ការចាប់ខ្លួនសកម្មជននយោបាយ និងសកម្មជនដីធ្លី គឺជាវប្បធម៌មួយធម្មតាទៅហើយក្នុងសង្គមកម្ពុជា ដែលនៅអគារតុលាការមានមនុស្សចោមរោមជាច្រើន ដើម្បីទាមទារឲ្យដោះលែងអ្នកទាំងនោះវិញ។
សកម្មភាពចាប់ខ្លួននេះ គេឃើញកើតមាននៅខណៈជាប់គាំងនយោបាយ នៅពេលគណបក្សទាំងពីរបានបែរខ្នងដាក់គ្នា មិនព្រមចូលធ្វើការជាមួយគ្នានៅក្នុងរដ្ឋសភា។ ក៏ប៉ុន្តែ សកម្មភាពចាប់ខ្លួននេះបានស្ងាត់មួយរយៈ បន្ទាប់ពីគណបក្សទាំងពីរជាប់ឆ្នោតព្រមព្រៀងបញ្ចប់វិបត្តិនយោបាយកាលពីខែកក្កដា កន្លងទៅ។
ទោះបីជាយ៉ាងនេះក្ដី ភាពស្ងប់ស្ងាត់មិនបានប៉ុន្មានផង សកម្មភាពតុលាការចាប់ខ្លួននេះបន្តកើតឡើងវិញ ទោះជាគណបក្សទាំងពីរបានព្រមព្រៀងបញ្ចប់ជម្លោះនយោបាយនេះហើយក្ដី។
សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែវិច្ឆិកា បានចាប់ឃុំខ្លួន លោក មាជ សុវណ្ណារ៉ា ជាខ្មែរ-អាមេរិកាំង និងជាប្រធាននាយកដ្ឋានព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយរបស់គណបក្សសង្គ្រោះជាតិ ក្រោមបទចោទប្រកាន់ផ្ដើមគំនិតហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស បទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ និងដឹកនាំចលនាកុបកម្ម។ បើសិនជាតុលាការរកឃើញថា លោកពិតជាមានទោសមែន លោក មាជ សុវណ្ណារ៉ា នឹងអាចជាប់ពន្ធនាគាររហូតដល់ ៣០ឆ្នាំ។
ការចាប់ខ្លួន លោក មាជ សុវណ្ណារ៉ា នេះធ្វើឡើងក្រោយពេលតុលាការបានចាប់ខ្លួនអ្នកបឹងកក់ ចំនួន ៧នាក់ និងបានបើកសវនាការបិទទ្វារ។ តុលាការបានសម្រេចកាត់ទោសស្ត្រីសកម្មជនដីធ្លីទាំង ៧នាក់នេះ រួមមានអ្នកស្រី ទេព វន្នី ផង ឲ្យជាប់ពន្ធនាគាររយៈពេលមួយឆ្នាំ ហើយម្នាក់ៗត្រូវពិន័យទឹកប្រាក់ពីរលានរៀល។ តុលាការចោទប្រកាន់អ្នកទាំងនោះពីបទបង្កឧបសគ្គដល់ចរាចរណ៍ នៅពេលពលរដ្ឋប្រមាណ ៦០នាក់ តវ៉ានៅមុខសាលារាជធានីភ្នំពេញ កាលពីថ្ងៃទី១០ វិច្ឆិកា សុំឲ្យអាជ្ញាធរដោះស្រាយបញ្ហាផ្ទះរបស់ពួកគេលិចទឹក ដោយសារការអភិវឌ្ឍនៅតំបន់បឹងកក់។
អគ្គលេខាធិការនៃគណៈកម្មាធិការប្រព្រឹត្តិកម្មនៃអង្គការសមាគមការពារសិទ្ធិមនុស្សកម្ពុជា លោក សួន ប៊ុនស័ក្ដិ មានប្រសាសន៍ថា បញ្ហាដែលធ្វើឲ្យប្រជាពលរដ្ឋតវ៉ាឥតឈប់ឈរនេះ មិនមែនជាកំហុសរបស់ប្រជាពលរដ្ឋទេ។ ផ្ទុយទៅវិញ រដ្ឋាភិបាលទេដែលមិនដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ដែលប្រជាពលរដ្ឋគ្មានជម្រើសអ្វីផ្សេងក្រៅពីការតវ៉ានេះ៖ «គ្រាន់តែគ្នាសុំទាមទារបញ្ហាដោះស្រាយទឹកជំនន់លិចផ្ទះពីតំបន់អភិវឌ្ឍន៍ គឺមានអីខុស វាមានរឿងអីប៉ះពាល់សណ្ដាប់ធ្នាប់សាធារណៈសន្តិសុខជាតិ។ តាមពិតទៅរដ្ឋទៅវិញតើ ត្រូវដោះស្រាយជូនប្រជារាស្ត្រ រដ្ឋមានកាតព្វកិច្ចដោះស្រាយបញ្ហាសុខភាពប្រជាពលរដ្ឋដែលរងនូវផលប៉ះពាល់ពីតំបន់អភិវឌ្ឍន៍របស់រដ្ឋាភិបាល ហើយប្រជាពលរដ្ឋគ្រាន់តែទាមទារ តើអ្នកណាខុស អ្នកណាត្រូវអាហ្នឹង?»។
អ្នកជំនាញខាងវិទ្យាសាស្ត្រនយោបាយ លោកបណ្ឌិត សុខ ទូច លើកឡើងថា មូលហេតុដែលឈានដល់ការប្រើប្រាស់តុលាការបន្តចាប់ខ្លួនទៀតនេះ ដោយសារតែការចរចារវាងគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី២២ កក្កដា មិនច្បាស់លាស់។ លោកសង្កត់ធ្ងន់ថា គណបក្សប្រជាជនកម្ពុជា ធ្លាប់ទទួលបានការជោគជ័យម្ដងរួចហើយនៅអំឡុងពេលចរចា ដែលតុលាការបានចាប់ខ្លួនតំណាងរាស្ត្រ៖ «ភាពជោគជ័យរបស់គណបក្សប្រជាជន គឺទី១ចាប់តំណាងរាស្ត្រ ទី២ចាប់សកម្មជន។ ឥឡូវនេះដល់ គ.ជ.ប លោក សុវណ្ណារ៉ា ហ្នឹងយូរដែរហើយថ្ងៃទី១៥ កក្កដា ហ្នឹង មុននឹងចូលគណបក្សសង្គ្រោះជាតិ ត្រូវបិទបញ្ជីនៅពេលចរចាហ្នឹង ហើយ លោក មាជ សុវណ្ណារ៉ា ធ្លាប់កោះហៅដែរហើយកាលពីមុន លោកនៅក្រៅប្រទេសហ្នឹង អ៊ីចឹងភាពមិនច្បាស់លាស់របស់គណបក្សសង្គ្រោះជាតិ ឬភាពក្មេងខ្ចីរបស់គណបក្សសង្រ្គោះជាតិ កាលពីថ្ងៃទី២២ ហ្នឹងឯង»។
មន្ត្រីសិទ្ធិមនុស្សជាតិ និងអន្តរជាតិ បានស្នើឲ្យរដ្ឋាភិបាលបញ្ឈប់ការប្រើប្រាស់តុលាការ ជាឧបករណ៍នយោបាយរបស់ខ្លួនទៀត ដែលសិទ្ធិតវ៉ា និងសម្ដែងមតិផ្សេងៗរបស់ប្រជាពលរដ្ឋ ត្រូវបានការពារដោយរដ្ឋធម្មនុញ្ញនោះ។
ទន្ទឹមនឹងនេះ គណបក្សសង្គ្រោះជាតិ នៅថ្ងៃទី១២ វិច្ឆិកា បានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសចំពោះសកម្មភាពគំរាមកំហែងប្រជាពលរដ្ឋគ្រប់រូបភាព និងអំពាវនាវឲ្យដោះលែងសកម្មជនគណបក្សសង្គ្រោះជាតិ និងសកម្មជនដីធ្លីដោយឥតលក្ខខណ្ឌ។
គណបក្សសង្គ្រោះជាតិ លើកឡើងថា គណបក្សប្រជាជនកម្ពុជា បានរំលោភកិច្ចព្រមព្រៀងបញ្ចប់វិបត្តិនយោបាយកាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ ព្រោះថា គណបក្សសង្គ្រោះជាតិ មានសុឆន្ទៈក្នុងការដោះស្រាយបញ្ហានយោបាយដោយអហិង្សា សន្តិវិធី និងការសន្ទនារហូតមានកិច្ចព្រមព្រៀងកាលពីថ្ងៃទី២២ កក្កដា រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ នោះ។
