ប្រធានបទនៃការដាក់ទណ្ឌកម្មជាក់លាក់ទៅលើបុគ្គលមួយចំនួននៃរបបលោក ហ៊ុន សែន ជាពិសេសមន្ត្រីយោធាជាន់ខ្ពស់ ដែលបានចូលដៃរម្លាយប្រជាធិបតេយ្យ និងរំលោភសិទ្ធិមនុស្សនៅកម្ពុជា ត្រូវបានតំណាងរាស្ត្រអឺរ៉ុប លើកយកមកជជែកគ្នាយ៉ាងផុលផុស។ ពួកគេ បានមូលមាត់គ្នាបោះឆ្នោតអនុម័តសេចក្តីសម្រេចរបស់សភាអឺរ៉ុប ស្នើទៅក្រុមប្រឹក្សាអឺរ៉ុប ឲ្យប្រញាប់ដាក់ចេញនូវវិធានការក្តៅនេះ ដើម្បីឲ្យរបបលោក ហ៊ុន សែន ងាកមកគោរពសិទ្ធិមនុស្ស និងស្តារប្រជាធិបតេយ្យឡើងវិញ។
នេះមិនមែនជាលើកទីមួយទេ ដែលតំណាងរាស្ត្រអឺរ៉ុប នាំគ្នាលើកយកបញ្ហាធ្លាក់ចុះដុនដាបនៃសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា មកពិភាក្សានៅក្នុងសភាពេញអង្គរបស់ខ្លួន ស្ថិតនៅចំកណ្តាលក្រុងប្រ៊ុចសែល (Brussels) នៃប្រទេសបែលហ្សិក (Belgium) ដែលជាបេះដូងរបស់អឺរ៉ុប។ នេះក៏ទំនងមិនមែនជាលើកចុងក្រោយដែរ ដែលបញ្ហារបស់កម្ពុជាក្លាយជាមាតិកាមួយនៃកិច្ចពិភាក្សាដេញដោលរបស់តំណាងរាស្ត្រអឺរ៉ុប ប្រសិនបើរបបលោក ហ៊ុន សែន នៅតែមិនព្រមដោះស្រាយបញ្ហានេះ។
នៅក្នុងសម័យប្រជុំពេញអង្គមួយរបស់សភាអឺរ៉ុប កាលពីថ្ងៃទី១១ ខែមីនា តំណាងរាស្ត្រអឺរ៉ុបមិនតិចរូបទេ បានសម្តែងការខកចិត្ត និងរួមគ្នាថ្កោលទោសទង្វើផ្គើនប្រជាធិបតេយ្យពីសំណាក់របបលោក ហ៊ុន សែន ក្រោយតុលាការនៃរបបនេះ បានកាត់ទោសក្រុមមេដឹកនាំគណបក្សសង្គ្រោះជាតិឲ្យជាប់គុករហូតដល់ ២៥ឆ្នាំ។ ក្រៅពីថ្លែងគាំទ្របុព្វហេតុ និងតួនាទីរបស់គណបក្សប្រឆាំង សង្គមស៊ីវិល ក្រុមអ្នកការពារសិទ្ធិមនុស្ស និងប្រព័ន្ធផ្សព្វផ្សាយនៅក្នុងសង្គមប្រជាធិបតេយ្យ ប្រធានបទនៃការដាក់ទណ្ឌកម្មជាក់លាក់ទៅលើមន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាល និងមន្ត្រីយោធារបស់លោក ហ៊ុន សែន បានក្លាយជាបញ្ហាក្តៅមួយដែលតំណាងរាស្ត្រអឺរ៉ុបទាំងនោះ នាំគ្នាស្នើឡើងដោយមិនអល់អែកដល់ក្រុមប្រឹក្សាអឺរ៉ុបឲ្យប្រញាប់ចាត់វិធានការរបៀបនេះ។
