ្ជមាន​របស់​កម្ពុជា ក្នុងការ​អនុវត្ត​លទ្ធិ​ប្រជាធិបតេយ្យ។ លោក​លើកឡើង​ថា កម្ពុជា​គួរ​បញ្ឈប់​នូវ​សកម្មភាព​គំរាមកំហែង​បែប​នេះ​តទៅ​ទៀត ព្រោះ​ថា គ្មាន​អ្នក​គាំទ្រ​នូវ​ទង្វើ​បែបនេះ​ឡើយ៖ «វា​មិន​សមស្រប គឺ​មាន​ការ​គំរាមកំហែង​ដល់​អ្នក​តស៊ូ​មតិ អ្នក​ប្រជាធិបតេយ្យ​ផ្សេង​ទៀត​។ ចំពោះ​រដ្ឋាភិបាល​គឺ​មិន​មាន​ការ​គាំទ្រ​ពី​អន្តរជាតិ​ទេ អ៊ីចឹង​គាត់​ត្រូវតែ​បន្ធូរបន្ថយ​ស្ថានការណ៍​នយោបាយ​ឬក៏​ដោះលែង​អ្នក​ទោស​នយោបាយ​ទាំងអស់​មក​វិញ​មក ហើយ​ដំណើរការ​នឹង​ល្អ​មក​វិញ​ចំពោះ​នយោបាយ​នៅ​កម្ពុជា»

កញ្ញា សេង ធារី ត្រូវ​បាន​អគ្គនាយកដ្ឋាន​ពន្ធនាគារ បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​គុក​ខេត្តព្រះវិហារ ដោយ​យក​មូល​ហេតុ​ថា ដើម្បី​ការពារ​សុវត្ថិភាព និង​សន្តិសុខ​ពន្ធនាគារ​។ ការ​បញ្ជូន​ទៅ​ឃុំខ្លួន​នេះ ត្រូវ​បាន​មេធាវី​កញ្ញា សេង ធារី ថា នឹង​ធ្វើ​បាត់បង់​ផលប្រយោជន៍​កញ្ញា សេង ធារី ក្នុង​ការ​ប្តឹង​ឧទ្ធរណ៍។

ពាក់ព័ន្ធ​នឹង​រឿង​បញ្ជូន​កញ្ញា សេង ធារី ទៅ​ឃុំ​នៅ​ខេត្ត​ដាច់ស្រយាល​នេះ​ដែរ សកម្មជន​សង្គម និង​ជា​មន្ត្រី​ជាន់ខ្ពស់​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា (Cambodian Youth Network – CYN) លោក ម៉ា ចិត្រា លើកឡើង​ថា ករណី​បញ្ជូន​ខ្លួន​កញ្ញា សេង ធារី ទៅ​ឃុំ​នៅ​ពន្ធនាគារ​ខេត្តព្រះវិហារ គឺជា​រឿង​អយុត្តិធម៌ បន្ថែម​ពីលើ​ការ​ចាប់ខ្លួន​របស់​កញ្ញា​។ លោក​យល់ឃើញ​ថា តុលាការ​ក្រុងភ្នំពេញ​ធ្វើ​បែប​នេះ​ទំនងជា​ការ​សង​សឹក​កញ្ញា​ក្នុង​រឿង​នយោបាយ​។ លោក​បន្ថែម​ថា តុលាការ​គួរ​ដោះលែង​កញ្ញា សេង ធារី និង​អ្នក​ដទៃទៀត ជាជាង​ការ​ចាប់ខ្លួន​ដាក់​ពន្ធនាគារ ហើយ​អះអាង​ថា ទង្វើ​បែបនេះ​នឹង​ធ្វើ​ឱ្យ​ប្រទេស​មាន​សន្តិភាព៖ «វា​ជា​រឿង​អយុត្តិធម៌​សង្គម​មួយ​ធ្ងន់ធ្ងរ​មែន​ទែន​។ បើ​មើល​ទៅ​តុលាការ​រាជធានី​ភ្នំពេញ​អ្នក​ចោទ​ទេ អ៊ីចឹង​ខ្ញុំ​គិតថា​គួរតែ​ឃុំ​គាត់​នៅ​រាជធានី​ភ្នំពេញ​ហ្នឹង​។ ខ្ញុំ​គិតថា​ជា​រឿង​គំនុំ​នយោបាយ​ច្រើនជាង ហើយ​ទន្ទឹម​នេះ​ដែរ យើង​មើលទៅ​វា​អាច​ជា​ការ​គំរាម និង​បំបាក់ស្មារតី​សកម្មជន​នយោបាយ​ឬក៏​សកម្មជន​សិទ្ធិមនុស្ស​ក្នុង​ន័យ​ថា ឱ្យ​មើល​គំរូ​កញ្ញា សេង ធារី ទៅ​ទោះបីជា​គាត់​ខំប្រឹង​តស៊ូ​ប៉ុណ្ណា​ក៏​មិន​ជោគជ័យ​។ ការ​ចាប់​គូភាគី​ម្ខាង​ទៀត​ដាក់​ពន្ធនាគារ ការ​ប្ដឹង​ផ្ដល់​គូភាគី​ម្ខាង​ទៀត​ទៅ​តុលាការ​ហ្នឹង វា​អត់​បាន​ឆ្លុះបញ្ចាំង​ពី​សន្តិភាព​ទេ អ៊ីចឹង​រដ្ឋាភិបាល​និង​តុលាការ​គួរតែ​ពិចារណា​ដោះលែង​ពួកគាត់​មក​ចរចា​តាមផ្លូវ​នយោបាយ​វិញ»

