តុលាការ​ខេត្ត​ពោធិ៍សាត់​ ដោះលែង​​កូន​​ប្រុស​​សកម្មជន​​បក្ស​ភ្លើងទៀន​ ក្រោយ​ពី​​អាជ្ញាធរ​​បង្ខំ​​គ្រួសារ​​ដក​​ស្លាក​​គណបក្ស​​ចេញ​​ពី​​មុខ​ផ្ទះ

ដោយ ខែ សុណង
2022.05.05
Share on WhatsApp
Share on WhatsApp
តុលាការ​ខេត្ត​ពោធិ៍សាត់​ ដោះលែង​​កូន​​ប្រុស​​សកម្មជន​​បក្ស​ភ្លើងទៀន​ ក្រោយ​ពី​​អាជ្ញាធរ​​បង្ខំ​​គ្រួសារ​​ដក​​ស្លាក​​គណបក្ស​​ចេញ​​ពី​​មុខ​ផ្ទះ សកម្មជនគណបក្សភ្លើងទៀន ខេត្តពោធិ៍សាត់ លោក ហែម ឆិល និងកូនប្រុស អាយុ ១៥ឆ្នាំ ត្រូវបាន​នគរបាលខេត្តនេះចាប់ខ្លួន កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ ដោយ​ចោទ​ថា គាត់​ប្រើឧបករណ៍នេសាទត្រីខុសច្បាប់។
រូប៖ សកម្មជនបក្សប្រឆាំងផ្តល់ឲ្យ

សាលាដំបូង​ខេត្ត​ពោធិ៍សាត់​បាន​ដោះលែង​កូន​ប្រុស​សកម្មជន​គណបក្ស​ភ្លើង​ទៀន​​វិញ​ហើយ​ ក្រោយ​ពី​ចាប់​ដាក់​ពន្ធនាគារ​អស់​ជាង​៣សប្ដាហ៍​ពាក់ព័ន្ធ​រឿង​បូម​​ទឹក​ចាប់​ត្រី​​ក្នុង​ស្រះ​របស់​ខ្លួន​។ ចំណែក​ឪពុក​ដែល​ជា​បេក្ខជន​មេឃុំ​ស្យា ​តុលាការ​បន្ត​ឃុំ​ខ្លួននៅ​ឡើយ។ ​មន្ត្រី​​​សង្គម​ស៊ីវិល​ចាត់​ទុក​រឿង​នេះ​ថា ជា​ការ​ធ្វើ​ទុក្ខបុកម្នេញ​ផ្នែក​នយោបាយ​​នៅ​មុន​ការ​បោះឆ្នោត​មក​ដល់​។

កូន​ប្រុស​​បេក្ខជន​មេឃុំ​​ស្យា គណបក្ស​ភ្លើងទៀន​ ស្រុក​កណ្ដៀង​ គឺ​លោក ហែម ឆិល គឺ​ក្មេងប្រុស​ ពឹម ណាវ៉ាន់ ​អាយុ​១៥​ឆ្នាំ ​​ត្រូវ​បាន​​តុលាការ​ខេត្ត​ពោធិ៍សាត់​ដោះលែង​ពី​ពន្ធនាគារ​​វិញ ​ហើយ​កាល​ពី​រសៀល​ថ្ងៃ​ទី​៤ ​ខែឧសភា។ ​ក្មេង​ប្រុសរូប​នេះ ​ត្រូវ​បាន​អាជ្ញាធរ​​ចាប់​ខ្លួន​​​​ ដោយ​ចោទ​ពី​បទ​ប្រើ​ប្រាស់​ឧបករណ៍​ឆក់​ត្រី​​ខុស​ច្បាប់​ ​ប៉ុន្តែ​គ្រួសារ​អះអាង​ថា ​​​ការ​ចាប់​ខ្លួន​នេះ​​ក្នុង​​ពេល​​ដែល​ពួកគេ​បូម​ទឹក​ចាប់​ត្រី​ក្នុង​ស្រះ​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១២ ​ខែមេសា។