ចំណែកគណបក្សប្រជាជនកម្ពុជា វិញ ចេញសេចក្ដីថ្លែងការណ៍ឆ្លើយតបភ្លាមៗចំពោះការចោទប្រកាន់នេះ ដោយបញ្ជាក់ថា ការចាប់ឃុំខ្លួនសកម្មជនគណបក្សសង្គ្រោះជាតិ និងសកម្មជនដីធ្លី មិនជាប់ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងកាលពីថ្ងៃទី២២ កក្កដា ទេ ហើយថាគណបក្សសង្គ្រោះជាតិ ចោទប្រកាន់គ្មានមូលដ្ឋានច្បាស់លាស់។ គណបក្សប្រជាជនកម្ពុជា បញ្ជាក់ថា ការចាប់ឃុំខ្លួនមនុស្សទាំងនេះ គឺជាចំណាត់ការតាមផ្លូវច្បាប់របស់ស្ថាប័នមានសមត្ថកិច្ច ក្នុងសំណុំរឿងដែលពាក់ព័ន្ធនឹងអំពើប្រព្រឹត្តបទល្មើសធ្ងន់ធ្ងររបស់បុគ្គលទាំងនោះ។
ទោះជាយ៉ាងនេះក្ដី អ្នកឃ្លាំមើលផ្នែកអភិវឌ្ឍន៍សង្គម លោកបណ្ឌិត កែម ឡី មានប្រសាសន៍ថា ស្ថានភាពគំរាមកំហែងបានកើតមានឥតឈប់ឈរ ដែលវប្បធម៌នេះមិនបានបញ្ចប់ដោយងាយៗឡើយ គ្រាន់តែដូររូបភាពគំរាមកំហែងពីការបាញ់សម្លាប់ និងការប្រើប្រាស់ប្រព័ន្ធតុលាការ៖ «ការប្រើប្រាស់ការគំរាមកំហែងបានដូរពីការបាញ់សម្លាប់ ការបុកសម្លាប់ មកការឃុំតាមប្រព័ន្ធតុលាការ ដាក់ឃុំឃាំងទៅពន្ធនាគារ វប្បធម៌ហ្នឹងអ្នកនយោបាយប្រើប្រាស់ដដែល ដើម្បីជាសម្ពាធនយោបាយជារៀងរហូត។ វប្បធម៌ហ្នឹង គឺជាវប្បធម៌ចាញ់គណបក្សដែលប្រើប្រាស់ប្រព័ន្ធតុលាការហ្នឹង ក៏ជាអ្នកចាញ់ ប្រជាពលរដ្ឋក៏ជាអ្នកចាញ់»។
អ្នកវិភាគលើកឡើងថា នៅក្នុងដំណាក់កាលនេះ គណបក្សប្រជាជនកម្ពុជា មានប្រៀបទៅលើគណបក្សសង្គ្រោះជាតិ ទាំងក្នុងការចរចាកាលពីថ្ងៃទី២២ កក្កដា ទាំងក្នុងរឿងនយោបាយបច្ចុប្បន្ន ព្រោះថា បច្ចុប្បន្ននេះគណបក្សទាំងពីរកំពុងតែរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលសេចក្ដីព្រាងច្បាប់នេះកំពុងជជែកគ្នា និងមិនទាន់ត្រូវរ៉ូវគ្នាទាំងស្រុងនៅឡើយ។
អ្នកវិភាគបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា ធ្លាប់បានប្រើយុទ្ធសាស្ត្រចាប់ខ្លួនទទួលបានជោគជ័យម្ដងរួចហើយនៅមុនចរចាកាលពីថ្ងៃទី២២ កក្កដា។ ហើយការចាប់ខ្លួនលើកនេះទៀត មើលទៅរូបភាពក៏មិនខុសពីមុនដែរ ព្រោះថា សេចក្ដីព្រាងច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គណបក្សទាំងពីរកំពុងតែខ្វែងគំនិតគ្នាលើចំណុចមួយចំនួន។ ដូច្នេះ បើគណបក្សសង្គ្រោះជាតិ នៅតែរឹងទទឹង សកម្មជនរបស់ខ្លួនអាចនឹងមិនដោះលែងក៏ថាបាន។
ម្យ៉ាងទៀត គណបក្សប្រជាជនកម្ពុជា ក៏មិនភ័យព្រួយអំពី គ.ជ.ប.ថ្មី បង្កើតបាន ឬមិនបាននោះដែរ ដោយសារថា កិច្ចព្រមព្រៀងបានចែងយ៉ាងច្បាស់ថា បើ គ.ជ.ប.ថ្មី បង្កើតមិនបាន គ.ជ.ប.ចាស់នៅតែមានសុពលភាពដដែល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។