ស្រដៀង​គ្នា​នេះ នាយករង​ទទួល​បន្ទុក​កម្មវិធី​ឃ្លាំមើល​នៃ​អង្គការ​លីកាដូ (Licadho) លោក អំ សំអាត មាន​ការ​យល់ឃើញ​ដែរ​ថា ការ​បញ្ជូន​ខ្លួន​កញ្ញា សេង ធារី ពី​មណ្ឌល​កែប្រែ ម​២ ទៅ​ឃុំ​នៅ​ពន្ធនាគារ​ខេត្តព្រះវិហារ​គឺ​ជា​ការ​គុំគួន ជាមួយ​កញ្ញា​ដែល​តែងតែ​ធ្វើការ​តស៊ូ​មតិ ទាមទារ​សេរីភាព​នៃ​ការ​បញ្ចេញមតិ និង​យុត្តិធម៌​នៅក្នុង​សង្គម ដោយ​យក​លេស​ថា ជា​ការ​រក្សា​សុវត្ថិភាព​របស់​កញ្ញា​និង​សណ្ដាប់ធ្នាប់​សាធារណៈ​។ ម្យ៉ាងទៀត​តុលាការ​សម្រេច​ធ្វើ​បែប​នេះ​គឺ​ដើម្បី​មិន​ឱ្យ​ស្ថានទូត​អាមេរិក​ចូល​សួរសុខទុក្ខ​ញឹកញាប់​ព្រោះ​កញ្ញា​មាន​សញ្ជាតិ​អាមេរិក។ លោក​បន្ត​ថា ទង្វើ​របស់​តុលាការ​គឺជា​សារ​គំរាម​ទៅ​អ្នកតស៊ូ​មតិ​ដទៃ​ទៀត ឱ្យ​មើល​លទ្ធផល​របស់​កញ្ញា សេង ធារី ដែល​ហ៊ាន​ងើប​តស៊ូ​មតិ​ប្រឆាំង​ជាមួយ​រដ្ឋាភិបាល​ក្រុងភ្នំពេញ៖ «ចំណុច​នេះ​ជា​ការ​មួយ​ដែល​អាច​មាន​ការ​គុំគួន ពីព្រោះ​ការ​តស៊ូ​មតិ​របស់​កញ្ញា​សេង ធារី គឺ​ទាក់ទាញ​ការ​គាំទ្រ​ច្រើន​។ មួយទៀត​អាជ្ញាធរ​អាច​មាន​ការ​បារម្ភ​ដែរ បារម្ភ​ខ្លាច​មាន​ពលរដ្ឋ ឬក៏​យុវជន​គាត់​ទៅ​ធ្វើ​ការ​តស៊ូ​មតិ​ទាមទារ​ដើម្បី​ដោះលែង​កញ្ញា សេង ធារី នៅ​មុខ​ពន្ធនាគារ​ព្រៃស​ជាដើម។ ប្រសិនជា​ថា​ដើម្បី​សុវត្ថិភាព សន្តិសុខ​របស់​កញ្ញា សេង ធារី និង​ពន្ធនាគារ ខ្ញុំ​ដូចជា​មើល​មិន​ឃើញ​ទេ ពីព្រោះ​កន្លង​មក​យើង​ឃើញ​ថា មាន​មេដឹកនាំ​សហជីព តំណាង​សហគមន៍ និង​អ្នកនយោបាយ​ក៏​ត្រូវ​បាន​ទៅ​ចាប់ខ្លួន​នៅ​ទីនោះ ប៉ុន្តែ​ទោះបី​មានការ​តស៊ូ​មតិ​ទាមទារ​ឲ្យ​ដោះលែង​អ្នក​ទាំងអស់​នោះ​យ៉ាងណាក៏ដោយ ក៏​វា​មិន​មាន​ភាព​ចលាចល​អី​កើត​ឡើង​ដែរ»