ប្រពន្ធ​សកម្មជន​បក្ស​ភ្លើងទៀន លោក​ស្រី វ៉ាន់​ ណាគ្រី ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃទី​៥​ ខែឧសភា​ថា ​តុលាការ​បាន​ដោះលែង​កូន​របស់​លោក​ស្រី​​ត្រឡប់​មក​ដល់​ផ្ទះ​វិញ​ហើយ​ ​នៅ​ម៉ោង​៥ ​រសៀល​ថ្ងៃ​ទី​៤ ខែ​ឧសភានេះ​​។​​​​​ ស្ត្រី​វ័យ​៣៥​ឆ្នាំ​រូប​នេះ​បន្ត​ថា ​ចំណែក​ប្ដី​របស់​លោក​ស្រី​តុលាការ​មិន​ទាន់​ដោះលែង​នៅ​ឡើយ​ទេ ក្រោយ​ពី​អាជ្ញាធរ​ចាប់​ប្ដី​និង​កូន​ដាក់​ពន្ធនាគារ​អស់​រយៈ​ពេល​ជាង​៣​សប្ដាហ៍​កន្លង​មក​នេះ។ លោក​ស្រី ​បញ្ជាក់​​ថា ​​អាជ្ញាធរ​ចាប់​ពួកគេ​ដាក់​ពន្ធនាគារ​ដោយ​គ្មាន​កំហុស​បែប​នេះ ​គឺ​ជា​រឿង​អយុត្តិធម៌​និង​មិន​អាច​ទទួល​យក​បាន​ឡើយ៖ «ប្ដី​ខ្ញុំ​ថា ខ្ញុំ​អត់​បាន​ឆក់​ទេ​ បើ​ចាប់​បាន​ដែក​ឆក់​នៅ​ក្នុង​ដៃ​ខ្ញុំ​ចាំ​ចោទ​ថា​ខ្ញុំ​ឆក់​ បើ​ដែក​ឆក់​មិន​ដឹង​ពី​ណា​យក​ទៅ​ទុក​នៅ​ទី​នោះ​ខ្ញុំ​ម៉េច​ដឹង​។​ គេ​បង្ខំ​ចង់​ទាត់​ប្ដី​ខ្ញុំ​ទៀត​ ​សំឡុត​ប្ដី​ខ្ញុំ​ឱ្យ​ឆ្លើយ​ថា​ឆក់​ ខ្ញុំ​នៅ​ចាំ​ប្ដី​ខ្ញុំ​នៅ​មុខ​របង​ក្លោង​ទ្វារ​គេ​មក​​គំរាម​ខ្ញុំ​ឱ្យ​ប្រាប់​ប្ដី​ឱ្យ​ឆ្លើយ​​ថា​ឆក់​ៗ​ទៅ​ ប្ដី​អ្នក​ឯង​ឆ្លើយ​ថា​បូម​ បើ​នៅ​តែ​ឆ្លើយ​ថា​បូម​គេ​នឹង​ទៅ​ដក​គោយន្ត​​ទៀត​។​ ឱ្យ​ប្ដី​ខ្ញុំ​ឆ្លើយ​ថា​ ឆក់​អី​ បើ​​គាត់​អត់​បាន​ឆក់​ផង​ឱ្យ​គេ​ឆ្លើយ​ថា​ឆក់​ម៉េច​នឹង​កើត​។ ​ខ្ញុំ​យល់​ឃើញ​ថា ​គ្នា​អត់​មាន​កំហុស​អី​ផង​ចាប់​យក​ទៅ​ដាក់​គុក​បែប​នេះ​​រឿង​មក​​ពី​គាត់​ជា​សកម្មជន​បក្ស​ភ្លើងទៀន​»

