អង្គរក្ស​លោក សម រង្ស៊ី ម្នាក់​ដែល​សល់​ជីវិត​ពី​ការ​គប់​គ្រាប់បែក​១៩៩៧​ទ្រាំ​រស់នៅ​ជា​ជនភៀសខ្លួន​នៅ​ថៃ

0:00 / 0:00

អង្គរក្ស​របស់​លោក សម រង្ស៊ី ម្នាក់​ដែល​សល់​ជីវិត​ពី​ការ​ប៉ុនប៉ង​សម្លាប់​ក្នុង​ព្រឹត្តិការណ៍​គប់​គ្រាប់បែក​កាលពី​ឆ្នាំ​១៩៩៧ កំពុង​រស់នៅ​ជា​ជនភៀសខ្លួន​ក្នុង​ប្រទេស​ថៃ ដើម្បី​គេច​ពី​ការ​ធ្វើទុក្ខបុកម្នេញ​ពី​រដ្ឋាភិបាល​លោក ហ៊ុន សែន។ មន្ត្រី​សិទ្ធិមនុស្ស​ថា ជំហរ​នយោបាយ​របស់​អង្គរក្ស​លោក សម រង្ស៊ី រូប​នេះ​ជា​សិទ្ធិ​នយោបាយ ដែល​ត្រូវ​បាន​ការពារ​ដោយ​ច្បាប់។

សំឡេង​ជជែក​តិចៗ ចេញ​ក្នុង​បន្ទប់​តូច​មួយ​កណ្ដាល​ទីក្រុង​បាងកក ប្រទេស​ថៃ។ នៅ​ទីនេះ ជនភៀសខ្លួន​ខ្មែរ​ផ្នែក​នយោបាយ​មួយ​ក្រុម ជា​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​និយាយ​ពី​ការ​តស៊ូ​ក្នុង​សមរភូមិ​នយោបាយ និង​លើកឡើង​ពី​បទ​ពិសោធន៍​នៃ​ការ​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​របស់​ពួកគាត់ នៅ​ប្រទេស​កម្ពុជា​កន្លង​មក។

ក្នុងចំណោម​ជនភៀសខ្លួន​ទាំងនោះ ជនភៀសខ្លួន​ម្នាក់​មាន​វ័យ​ច្រើន​ជាងគេ​។ បុរស​សក់​ល្បាយ​អាចម៍ខ្លា អាយុ​៥៣​ឆ្នាំ ឈ្មោះ សូ តារា ជា​អង្គរក្ស​មេ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី ជិត​៣០​ឆ្នាំ​មក។ ក្រៅពី​មាន​តួនាទី​ការពារ​សុវត្ថិភាព​ឱ្យ​លោក សម រង្ស៊ី លោក​ក៏​ជា​សកម្មជន​គណបក្សប្រឆាំង​មួយ​រូប​មិន​ក្បត់​ឆន្ទៈ​ពលរដ្ឋ​ម្ចាស់​ឆ្នោត​ផង​ដែរ​។ ត្បិត​លោក​មិនមែន​ជា​សកម្មជន​នយោបាយ​ដែល​មហាជន​ស្គាល់ឈ្មោះ​ក៏​ពិតមែន ក៏​ក្នុងនាម​ជា​អ្នក​ប្រជាធិបតេយ្យ​មួយ​រូប ដែល​តស៊ូ​ធ្វើ​នយោបាយ​ជាមួយ​មេ​បក្ស​ប្រឆាំង លោក សូ តារា ស្ទើរ​បាត់បង់​ជីវិត ធ្លាប់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ទាំង​គ្មាន​កំហុស និង​ធ្លាប់​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ផង​ដែរ។

លោក សូ តារា៖ «ខ្ញុំ​កំពុងតែ​គេង​នៅ​ចាក់អង្រែ​ទីស្នាក់ការ​ហើយ​ក្រោយ​ផ្ទះ​លោក សម រង្ស៊ី ហ្នឹងឯង​នៅ​ពេល​យើង​គេង​ស្លៀក​ខោខ្លី ដោះ​ខោអាវ​ផង​មាន​កម្លាំង​គេ​មក​ចាប់​មក​ចូល​ផ្ទះ ហើយ​យើង​ក៏​អត់​បាន​និយាយ​អី​ទេ ខ្ញុំ​ឡើង​មក​ប្រាប់​ថា កុំ​ចូល​ផ្ទះ​ខ្ញុំ​ខ្លាច​ឆ្កែ​ខាំ​គេ​ក៏​ប្រាប់​ខ្ញុំ​វិញ​ថា ឆ្កែ​ខាំ​អី​អញ​មក​ចាប់​ហ្អែង​ដាក់គុក»។

