ប្រតិកម្ម​របស់​រដ្ឋាភិបាល​ប្រជាធិបតេយ្យ​ដែល​បក្ស​ភ្លើងទៀន មិនអាច​ចូលរួម​ការ​បោះ​ឆ្នោត​ជាតិ

ពាក់ព័ន្ធ​នឹង​ក្រុមប្រឹក្សាធម្មនុញ្ញ និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) ដែល​បាន​បដិសេធ​ការ​ចុះឈ្មោះ​បោះឆ្នោត​សកល​របស់​គណបក្ស​ភ្លើងទៀន​នេះ រដ្ឋាភិបាល​នៃ​ប្រទេស​ប្រជាធិបតេយ្យ​ជាច្រើន បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ជា​បន្តបន្ទាប់ បង្ហាញ​ពី​ក្តី​បារម្ភ និង​ខកចិត្ត ចំពោះ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

រដ្ឋាភិបាល​ជប៉ុន លើកឡើង​ថា ជប៉ុន​កំពុង​ពិនិត្យ​តាមដាន​ដោយ​យកចិត្តទុកដាក់​ពី​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា នៅមុន​ការ​បោះឆ្នោតជាតិ​នៅ​ខែកក្កដា​ខាងមុខ​។ ស្ថានទូត​ជប៉ុន បញ្ជាក់​ថា ក្នុង​មាគ៌ា​នៃ​ការ​កសាង​សង្គម​ប្រជាធិបតេយ្យ​ល្អ គឺ​វា​ជា​ការ​ចាំបាច់​ណាស់ ដែល​រដ្ឋាភិបាល​ត្រូវ​បង្កើត​ឲ្យ​មាន​បរិយាកាស​ល្អ ដែល​អាច​ឲ្យ​ពលរដ្ឋ​គ្រប់រូប​បញ្ចេញមតិ​ផ្សេងៗ​គ្នា។

រដ្ឋាភិបាល​ជប៉ុន គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា តាមរយៈ​កិច្ច​សន្ទនា ជាមួយ​រដ្ឋាភិបាល​កម្ពុជា គណបក្ស​កាន់អំណាច និង​គណបក្ស​ប្រឆាំង អង្គការ​សង្គម​ស៊ីវិល និង​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ដោយ​បាន​បញ្ចេញ​ទស្សនៈ​ដោយ​ស្មោះ​ត្រង់ និង​ផ្តល់​ជំនួយ​ដល់​កម្ពុជា​ជា​បន្តបន្ទាប់។ ការ​អភិវឌ្ឍ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា មាន​សារៈសំខាន់​ណាស់​សំរាប់​ប្រទេស​មួយ​នេះ និង​សំរាប់​បណ្តា​ប្រទេស​ក្នុង​តំបន់​ព្រមទាំង​សហគមន៍​អន្តរជាតិ​។​

ចំណែក​រដ្ឋាភិបាល​អង់គ្លេស (British) វិញ ក៏បាន​បង្ហាញ​ជំហរ​ខកចិត្ត​ជា​ខ្លាំង ដែល​គណបក្ស​ភ្លើងទៀន មិនអាច​ចូលរួម​ប្រកួតប្រជែង​ការ​បោះឆ្នោត​ជាតិ នៅ​ខែកក្កដា​ខាងមុខ។

អ្នកនាំពាក្យ​ស្ថានទូត​អង់គ្លេស​ប្រចាំ​កម្ពុជា លោក​គ្រិស្ត វីលៀមសុន (Chris Williamson) ប្រាប់​វិទ្យុ​អាស៊ីសេរី តាម​អ៊ីមែល​នៅ​ថ្ងៃទី ២៦ ខែឧសភា​ថា រដ្ឋាភិបាល​អង់គ្លេស មិន​គាំទ្រ​បុគ្គល​នយោបាយ​ណាមួយ​នោះ​ឡើយ ប៉ុន្តែ​យើង​គាំទ្រ​ដល់​ពលរដ្ឋ​កម្ពុជា និង​នៅតែ​មាន​ក្តី​សង្ឃឹម​មុតមាំ​ថា ប្រជាពលរដ្ឋ​មាន​សិទ្ធិ​ជ្រើសរើស​គណបក្ស​នយោបាយ​ដែល​ខ្លួន​ពេញចិត្ត​។ ការសម្រេចចិត្ត​របស់​ក្រុមប្រឹក្សាធម្មនុញ្ញ​និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ដែល​បដិសេធ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​របស់​គណបក្ស​ភ្លើងទៀន គឺជា​ការ​បិទ​សិទ្ធិ​សេរីភាព​និង​ជម្រើស​របស់​ពលរដ្ឋ​ម្ចាស់​ឆ្នោត។

ស្ថានទូត​អង់គ្លេស និង​បន្ត​ធ្វើការ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា គណបក្ស​ប្រឆាំង និង​អង្គការ​សង្គម​ស៊ីវិល ដើម្បី​លើកស្ទួយ​លទ្ធិប្រជាធិបតេយ្យ នៅ​កម្ពុជា។

នៅ​ទន្ទឹម​នេះ​ដែរ រដ្ឋាភិបាល​អូស្ត្រាលី ក៏បាន​បង្ហាញ​ជំហរ​ព្រួយបារម្ភ​ជា​ខ្លាំង ដែល​គណបក្ស​ភ្លើងទៀន ជា​គណបក្សប្រឆាំង​មួយ​នេះ មិនអាច​ចុះបញ្ជី​ឈរឈ្មោះ​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នា​ពេល​ខាង​មុខ។

អូស្ត្រាលី​នៅតែ​ជា​អ្នកគាំទ្រ​លទ្ធិប្រជាធិបតេយ្យ និង​ការ​អភិវឌ្ឍ​នៅ​កម្ពុជា។ លទ្ធិ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស តម្រូវ​ឲ្យ​មាន​លំហ​នយោបាយ ការគោរព​ច្បាប់ និង​ស្ថាប័នរដ្ឋ​នានា ត្រូវ​អនុញ្ញាត​ឲ្យ​គណបក្ស​គ្រប់​នយោបាយ ចូលរួម និង​ប្រកួតប្រជែង​ដោយ​យុត្តិធម៌​នៅ​ថ្ងៃ​បោះឆ្នោត​ជាតិ​នៅ​ខែកក្កដា​ខាងមុខ​។ ប្រការ​ដែល​គណបក្ស​ណាមួយ មិនអាច​ចុះបញ្ជី​ឈរឈ្មោះ​សម្រាប់​ការបោះឆ្នោត មិនមែន​ជា​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចេញមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​តិ ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។