លោក​ស្រី​បន្ត​ថា ​ការ​ដែល​តុលាការ​បន្ត​ឃុំ​ខ្លួន​ប្ដី​លោក​ស្រី​នេះ​​​ ដោយសារ​តែ​​មេឃុំ​ស្យា លោក​ វិន ឡៃ​ ​បាន​ស្នើ​ឱ្យ​តុលាការ​ឃុំ​ខ្លួន​ប្ដី​​​រហូត​ដល់​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​រួច​ ពីព្រោះ​ប្ដី​របស់​លោក​ស្រី​​ជា​បេក្ខជន​មេ​ឃុំ​​ស្យា​ដែល​ជា​ឆ្អឹង​ទទឹង​ករ​របស់​អាជ្ញាធរ​គណបក្ស​កាន់​អំណាច។ បន្ថែម​ពី​នេះ​លោក​ស្រី​អះអាង​ថា ​​ថ្មីៗ​នេះ​អាជ្ញាធរ​ភូមិ ​និង​ឃុំ​​តែងតែ​​បង្ខំ​ឱ្យ​លោក​ស្រី​​​ដក​ស្លាក​គណបក្ស​ភ្លើងទៀន​ចេញ​ពី​មុខ​ផ្ទះ ​ដើម្បី​​ជា​ថ្នូរ​នឹង​ការ​ដោះលែង​គ្រួសារ​របស់​លោក​ស្រី ​ឱ្យ​មាន​សេរីភាព​វិញ​​ ប៉ុន្តែ​​លោក​ស្រី​មិន​បាន​ធ្វើ​តាម​ការ​បង្ខិតបង្ខំ​នេះ​ទេ។

ទាក់​ទង​នឹង​បញ្ហា​នេះ​មេឃុំ​ស្យាលោក វិន ឡៃ ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា ​​អាជ្ញាធរ​ចាប់​ខ្លួន​​​​កុមារ ពឹម ណាវ៉ាន់ និង​​លោក​​ ហែម ឆិល ​ដោយសារ​ពួកគេ​​​បាន​ប្រើ​ឧបករណ៍​ឆក់​ត្រី​ដោយ​ខុស​ច្បាប់​។ ​​ចំពោះ​ការ​ដោះលែង​កូន​​ប្រុស​​បេក្ខជន​មេឃុំ​របស់​បក្ស​ភ្លើង​ទៀន​​ ដោយ​មិន​​ដោះលែង​ប្ដី​​វិញ​ លោក​បញ្ជាក់​ថា ​រឿង​នេះ​​ជា​សិទ្ធិ​អំណាច​របស់​តុលាការ​​ ដោយ​មិន​ពាក់​នឹង​​ការ​ធ្វើ ​នយោបាយ​របស់​លោក​ឡើយ៖ «​វា​មិន​មែន​ទៅ​ជា​រឿង​អីចឹង​ទេ​ រឿង​កំណត់​ពេលវេលា​របស់​​ខាង​ជលផល​អីចឹង​គេ​កំណត់​ពេល​​វេលា​ក្នុង​ច្បាប់​របស់​គេ​​។​ខ្ញុំ​មិន​បាន​និយាយ​ទៅ​ដល់​​អីចឹង​ទេ​ បើ​គេ​លែងៗ​ទៅ​បើ​គេ​ចាប់​ៗ​ទៅ​រឿង​របស់​គេ​តើ​​រឿង​ខ្ញុំ​មិន​ត្រូវ​អីចឹង​។ ​ព្រោះ​ការ​អប់រំ​ជា​ទូទៅ​ខ្ញុំ​​តែង​តែ​ប្រជុំ​ផ្សព្វផ្សាយ​ទាំង​អស់​រឿង​​បទ​ល្មើស​​កុំ​ឱ្យ​គាត់​ប្រព្រឹត្តិ ហើយ​ក្រោយ​មក​គាត់​ប្រព្រឹត្ត​ខ្លួន​គាត់​ខ្ញុំ​ម៉េច​ដឹង​​»

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់​ទង​អ្នក​នាំ​ពាក្យ​សាលា​ដំបូង​ខេត្ត​ពោធិ៍សាត់​លោក ហេង ដូនីន ដើម្បី​សុំ​អត្ថាធិប្បាយ​បន្ថែម​ជុំ​វិញ​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​៥ ​ខែឧសភា។​