លោក សូ តារា បាន​ធ្វើជា​អង្គរក្ស​លោក សម រង្ស៊ី កាលពី​ឆ្នាំ​១៩៩៥ និង​ចូលរួម​សកម្មភាព​នយោបាយ​ជាមួយ​មេដឹកនាំ​គណបក្សប្រឆាំង​រូប​នេះ តាំងពី​គណបក្ស​ជាតិខ្មែរ គណបក្ស​សម រង្ស៊ី គណបក្ស​សង្គ្រោះ​ជាតិ ហើយ​នៅ​ចុងក្រោយ​នេះ លោក​ក៏​ជា​អ្នកគាំទ្រ​គណបក្ស​ភ្លើងទៀន ដែល​ជា​មរតក​នយោបាយ​របស់​លោក សម រង្ស៊ី។

លោក​បាន​រត់គេច​ពី​ការ​ធ្វើទុក្ខបុកម្នេញ ពី​សមត្ថកិច្ច​នៃ​រដ្ឋាភិបាល​លោក ហ៊ុន សែន ដែល​បាន​ចាប់ខ្លួន​លោក កាលពី​ខែវិច្ឆិកា​ឆ្នាំ​២០១៩ តែ​សមត្ថកិច្ច​ឃុំខ្លួន​មួយ​រយៈ​ពេល​ខ្លី​ក៏បាន​ដោះលែង​លោក​វិញ។

លោក សូ តារា រំលឹក​ថា នៅពេល​ជាប់ឃុំ​មាន​អ្នក​ជាប់ឃុំ​ខ្លះ​ជា​សកម្មជន​គណបក្ស​សង្គ្រោះជាតិ បាន​ដើរ​បញ្ចុះបញ្ចូល​ឱ្យ​អ្នក​ជាប់ឃុំ​គណបក្ស​បក្ស​ប្រឆាំង ទៅ​ចូលរួម​ធ្វើ​នយោបាយ​ជាមួយ​គណបក្សកាន់អំណាច និង​ធ្វើ​លិខិត​សុំទោស​លោក ហ៊ុន សែន។ លោក​បន្ត​ថា នៅ​ពេល​នោះ លោក​ដេញ​វាយ​អ្នកដើរ​បញ្ចុះបញ្ចូល​ទាំងនោះ​រត់​ពេញ​គុក ហើយ​ចាប់​ពី​ថ្ងៃ​នោះ​មក គ្មាន​អ្នកណា​ហ៊ាន​មក​បបួល​អ្នក​ជាប់ឃុំ​ឱ្យទៅ​ចូលរួម​នយោបាយ​ជាមួយ​គណបក្សកាន់អំណាច​ទៀត​ទេ។

លោក សូ តារា៖ «ចុះហត្ថលេខា​ជាមួយ​សម្ដេច​ទៅ​សម្ដេច​នឹង​អនុគ្រោះ​ឱ្យ ក្នុង​នេះ​មាន​អ្នក​ចុះចូល​ប្រាំបី​ប្រាំបួន​ប្រសិនបើ​បាន​១០​នាក់​ខ្ញុំ​នឹង​បញ្ជូន​ទៅ ខ្ញុំ​ប្រតិកម្ម​ធំ​ជាង​គេ​បំផុត អារម្មណ៍​ដែល​ខ្ញុំ​រស់នៅ​ផ្ទះ សម រង្ស៊ី ផ្ទាល់​ខ្ញុំ​ការពារ សម រង្ស៊ី តាំងពី​ឆ្នាំ​១៩៩៥ រហូត​ដល់​ខ្ញុំ​ជាប់គុក​បែក​ប្រពន្ធ​បែក​កូន​ហើយ​មាន​អ្នក​និយាយ​អ៊ីចឹង ខ្ញុំ​ក៏​ស្រែក​ភ្លាត់មាត់​ថា អា​មួយ​ហ្នឹង​នៅឯណា តាម​វាយ​វា​ចូល​គុក​មួយ​សារ​ទៀត»។