តំណាងរាស្ត្រស្ត្រីអឺរ៉ុបមួយរូប ដែលបានចូលរួមតាក់តែងខ្លឹមសារនៃសេចក្តីសម្រេចរបស់សភាអឺរ៉ុប គឺអ្នកស្រី អេវីន អ៊ីនសឺរ (Evin Incir) ថ្លែងថា ចាប់តាំងពី ឆ្នាំ២០១៧ មក របបលោក ហ៊ុន សែន បានធ្វើឲ្យអន្តរាយដោយចេតនាដល់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា តាមរយៈការវាយប្រហារមកលើគណបក្សប្រឆាំង អង្គការមិនមែនរដ្ឋាភិបាល សហជីព និងប្រព័ន្ធផ្សព្វផ្សាយ។ អ្នកស្រីស្នើឲ្យក្រុមប្រឹក្សាអឺរ៉ុប ដាក់ទណ្ឌកម្មជាក់លាក់ប្រឆាំងនឹងមន្ត្រីជាន់ខ្ពស់កម្ពុជាដែលបានពាក់ព័ន្ធនឹងការរម្លាយប្រជាធិបតេយ្យ និងរំលោភសិទ្ធិមនុស្ស៖ « យើងអំពាវនាវដល់រដ្ឋាភិបាលកម្ពុជាឲ្យកែប្រែមកវិញនូវស្ថានការណ៍រអិលធ្លាក់ចូលក្នុងជ្រោះមរណៈនៃរបបផ្តាច់ការ ហើយលុបចោលទាំងស្រុងនូវរាល់ច្បាប់ទាំងឡាយណាដែលមានលក្ខណៈជាការគាបសង្កត់។ ត្រូវបញ្ឈប់រាល់ទម្រង់នៃការយាយី និងអំពើរំលោភបំពានប្រឆាំងនឹងសំឡេងរិះគន់នានា។ យើងអំពាវនាវឲ្យក្រុមប្រឹក្សាអឺរ៉ុប ដាក់ចេញនូវជំហរផ្លូវការជុំវិញករណីស្ថានភាពសិទ្ធិមនុស្ស និងការសម្លាប់ប្រជាធិបតេយ្យនៅកម្ពុជា ហើយអនុម័តជាវិធានការរឹតត្បិត ឬទណ្ឌកម្មជាក់លាក់បន្ថែមទៀត ទៅលើបុគ្គលសំខាន់ៗនៅក្នុងជួរមន្ត្រីរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធ ...។ កម្ពុជាកំពុងស្ថិតលើវិថីដ៏គ្រោះថ្នាក់ ក៏ប៉ុន្តែប្រជាពលរដ្ឋកម្ពុជា សមនឹងទទួលបាននូវអ្វីដែលប្រសើរជាងនេះ។ ពួកគេសមនឹងទទួលបាននូវលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស »។
ដូចគ្នានេះដែរ តំណាងរាស្ត្រស្ត្រីអឺរ៉ុបមួយរូបទៀត គឺអ្នកស្រី ស្វែនហា ហាន់ (Svenja Hahn) ហៅដំណើរការកាត់ក្តីក្រុមមន្ត្រី និងសកម្មជនគណបក្សប្រឆាំងជាង ១០០នាក់ ក្នុងពេលដំណាលគ្នា ពីបទប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល ថាជាដំណើរការ «កាត់ក្តីក្លែងក្លាយ» និងមានចរិតនយោបាយ ដែលមានគោលដៅចុងក្រោយដើម្បីបំបិទមាត់សំឡេងប្រឆាំង។ អ្នកស្រីសង្កត់ធ្ងន់ថា គណបក្សប្រឆាំង និងសង្គមស៊ីវិលនៅកម្ពុជាកំពុងដង្ហើយហៅឲ្យសហគមន៍អន្តរជាតិជួយកម្ពុជា ហើយសហភាពអឺរ៉ុប ពិតជាមាននូវឧបករណ៍ដើម្បីគាំទ្រដល់បុព្វហេតុនេះ។ បើតាមអ្នកស្រី ឧបករណ៍របស់អឺរ៉ុបនោះ គឺការដាក់ទណ្ឌកម្មបន្ថែមទៀត ក្រៅពីដាក់ទណ្ឌកម្មផ្នែកសេដ្ឋកិច្ចតាមរយៈការដកប្រព័ន្ធអនុគ្រោះពន្ធ EBA៖ « ការដកដោយផ្នែកនៃប្រព័ន្ធអនុគ្រោះពន្ធរបស់យើងកាលពីឆ្នាំទៅ គឺជាការដាក់សម្ពាធផ្នែកសេដ្ឋកិច្ចទៅលើរបបដឹកនាំមួយនេះ។ យើងត្រូវដាក់ទណ្ឌកម្មជាបុគ្គលជាក់លាក់ទៅលើលោក ហ៊ុន សែន