អ្នកនយោបាយពលរដ្ឋនិងរដ្ឋាភិបាលថ្កោលទោសចំពោះករណីឃាតកម្មលើលោក កែម ឡី
2016.07.10

ប្រជាពលរដ្ឋ អ្នកនយោបាយ និងរដ្ឋាភិបាល សុទ្ធតែថ្កោលទោសយ៉ាងខ្លាំងចំពោះអំពើឃាតកម្មព្រៃផ្សៃលើលោកបណ្ឌិត កែម ឡី អ្នកវិភាគសង្គម និងនយោបាយដ៏ល្បីនៅកម្ពុជា។ ពួកគេអំពាវនាវឲ្យអាជ្ញាធរវែកមុខជនដៃដល់ និងអ្នកនៅពីក្រោយខ្នងយកមកផ្ដន្ទាទោសតាមច្បាប់ឲ្យបាន។
ប្រជាពលរដ្ឋជាច្រើននាក់សុទ្ធតែមានអារម្មណ៍ក្តុកក្តួលរំជើបរំជួលចិត្ត ទប់ទឹកភ្នែកមិនបានចំពោះមរណភាពរបស់លោក កែម ឡី។ ពួកគេចាត់ទុកថា មរណភាពលោក កែម ឡី គឺជាការបាត់បង់បញ្ញវន្តមួយរូប និងអ្នកស្នេហាជាតិដ៏អង់អាចម្នាក់៖ «លោកបណ្ឌិត កែម ឡី ជាមនុស្សដែលមានធនធាន និងឧត្តមគតិខ្ពស់ក្នុងការនិយាយ ក្នុងការធ្វើ ជាពិសេសដូចដឹងហើយ លោកបានចុះទៅតាមព្រំដែន និងសហគមន៍ផ្សេងៗដែលគាត់ដើរស្រាវជ្រាវជាច្រើន។ គាត់ជាមនុស្សល្អដែលយើងសោកស្ដាយគាត់»។
ក្រៅពីសម្ដែងក្តីសោកស្ដាយនោះ ប្រជាពលរដ្ឋមានមន្ទិលសង្ស័យថា ឃាតកម្មលើលោក កែម ឡី នេះ គឺជាប់ពាក់ព័ន្ធនឹងរឿងនយោបាយ ក្រោមហេតុផលថា លោក កែម ឡី តែងតែវិភាគ និងបញ្ចេញមតិយោបល់រិះគន់ឥតសំចៃមាត់លើស្ថាប័នរដ្ឋ និងរដ្ឋាភិបាល ដើម្បីចង់ឲ្យរដ្ឋាភិបាលមានការកែលំអរបៀបធ្វើការ និងរបៀបដឹកនាំពិតប្រាកដ៖ «លោកបណ្ឌិត កែម ឡី មិនដែលមានគំនុំគំកួន និងមិនដែលមានសត្រូវជាមួយប្រជាពលរដ្ឋនោះទេ។ អ្វីដែលគាត់មាននោះ គឺការវិភាគ និងការបញ្ចេញយោបល់របស់គាត់ទៅលើស្ថាប័នរដ្ឋ ក៏ដូចជារដ្ឋាភិបាលដែលគាត់តែងតែរិះគន់ចំៗទៅលើអ្វីដែលកំពុងតែកើតឡើងនៅក្នុងប្រទេសកម្ពុជា។ គាត់និយាយទៅធ្វើឲ្យគេខឹង ដែលគាត់និយាយត្រូវទៅលើបុគ្គលប្រព្រឹត្តអំពើពុករលួយ គាបសង្កត់ទៅលើប្រជាពលរដ្ឋដណ្ដើមយកដីធ្លីរបស់ប្រជាពលរដ្ឋ។ អ៊ីចឹងទៅធ្វើឲ្យគេខឹង ដែលគេថាជាឆ្អឹងទទឹងក និងជាបន្លានៅក្នុងកែវភ្នែករបស់ជនអគតិរបស់ជនដៃឆៅទាំងនោះ»។
រីឯអ្នកនយោបាយមកពីបក្សផ្សេងៗ ក៏បង្ហាញពីភាពសោកសៅមិនខុសពីប្រជាពលរដ្ឋដែរ។ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន សម្ដែងការសោកស្ដាយ និងសូមវិញ្ញាណក្ខន្ធលោក កែម ឡី ទៅកាន់សុគតិភព៖ «យើងសោកស្ដាយដៃគូពិភាក្សាគ្នានៅតាមប្រព័ន្ធផ្សព្វផ្សាយនានាដែលលោកបណ្ឌិតតែងតែផ្តល់បទពិសោធន៍ឲ្យខ្ញុំច្រើនដែរ។ ខ្ញុំសូមអំពាវនាវដល់សមត្ថកិច្ច ដើម្បីវែកមុខជនដៃដល់ ហើយនិងដោះស្រាយឲ្យបានសមស្របទៅតាមផ្លូវច្បាប់ដែលប្រទេសជាតិកំពុងអនុវត្តឲ្យបានម៉ឺងម៉ាត់ ដើម្បីជាគំរូមួយដើម្បីកុំឲ្យអ្នកក្រោយប្រព្រឹត្តដូចអំពើឃាតកម្មលើលោកបណ្ឌិត កែម ឡី ទៀត»។
រីឯអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ បង្ហាញការរន្ធត់ចិត្ត និងថ្កោលទោសចំពោះអំពើឃាតកម្មដ៏ព្រៃផ្សៃនេះ៖ «ការបាត់បង់លោក កែម ឡី គឺជាបាត់បង់ធនធានមនុស្សដ៏សំខាន់របស់ប្រទេសជាតិយើង។ កាលគាត់នៅរស់ គឺគាត់បានជួយសង្គមច្រើនណាស់ ការវិភាគ និងការផ្តល់នូវអនុសាសន៍បញ្ចេញនូវទស្សនៈមានផលវិជ្ជមានច្រើន ជំរុញឲ្យមានលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស ការជំរុញឲ្យមានយុត្តិធម៌សង្គម ការជំរុញឲ្យមានការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយសមធម៌។ យើងមានការសោកស្ដាយ និងចូលរួមរំលែកទុក្ខ។ សូមឲ្យក្រសួងមានសមត្ថកិច្ច ស្រាវជ្រាវរកមូលហេតុពិត»។
ចំពោះអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ចាត់ទុកការបាត់បង់លោក កែម ឡី គឺជាការបាត់បង់បញ្ញវន្តដ៏ល្អរបស់កម្ពុជា៖ «ដំណឹងនេះធ្វើឲ្យយើងរន្ធត់ សោកសៅ មិននឹកស្មានថាពួកដៃដល់មកធ្វើបាបបញ្ញវន្តម្នាក់ដែលគ្នាអត់មានអីសោះ មានតែសម្ដី។ យើងសោកស្ដាយការបាត់បង់ធនធានមនុស្ស និងបញ្ញវន្ត។ ខ្ញុំសូមអំពាវនាវដល់សារព័ត៌មាន និងពលរដ្ឋ ចូលរួមសហការជាមួយសមត្ថកិច្ច ដើម្បីស្វែងរកមូលហេតុនៃឃាតកម្មនេះ»។
ចំពោះចម្លើយសារភាពរបស់ជនសង្ស័យថា លោក កែម ឡី ជំពាក់លុយនោះ លោក ផៃ ស៊ីផាន បដិសេធមិនបញ្ចេញយោបល់នោះទេ។
លោកបណ្ឌិត កែម ឡី អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម ត្រូវបានឃាតកបាញ់សម្លាប់នៅ Star Mart ស្តុបបូកគោ ក្នុងខណ្ឌចំការមន នៅម៉ោងប្រមាណជិត ៩ព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។
នៅកម្ពុជា មានអ្នកល្បីល្បាញ និងអ្នកចេះដឹងជាច្រើននាក់ ត្រូវបានឃាតកបាញ់សម្លាប់យ៉ាងរន្ធត់ រួមមានទាំងព្រះសង្ឃ ទាំងគ្រហស្ថ ហើយពុំទាន់ទទួលបានយុត្តិធម៌ឡើយ។ ឃាតកម្មធំៗទាំងនោះរួមមាន ការបាញ់សម្លាប់ព្រះតេជព្រះគុណ សំ ប៊ុនធឿន ក្នុងឆ្នាំ២០០៣ ការបាញ់សម្លាប់លោក ជា វិជ្ជា មេដឹកនាំសហជីពក្នុងឆ្នាំ២០០៤ ការបាញ់សម្លាប់លោក ឈុត វុទ្ធី ប្រធានអង្គការការពារធនធានធម្មជាតិ ក្នុងឆ្នាំ២០១២។ នៅមានឃាតកម្មជាច្រើនទៀត ដូចជាករណីអ្នកស្រី ពិសិដ្ឋ ពិលិការ កញ្ញា ទូច ស៊ុននិច អ្នកស្រី តាត ម៉ារីណា អ្នកកាសែតមនសិការខ្មែរ លោក ឃឹម សំបូរ រួមនឹងឧក្រិដ្ឋកម្មផ្សេងៗទៀត ដូចជាក្នុងករណីគប់គ្រាប់បែកមុខរដ្ឋសភា និងព្រឹត្តិការណ៍រដ្ឋប្រហារបង្ហូរឈាម ជាដើម ដែលរហូតមកទល់ពេលនេះ គេនៅមិនទាន់ឃើញមានជនដៃដល់ណាម្នាក់ត្រូវបាននាំខ្លួនយកមកផ្ដន្ទាទោសនៅឡើយ។
ប្រជាពលរដ្ឋ និងសង្គមស៊ីវិល បានបន្ទោសរដ្ឋាភិបាល ថានៅមានភាពទន់ខ្សោយក្នុងការការពារមនុស្សដែលមានឆន្ទៈខ្ពស់ទាំងនេះ និងបរាជ័យក្នុងការកាត់បន្ថយវប្បធម៌និទណ្ឌភាព ឬភាពគ្មានទោសពៃរ៍នៅកម្ពុជា៕