នៅពេល​រដ្ឋាភិបាល លោក ហ៊ុន សែន រារាំង​ផែនការ​វិល​ចូល​ស្រុក​របស់ លោក សម រង្ស៊ី បាន សម្រេច​កាលពី​ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ រដ្ឋាភិបាល​លោក ហ៊ុន សែន ក៏​សម្រេច​ដោះលែង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​មួយចំនួន ក្នុង​នោះ​ក៏​មាន​លោក សូ តារា ដែរ​។ ទោះ​យ៉ាងណា​ក្រុម​សមត្ថកិច្ច​នៅតែ​តាម​ឃ្លាំមើល​សកម្មភាព​របស់​លោក​ជាប្រចាំ ហើយ​អាជ្ញាធរ​មូលដ្ឋាន​តែងតែ​មក​ព្រមាន​មិន​ឱ្យ​លោក​ចូលរួម​សកម្មជន​ជាមួយ​លោក សម រង្ស៊ី ឡើយ ដែល​ទង្វើ​ទាំងនេះ​ធ្វើ​ឱ្យ​លោក​បារម្ភ​ពី​សុវត្ថិភាព ហើយ​សម្រេចចិត្ត​រត់​ភៀសខ្លួន​មក​ប្រទេស​ថៃ កាលពី​ចុងឆ្នាំ​២០១៩។

ជីវិត​ជា​ជនភៀសខ្លួន​នៅ​ប្រទេស​ថៃ លោក សូ តារា ធ្វើ​ការងារ​សំណង់​ជាង​ពីរ​ឆ្នាំ ដើម្បី​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ ហើយ​ពេលខ្លះ​ជួយ​កាន់​បាត​ព្រះសង្ឃ និមន្ត​បិណ្ឌបាត ដើម្បី​បាន​កុសល​ផល​បុណ្យ​ផង និង​ទទួល​បាន​បាយ​ម្ហូប​ខ្លះ​សម្រាប់​ហូប​ផង។

ការរស់នៅ​ស្រុក​គេ​តែឯង ឆ្ងាយ​ពី​ប្រពន្ធ ឆ្ងាយ​ពី​កូន មិនមែន​ជា​រឿង​ស្រួល​ចិត្ត​សម្រាប់​សកម្មជន​នយោបាយ​រូប​នេះ​ទេ ពេល​ខ្លះ​ធ្វើ​ឱ្យ​លោក​តប់ប្រមល់ ឬ​កើត​ស្ត្រេស។

sodara_rainsy_guard.jpg
លោក សូ តារា អង្គរក្ស​លោក សម រង្ស៊ី ដែលកំពុង​ភៀសខ្លួន​នៅ​ប្រទេស​ថៃ។ Photo Provided

លោក សូ តារា៖ «រឿង​ជក់​យើង​ចេះ​ជក់​ពីមុន​មក​តិចតួច​ដែរ ប៉ុន្តែ​ដោយសារ​ស្ត្រេស​ដោយសារ​យើង​ស្មុគស្មាញ​ក្នុង​ជីវិត​បែកបាក់​គ្រួសារ​ប្រពន្ធ​កូន​នៅ​ស្រុក​ខ្មែរ​នោះ​ផង អ៊ីចឹងទៅ​គ្មានអ្វី​ដោះស្រាយ​មានតែ​បង្ហុយ​បារី​មើល​មេឃ​មើល​ផ្កាយ​ទៅ»។

បើទោះ​ជា​ជីវិត​លោក សូ តារា ហាក់​សោកសៅ​ខ្លះ​ក្ដី ក៏​លោក​នៅតែ​រក្សា​ឆន្ទៈ តស៊ូ​ជាមួយ​គណបក្ស​ប្រឆាំង​។ អង្គរក្ស​របស់​លោក សម រង្ស៊ី រូប​នេះ នៅតែ​ចាត់ទុក​លោក សម រង្ស៊ី ជា​ដឹកនាំ​ល្អ​របស់​លោក ព្រោះ​លោក​យល់​ថា លោក សម រង្ស៊ី ហ៊ាន​លះបង់​ជីវិត ទ្រព្យសម្បត្តិ និង​ក្ដី​សុខ​ផ្ទាល់ខ្លួន​ដើម្បី​ប្រទេស​ជាតិ និង​ពលរដ្ឋ។