ទន្ទឹម​គ្នា​នេះ ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក នី សុខា យល់​ឃើញ​ថា ករណី​ឃុំខ្លួន​កញ្ញា សេង ធារី មាន​ភាព​ខុសប្លែក​ពី​ករណី​ឃុំខ្លួន​អ្នក​ផ្សេងទៀត​កាល​ពី​ពេល​កន្លងទៅ​។ លោក​បន្ត​ថា ករណីនេះ​ហាក់បីដូចជា​តុលាការ​ចង់​ពង្រាត់​កញ្ញា សេង ធារី មិន​ឲ្យ​មេធាវី​ឬ​ភ្នាក់ងារ​អន្តរជាតិ​ចូល​ទៅ​ជួប​កញ្ញា ត្បិត​ថា កញ្ញា​ជា​បុគ្គល​ល្បី​មួយ​រូប​ក្នុង​សង្គម​និង​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ពី​អង្គការ​អន្តរជាតិ។ មួយវិញទៀត លោក​យល់​ឃើញ​ថា ការ​ធ្វើ​បែបនេះ​ជា​ការ​គំរាមកំហែង​ទៅដល់​ស្មារតី​របស់​កញ្ញា សេង ធារី ផង​ដែរ៖ «ការដែល​យក​កញ្ញា​សេង ធារី ទៅ​ឃុំ​ដល់​ពន្ធនាគារ​ខេត្តព្រះវិហារ​នេះ​ជា​ការ​មួយ​ដែល​មិន​សមរម្យ ហើយ​វា​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ធ្វើទុក្ខបុកម្នេញ​ផ្លូវចិត្ត​របស់​កញ្ញា​ផង​ដែរ ពី​ព្រោះ​ថា​ការ​យក​ទៅ​ឃុំ​នៅ​ពន្ធនាគារ​មួយ​ដែល​មាន​ចម្ងាយ​ឆ្ងាយ​ពី​រាជធានី វា​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ការ​ទៅ​សួរសុខទុក្ខ​របស់​ទូត​ផ្សេងៗ​ក៏ដូចជា​អង្គការ​ជាតិ អន្តរជាតិ​ឬ​ក្រុម​គ្រួសារ អ៊ីចឹង​វា​ធ្វើ​ឱ្យ សេង ធារី រស់នៅ​ហាក់បីដូចជា​ក្នុង​សភាព​មួយ​ឯកា ឯកោ​នៅ​ក្នុង​ពន្ធនាគារ​មួយ​ដែល​នៅ​ឯ​ជាយដែន​រហូត​ដល់​ទៅ​ខេត្តព្រះវិហារ»

ដោយឡែក អ្នកវិភាគ​និង​ជា​អ្នកឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម​លោក​បណ្ឌិត មាស នី យល់​ឃើញ​ថា ប្រហែល​ជា​មាន​កត្តា​ផ្សេងទៀត ធ្វើ​ឱ្យ​តុលាការ​សម្រេច​បញ្ជូន​កញ្ញា សេង ធារី ទៅ​ឃុំខ្លួន​នៅ​ខេត្តព្រះវិហារ ដូចជា​ស្ថានភាព​នៅក្នុង​ពន្ធនាគារ​ចង្អៀត ឬ​តុលាការ​មាន​ចេតនា​ណាមួយ​ផ្សេង​ពី​នេះ​។ ប៉ុន្តែ​ទោះ​បី​យ៉ាងណា លោក​ថា អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវ​បញ្ជាក់​ពី​មូលហេតុ​នៃ​ការ​ផ្លាស់ប្ដូរ​មន្ទីរ​ឃុំឃាំង​នេះ​ទៅ​ដល់​សាមី​ខ្លួន និង​មេធាវី​របស់​កញ្ញា​ឱ្យ​បាន​ជាក់លាក់៖ «វា​ជា​រឿង​សំខាន់​បំផុត យើង​ត្រូវ​ប្រៀបធៀប​ថា តើ​ហេតុ​អី​បានជា​គេ​យក​ទៅ​ដាក់​នៅ​ព្រះវិហារ​។ ទោះបី​កញ្ញា សេង ធារី គាត់​ក្លាយជា​អ្នកទោស​ហើយក៏​គាត់​មាន​សិទ្ធិ​នៅក្នុង​ការ​ដឹង​ថា ហេតុ​អី​បានជា​គេ​បញ្ជូន​គាត់​ទៅ ព្រោះ​អី​នៅ​ក្នុង​ស្ថានភាព​នេះ ប្រសិន​បើ​ជា​អាជ្ញាធរ​បញ្ជូន​គាត់​ទៅ ប៉ុន្តែ​មិន​មាន​ការ​ពន្យល់​ច្បាស់លាស់​ទេ វា​អាច​នឹង​មាន​ការរិះគន់​កាន់តែ​ខ្លាំង​ទៀត»

