សាលាដំបូងខេត្តពោធិ៍សាត់បានដោះលែងកូនប្រុសសកម្មជនគណបក្សភ្លើងទៀនវិញហើយ ក្រោយពីចាប់ដាក់ពន្ធនាគារអស់ជាង៣សប្ដាហ៍ពាក់ព័ន្ធរឿងបូមទឹកចាប់ត្រីក្នុងស្រះរបស់ខ្លួន។ ចំណែកឪពុកដែលជាបេក្ខជនមេឃុំស្យា តុលាការបន្តឃុំខ្លួននៅឡើយ។ មន្ត្រីសង្គមស៊ីវិលចាត់ទុករឿងនេះថា ជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយនៅមុនការបោះឆ្នោតមកដល់។
កូនប្រុសបេក្ខជនមេឃុំស្យា គណបក្សភ្លើងទៀន ស្រុកកណ្ដៀង គឺលោក ហែម ឆិល គឺក្មេងប្រុស ពឹម ណាវ៉ាន់ អាយុ១៥ឆ្នាំ ត្រូវបានតុលាការខេត្តពោធិ៍សាត់ដោះលែងពីពន្ធនាគារវិញ ហើយកាលពីរសៀលថ្ងៃទី៤ ខែឧសភា។ ក្មេងប្រុសរូបនេះ ត្រូវបានអាជ្ញាធរចាប់ខ្លួន ដោយចោទពីបទប្រើប្រាស់ឧបករណ៍ឆក់ត្រីខុសច្បាប់ ប៉ុន្តែគ្រួសារអះអាងថា ការចាប់ខ្លួននេះក្នុងពេលដែលពួកគេបូមទឹកចាប់ត្រីក្នុងស្រះរបស់ខ្លួនកាលពីថ្ងៃទី១២ ខែមេសា។
ប្រពន្ធសកម្មជនបក្សភ្លើងទៀន លោកស្រី វ៉ាន់ ណាគ្រី ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី៥ ខែឧសភាថា តុលាការបានដោះលែងកូនរបស់លោកស្រីត្រឡប់មកដល់ផ្ទះវិញហើយ នៅម៉ោង៥ រសៀលថ្ងៃទី៤ ខែឧសភានេះ។ ស្ត្រីវ័យ៣៥ឆ្នាំរូបនេះបន្តថា ចំណែកប្ដីរបស់លោកស្រីតុលាការមិនទាន់ដោះលែងនៅឡើយទេ ក្រោយពីអាជ្ញាធរចាប់ប្ដីនិងកូនដាក់ពន្ធនាគារអស់រយៈពេលជាង៣សប្ដាហ៍កន្លងមកនេះ។ លោកស្រី បញ្ជាក់ថា អាជ្ញាធរចាប់ពួកគេដាក់ពន្ធនាគារដោយគ្មានកំហុសបែបនេះ គឺជារឿងអយុត្តិធម៌និងមិនអាចទទួលយកបានឡើយ៖ «ប្ដីខ្ញុំថា ខ្ញុំអត់បានឆក់ទេ បើចាប់បានដែកឆក់នៅក្នុងដៃខ្ញុំចាំចោទថាខ្ញុំឆក់ បើដែកឆក់មិនដឹងពីណាយកទៅទុកនៅទីនោះខ្ញុំម៉េចដឹង។ គេបង្ខំចង់ទាត់ប្ដីខ្ញុំទៀត សំឡុតប្ដីខ្ញុំឱ្យឆ្លើយថាឆក់ ខ្ញុំនៅចាំប្ដីខ្ញុំនៅមុខរបងក្លោងទ្វារគេមកគំរាមខ្ញុំឱ្យប្រាប់ប្ដីឱ្យឆ្លើយថាឆក់ៗទៅ ប្ដីអ្នកឯងឆ្លើយថាបូម បើនៅតែឆ្លើយថាបូមគេនឹងទៅដកគោយន្តទៀត។ ឱ្យប្ដីខ្ញុំឆ្លើយថា ឆក់អី បើគាត់អត់បានឆក់ផងឱ្យគេឆ្លើយថាឆក់ម៉េចនឹងកើត។ ខ្ញុំយល់ឃើញថា គ្នាអត់មានកំហុសអីផងចាប់យកទៅដាក់គុកបែបនេះរឿងមកពីគាត់ជាសកម្មជនបក្សភ្លើងទៀន » ។
លោកស្រីបន្តថា ការដែលតុលាការបន្តឃុំខ្លួនប្ដីលោកស្រីនេះ ដោយសារតែមេឃុំស្យា លោក វិន ឡៃ បានស្នើឱ្យតុលាការឃុំខ្លួនប្ដីរហូតដល់បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់រួច ពីព្រោះប្ដីរបស់លោកស្រីជាបេក្ខជនមេឃុំស្យាដែលជាឆ្អឹងទទឹងកររបស់អាជ្ញាធរគណបក្សកាន់អំណាច។ បន្ថែមពីនេះលោកស្រីអះអាងថា ថ្មីៗនេះអាជ្ញាធរភូមិ និងឃុំតែងតែបង្ខំឱ្យលោកស្រីដកស្លាកគណបក្សភ្លើងទៀនចេញពីមុខផ្ទះ ដើម្បីជាថ្នូរនឹងការដោះលែងគ្រួសាររបស់លោកស្រី ឱ្យមានសេរីភាពវិញ ប៉ុន្តែលោកស្រីមិនបានធ្វើតាមការបង្ខិតបង្ខំនេះទេ។
