ពលរដ្ឋ រិះគន់ចំពោះប្រតិកម្មរបស់លោក ហ៊ុន សែន ទៅនឹងការវាយតម្លៃរបស់ប្រទេសមហាអំណាចលើការរំលោភសិទ្ធិមនុស្សនៅកម្ពុជា។ ពួកគេ យល់ថា លោក ហ៊ុន សែន នៅតែរឹងរូស គឃ្លើន មិនព្រមកែប្រែឥរិយាបថរបស់ខ្លួន ក្នុងការស្ដារសិទ្ធិមនុស្សនៅកម្ពុជា។
ពលករធ្វើការនៅប្រទេសកូរ៉េខាងត្បូង លោក ឃ្លោក លៀព ឲ្យអាស៊ីសេរីដឹងថា ការចាប់ចងលោក រ៉ុង ឈុន និងអ្នកទោសមនសិការកន្លងមក ក្រោមការដឹកនាំរបស់លោក ហ៊ុន សែន គឺជាទង្វើរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ដែលផ្គើនទៅនឹងអន្តរជាតិដែលទាមទារឲ្យរដ្ឋាភិបាលគោរពសិទ្ធិមនុស្ស និងដើរតាមគន្លងលទ្ធិប្រជាធិបតេយ្យជាដើម។ លោកបន្តថា រដ្ឋាភិបាលគួរតែធ្វើតាមសហភាពអឺរ៉ុប និងប្រទេសមហាអំណាច និងគួរមាននយោបាយផ្សះផ្សាជាតិ ដើម្បីជួយដល់ប្រជាពលរដ្ឋដែលកំពុង រងគ្រោះដោយវិបត្តិសេដ្ឋកិច្ច៖ « ដោយសារតែការពារអំណាចរបស់ខ្លួនឯង លោក ហ៊ុន សែន ត្រូវតែជម្នះប្រឆាំងជាមួយនឹងសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកជាដើម។ យើងឃើញហើយសហរដ្ឋអាមេរិកក្តី សហភាពអឺរ៉ុបក្តី គេផ្តល់ជំនួយ EBA អោយកន្លងមក គឺដោយសារតែលោក ហ៊ុន សែន មានចុះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដើម្បីគោរពសិទ្ធិមនុស្ស ដើម្បីអនុវត្តតាមអន្តរជាតិ ដូច្នេះលោក ហ៊ុន សែន ពីមុនមក ហេតុអ្វីមិនស្រែកថា អន្តរជាតិ ស្រែកថា អាមេរិក ឬក៏សហភាពអឺរ៉ុបលូកដៃ ឬក៏ដាក់ទណ្ឌកម្ម ធ្វើបាបកម្ពុជាទៅ ? តែដោយសារតែហេតុអីបានជាពេលនេះគេដាក់ទណ្ឌកម្មមកលើរបបលោក ហ៊ុន សែន ? ដោយសារតែមើលឃើញរបបលោក ហ៊ុន សែន បានរំលាយគណបក្សសង្គ្រោះជាតិ ចាប់ចងលោក រ៉ុង ឈុន ដាក់ពន្ធនាគារក្ដី » ។
ស្រដៀងគ្នានេះ ពលករធ្វើការនៅប្រទេសជប៉ុន លោក ណុល វណ្ណៈ បញ្ជាក់ថា ការលើកឡើងរបស់លោក ហ៊ុន សែន គ្រាន់តែជាលេសដោះសា និងគេចវេះពីទង្វើអាក្រក់របស់ខ្លួន ដើម្បីកុំឲ្យអន្តរជាតិបន្តដាក់ទណ្ឌកម្មមកលើប្រទេសកម្ពុជា។ លោកបន្តថា អន្តរជាតិ គេមើលឃើញយ៉ាងច្បាស់អំពីការកៀបសង្កត់ ការរំលោភសិទ្ធិមនុស្សនៅកម្ពុជា