លោក សូ តារា៖ «ខ្ញុំ​ឃើញ​មនសិការ​ជាតិ​ដ៏​ខ្ពង់ខ្ពស់​និង​ឆន្ទៈ​ដើម្បី​ជាតិ​ដើម្បី​ប្រជារាស្ត្រ​ដើម្បី​ប្រជាជន​នៅ​ស្រុក​ខ្មែរ ដើម្បី​លទ្ធិប្រជាធិបតេយ្យ​គឺ​ខ្ញុំ​នៅតែ​គោរព​និង​ស្រលាញ់​គាត់​(​លោក សម រង្ស៊ី)បាទ គាត់​អត់​ខ្វល់​ពី​រឿង​ជីវភាព​គ្រួសារ អត់​ខ្វល់​បុណ្យ​ស័ក្ដិ គាត់​អត់​ខ្វល់​ពី​ការ​រស់នៅ​របៀប​ឡូយ​ឆាយ​អី​ទេ គាត់​ដឹង​តែ​ពី​រឿង​ជួយ​ប្រទេស​ជាតិ និង​ប្រជាជន​ខ្មែរ​ជាពិសេស​ស្រោចស្រង់​ជាតិ​ឱ្យ​បាន​រស់​ហ្នឹងឯង»។

ទាក់ទង​ជំហរ​របស់​លោក សូ តារា នេះ ប្រធាន​ក្រុម​អង្គរក្ស​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​មនុស្ស​ជំនិត​របស់​លោក សម រង្ស៊ី គឺ​លោក ឡុង រី ឱ្យ​វិទ្យុ​អាស៊ីសេរី​ដឹង​ថា លោក សូ តារា បាន​លះបង់​ប្រពន្ធ​កូន ក្ដី​សុខ​ខ្លួនឯង​ដើម្បី​បំពេញការងារ​ជា​អ្នកការពារ​លោក សម រង្ស៊ី និង​ជា​សកម្មជន​នយោបាយ​មួយ​រូប ជួយ​លើកស្ទួយ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​។ លោក ឡុង រី កត់សម្គាល់​ទៀត​ថា លោក សូ តារា ជា​មនុស្ស​គោរព​វិន័យ មាន​ភាពស្មោះត្រង់ និង​ម៉ឺងម៉ាត់ ហើយ​អ្វី​ដែល​សំខាន់ គឺ​លោក​ចេះ​ឈឺចាប់​នឹង​រឿង​អយុត្តិធម៌​សង្គម ដែល​ធ្វើ​ឱ្យ​សកម្មជន​គណបក្សប្រឆាំង​រូប​នេះ អាច​រស់នៅ​ជាមួយ​លោក សម រង្ស៊ី និង​គណបក្សប្រឆាំង​មកដល់​ពេល​នេះ។

longry.jpg
ប្រធាន​ក្រុម​អង្គរក្ស​លោក សម រង្ស៊ី និង​ជា​អតីត​តំណាងរាស្ត្រគណបក្ស​សង្គ្រោះជាតិ ​លោក ឡុង រី។ រូប៖ ហ្វេសប៊ុក​លោក ឡុង រី

លោក ឡុង រី៖ «ជា​បុគ្គលិក​លក្ខណៈ​ដែល​យើង​អាច​និយាយ​តាម​សំបក​ក្រៅ ហើយ​ខ្ញុំ​អាច​ដឹង​ពី​ចិត្ត​គាត់ គាត់​បាន​បោះបង់​ក្រុម​គ្រួសារ​មិនមែន​គាត់​រត់​ទៅ​មាន​ស្រី​ថ្មី​ទេ ប៉ុន្តែ​បោះបង់​ដោយ​កាតព្វកិច្ច​យក​គោលដៅ​កាតព្វកិច្ច​ជាធំ​បំពេញ​បេសកកម្ម​ជូន​ជាតិ ហើយ​គាត់​(​លោក សូ តារា​)គាត់​នៅ​ចាក​ឆ្ងាយ​ពី​ប្រពន្ធ ខ្ញុំ​ស្គាល់​ទាំង​ប្រពន្ធ​ទាំង​កូន​របស់​គាត់​។ ឆ្លុះបញ្ចាំង​តារា ជា​មនុស្ស​ម្នាក់​ដែល​គោរព​គោលដៅ​គោរព​បទបញ្ជា និង​ស្មោះត្រង់​ទោះជា​ស្ថិត​ក្នុង​កាលៈទេសៈ​បែប​ណា​ក៏​លោក​មិន​ប្ដូរ​ជំហរ​របស់​លោក​ដែរ»។

sodara_rainsy_guardID.jpg
កាត​សម្គាល់​ខ្លួន​របស់​លោក សូ តារា អង្គរក្ស​លោក សម រង្ស៊ី ដែលកំពុង​ភៀសខ្លួន​នៅ​ប្រទេស​ថៃ។ Photo Provided