និងបក្ខពួករបស់លោក ដោយបង្កកទ្រព្យសម្បត្តិរបស់ពួកគេ និងហាមប្រាមពួកគេមិនឲ្យធ្វើដំណើរមកជាន់ទឹកដីអឺរ៉ុប។ យើងមិនត្រូវផ្តល់ឲ្យពួកគេនូវនិមិត្តរូបតាមរយៈការអនុញ្ញាតឲ្យរៀបចំកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប ដែលគ្រោងនឹងប្រព្រឹត្តិទៅនៅកម្ពុជានោះទេ។ កិច្ចប្រជុំកំពូលនេះ មិនអាចកើតឡើងបានឡើយ។ ទម្រង់នៃកិច្ចសហប្រតិបត្តិការរបៀបនេះ មិនអាចកើតមានឡើងនៅក្នុងប្រទេសមួយដែលបានគាស់រម្លើងប្រជាធិបតេយ្យនោះទេ។ ក៏ប៉ុន្តែ ប្រជាពលរដ្ឋកម្ពុជា សមនឹងទទួលបាននូវអ្វីដែលជាការគាំទ្ររបស់ពួកយើង ឆ្លើយតបទៅនឹងការតស៊ូរបស់ពួកគេ ដែលនោះគឺសេរីភាព និងការរស់នៅប្រសើរជាងនេះ »។
ការស្នើឲ្យក្រុមប្រឹក្សាអឺរ៉ុប ដាក់ទណ្ឌកម្មជាក់លាក់មកលើមន្ត្រីក្នុងជួររដ្ឋាភិបាល និងយោធាដែលបានចូលរួមបំផ្លាញប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជានោះ ក៏ត្រូវបានតំណាងរាស្ត្រស្ត្រីអឺរ៉ុបមួយរូបទៀត គឺអ្នកស្រី ហាណា នូមែន (Hannah Neumann) លើកឡើងផងដែរ។ អ្នកស្រីថា ដំណើរការកាត់ក្តីមនុស្សទាំងហ្វូងនាពេលថ្មីៗនេះ ប្រឆាំងនឹងគណបក្សប្រឆាំង និងមន្ត្រីសង្គមស៊ីវិល គឺជាជំហ៊ានចុងក្រោយនៅលើវិថីដ៏គ្រោះថ្នាក់បំផុតមួយ។ អ្នកស្រីថា អឺរ៉ុបមិនត្រូវយោគយល់តទៅទៀតឡើយ មិនគូសបញ្ជាក់ថា ដល់ពេលវេលាហើយដែលអឺរ៉ុបត្រូវដាក់ទណ្ឌកម្មដល់ក្រុមមេដឹកនាំនៅកម្ពុជា៖ « ខ្ញុំគិតថាវាដល់ពេលវេលាមែនទែនហើយដែលក្រុមប្រឹក្សាកិច្ចការបរទេសអឺរ៉ុប ត្រូវផ្ញើសារជាក់លាក់ទៅដល់ក្រុមមេដឹកនាំនៃប្រទេសកម្ពុជា ថាតើពួកគេត្រូវបញ្ឈប់នូវរាល់ទម្រង់ទាំងអស់នៃការយាយី លុបចោលនូវបញ្ជីច្បាប់ដែលមានលក្ខណៈជាការគាបសង្កត់ និងទម្លាក់ចោលរាល់បទចោទប្រឆាំងនឹងគណបក្សប្រឆាំង។ ឬបើមិនដូច្នោះទេ ពួកគេនឹងទទួលរងនូវផលវិបាក។ ហើយអ្វីដែលសំខាន់បំផុតនោះ គឺផលវិបាកនោះ ក៏នឹងរួមបញ្ចូលនូវការដាក់ទណ្ឌកម្មតាមគោលដៅប្រឆាំងនឹងក្រុមមេដឹកនាំកម្ពុជា និងផលប្រយោជន៍នៃភាពមានបានផ្នែកសេដ្ឋកិច្ចរបស់ពួកគេផងដែរ »។