ទើបបណ្ដាលឲ្យសហភាពអឺរ៉ុបផ្ដាច់ប្រព័ន្ធអនុគ្រោះពន្ធ EBA២០% ពីកម្ពុជា។ លោកលើកឡើងថា ទោះបីជាសហភាពអឺរ៉ុបផ្ដាច់ប្រព័ន្ធអនុគ្រោះពន្ធ EBA២០% ពីកម្ពុជា ប៉ុន្តែគេនៅតែបន្តផ្តល់ជំនួយផ្សេងៗ ដល់កម្ពុជា ដើម្បីជួយដល់ប្រជាពលរដ្ឋកម្ពុជា ដែលនេះជាការបង្ហាញឲ្យឃើញថា ប្រទេសមហាអំណាចទាំងនោះនៅតែអាណិតដល់ពលរដ្ឋ និងទុកឱកាសឲ្យកម្ពុជាជានិច្ច៖ « ខ្ញុំសុំស្នើទៅដល់រាជរដ្ឋាភិបាល ត្រូវតែធ្វើអ្វីត្រូវតែគិតដល់ផលប្រយោជន៍ជាតិជាធំ។ អញ្ចឹង ប្រសិនបើលោក ហ៊ុន សែន មិនធ្វើតាមសំណើរបស់ប្រជាពលរដ្ឋ មិនធ្វើតាមសំណើរបស់សហភាពអឺរ៉ុបទេ ប្រទេសកម្ពុជារបស់យើងនឹងធ្លាក់ទៅកាន់វិបត្តិសេដ្ឋកិច្ចនេះ គឺកាន់តែធ្ងន់ធ្ងរមែនទែន។ អញ្ចឹងសំណើរបស់ខ្ញុំ គឺចង់ឲ្យនាយករដ្ឋមន្ត្រី ហ៊ុន សែន ហ្នឹងបន្ទន់ឥរិយាបថ ព្រមទទួលសំណើរបស់អន្តរជាតិ ប្រសិនបើលោក ហ៊ុន សែន ស្រលាញ់ប្រជាពលរដ្ឋ ស្រលាញ់ប្រទេសកម្ពុជាពិតមែន លោកត្រូវតែបន្ទន់ឥរិយាបថ។ នេះគឺជាសំណើរបស់ខ្ញុំ » ។
ការរិះគន់នេះ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងក្នុងទិវាសន្តិភាពអន្តរជាតិលើកទី៥៥ ថា មហាអំណាច និងប្រទេសលោកខាងលិចមួយចំនួន មិនញញើតក្នុងការអនុវត្តនូវស្តង់ដារពីរ ចំពោះការវាយតម្លៃលើការអនុវត្តសិទ្ធិមនុស្សនៅកម្ពុជា និងប្រើប្រាស់បញ្ហាសិទ្ធិមនុស្សនេះ ជាឧបករណ៍នយោបាយ ឬជាលេសសម្រាប់ការលូកដៃចូល ជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង រំលោភលើអធិបតេយ្យភាព និងឯករាជ្យ ភាពរបស់កម្ពុជា និងបណ្ដាប្រទេសទន់ខ្សោយផ្សេងទៀត។ លោកបន្តថា ប្រទេសមហាអំណាច និងប្រទេសលោកខាងលិចខ្លះ បាននឹងកំពុងប្រទាក់ក្រឡាគ្នា ជាប្រព័ន្ធក្នុងការដាក់សម្ពាធ កៀបសង្កត់ឲ្យកម្ពុជាដើរតាមគន្លងនយោបាយរបស់ខ្លួន ដូចដែលធ្លាប់បានធ្វើ មកលើកម្ពុជាកាលពីទសវត្សរ៍ឆ្នាំ១៩៧០ ដល់ ឆ្នាំ១៩៨០ ដោយរំលោភគោលការណ៍អធិបតេយ្យរវាងបណ្ដារដ្ឋ និងគោលការណ៍មិនជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុងប្រទេសដទៃ។
