ប្រជាពលរដ្ឋ និងអ្នកឃ្លាំមើលសង្គម នៅតែចាត់ទុកថា ករណីឃុំខ្លួន និងដកហូតសិទ្ធិនយោបាយរបស់លោក កឹម សុខា រយៈពេល ៤ឆ្នាំមកនេះ គឺជារឿងនយោបាយ ទោះបីជារបបក្រុងភ្នំពេញ ព្យាយាមការពារចំណាត់ការនេះថា ការជាការអនុវត្តច្បាប់ក្ដី។ ពួកគាត់យល់ថា ការដែលរបបលោក ហ៊ុន សែន បង្កើតលេសធ្វើបាបលោក កឹម សុខា ដើម្បីរក្សាអំណាចនេះ នឹងកាន់តែធ្វើឲ្យកម្ពុជាជួបគ្រោះធំដូចជាការទទួលរងទណ្ឌកម្មសេដ្ឋកិច្ចបន្ថែមទៀត និងការបែកបាក់ជាតិធ្ងន់ធ្ងរ។
ប្រជាពលរដ្ឋដែលគាំទ្រគណបក្សសង្គ្រោះជាតិ នៅតែបន្តទាមទារឲ្យរបបលោក ហ៊ុន សែន ផ្តល់សិទ្ធិសេរីភាពពេញលេញជូនលោក កឹម សុខា និងឲ្យគណបក្សសង្គ្រោះជាតិដំណើរការឡើងវិញ ដើម្បីផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋ។ ការទាមទារនេះ ធ្វើឡើងចំខួប ៤ឆ្នាំនៃការចាប់ឃុំខ្លួន និងការដកហូតសិទ្ធិសេរីភាពរបស់មេបក្សប្រឆាំងដ៏មានថ្វីមាត់រូបនេះ។
អ្នកគាំទ្រគណបក្សសង្គ្រោះជាតិម្នាក់រស់នៅខេត្តកំពត លោក ស៊ុម ចំណាន ថ្លែងថា ចំណាត់ការលើលោក កឹម សុខា ៤ឆ្នាំមកនេះ គឺជារឿងអយុត្តិធម៌បំផុតសម្រាប់គាត់ ព្រោះការចោទប្រកាន់នេះ គ្មានមូលដ្ឋាន និងអូសបន្លាយពេលក្នុងការរកដំណោះស្រាយជាបន្តបន្ទាប់។ លោកយល់ថា ប្រសិនបើរដ្ឋាភិបាល នៅតែដកហូតសិទ្ធិនយោបាយរបស់លោក កឹម សុខា មិនឲ្យចូលរួមការបោះឆ្នោតឆ្នាំ២០២២ និងឆ្នាំ២០២៣ ខាងមុខនេះ សហគមន៍ជាតិ និងអន្តរជាតិ នឹងមិនទទួលស្គាល់លទ្ធផលបោះឆ្នោតដូចកាលពីឆ្នាំ២០១៨ ហើយនឹងដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើកម្ពុជាបន្ថែមទៀត៖ « ជុំវិញរឿងដែលឲ្យតុលាការចោទប្រកាន់ហើយឲ្យកងកម្លាំងទៅចាប់លោកប្រធាន កឹម សុខា រយៈពេល ៤ឆ្នាំមកនេះ ខ្ញុំគិតថា វាជារឿងអយុត្តិធម៌ ព្រោះរយៈពេល ៤ឆ្នាំហើយ តុលាការមិនទាន់រកភស្តុតាង និងអង្គហេតុណាមួយ បញ្ជាក់ថា គាត់ក្បត់ជាតិនៅឡើយ។ ខ្ញុំសុំឲ្យតុលាការពន្លឿននីតិវិធីនៃការដោះស្រាយ » ។
ជាមួយគ្នានេះ សកម្មជនគណបក្សសង្គ្រោះជាតិនៅខេត្តកំពង់ចាម លោកស្រី គិន ស្រីអូន នៅតែចាត់ទុក ចំណាត់ការលើលោក កឹម សុខា ៤ឆ្នាំមកនេះ គឺជាល្បិចកលនយោបាយរបស់គណបក្សកាន់អំណាច ដើម្បីរារាំងមេបក្សប្រឆាំងរូបនេះមិនឲ្យធ្វើនយោបាយ ព្រោះខ្លាចចាញ់ឆ្នោត។ លោកស្រីយល់ថា លោក កឹម សុខា គួរតែរើបម្រះដើម្បីដាក់សម្ពាធឲ្យរបបលោក ហ៊ុន សែន ប្រគល់សេរីភាពពេញលេញជូនលោកវិញ ព្រោះលោកស្រីថាវិធីរក្សាភាពស្ងៀមស្ងាត់របស់លោកសព្វថ្ងៃ ដើម្បីរង់ចាំក្ដីសណ្ឋិតពីជនផ្ដាច់ការនោះ ទំនងជាមិនបានផលឡើយ៖ « ទស្សនៈខ្ញុំ បើខ្ញុំជាគាត់វិញ ខ្ញុំមិនអាចនៅស្ងៀមទេ ត្រូវរើបម្រះដើម្បីរកវិធីអីឲ្យមានដំណោះស្រាយ ដើម្បីកុំឲ្យប្រជាពលរដ្ឋបាក់ទឹកចិត្ត។ បើនិយាយពីរឿងច្បាប់នៅស្រុកខ្មែរវិញ យើងនៅស្ងៀមក៏ងាប់ រើបម្រះក៏ងាប់ ដូច្នេះសុខ ចិត្តរើបម្រះវិញ។ បើយើងមិនធ្វើសកម្មភាពអីមួយផង ម៉េចគេដាក់ពានយកមកឲ្យយើង » ។
អាជ្ញាធររបបលោក ហ៊ុន សែន សម្រុកចូលចាប់ខ្លួនលោក កឹម សុខា ទាំងកណ្ដាលអាធ្រាត្រ ឈានចូលថ្ងៃទី៣ កញ្ញា ឆ្នាំ២០១៧ ក្នុងពេលលោកកំពុងមានអភ័យឯកសិទ្ធិសភា។ តុលាការបានចោទប្រកាន់លោកពីបទ ត្រូវរ៉ូវគ្នាជាមួយបរទេស ដើម្បីផ្ដួលរំលំរដ្ឋាភិបាល និងបានឃុំខ្លួនលោកក្នុងពន្ធនាគារត្រពាំងផ្លុងជិតព្រំដែនវៀតណាម ជាង១ឆ្នាំ និងបន្តឃុំខ្លួនក្នុងផ្ទះរបស់លោកមួយឆ្នាំទៀត។ ក្រោយពីមានសម្ពាធ និងការរិះគន់ពីសហគមន៍ជាតិ និងអន្តរជាតិជាបន្តបន្ទាប់នោះ តុលាការក្រុងភ្នំពេញ បានអនុញ្ញាតឱ្យលោក អាចធ្វើដំណើរក្នុងប្រទេស ប៉ុន្តែមិនឱ្យចាកចេញពីកម្ពុជាឡើយ ហើយក៏មិនឲ្យលោកធ្វើសកម្មភាពនយោបាយដែរ។
សហមេធាវីការពារក្ដីឱ្យលោក កឹម សុខា គឺលោក ផែង ហេង ថ្លែងថា មូលហេតុដែលលោក កឹម សុខា មិនធ្វើសកម្មភាពនយោបាយ និងមិនបញ្ចេញយោបល់ ចំពោះការបង្កើតបក្សថ្មីដោយក្រុមអតីតមន្ត្រីបក្សសង្គ្រោះជាតិនោះ ព្រោះមានបម្រាមពីតុលាការ ព្រមទាំងចង់បង្ហាញថា លោកជាមនុស្សស្អាតស្អំ មិនមែនជាអ្នកបំពានច្បាប់ដូចការចោទប្រកាន់នោះទេ។ ជុំវិញរឿងថា តើលោក កឹម សុខា អាចចូលរួមបាន ឬមិនបានក្នុងការបោះឆ្នោតនាពេលខាងមុខនោះវិញ មេធាវី ផែង ហេង បញ្ជាក់ថា រឿងនេះ គឺអាស្រ័យលើគណបក្សកាន់អំណាច ព្រោះសំណុំរឿងកូនក្តីលោកនេះ ជាប្រភេទសំណុំរឿងនយោបាយ៖ « បោះឆ្នោត២០២២ និង២០២៣ នេះ ធម្មតា គាត់ចង់ចូល រួមហើយជីវភាពនយោបាយតទៅទៀត ព្រោះគាត់អ្នកនយោបាយ។ ប៉ុន្តែការចូលរួម បានឬមិនបាន គឺមកទល់ពេលនេះ យើងមើលឃើញគ្រប់គ្នាថា បាល់វានៅលើជើង របស់គណបក្សកាន់អំណាចថា គណបក្សកាន់អំណាចចង់ប្រកួតតាមបែបប្រជាធិបតេយ្យ សេរី ពហុបក្ស ក្នុងកម្រិតណា។ បើសិនចង់ប្រកួតឲ្យពេញលេញ មានការទទួលស្គាល់ជាអន្តរជាតិ ហើយដើម្បីជាពេញមុខពេញមាត់ជាកីឡាករអាជីព ដូច្នេះគាត់ត្រូវពិចារណា ដើម្បីបើកលំហប្រជាធិបតេយ្យឡើងវិញ » ។
ឆ្លើយតបចំពោះរឿងនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន នៅតែលើកឡើងថា ករណីលោក កឹម សុខា គឺជាការអនុវត្តច្បាប់ ហើយការអូសបន្លាយពេលនៃសំណុំរឿងនេះយូរ ឬឆាប់ គឺអាស្រ័យលើនីតិវិធីរបស់តុលាការ។ ទន្ទឹមគ្នានេះ លោកបញ្ជាក់ថា គណបក្សកាន់អំណាច នៅតែរក្សាជំហរមិនចរចាជាមួយគណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយរួចហើយនោះទេ៖ « ចំពោះមតិថា រឿង កឹម សុខា ជារឿងនយោបាយ មិនមែនទើបតែថាទេ គឺថា រាប់ឆ្នាំមកហើយ។ ដូច្នេះខ្ញុំថា នេះជាមតិរបស់ឯកជនម្នាក់ៗ ប៉ុណ្ណោះ មិនអាចយកជាបានការទេ ទោះបីចេញពីអ្នកវិភាគក៏ដោយ ចេញពីប្រព័ន្ធផ្សព្វផ្សាយណាក៏ដោយ ក៏មិនអាចយកជាបានការដែរ។ ទី២ ករណី កឹម សុខា នេះ វាជារឿងផ្លូវច្បាប់ តែវាផ្សារភ្ជាប់សកម្មភាពរំលោភគោលការណ៍លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋរបស់អ្នកនយោបាយ ដូច្នេះហើយបានជាជាប់ពិរុទ្ធភាព » ។
ផ្ទុយពីការលើកឡើងនេះ សហគមន៍ជាតិ និងអន្តរជាតិ ចាត់ទុកថា សំណុំរឿងមេបក្សប្រឆាំងរូបនេះ គឺជាសំណុំរឿងនយោបាយដែលកាត់ក្ដីដោយតុលាការដែលស្ថិតក្រោមឥទ្ធិពលរបស់គណបក្សកាន់អំណាច និងការបង្គាប់បញ្ជារបស់លោក ហ៊ុន សែន។
តុលាការក្រុងភ្នំពេញបានពន្យារពេលសវនាការរឿងក្ដីលោក កឹម សុខា តាំងខែមីនា ឆ្នាំ២០២០ រហូតមក ទោះជាក្រុមមេធាវីមេបក្សប្រឆាំងរូបនេះ ដាក់សំណើសុំពន្លឿនជាច្រើនលើកយ៉ាងណាក្តី។ប្រធានតុលាការក្រុងភ្នំពេញលោក តាំង ស៊ុនឡាយ ធ្លាប់បានលើកឡើងថា សំណុំរឿងនេះមិនមែនជាអាទិភាពសម្រាប់តុលាការឡើយពីព្រោះលោក កឹម សុខា ស្ថិតនៅក្រៅឃុំ។ ជំហរបែបនេះរបស់តុលាការ គឺស្របទៅនឹងការចង់បានរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលចង់ឱ្យសំណុំរឿងនេះដំណើរការនៅក្រោយការបោះឆ្នោតឆ្នាំ២០២២ និង២០២៣ ខាងមុខ។ ម្យ៉ាងវិញទៀត មេដឹកនាំរបបក្រុងភ្នំពេញ និងតុលាការ បានចោទប្រកាន់លោក កឹម សុខា ពេញៗ មាត់ថា ប្រព្រឹត្តអំពើក្បត់ជាតិ ឬត្រូវរ៉ូវគ្នាជាមួយបរទេស» ដើម្បីផ្ដួលរំលំរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយមានអាមេរិកជាអ្នកនៅពីក្រោយខ្នងផងដែរ។ប៉ុន្តែរយៈពេល ៤ឆ្នាំមកនេះ ទាំងលោក ហ៊ុន សែន និងតុលាការរបស់លោក មិនបានបង្ហាញភស្តុតាងរឹងមាំ ដែលគាំទ្រដល់ការចោទប្រកាន់លោក កឹម សុខា នោះឡើយ។ អាជ្ញាធរប្រើតែវីដេអូឃ្លីបមួយដែលលោក កឹម សុខា បានថ្លែងអំពីការតស៊ូរបស់លោកដើម្បីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដើម្បីដាក់បន្ទុកលោកតែប៉ុណ្ណោះ។
អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម បណ្ឌិត សេង សារី មានប្រសាសន៍ថា ការចោទប្រកាន់ និងការពន្យារពេលកាត់ក្ដីសំណុំរឿងលោក កឹម សុខា កន្លងមកនេះ តុលាការគ្មានមូលដ្ឋានច្បាប់ច្បាស់លាស់នោះទេ។ លោកទទួលស្គាល់ថា សំណុំរឿងរបស់លោក កឹម សុខា ជាសំណុំរឿងនយោបាយ ដូច្នេះប្រសិនបើអ្នកនយោបាយ ពិតជាធ្វើនយោបាយ ដើម្បីផលប្រយោជន៍ជាតិពិតមែននោះ ល្មមដល់ពេលចរចាគ្នាបញ្ចប់ជម្លោះនយោបាយឲ្យបានមុនការបោះឆ្នោតឆ្នាំ២០២២ និងឆ្នាំ២០២៣ ដើម្បីបញ្ចៀសទណ្ឌកម្មសេដ្ឋកិច្ចពីអន្តរជាតិ៖ « ប្រសិនបើករណីរបស់លោក កឹម សុខា បន្ត ខ្ញុំគិតថា ផលប៉ះពាល់ពីគំនាបសង្កត់របស់អន្តរជាតិ ក៏នៅតែបន្តដែរ។ យើង ( រដ្ឋាភិបាល ) កាន់តែរឹប គឺអន្តរជាតិកាន់តែរឹបដែរ។ និយាយបែបនេះ មិនមែនថា យើងពឹងលើអន្តរជាតិទេ ប៉ុន្តែរាល់ថ្ងៃនេះ យើងអត់មានយន្តការអី ក្រៅពីយន្តការអន្តរជាតិទេ ដោយសាររដ្ឋាភិបាល គ្រប់គ្រងយន្តការអស់ហើយទាំងតុលាការ និង គ . ជ . ប អីហ្នឹង ហើយគណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយទៅទៀត អ្នកនយោបាយ និងអ្នកគាំទ្រនយោបាយជាងកន្លះប្រទេស គឺអត់មានសិទ្ធិសេរីភាពទេ។ ដូច្នេះផលប៉ះពាល់នៃបរិយាកាសនយោបាយនេះ អាចប៉ះពាល់សេដ្ឋកិច្ចកម្ពុជាខ្លាំងណាស់ អំឡុងពេលកម្ពុជា ក៏ប្រឈមរឿងកូវីដ និងបាត់បង់ EBA ផង » ។
កន្លងមក បើទោះបីជាលោក កឹម សុខា មិនបានធ្វើសកម្មភាពនយោបាយក្ដី ក៏លោកតែងចុះតាមបណ្តាខេត្ត ដើម្បីចែកអំណោយជូនប្រជាពលរដ្ឋក្រីក្រ។ ជាមួយគ្នានេះ លោកបានជួបពិភាក្សាអំពីបញ្ហាប្រទេសជាតិជាមួយអង្គទូតប្រទេសប្រជាធិបតេយ្យធំៗ ដូចជា សហរដ្ឋអាមេរិកបារាំង អាល្លឺម៉ង់ អង់គ្លេស សហភាពអឺរ៉ុប អូស្ត្រាលី និងជប៉ុនជាដើម។ តំណាងរដ្ឋាភិបាលនៃប្រទេសសេរីធំៗ ទាំងនោះ តែងជំរុញដល់រដ្ឋាភិបាលលោក ហ៊ុន សែន ទម្លាក់បទចោទនិងផ្ដល់សេរីភាពឱ្យបានពេញលេញជូនលោក កឹម សុខា វិញ ព្រោះពួកគេ ជឿជាក់ លោក កឹម សុខា ជាបុគ្គលស្អាតស្អំ និងរងការចោទប្រកាន់ដោយអយុត្តិធម៌។ ក្រុមប្រទេសទាំងនោះស្នើយ៉ាងទទូចដល់រដ្ឋាភិបាលលោក ហ៊ុន សែន ឱ្យគោរពសិទ្ធិមនុស្ស បញ្ឈប់ការបង្ក្រាបលើសំឡេងប្រឆាំង និងសំឡេងឯករាជ្យ ព្រមទាំងអនុវត្តតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ ដូចដែលមានចែងក្នុងរដ្ឋធម្មនុញ្ញកម្ពុជា ពីព្រោះមានតែការធ្វើបែបនេះទេ ទើបកម្ពុជាអាចទទួលបានផលប្រយោជន៍ផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងអភិបាលកិច្ចពីពួកគេបន្តទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។