នៅទីបំផុតទៅ ការស្នើឲ្យដាក់ទណ្ឌកម្មជាក់លាក់នេះ ត្រូវតំណាងរាស្ត្រអឺរ៉ុបជាង ៦០០នាក់ ក្នុងចំណោមតំណាងរាស្ត្រអឺរ៉ុបសរុបជាង ៧០០នាក់ បោះឆ្នោតគាំទ្រជាផ្លូវការជាផ្នែកមួយនៃ សេចក្តីសម្រេច ២៥ចំណុច ដែលសភាអឺរ៉ុបបានអនុម័តកាលពីថ្ងៃទី១១ ខែមីនា។ ចំណុចទី២២ នៃសេចក្តីសម្រេចរបស់សភាអឺរ៉ុបនោះ បានជំរុញឲ្យក្រុមប្រឹក្សាអឺរ៉ុប អនុម័តវិធានការរឹតត្បិតនានាប្រឆាំងនឹងក្រុមមេដឹកនាំនយោបាយ និងមន្ត្រីយោធានៅកម្ពុជាដែលទទួលខុសត្រូវចំពោះអំពើរំលោភសិទ្ធិមនុស្ស «ធ្ងន់ធ្ងរ» ចំពោះការរម្លាយគណបក្សសង្គ្រោះជាតិ និងឲ្យចាត់វិធានការប្រឆាំងនឹងផលប្រយោជន៍ផ្នែកសេដ្ឋកិច្ចរបស់មន្ត្រីកម្ពុជាទាំងនោះ ដោយប្រើច្បាប់ដាក់ទណ្ឌកម្មជាសាកលរបស់សហភាពអឺរ៉ុបប្រឆាំងនឹងអំពើរំលោភសិទ្ធិមនុស្ស។
សភាអឺរ៉ុប ជឿជាក់ថា ការដាក់ទណ្ឌកម្មជាក់លាក់ ក្នុងនោះរួមមាន ការហាមប្រាមធ្វើដំណើរមកជាន់ដីអឺរ៉ុប និងការបង្កកទ្រព្យសម្បត្តិ ប្រឆាំងនឹងក្រុមមេដឹកនាំកម្ពុជា និងផលប្រយោជន៍ផ្នែកសេដ្ឋកិច្ចរបស់ពួកគេ គឺជារឿង «គួរតែត្រូវបានធ្វើឡើងតាំងពីពេលមុន» មកម៉្លេះ។ ក្រៅពីនេះ សភាអឺរ៉ុប ក៏ទាមទារឲ្យអាជ្ញាធរកម្ពុជាលុបចោលសាលក្រមសម្រេចកាត់ទោសក្រុមមេដឹកនាំជាន់ខ្ពស់បក្សប្រឆាំង ដោះលែងនិងទម្លាក់ចោលបទចោទប្រឆាំងនឹងសកម្មជនគណបក្សសង្គ្រោះជាតិជាបន្ទាន់ និងដោយឥតលក្ខខណ្ឌ ព្រមទាំងទាមទារឲ្យគណបក្សសង្គ្រោះជាតិរស់ឡើងវិញជាដើម។ សេចក្តីសម្រេចរបស់សភាអឺរ៉ុបដដែល ក៏បានបញ្ជាក់ដែរដោយប្រើភាសាត្រង់ៗថា គណបក្សប្រជាជនកម្ពុជា មិនគួរត្រូវបានចាត់ទុកថា ជាគណបក្សកាន់អំណាច «ស្របច្បាប់» នៅកម្ពុជានោះឡើយ ព្រោះការបោះឆ្នោតមិនត្រូវបានធ្វើឡើងដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌នោះទេ។
ឆ្លើយតបនឹងសេចក្តីសម្រេចរបស់សភាអឺរ៉ុបនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន ថាគណបក្សរបស់លោកនឹងមិនចោទប្រកាន់ ឬកាត់ទោសអូសដំណើរតំណាងរាស្ត្រអឺរ៉ុបទាំងនោះពីបទ «រួមគំនិតក្បត់» នោះទេ បើទោះជាកន្លងមកពាក្យ «ឧទ្ទាមក្រៅច្បាប់» ឬពាក្យថា «មិនមែនប្រជាជន» គឺជាពាក្យដ៏ពេញនិយមដែលលោកតែងយកមកនិយាយកប់ៗមាត់ ចោទប្រកាន់ពលរដ្ឋខ្មែរខ្លួនឯងទាំងឡាយណា ដែលបានគាំទ្រទង្វើរបស់មេដឹកនាំគណបក្សសង្គ្រោះជាតិយ៉ាងណាក៏ដោយ។ លោក សុខ ឥសាន ចោទថា សេចក្តីសម្រេចរបស់សភាអឺរ៉ុបជាការជ្រៀតជ្រែកចូលកិច្ចការងារផ្ទៃក្នុងរបស់កម្ពុជា ដែលកំពុងតែមានសន្តិភាព៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។