លោក សូ តារា រំលឹក​ថា កាលពី​ក្នុង​ហេតុការណ៍​នោះ លោក​រងរបួស​ដោយ​ត្រូវ​អំបែង​គ្រាប់បែក​ចំ​ខ្នង ដៃ និង​ជើង តែ​លោក​អាច​ទប់​ស្មារតី​ខ្លួនឯង​បាន ហើយ​លោក នឹង​អង្គរក្ស​របស់​លោក សម រង្ស៊ី មួយចំនួន​ទៀត បាន​លើក​គ្រា​លោក សម រង្ស៊ី យកទៅ​ជួយ​សង្គ្រោះ​។ លោក សូ តារា យល់ថា ព្រឹត្តិការណ៍​នោះ គឺជា​ការប៉ុនប៉ង​សម្លាប់​លោក សម រង្ស៊ី ព្រោះ​នៅ​កន្លែង​កើតហេតុ តាំងពី​មុន​ពេល​មាន​ករណី​គប់​គ្រាប់បែក និង​ក្រោយពេល​គប់​គ្រាប់បែក គឺ​មាន​ការ​ឃ្លាំមើល​ពី​សមត្ថកិច្ច​របស់​រដ្ឋាភិបាល​។ លោក​នៅចាំ​បាន​ថា នៅពេល​លោក សម រង្ស៊ី ត្រូវរបួស មាន​សំឡេង​និយាយ​គ្នា​តាម​វិទ្យុ​ទាក់ទង​ផ្ដល់​ដំណឹង​ថា លោក សម រង្ស៊ី ត្រូវរបួស​ធ្ងន់​ហើយ។

លោក សូ តារា៖ «បងប្អូន​ដែល​រស់នៅ​ជា​អង្គរក្ស​ហ្នឹង​ណា​អ្នកខ្លះ​ត្រូវ​កំប៉េះគូថ​អ្នកខ្លះ​ត្រូវ​ក្បាល​អ្នកខ្លះ​ត្រូវ​មុខ​អី​អ៊ីចឹង​ទៅ ដែល​លោត​គ្រប់​ដណ្ដប់​គាត់(លោក សម រង្ស៊ី​)ហ្នឹង​ធ្វើ​ឱ្យ​ឈាម​ហូរ​ប្រឡាក់​គាត់ ពេលនេះ​សម្រេច​លឺ​តាម​អាយកូម​(​វិទ្យុទាក់ទង​)​ថា អា​វ៉ែនតា(លោក សម រង្ស៊ី​)ត្រូវ​ធ្ងន់​ហើយ អ៊ីចឹង​មូលហេតុ​ហ្នឹងហើយ​ពេល​ដឹង​ថា អា​វ៉ែនតា​ត្រូវ​ធ្ងន់​ហើយ​បាន​ពួកគេ​ឈប់​បោក​(​បោក​គ្រាប់បែក​)យើង​ស្ដាប់​អាយកូម អាយកូម​ពួកវា​នៅ​ជុំ​ទិស»។

ទាក់ទង​ការ​លើកឡើង​របស់​លោក សូ តារា នេះ​ដែរ វិទ្យុ​អាស៊ីសេរី​មិនអាច​សុំ​ការ​បកស្រាយ​ពី​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ លោក ឆាយ គឹមខឿន និង​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន បានទេ​នៅ​ថ្ងៃទី​៣០ ខែមេសា​។​

ទោះយ៉ាងណា របាយការណ៍​ស៊ើបអង្កេត​របស់​ការិយាល័យ​ស៊ើបអង្កេត​សហព័ន្ធ​របស់​អាមេរិក (FBI) រកឃើញ​ថា លោក ហ៊ុយ ពិសិដ្ឋ និង​លោក ហ៊ីង ប៊ុនហៀ​ង ដែល​កាលនោះ​ជា​ប្រធាន និង​អនុប្រធាន​ក្រុម​កង​អង្គរក្ស លោក ហ៊ុន សែន ជា​អ្នក​រៀបចំ និង​ជា​អ្នកបញ្ជា​ផ្ទាល់​នៃ​ការ​គប់​គ្រាប់​បែក​លើ​អ្នក​តវ៉ា​អហិង្សា​នោះ។

heang_piseth.jpegOpens in new window
លោក ហ៊ីង ប៊ុនហៀង និងលោក ហ៊ុយ ពិសិដ្ឋ ដែល​តុលាការ​បារាំង​ចេញ​ដីកា​ឱ្យ​ចាប់​ខ្លួន​កាលពី​ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១។ រូប៖ ហ្វេសប៊ុកលោក ហ៊ីង ប៊ុនហៀង