ទាក់ទងនឹងបញ្ហានេះមេឃុំស្យាលោក វិន ឡៃ ប្រាប់វិទ្យុអាស៊ីសេរីថា អាជ្ញាធរចាប់ខ្លួនកុមារ ពឹម ណាវ៉ាន់ និងលោក ហែម ឆិល ដោយសារពួកគេបានប្រើឧបករណ៍ឆក់ត្រីដោយខុសច្បាប់។ ចំពោះការដោះលែងកូនប្រុសបេក្ខជនមេឃុំរបស់បក្សភ្លើងទៀន ដោយមិនដោះលែងប្ដីវិញ លោកបញ្ជាក់ថា រឿងនេះជាសិទ្ធិអំណាចរបស់តុលាការ ដោយមិនពាក់នឹងការធ្វើ នយោបាយរបស់លោកឡើយ៖ «វាមិនមែនទៅជារឿងអីចឹងទេ រឿងកំណត់ពេលវេលារបស់ខាងជលផលអីចឹងគេកំណត់ពេលវេលាក្នុងច្បាប់របស់គេ។ខ្ញុំមិនបាននិយាយទៅដល់អីចឹងទេ បើគេលែងៗទៅបើគេចាប់ៗទៅរឿងរបស់គេតើរឿងខ្ញុំមិនត្រូវអីចឹង។ ព្រោះការអប់រំជាទូទៅខ្ញុំតែងតែប្រជុំផ្សព្វផ្សាយទាំងអស់រឿងបទល្មើសកុំឱ្យគាត់ប្រព្រឹត្តិ ហើយក្រោយមកគាត់ប្រព្រឹត្តខ្លួនគាត់ខ្ញុំម៉េចដឹង » ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យសាលាដំបូងខេត្តពោធិ៍សាត់លោក ហេង ដូនីន ដើម្បីសុំអត្ថាធិប្បាយបន្ថែមជុំវិញបញ្ហានេះបានទេនៅថ្ងៃទី៥ ខែឧសភា។
ទោះជាយ៉ាងណា អ្នកឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៃអង្គការលីកាដូប្រចាំខេត្តពោធិ៍សាត់លោក ចឹក ចិត្រា ដែលចុះស៊ើបអង្កេតរឿងនេះឱ្យដឹងថា ករណីនេះជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ។ លោកបន្តថា ជនជាប់ចោទទាំងពីរនាក់ ពុំបានប្រើប្រាស់ឧបករណ៍ឆក់ត្រីដូចការចោទប្រកាន់របស់តុលាការនោះទេ៖ «ក្នុងនាមមន្ត្រីផ្នែកឃ្លាំមើលការរំលោភសិទ្ធិខ្ញុំសុំអំពាវនាវដល់អាជ្ញាធរមូលដ្ឋានទាំងសូមទម្លាក់ចោលនូវគំនិតនៃការធ្វើទុក្ខបុកម្នេញដល់អ្នកមាននិន្នាការនយោបាយផ្សេងពីខ្លួនក៏ដូចជាការអ្នកដែលមានគំនិតឆន្ទៈក្នុងការធ្វើនយោបាយនៅតាមមូលដ្ឋានរបស់ខ្លួន។យើងដឹងថា ចំពោះនៃការធ្វើទុក្ខបុកម្នេញសល់សកម្មជនបក្សផ្សេងៗដែលមាននិន្នាការនយោបាយពីខ្លួននេះគឺជាការរំលោភសិទ្ធិពីអាជ្ញាធរមូលដ្ឋានទាំងអស់ហ្នឹង » ។
ចាប់តាំងខែមីនាមកដល់ពេលនេះមានសកម្មជនគណបក្សភ្លើងទៀនខេត្តពោធិ៍សាត់ចំនួន ៤នាក់ហើយ ត្រូវបានអាជ្ញាធរចាប់ឃុំខ្លួនក្នុងពន្ធនាគារ។ ក្នុងនោះ ២នាក់ ត្រូវបានតុលាការចោទប្រកាន់ពីបទកន្លែងបន្លំឯកសារបោះឆ្នោត និងពីរទៀតជាឪពុក និងកូនត្រូវបានចោទប្រកាន់ពីបទនេសាទត្រីដោយខុសច្បាប់នៅស្រុកកណ្ដៀង។
សាច់ញាតិនិងអង្គការសង្គមស៊ីវិល ចាត់ទុកការចាប់ខ្លួននេះថា ជារឿងនយោបាយ និងស្នើឱ្យតុលាការទម្លាក់ចោលការចោទប្រកាន់ ហើយដោះលែងពួកគេឱ្យមានសេរីភាពវិញឱ្យបានឆាប់ ដើម្បីពួកគេបានបន្តឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នៅខែមិថុនាខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។