ទាក់ទិន​នឹង​ករណី​នេះ អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ​លោក នុត សាវនា ប្រាប់​អាស៊ីសេរី​ឱ្យ​ដឹង​នៅ​ថ្ងៃទី​១៨ មិថុនា​នេះ​ថា តុលាការ​សម្រេច​បញ្ជូន​កញ្ញា​សេង ធារី ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្តព្រះវិហារ​ក្រោម​ហេតុផល​ថា ដើម្បី​ការពារ​សុវត្ថិភាព សណ្ដាប់ធ្នាប់ សន្តិសុខ របស់​កញ្ញា ក៏ដូចជា​ពន្ធនាគារ​។ លោក​បន្ត​ថា ការ​ធ្វើ​បែបនេះ​គឺ​ដើម្បី​បង្ការ​ហានិភ័យ​ដែល​បណ្ដាល​មក​ពី​ហ្វូង​បាតុករ​មក​តវ៉ា​ទាមទារ​ដោះលែង​កញ្ញា សេង ធារី និង​ដើម្បី​កុំឱ្យ​ប៉ះពាល់​ដល់​អ្នក​ជាប់ឃុំ​ដទៃទៀត៖ «ទីមួយ​បើ​គាត់​នៅ​ហ្នឹង​បើ​ការ​លើក​គ្នា​មក​ធ្វើបាតុកម្ម ស្លៀកពាក់​រញ៉េរញ៉ៃ​ធ្វើ​សកម្មភាព​ឡេមឡឺម​ដូច​លើក​មុន តើ​ឥឡូវ​យើង​ត្រូវធ្វើ​ម៉េច​យើង​មិន​ត្រូវ​មាន​វិធានការ​ចាត់ការ​ហើយ​បិទ​ខ្ទប់​ដើម្បី​កុំឱ្យ​មានការ​ចេញចូល​។ អាហ្នឹង​គ្រាន់តែ​យើង​គិតទុក​មុន​ពី​ហានិភ័យ​នៃ​ការ​ទុក​គាត់​នៅ​រាជធានី​ភ្នំពេញ​។ ហើយ​ឥលូវ​ក្រុម​គ្រួសារ​ជន​ជាប់ឃុំ​ដទៃទៀត​រាប់​ពាន់​នាក់​ដែល​គេ​ត្រូវ​មក​សួរសុខទុក្ខ​បងប្អូន​គេ​ដែរ​នោះ​យើង​ត្រូវ​គិត​ម៉េច​បើ​មាន​បញ្ហា​សណ្ដាប់ធ្នាប់​នៅ​មុខ​មណ្ឌល អ្នកណា​ជា​អ្នក​ខាត​ប្រយោជន៍ ហើយ​អ្នកណា​ត្រូវ​បាន​រំលោភសិទ្ធិ»

យ៉ាងណាក្ដី ប្រជា​ពលរដ្ឋ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ទាំងនេះ​នៅតែ​ស្នើ​សុំ​ឱ្យ​តុលាការ​ដោះលែង​កញ្ញា សេង ធារី ត្បិត​ថា រាល់​សកម្មភាព​របស់​កញ្ញា​កន្លង​មក​គឺ​មិនមែន​ជា​ការ​ញុះញង់ ការចូលរួម​ក្បត់ ដូច​ការ​ចោទប្រកាន់​នោះ​ទេ​។ ចំណែក​ក្រុម​អង្គការ​ជាតិ អន្តរជាតិ ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​និង​ក្រុម​ប្រទេស​ប្រជាធិបតេយ្យ​ធំៗ បាន​រួម​គ្នា​ថ្កោលទោស​រដ្ឋាភិបាល លោក ហ៊ុន សែន ដោយ​ចាត់ទុក​ថា ការ​ចាប់ខ្លួន​របស់​កញ្ញា សេង ធារី និង​សកម្មជន អ្នកតស៊ូ​មតិ​ផ្សេងទៀត ថា​ជា​រឿង​នយោបាយ គ្មាន​មូលដ្ឋាន​ច្បាប់​ច្បាស់​លាស់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។