ចំណែក តុលាការ​ប្រទេស​បារាំង នៅ​ទីក្រុង​ប៉ារីស កាលពី​ថ្ងៃ​៣០​ធ្នូ ឆ្នាំ​២០២១ បាន​ចេញ​ដីកា​ចាប់ខ្លួន លោក ហ៊ុយ ពិសិដ្ឋ និង​លោក ហ៊ីង ប៊ុនហៀង ក្នុងករណី​គប់​គ្រាប់បែក​នេះ​តាម​បណ្ដឹង​របស់​លោក សម រង្ស៊ី។

នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​លីកាដូ (Licadho) លោក អំ សំអាត យល់ថា រដ្ឋាភិបាល​គួរតែ​បើក​ការស៊ើបអង្កេត​បន្ថែម​ទៀត​លើ​ករណី​គប់​គ្រាប់បែក​នេះ​ដើម្បី​លាង​ជម្រះ​ការ​ចោទប្រកាន់​នានា​ដែល​ថា រដ្ឋាភិបាល​មាន​ជាប់​ពាក់ព័ន្ធ​រឿង​នេះ​។ មន្ត្រី​សិទ្ធិមនុស្ស​រូប​នេះ ក៏​សង្កេតឃើញ​ផង​ដែរ​ថា នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​សកម្មជន​គណបក្សប្រឆាំង​មួយចំនួន​តែងតែ​រង​នូវ​អំពើ​ហិង្សា ការចោទប្រកាន់​តាមផ្លូវ​តុលាការ និង​ការ​ធ្វើទុក្ខបុកម្នេញ​នានា ដែល​ធ្វើ​ឱ្យ​អ្នកខ្លះ​រត់​ភៀសខ្លួន​ទៅ​ប្រទេស​ថៃ។ លោក អំ សំអាត យល់​ថា ចំពោះ​ឆន្ទៈ​លោក សូ តារា និង​សកម្មជន​គណបក្សប្រឆាំង​ផ្សេង​ទៀត ដែល​នៅតែ​បន្ត​គាំទ្រ​គណបក្សប្រឆាំង គឺជា​សិទ្ធិ​ក្នុង​ការ​គាំទ្រ​គណបក្ស​នយោបាយ ដែល​ត្រូវ​បាន​ការពារ​ដោយ​ច្បាប់​ជាតិ និង​ច្បាប់​អន្តរជាតិ។

លោក អំ សំអាត៖ «បាទ​ឆន្ទៈ ហើយ​ឧត្តមគតិ​ឬក៏​ចិត្ត​ស្រលាញ់​និង​ស្មោះស្ម័គ្រ​ជា​សិទ្ធិ​របស់​ពលរដ្ឋ​មួយៗ​ដែល​គាត់​អាច​ជ្រើស​រើស​យក​គណបក្ស​នយោបាយ ឬក៏​មេដឹកនាំ​គណបក្ស​ណាមួយ​ដែល​ខ្លួន​ពេញចិត្ត​ណា»។

AmSamAth.jpeg
នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​លីកាដូ (Licadho) លោក អំ សំអាត។ RFA File

លោក សូ តារា សព្វថ្ងៃ​ត្រូវ​បាន​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​ផ្នែក​ជនភៀសខ្លួន​នៅ​ប្រទេស​ថៃ​ទទួលស្គាល់​ជា​ជនភៀសខ្លួន​ផ្នែក​នយោបាយ និង​បាន​រៀបចំ​តាំងទី​លំនៅ​ឱ្យ​លោក​ទៅ​រស់នៅ ប្រទេស​ទី​៣។ បើ​ទោះ​ជា​ជួប​ទុក្ខ​សោកសៅ​ខ្លះ​នៅ​ពេល​នេះ​ក្ដី ក៏​លោក​នៅតែ​បង្ហាញ​ជំហរ ស្មោះត្រង់​ជាមួយ គណបក្ស​ប្រឆាំង និង​ជាមួយ​លោក សម រង្ស៊ី ដដែល ហើយ​លោក​រំពឹង​ថា ថ្ងៃ​ណាមួយ​លោក​នឹង​បាន​ការពារ​សុវត្ថិភាព​ឱ្យ​លោក សម រង្ស៊ី ជា​ថ្មី​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។