ទោះយ៉ាងណា ពលរដ្ឋរស់នៅខេត្តព្រះសីហនុ លោកស្រី សែម គារ៉ា ឲ្យដឹងថា អង្គការជាតិ និងអន្តរជាតិ លើកឡើងពីការដើរចាកឆ្ងាយពីលទ្ធិប្រជាធិបតេយ្យ ការរំលោភសិទ្ធិមនុស្សនៅកម្ពុជា គឺជារឿងត្រឹមត្រូវ ដោយសារតែលោកស្រីមើលឃើញថា ប្រជាពលរដ្ឋមិនមានសិទ្ធិក្នុងការបញ្ចេញមតិឲ្យបានពេញលេញនោះទេ គឺត្រូវរងការគំរាមកំហែង និងកៀបសង្កត់ពីបុគ្គលមានអំណាច។ លោកស្រីចង់ឲ្យរដ្ឋាភិបាលស្ដារឡើងវិញនូវលទ្ធិប្រជាធិបតេយ្យ គោរពសិទ្ធិប្រជាពលរដ្ឋ និងបើកឲ្យមានដំណោះស្រាយនយោបាយ៖ « ចាប់ផ្ដើមគេដាក់ទណ្ឌកម្ម EBA ហ្នឹងមក ខ្ញុំមនុស្សមួយចំនួនអត់មានការងារធ្វើច្រើន។ អ្នកដឹកនាំឃើញតែគ្នាគាត់ ការងារគាត់ទេ តែគាត់អត់បានមកប្រឡូកទេ។ ចុះឲ្យចំកន្លែងដែលប្រជាពលរដ្ឋរស់នៅទេ គ្នាគាត់ថាម៉េច គឺអ៊ីចឹងៗ។ ដោយឡែក ការងារគាត់ គឺពុករលួយតែម្ដង។ គឺកន្លែងហ្នឹងហើយ គឺធ្វើឲ្យប្រទេសមួយវាមិនអាចរីកចម្រើន។ ធម្មតា ចង់ឲ្យប្រទេសរីកចម្រើន លុះត្រាតែមេដឹកនាំត្រឹមត្រូវ។ ប្រទេសហ្នឹងមួយបើមិនមានអ្នកលទ្ធិប្រជាធិបតេយ្យទេ គឺក៏ពិបាកនឹងនៅដែរ ដោយសារតែអត់ចេះគោរពសិទ្ធិគ្នាទៅវិញទៅមក » ។
រីឯយុវជនគណបក្សសង្គ្រោះជាតិ ដែលកំពុងភៀសខ្លួននៅប្រទេសថៃ លោក រស់ ដូនី លើកឡើងថា លោក ហ៊ុន សែន តែងតែលើកឡើងនូវអ្វីដែលផ្ទុយពីប្រទេសមហាអំណាចចង់បាន ហើយគិតថា ខ្លួនឯងធ្វើអ្វី គឺត្រឹមត្រូវរហូត ដោយមិនក្រឡេកមើលប្រជាពលរដ្ឋនោះទេ។ លោកបន្តថា របបលោក ហ៊ុន សែន បានរំលោភសិទ្ធិមនុស្ស ដោយមិនបើកសិទ្ធិឲ្យប្រជាពលរដ្ឋបញ្ចេញមតិនោះទេ គឺតែងមានការគំរាមកំហែង ចាប់ចងជាដើម។ លោកសង្កត់ធ្ងន់ថា ប្រទេសមហាអំណាចទាំងនោះ គឺប្រទេសដែលប្រកាន់លទ្ធិប្រជាធិបតេយ្យពេញលេញ និងគោរពសិទ្ធិមនុស្ស ដូច្នេះប្រសិនបើរដ្ឋាភិបាលកម្ពុជាដើរតាមគន្លងរបស់គេ គឺជារឿងល្អ៖ « ជាក់ស្ដែង យើងមើលក្នុងប្រទេសយើងរាល់ថ្ងៃ ប្រជាជនគឺអត់មានសិទ្ធិនិយាយពីព្រំដែន អត់មានសិទ្ធិនិយាយពីសិទ្ធិរបស់មនុស្សខ្លួនឯង ឲ្យតែអ្នកណាហ៊ាននិយាយ គឺតែងតែធ្វើបាបគេ កៀបសង្កត់គេ ឬក៏ចាប់គេដាក់គុក វ៉ៃគេបែកក្បាល បែកអី អាហ្នឹង គឺជាក់ស្ដែងយើងឃើញហើយ។ បើសិនជាប្រទេសយើងអាចដើរតាមគន្លងខាងសហភាពអឺរ៉ុបបាន អាហ្នឹងខ្ញុំយល់ថា ល្អ ព្រោះខាងគេនេះ គឺគេគោរពនូវលទ្ធិប្រជាធិបតេយ្យ។ គេអត់ដែលមានស្នើអីដែលឲ្យធ្វើខុសពីច្បាប់របស់ប្រទេសកម្ពុជាទេ គេគ្រាន់តែស្នើឲ្យប្រទេសកម្ពុជាគោរពសិទ្ធិមនុស្ស តែយើងធ្វើអត់បាន » ។
ទាក់ទងនឹងករណីនេះដែរ អ្នកវិភាគនយោបាយចាស់វស្សាមួយរូប គឺបណ្ឌិត ឡៅ ម៉ុងហៃ បញ្ចេញមតិនៅលើទំព័រហ្វេសប៊ុក (Facebook) របស់លោកថា រដ្ឋាភិបាលកម្ពុជា មិនបានបញ្ជាក់ថា មានការគោរពសិទ្ធិមនុស្សនៅកម្ពុជានោះទេ បែរជាចោទគេថាលូកដៃជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជាទៅវិញ នៅពេលដែលគេលើកឡើងនូវការរំលោភសិទ្ធិមនុស្សនៅកម្ពុជា ។ លោកបន្តថា ការលើកឡើងរបស់លោក ហ៊ុន សែន នេះ ដូចគ្នាទៅនឹងការលើកឡើងកាលពីជំនាន់ ប៉ុល ពត ដែរ។ លោកបញ្ជាក់ថា កាលពីថ្ងៃទី២២ មេសា ឆ្នាំ១៩៧៨ អតីតឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាប្រជាធិបតេយ្យ ក្នុងសម័យខ្មែរក្រហម លោក អៀង សារី ធ្លាប់បានចោទប្រកាន់ប្រទេសអង់គ្លេសថាបានធ្វើ"ការលូកដៃជ្រៀតជ្រែកដ៏ស្អប់ខ្ពើម ចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា នៅពេលដែលប្រទេសអង់គ្លេសបានលើកឡើងនូវការរំលោភសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរនៅកម្ពុជា នៅក្នុងពេលនោះ។
ក្រៅពីនេះ សមាជិកសភាអាមេរិកលោក អាឡែន ឡូវ៉ិនស្សល (Alan Lowenthal) ក៏បានលើកឡើងផងដែរថា ការចាប់ខ្លួនយុវជនជាច្រើននាក់ ដែលបានចូលរួមយ៉ាងសកម្មក្នុងការងារនយោបាយនិងសង្គម ដាក់ពន្ធនាគារ នាពេលចុងក្រោយនេះ គឺជាការបង្ហាញយ៉ាងច្បាស់ក្រឡែតថា របបលោកហ៊ុន សែនធ្វើអ្វីគ្រប់បែបយ៉ាង ដើម្បីបន្តកាន់អំណាចផ្ដាច់ការរបស់ខ្លួនតែប៉ុណ្ណោះ។ មិនតែប៉ុណ្ណោះ អង្គការជាតិ និងអន្តរជាតិជាច្រើន បានចេញសេចក្ដីថ្លែងការណ៍ជាបន្តបន្ទាប់អំពីការរំលោភសិទ្ធិមនុស្ស និងការដើរប្រាស់ចាកពីកន្លងប្រជាធិបតេយ្យផងដែរ ក្រោមរបបលោក ហ៊ុន សែន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។