ទោះ​ជា​យ៉ាង​ណា​ អ្នក​ឃ្លាំមើល​ការ​រំលោភ​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ​ប្រចាំ​ខេត្ត​ពោធិ៍សាត់​លោក ​ចឹក ចិត្រា ដែល​ចុះ​ស៊ើបអង្កេត​រឿង​នេះ​​ឱ្យ​ដឹង​ថា ​ករណី​នេះ​ជា​​ការ​ធ្វើ​ទុក្ខបុកម្នេញ​ផ្នែក​នយោបាយ​។ ​លោក​បន្ត​ថា ជន​ជាប់​ចោទ​ទាំង​ពីរ​នាក់​ ​​ពុំ​បាន​​​ប្រើប្រាស់​ឧបករណ៍​ឆក់​ត្រី​ដូច​ការ​ចោទ​ប្រកាន់​របស់​តុលាការ​នោះ​ទេ៖ «ក្នុង​នាម​មន្ត្រី​ផ្នែក​ឃ្លាំមើល​ការ​រំលោភ​សិទ្ធិ​ខ្ញុំ​សុំ​អំពាវនាវ​​​ដល់​អាជ្ញាធរ​មូលដ្ឋាន​ទាំង​សូម​ទម្លាក់​ចោល​នូវ​​គំនិត​នៃ​ការ​ធ្វើ​ទុក្ខបុកម្នេញ​ដល់​​អ្នក​មាន​និន្នាការ​នយោបាយ​ផ្សេង​ពី​ខ្លួន​​​ក៏​ដូច​ជា​ការ​អ្នក​ដែល​មាន​គំនិត​ឆន្ទៈ​​ក្នុង​ការ​ធ្វើ​នយោបាយ​នៅ​តាម​មូលដ្ឋាន​​របស់​ខ្លួន​។​យើង​ដឹង​ថា ចំពោះ​​នៃ​ការ​ធ្វើ​ទុក្ខបុកម្នេញ​សល់​សកម្មជន​​បក្ស​ផ្សេង​ៗ​ដែល​មាន​និន្នាការ​នយោបាយ​​ពី​ខ្លួន​នេះ​គឺ​ជា​ការ​រំលោភ​សិទ្ធិ​​ពី​អាជ្ញាធរ​មូលដ្ឋាន​ទាំង​អស់​ហ្នឹង​»

ចាប់​តាំង​​ខែ​មីនា​​មក​ដល់​ពេល​នេះ​​មាន​សកម្មជន​គណបក្ស​ភ្លើងទៀន​​ខេត្ត​ពោធិ៍សាត់​ចំនួន ​​៤នាក់​ហើយ ​ត្រូវ​បាន​អាជ្ញាធរ​ចាប់​​ឃុំ​ខ្លួន​​​ក្នុង​​ពន្ធនាគារ​។ ​ក្នុង​នោះ​​ ២​នាក់​ ត្រូវ​បាន​តុលាការ​​ចោទ​ប្រកាន់​​ពី​បទ​កន្លែង​បន្លំ​ឯកសារ​​បោះ​ឆ្នោត និង​​ពីរ​​ទៀត​ជា​ឪពុក​ និង​កូន​​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​​នេសាទ​ត្រី​ដោយ​ខុសច្បាប់​នៅ​ស្រុក​កណ្ដៀង​។

សាច់​ញាតិ​និង​អង្គការ​សង្គម​ស៊ីវិល​ ចាត់​ទុក​ការ​ចាប់​ខ្លួន​នេះ​​ថា ​ជា​រឿង​នយោបាយ​ និង​ស្នើ​ឱ្យ​តុលាការ​​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ ហើយ​ដោះលែង​ពួកគេ​​ឱ្យ​មាន​សេរីភាព​វិញ​ឱ្យ​បាន​ឆាប់​ ដើម្បី​​ពួកគេបានបន្តឈរ​ឈ្មោះ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នៅ​​ខែ​មិថុនា​ខាង​មុខ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។